អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ភាពប្រេះឆា​ក្នុង​ចំណោម​ក្រុម​ប្រទេស​មហាអំណាចឧស្សាហកម្ម G7

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំនួបកំពូល​ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម ហ្សេ ៧ បាន​បិទបញ្ចប់ ទៅនៅ​យប់​ថ្ងៃសៅរ៍​ម្សិលមិញ ជាមួយ នឹង​ភាពប្រេះឆា យ៉ាងច្បាស់ក្រឡែត រវាង អាមេរិក ហើយ​និង​ក្រុមប្រទេស​សម្ព័ន្ធមិត្ត​អឺរ៉ុប។ នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការចេញផ្សាយ​សេចក្តីថ្លែងការណ៍​រួម​របស់​ក្រុមប្រទេស​ហ្សេ ៧ ដែល​មាន​អាមេរិកផងដែរនោះ លោកដូណាល់ ត្រាំ តាំង​ពីក្នុង​យន្តហោះ ដឹកលោក​ទៅ​ប្រទេស​សិង្ហបុរី ដើម្បី ជួប​លោក​គីម ជុងអ៊ុន បាន​សរសេរ​សារ Twitter បញ្ជា​ឲ្យ​ដក​អាមេរិក ឲ្យ​លែង​គាំទ្រ សេចក្តីថ្លែងការណ៍រួម និង​គំរាម​ដំឡើង​ពន្ធ​លើ​រថយន្ត​នាំចូល​អាមេរិក។

លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ និង​មេដឹកនាំ​របស់​ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម​ផ្សេងទៀតប្រឈម​នឹង​លោកដូណាល់ ត្រាំ នៅ​ជំនួបកំពូល ហ្សេ 7នៅMalbaie ប្រទេស​កាណាដា នៅថ្ងៃទី ៩​មិថុនា ២០១៨
លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ និង​មេដឹកនាំ​របស់​ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម​ផ្សេងទៀតប្រឈម​នឹង​លោកដូណាល់ ត្រាំ នៅ​ជំនួបកំពូល ហ្សេ 7នៅMalbaie ប្រទេស​កាណាដា នៅថ្ងៃទី ៩​មិថុនា ២០១៨ ©Bundesregierung/Jesco Denzel/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

ជំនួបកំពូល​ក្រុមប្រទេស​មហាឧស្សាហកម្ម ដែល​តំណាង​ឲ្យ​ទ្រព្យធន ៦០ភាគរយ​នៃ​ភពផែនដី បាន​បិទបញ្ចប់​ទៅនៅ​ថ្ងៃ​សៅរ៍ម្សិលមិញ ជាមួយ ភាពប្រេះឆា នៅទីបំផុត រវាង​ក្រុមប្រទេស​សមាជិក។ លោកប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ ដើមឡើយ បាន​ចុះ​ហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​របស់​ជំនួបកំពូល​ហ្សេ ៧ ដែល​មាន​និយាយ​ពី​ការដោះដូរ​ពាណិជ្ជកម្ម​សេរី ស្មើភាព និង​ផ្តល់ផល​ប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក។ ប៉ុន្តែ នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ លោកដូណាល់ ត្រាំ តាំង​ពី​ក្នុង​យន្តហោះ បាន​សរសេរ​សារ Twitter ដក​អាមេរិក​ចេញ ពី​សេចក្តីថ្លែងការណ៍វិញ និងទាំង​គំរាម​ទៀតផង ថា នឹង​ដំឡើង​ពន្ធថ្មី លើ​រថយន្តនាំ​ចូល​អាមេរិក។

