អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រុស្ស៊ី៖​ការ​ប្រកួតបាល់ទាត់​ពិភពលោក​លើក​ទី២១​ចាប់​ផ្តើម​ជាមួយ​នឹង​វិធានការ​សន្តិសុខ​ខ្ពស់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពី​ថ្ងៃទី១៤ មិថុនា​ដល់​ថ្ងៃទី១៥ កក្កដា ឆ្នាំ ២០១៨ ប្រទេស​រុស្ស៊ី​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ World Cup ២០១៨។ កម្មវិធី​ប្រកួត​រយៈពេល ១ខែ​ចូលរួម​ដោយ​ក្រុមជម្រើសជាតិ​នៃ ៣២ ប្រទេស​មក​ពី​គ្រប់ទ្វីបទាំងអស់​ក្នុង​លោក។ តាំងពីដើមសប្តាហ៍នេះមក ក្រុមជម្រើសជាតិ​ទាំង ៣២ប្រទេស​បាន​ធ្វើដំណើរមកដល់ប្រទេសរុស្ស៊ីជាបន្តបន្ទាប់ ដោយ​យន្ដហោះ​របស់​គេបានចុះចត មិនគ្រាន់តែនៅរដ្ឋធានី​មូស្គូ​ប៉ុណ្ណោះទេ តែក៏នៅតាមក្រុងរុស្ស៊ី ១០ទៀត។ កំណត់សម្គាល់​សំខាន់​នៃ​ការ​ប្រកួតបាល់ទាត់​ពិភពលោក​លើកទី២១ នេះ គឺ​ការ​រឹតបន្តឹង​ផ្នែក​សន្តិសុខ។

​ការ​ប្រកួតបាល់ទាត់​ពិភពលោក​លើក​ទី២១​​នៅ​រុស្ស៊ី​ចាប់​ផ្តើម​ជាមួយ​នឹង​ការ​រឹតបន្តឹង​សន្តិសុខ
​ការ​ប្រកួតបាល់ទាត់​ពិភពលោក​លើក​ទី២១​​នៅ​រុស្ស៊ី​ចាប់​ផ្តើម​ជាមួយ​នឹង​ការ​រឹតបន្តឹង​សន្តិសុខ GIUSEPPE CACACE / AFP
ផ្សាយពាណិជ្ជកម្ម

ការ​ប្រកួត​បាល់ទាត់ពិភពលោក​លើក​ទី២១ រយៈពេល ១ខែ​ក្នុង​ប្រទេស​រុស្ស៊ី​បាន​រៀបចំ​នៅតាម​កីឡាដ្ឋាន សរុប​ចំនួន ១២ កន្លែង។ ទន្ទឹម​នឹង​ការមកដល់នៃក្រុមកីឡាករ ក្រុមអ្នកគាំទ្រក្រុមក៏បានមកដល់ជាហូរហែដែរ។ ពិធី​បើកសម្ពោធ​ការប្រកួតបាល់ទាត់លើកទី២១​នេះ​ចូលរួម​ដោយ​លោកប្រធានាធិបតី​រុស្ស៊ី ពូទីន ព្រម​ទាំង​ថ្នាក់ដឹកនាំ​បរទេស​ជា​ច្រើន​រូប​ផ្សេង​ទៀត។ ក្រៅ​ពី​ស្វាគមន៍​ការ​មក​ដល់​នៃ​ក្រុមកីឡាករ និង​ក្រុមអ្នកគាំទ្រ​ពួក​គេ លោក​ពូទីន​សង្កត់ធ្ងន់ថា ប្រទេស​រុស្ស៊ី​បានធ្វើសព្វបែបយ៉ាងទាំងអស់ដើម្បីឲ្យ​វត្តមាន​ភ្ញៀវបរទេស​គ្រប់​រូប​ក្នុង​ទឹកដី​រុស្ស៊ី​ពេល​នេះ​អាចយល់ដឹងក្នុងចិត្ត​ថា គេ​ស្ថិត​នៅ​ក្នុង​ប្រទេសគេផ្ទាល់តែម្តង ដ្បិតរុស្ស៊ី​បើកចំហទាំងប្រទេសខ្លួន និង​បេះដូងខ្លួន។ ដោយ​បញ្ចប់​ការ​ស្វាគមន៍​នេះ លោកពូទីន​ថែម​ទាំង​បន្លឺឡើង​ជា​ភាសា​អង់គ្លេស​ថា Welcome to Russia។ ចំណែក​វិធានការ​សន្តិសុខ​ត្រូវ​បាន​ចាត់​ឡើង​យ៉ាងម៉ឺងម៉ាត់ ដោយ​មាន​ការចូលរួម​របស់​ប៉ូលិស​មក​ពី​គ្រប់​តែ​៣២ប្រទេស​នោះ​ដើម្បី​ធានា​ឲ្យ​ការ​ប្រកួត​នេះប្រព្រឹត្ត​ទៅ​យ៉ាង​រលូន។

