អានតួអត្ថបទ
អាមេរិក-អឺរ៉ុប

បារាំង និង​អាល្លឺម៉ង់​ស្តីបន្ទោស​លោកត្រាំ​ដែល​ត្រឡប់​ដក​ខ្លួន​ចេញ​ពី​​សេចក្តីថ្លែងការណ៍​រួម G៧

នៅ​ក្នុង​ប្រទេស​បារាំង វិមាន​ប្រធានាធិបតី​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ជំហរ​របស់​បារាំង និង​សហភាពអឺរ៉ុប​ក្នុង​ការ​គាំទ្រ​លើ​សេចក្តីថ្លែងការណ៍​រួម​របស់ G៧។ ការ​ប្រកាស​របស់​បារាំង​យ៉ាង​ដូច​នេះ​បាន​ធ្វើ​ឡើង ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ប្រកាស​ដក​ហត្ថលេខី​របស់​ខ្លួន​ចេញ​ពី​សេចក្តីថ្លែការណ៍​រួម​នោះ​វិញ។ អាល្លឺម៉ង់​តាម​រយៈ​លោកស្រី​នាយករដ្ឋមន្រ្តី​អង់ហ្កឺឡា មែរកិល​បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ទង្វើ​របស់​លោក​ត្រាំ និង​បញ្ជាក់​ថា អឺរ៉ុប​ក៏​នឹង​ចាត់​វិធានការ​តប​នឹង​លោក​ត្រាំ​ដែល​ដំឡើង​ពន្ធ​លើ​ដែកថែប និង​អាលុយមីញ៉ូម​អឺរ៉ុប​នាំ​ចូល​អាមេរិក។

លោក​ប្រធានាធិបតី​បារាំង​ Emmanuel Macron ក្នុង​ជំនួបកំពូល G៧ នៅ​កាណាដា
លោក​ប្រធានាធិបតី​បារាំង​ Emmanuel Macron ក្នុង​ជំនួបកំពូល G៧ នៅ​កាណាដា AFP
ផ្សាយពាណិជ្ជកម្ម

គឺ​ជាមួយ​នឹង​ពាក្យសម្តី​ធ្ងន់ៗ​ដែល​វិមាន​ប្រធានាធិបតី​បារាំង​បាន​ឆ្លើយ​តប​នឹង​ការ​សម្រេចចិត្ត​បញ្រ្ចាស់ទិស​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ។ « យើង​បាន​ចរចា​គ្នា​យ៉ាង​តានតឹង​អស់​រយៈពេល ២ថ្ងៃ​ទំរាំ​ទទួល​បាន​សេចក្តីថ្លែងការណ៍​រួម​មួយ។ ភាគី​ណា​ក៏​ដោយ​ដែល​បាន​ដក​ខ្លួន រួច​បែរ​ខ្នង​ចេញ​ពី​សេចក្តី​ថ្លែងការណ៍​នោះ​វិញ​កំពុង​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​មិន​ស៊ី​សង្វាក់ និង​ភាព​មិន​ខ្ជាប់ខ្ជួន​របស់​ខ្លួន » នេះ​ជា​ការ​បញ្ជាក់​របស់​វិមាន​ប្រធានាធិបតី​បារាំង។

តាម​វិមាន​អេលីហ្សេ​ដដែល បារាំង និង​អឺរ៉ុប​បន្ត​ប្តេជ្ញា​គាំទ្រ​លើ​សេចក្តីថ្លែងការណ៍​រួម​របស់ G៧ នៅ​កាណាដា រួច​គូស​បញ្ជាក់​ដោយ​បញ្ឆិតបញ្ឆៀង​ថា កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​មិន​អាច​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​កំហឹង ឬ​ការ​ប្រើ​ពាក្យសម្តី​វាយប្រហារ​នោះ​ឡើយ។ កំហឹង​ប្រឆាំង​នឹង​លោក​ត្រាំ​ក៏​មាន​ពី​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​អង់ហ្កឺឡា មែរកិល​ដែរ។ ក្រៅ​ពី​សម្តែង​ការ​សោកស្តាយ​ចំពោះ​ទង្វើ​ត្រឡប់​ក្រោយ​របស់​លោក​ត្រាំ លោកស្រី​មែរកិល​បាន​ប្រកាស​ឲ្យ​ដឹង​ថា អឺរ៉ុប​ក៏​នឹង​ចាត់​វិធានការ​តប​នឹង​លោក​ត្រាំ​ដែល​ដំឡើង​ពន្ធ​លើ​ដែកថែប និង​អាលុយមីញ៉ូម​អឺរ៉ុប​នាំ​ចូល​អាមេរិក។

ប្រតិកម្ម​របស់​បារាំង និង​អាល្លឺម៉ង់​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​ត្រាំ​បាន​សម្រេចចិត្ត​ដក​ហត្ថលេខី​របស់​លោក​ចេញ​ពី​សេចក្តីថ្លែងការណ៍​រួម G៧ ចុះ​ហត្ថលេខា​ក្នុង​ប្រទេស​កាណាដា​នា​ថ្ងៃ​សៅរ៍ ទី៩ មិថុនា។ ទន្ទឹម​នឹង​ការ​សម្រេចចិត្ត​នេះ លោក​ត្រាំ​ក៏​បាន​រិគគន់ ទិតៀន​ប្រទេស​កាណាដា និង​នាយករដ្ឋន្រ្តី​លោក Justin Trudeau រួម​ទាំង​គំរាម​ឈប់​ផ្តល់​ការ​ធានា​សន្តិសុខ​លើ​សហភាព​អឺរ៉ុប​ទៀត​ផង។ តាម​លោក​ត្រាំ អាមេរិក​នឹង​ឈប់​ជួយ​ការពារ​សន្តិសុខ​អឺរ៉ុប បើ​អឺរ៉ុប​មិន​ដំឡើង​ថវិកា​យោធា​ឲ្យ​អង្គការ​អូតង់ និង​បើ​អឺរ៉ុប​មិន​ធ្វើ​ឲ្យ​មាន​សមភាព​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ទេ​នោះ។

« អាមេរិក​បាន​ចាយលុយ​យ៉ាង​សម្បើម​ដើម្បី​ការពារ​អឺរ៉ុប តែ​អាមេរិក​បែរ​ជា​ត្រូវ​បាន​អឺរ៉ុប​កេងចំណេញ​យ៉ាង​ច្រើន​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ទៅ​វិញ។ សុំទោស យើង​មិន​អាច​ទុក​ឲ្យ​សម្ព័ន្ធមិត្ត​របស់​យើង និង​សត្រូវ​របស់​យើង​បន្ត​កេងប្រវ័ញ្ច​លើ​យើង​ក្នុង​វិស័យ​ពាណិជ្ជកម្ម​យូរ​អង្វែង​ទៀត​ឡើយ។ យើង​ត្រូវ​តែ​ផ្តល់​អាទិភាព​ឲ្យ​ពលករ​អាមរិកាំង » នេះ​ជា​ឃ្លាឃ្លោង​ដែល​លោក​ត្រាំ​បាន​សរសេរ​នៅ​ក្នុង​បណ្តាញ​សង្គម Twitter របស់​លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