នយោបាយ​ត្រជាក់ ក្តៅ របស់​ប្រធានាធិបតី អាមេរិក ធ្វើ​ឲ្យ​គេ​មិនអាច​ស្មានដឹងជាមុន។ លោក​ដូណាល់ ត្រាំ បាន​ចាកចេញ​មុន​ទាំង​ជំនួបកំពូល ហ្សេ ៧ បិទបញ្ចប់ ទៅទៀត ពោល​គឺ​លោក​បាន​គេច​មិន​ចូលរួម ​ក្នុង​កិច្ចប្រជុំ​ដែល​បន្ត​​ផ្តោតទៅ​លើ​បញ្ហា​អាកាសធាតុ និង​ការអប់រំ ភាពស្មើភាព រវាង​បុរស​និង​ស្រ្តី​នោះទេ។ នៅក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​សៅរ៍ នៅ​មុនពេល​ចាកចេញ ពីកាណាដា សំដៅ ប្រទេស​សិង្ហបុរី ជាទី​ដែលលោក​ត្រូវ​បើកជំនួបកំពូល​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក​ដូណាល់ ត្រាំ បាន​និយាយ​ថា ការពិភាក្សា ជាមួយ​មេដឹកនាំ​របស់​ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម​ផ្សេងទៀត បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​វិជ្ជមាន។ ប៉ុន្តែ នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ចេញ​សេចក្​តីថ្លែងការណ៍​រួម របស់​ជំនួបកំពូល លោក​ដូណាល់ ត្រាំ បែរ​ជា​ប្តូរចិត្ត និង​ប្រកាស​ដក​អាមេរិក​ចេញពី​សេចក្តីថ្លែងការណ៍រួម​របស់​ហ្សេ ៧ ឆ្នាំនេះវិញ។ ប្រធានាធិបតី អាមេរិក​នៅ​បាន​គំរាមថា រដ្ឋបាល​របស់​លោក​នឹង​ពិចារណា​លើ​តម្លៃ​ពន្ធលើ​រថយន្ត​ដែល​នាំចូល​ទៅក្នុងទឹកដី​អាមេរិកបន្ថែមទៀត។

មូលហេតុ​គឺ​លោក​ខឹង ​មិន​ពេញចិត្ត​នឹង​ការថ្លែង​របស់​នាយករដ្ឋមន្រ្តី​កាណាដា Justine Trudeau។ នៅក្នុង​សន្និសីទ​កាសែត នៅ​ពេល​បិទបញ្ចប់ជំនួបកំពូល នៅថ្ងៃ​ម្សិលមិញ លោក​នាយករដ្ឋមន្រ្តី​កាណាដា បាន​លើកឡើង​ថា ការយកលេស​របស់​អាមេរិក​ដែល​ថា ដំឡើងពន្ធ លើ​ដែកថែប និង​អាលុយមីញ៉ូម នាំចូល​ទៅ​អាមេរិក គឺ​ធ្វើឡើង​ដើម្បី​ហេតុផល​សន្តិសុខជាតិ នោះ គឺ​ប្រៀបដូចជា ការជេរប្រមាថ​ដល់​ទាហាន​កាណាដា ដែល​ធ្លាប់​បានចូលរួម​ប្រយុទ្ធជួយ កងទ័ព​អាមេរិក​រហូតមក។ កាណាដា ក៏ដូចជា​ប្រទេស​នៅ​សហភាពអឺរ៉ុប ហើយ​និង​ម៉ិចស៊ិក រង​​ប៉ះពាល់ ខ្លាំង ជាងគេ ដោយសារ​តែ​នយោបាយ​ដំឡើងពន្ធ​របស់​អាមេរិក លើ​ដែកថែប និង​អាលុយមីញ៉ូម ដែល​ចាប់អនុវត្ត​តាំង​ពី​ដើម​ខែ​មិថុនា​នេះ។ កាណាដា​បាន​ព្រមាន​ចាត់វិធានការ ប្រឆាំង​តបត​នឹង​អាមេរិក វិញ ចាប់ពីខែ​កក្កដា​ខាងមុខ។

នៅ​ក្នុង​សន្និសីទ កាសែត នៅ​កាណាដា លោកដូណាល់ ត្រាំ​ធ្លាប់​បាន​និយាយ​ព្រមាន​រួចហើយ មិន​ឲ្យ​ក្រុមប្រទេស​ផ្សេង ចាត់​វិធានការ​ប្រឆាំង​តបត​នឹង​ការដំឡើង​ពន្ធ​របស់​អាមេរិក​នោះទេ។ នៅក្នុង​សារ Twitter លោកដូណាល់ ត្រាំ មិន​ត្រឹម​តែ​និយាយ​ចំអក​ឲ្យ​នាយករដ្ឋមន្រ្តី​កាណាដា​តែប៉ុណ្ណោះទេ ប៉ុន្តែ នៅ បាន​ជេរប្រមាថ​មេដឹកនាំ​របស់​សម្ព័ន្ធមិត្ត​អាមេរិក​ថា ជា​មនុស្ស​មិន​ស្មោះត្រង់ និង​ទន់ជ្រាយ​ទៀត​ផង។

 

នយោបាយ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​អាត្មានិយម​របស់​លោកដូណាល់ ត្រាំ បាន​ធ្វើ​ឲ្យ​អាមេរិក​នៅ​ឯកា