គួរ​រម្លឹក​ជូន​ថា ការប្រកួតដើម្បីដណ្តើមពានរង្វាន់ពិភពលោកខាងបាល់ទាត់ ហៅថា World Cup ប្រព្រឹត្តទៅ ៤ ឆ្នាំម្តង​ដោយ​បាន​ចាប់​ផ្តើម​ដំបូង​ក្នុងឆ្នាំ ១៩៣០។ កាលណោះ ការ​ប្រកួត​បាន​រៀបចំ​នៅ​ក្នុង​ប្រទេស​អ៊ុយរូហ្កាយ ហើយពិតជាក្រុមជម្រើសប្រទេសម្ចាស់ផ្ទះនេះ​ដែលបានទទួលពានរង្វាន់ធ្វើ​ពីប្រាក់លាបទឹកមាស។ ក្រោយមកក្នុងឆ្នាំ ១៩៧៤ ពានរង្វាន់​ត្រូវ​បាន​ធ្វើ​ពី​មាស ១៨ ការ៉ាត ទម្ងន់ ៥ គីឡូក្រាម មានកំពស់ ៣៦,៥ សង់ទីម៉ែត្រ ដោយ​មានរូបមនុស្សពីរនាក់លើកដៃទ្រភពផែនដី ហើយ​នៅបាត​របស់​ពានរង្វាន់​នោះ មាន​ចារ​ឈ្មោះប្រទេសណា​ដែល​ដណ្តើមបានពានរង្វាន់នេះ។ តែ​មាន​ចំណុច​​កត់សម្គាល់​មួយ ការ​ប្រកួត​បាល់ទាត់ពិភពលោក​បានអាក់ខានអស់ពីរលើក គឺ​ក្នុង​ឆ្នាំ​១៩៤២ និង​១៩៤៦ ដោយ​មកពី​សង្គ្រាមលោកលើកទី២។

មាន ៣២ក្រុម និង​មាន​ការ​ប្រកួត​ចំនួន ៦៤ដង

ការ​ប្រកួត​កីឡាបាល់ទាត់​ពិភពលោក​លើកទី២១ ឆ្នាំ ២០១៨ នេះ​ចូលរួម​ដោយ​ ៣២ក្រុម និង​មាន​ការ​ប្រកួត​សរុប​ចំនួន ៦៤ដង។ លើកលែង​រុស្ស៊ី​មួយ​ចេញ​ដែលមិនបានចូលរួមក្នុងការប្រកួតជម្រុះទេ ដ្បិតស្របនឹងក្បួនច្បាប់របស់សហព័ន្ធអន្តជាតិនៃសមាគមបាល់ទាត់ជាតិហៅថា FIFA ប្រទេសម្ចាស់ផ្ទះត្រូវរំដោះពីការប្រកួតជម្រុះបែបនេះ។ ចំណែក ៣១ ក្រុមផ្សេងទៀត​ដែលតំណាងឲ្យគ្រប់ទ្វីបទាំងអស់ គឺសុទ្ធតែជាក្រុមដ៏ឆើតៗស្រាប់ទៅហើយ ដ្បិត ក្រុមនីមួយៗ​ទម្រាំ​ទទួល​បាន​ឋានៈ​ជា​ក្រុម​ជម្រើស​ដើម្បី​ប្រជែង​យក​ពានរង្វាន់ពិភពលោក គឺ​បាន​ប្រកួតហប ក​ទៅ​ហើយ​នៅ​តាម​ទ្វីប​ខ្លួន។ ជា​លទ្ធផល​នៃ​ការ​ចាប់​ឆ្នោត​កាល​ពី​៦ខែ​កន្លះ​មុន  ៣២ក្រុម​នេះ​ត្រូវ​បាន​បែងចែក​ទៅ​ជា ៨ក្រុម​ដែល​ក្នុង​ក្រុម​នីមួយៗ មាន ៤ប្រទេស។

ក្រុម A មាន​រុស្ស៊ី អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប និង​អ៊ុយរូហ្កាយ

ក្រុម B មាន​ព័រទុយហ្កាល់ អេស្ប៉ាញ ម៉ារ៉ុក និង​អ៊ីរ៉ង់

ក្រុម C មាន​បារាំង អូស្រា្តលី ប៉េរូ និង​ដាណឺម៉ាក

ក្រុម D​មាន​អាហ្សង់ទីន អ៊ីស្លង់ ក្រូអាស៊ី និង​នីហ្សេរីយ៉ា

ក្រុម E​មាន​ប្រេស៊ីល ស្វ៊ីស កូស្តារីកា និង​ស៊ែរប៊ី

ក្រុម F​មាន​អាល្លឺម៉ង់ ម៉ិចស៊ិក ស៊ុយអែត និង​កូរ៉េខាងត្បូង

ក្រុម G​មាន​បែលហ្ស៊ិក ប៉ាណាម៉ា ទុយនីស៊ី និង​អង់គ្លេស

ក្រុម H​មាន​ប៉ូឡូញ សេណេហ្កាល់ កូឡុំប៊ី និង​ជប៉ុន

ពិធី​សម្ពោធ​មាន​លក្ខណៈ​ស្រគត់ស្រគំ

ពិធី​បើក​សម្ពោធ​មាន​លក្ខណៈ​ស្រគត់ស្រគំ​មិន​សូវ​គគ្រឹកគគ្រេង ហើយ​ក្រោយ​ពី​ប្រកាស​បើក​សម្ពោធ​ដោយ​លោក​ប្រធានាធិបតី​ពូទីន ប្រទេស​ប្រកួត​បើក​ឆាក​មុន​គេ គឺ​រុស្ស៊ី និង​អារ៉ាប៊ីសាអូឌីត​ដោយ​មាន​ការ​ចូលរួម​ទស្សនា​ពី​រជ្ជទាយាទរាជាណាចក្រ​អារ៉ាប៊ីសាអូឌីត​ព្រះអង្គម្ចាស់ Salman al Saoud និង​មេដឹកនាំរុស្ស៊ី​លោក​ពូទីន។ ចំណែក​ថ្នាក់ដឹកនាំ​បរទេស​ដែល​ចូលរួម​នៅ​ក្នុង​ពិធី​បើក​សម្ពោធ​ត្រូវ​បាន​វិមានក្រេមឡាំង​ប្រកាស​ឲ្យ​ដឹង​ថា មាន​ឋានៈ​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​ប្រមាណ ២០ ប្រទេស ពិសេស​រូប​ប្រធាន​រដ្ឋសភា​កូរ៉េខាងជើង។ អ្វី​ជា​ការ​កត់សម្គាល់ គឺ​អវត្តមាន​ថ្នាក់ដឹកនាំ​មក​ពី​ក្រុមប្រទេស​បស្ចិមលោក​ដោយសារ​តែ​រឿង​រុស្ស៊ី​បាន​ក្រសោប​យក​ទឹកដី​គ្រីមេ​របស់​ប្រទេស​អ៊ុយក្រែន និង​ការ​លូកដៃ​របស់​រុស្ស៊ី​នៅ​ក្នុង​ជម្លោះ​ប៉ែក​ខាងកើត​អ៊ុយក្រែន។

ទន្ទឹម​គ្នា​នេះ ក៏​មាន​អវត្តមាន​ភ្ញៀវកិត្តិយស​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Antonio Guterres។ នៅ​ក្នុង​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០១០​នៅ​អាហ្រ្វិកខាងត្បូង និង​២០១៤ នៅ​ប្រេស៊ីល អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​កាល​ណោះ​គឺ​លោក​បាន គីមូន​បាន​ចូលរួម​នៅ​ក្នុង​ពិធី​បើកសម្ពោធ។

សន្តិសុខ​ត្រូវ​បាន​រឹតបន្តឹង​ក្នុង​កម្រិត​ខ្ពស់

តាំង​ពី ២ថ្ងៃមុនដល់ការប្រកួតជើងឯកផ្ទាល់ មាន​បើកឲ្យដំណើរការ​នូវ​មជ្ឈមណ្ឌលសហប្រតិបត្តិការប៉ូលិសអន្តរជាតិ​នៅតំបន់ជាយក្រុងមូស្គូ។ មជ្ឈមណ្ឌលនេះ​បំពេញ​មុខងារខ្លួន​ក្នុងដំណើរ​ប្រព្រឹត្តទៅ​ពេញ១ខែ​នៃ World Cup ២០១៨។ លោករដ្ឋមន្ត្រីមហាផ្ទៃរុស្ស៊ី​បាន​ថ្លែង​នៅ​ក្នុង​ពិធី​បើក​សម្ពោធ​មជ្ឈមណ្ឌល​នេះ​ថា លក្ខខណ្ឌ​សំខាន់បំផុត​សម្រាប់ជោគជ័យនៃការប្រកួត​នេះ គឺត្រូវធានាឲ្យបានក្នុងកម្រិតខ្ពស់​ផ្នែក​សន្តិសុខ​សម្រាប់ក្រុមកីឡាករ ក្រុមអ្នកគាំទ្រ និង​ក្រុមអាជ្ញាកណ្តាល។ ចំណែក​អ្នក​ចូលរួមក្នុងការងារ​របស់​មជ្ឈមណ្ឌល​នេះ​មាន​ប៉ូលីស​មកពីគ្រប់តែ ៣២ ប្រទេសដែលមានក្រុមជម្រើសបាល់ទាត់របស់គេចូលប្រកួត ព្រមទាំងប៉ូលិស​ប្រទេសកាតា​ដែល ៤ ឆ្នាំទៀត​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ទទួល World Cup ឆ្នាំ ២០២២។

ភារកិច្ច​របស់​មជ្ឈមណ្ឌល​សហប្រតិបត្តិការប៉ូលិសអន្តរជាតិ គឺធានាសុវត្ថិភាព ហើយបន្ទាបឲ្យបានមែនទែន​នូវ​ចំនួន​ទង្វើល្មើសច្បាប់​ពីខាងពួកអ្នកគាំទ្រ។ ប៉ូលីសបរទេសទាំងនោះ​សុទ្ធតែស្គាល់ច្បាស់ក្រយៅខូចនៃពួកអ្នកគាំទ្រជាយូកូមមកពីប្រទេសគេរៀងៗខ្លួន។ ម៉្លោះហើយបានជាងាយទប់ស្កាត់និងបង្ក្រាបទង្វើ​បែបនេះពីខាងពួកយូកូមដ៏ល្បីៗ បែបយ៉ាងមកពីប៉ូឡូញ អង់គ្លេស ឬ​ស៊ែរប៊ីជាដើម។ សម្រាប់ករណីរុស្ស៊ីដែលបានធ្វើអន្តរាគមន៍យោធាក្នុងឆ្នាំ ២០១៥ ទៅគាំទ្រលោកប្រធានាធិបតី​ស៊ីរី​អាសាដ រួច​បំផ្លាញ​សំបុកពួកភេរវជន​អង្គការរដ្ឋអ៊ីស្លាម​ក្នុងប្រទេសស៊ីរី គឺត្រូវពួកវាចងគំនុំសងសឹកជានិច្ច។

ប៉ុន្តែទោះយ៉ាងណាក្តី ក៏ស្ថាប័នសន្តិសុខជាតិរុស្ស៊ី FSB បានអះអាងថា ត្រៀមខ្លួនជាស្រេចទៅហើយដើម្បីប្រយុទ្ធទល់នឹងការគំរាមដល់សន្តិសុខរុស្ស៊ី ដោយមិនអាស្រ័យតើវាចេញមកពីប្រភពណាឡើយ នេះ​ជា​ប្រកាស​របស់​លោក Alexei Lavrichtchev នាយកអង្គភាពប្រតិបត្តិការរបស់ FSB។ ស្របនឹងតួលេខចេញដោយគណៈកម្មាធិការខាងចាត់ចែងការប្រកួត រុស្ស៊ី​បាន​ចំណាយអស់ ១៤.២០០លានដុល្លារ​សម្រាប់សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទទួល World Cup ២០១៨ ពោល​លើស​ពី​ប្រេស៊ីល​ក្នុងឆ្នាំ ២០១៤ ដែលចំណាយ​អស់​តែ ១១.៦០០ លានដុល្លារ និង​លើស​ឆ្ងាយ​ពី​អាហ្វ្រិកខាងត្បូង​ក្នុងឆ្នាំ ២០១០ ដែល​បានចំណាយ​ត្រឹមតែ ៤.៦០០ លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