ចាប់តាំងពី​អាមេរិក មាន​លោកដូណាល់ ត្រាំ ធ្វើ​ជា​ប្រធានាធិបតី ជំនួបកំពូល​ហ្សេ ៧ នៅ​កាណាដា ក៏ដូចជា​ជំនួបកំពូល​ហ្សេ ៧ នៅ​អ៊ីតាលី នៅ​ឆ្នាំមុន ឬ​ក៏ដូច​ជំនួប​ហ្សេ ២០ នៅ​ប្រទេស​អាល្លឺម៉ង់ គឺ​គ្មាន​សេចក្តីថ្លែងការណ៍​រួម ដែល​រឹងមាំ​បង្ហាញ​ពី​ភាពចុះសម្រុងគ្នា រវាង​ក្រុមប្រទេស​មហាអំណាច​លោកខាងលិច​នោះទេ។ ធ្លាប់​ជា​មហាសេដ្ឋី អចលទ្រព្យ លោកដូណាល់ ត្រាំ គិត​ដល់​រឿង​ប្រយោជន៍​សេដ្ឋកិច្ច មុន ហេតុផល​នយោបាយ​ការបរទេស។ បន្ទាប់ពី​ចិន លោក​ដូណាល់ ត្រាំ បាន​បែរ​មក​រករឿង សូម្បី កាណាដា ម៉ិចស៊ិក និង​ប្រទេស​នៅ​សហភាព​អឺរ៉ុប ដែល​តាមពិត​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក ដូច​បាន​និយាយ។ លោក​ត្រាំ បាន​សម្រេច​ឲ្យ​គេ​ដំឡើង​ពន្ធ​២៥ភាគរយ លើ​ដែកថែប ដែល​នាំចូល​ពី​អឺរ៉ុប កាណដា និង​ម៉ិចស៊ិក។ ជំនួបកំពូលហ្សេ ៧ លើកនេះ កត់សំគាល់ ដោយសារ​ការខ្វែងគំនិត​គ្នា លើ​ការដំឡើង​ពន្ធគយនេះ​តែម្តង។

នៅ​ក្នុង​សន្និសីទ​កាសែត​នៅថ្ងៃ​សៅរ៍ លោក​ដូណាល់ ត្រាំ បាន​និយាយ​ថា អាមេរិក​ធ្លាប់​ចាញ់ប្រៀប ក្នុងការដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ដទៃ (មិន​ថា សម្ព័ន្ធមិត្ត ឬ​គូប្រជែង)និង​ត្រូវ​បាន​គេ​ចាត់ទុក​ជា​កូនជ្រូក សន្សំលុយ ដែលគេ លួចកេង​ប្រយោជន៍​រហូតមក។ ដោយនិយាយ​សំដៅ​ដល់​កាណាដា ប្រទេស​ជិតខាង​របស់​អាមេរិក​តែម្តង លោកដូណាល់ត្រាំ បាននិយាយ​ថា ការដំឡើងពន្ធ​របស់​កាណាដា លើ​ទឹកដោះ​គោ​អាមេរិក ដល់ទៅ​២៥០ភាគរយ បាន​សម្លាប់​ការងារ និង​កសិដ្ឋាន​របស់​អាមេរិក រហូតមក។ លោក​បាន ​គំរាម​រួចហើយ​ថា បើសិន​ជា​ ប្រទេស​ផ្សេង ដំឡើង​ពន្ធគយ ដាក់​របាំងពន្ធ​បន្ថែម​លើ​ផលិតផល​អាមេរិក នោះ​លោក​ក៏​មិន​អល់អែក ដើម្បី​ឈប់​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ទាំងនោះទេដែរ។

ដោយសារ​លោកដូណាល់ ត្រាំ ជំនួបកំពូល ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម បានបិទបញ្ចប់​ទៅ​ជាមួយ​នឹង​ការបែកបាក់​គ្នា គឺ​ផ្ទុយស្រឡះ​ពី​ជំនួបកំពូល​ស្តីពី​ប្រតិបត្តិការ​សន្តិសុខ​សៀងហៃ ដែលប្រទេស​ចិន កំពុង​រៀបចំ នៅ​ចំពេល​ជាមួយ​គ្នា​នឹង​ហ្សេ ៧។ ប្រទេស​ចិន ដែល​ជា​ម្ចាស់ផ្ទះ បាន​ប្រមូលផ្តុំ ក្រុមប្រទេស ដែល​ជា​គូសត្រូវ ឬ​គូប្រជែង​របស់​ក្រុមប្រទេស​ហ្សេ ៧ ដូចជា រុស្ស៊ី អ៊ីរ៉ង់ បាន​បង្ហាញ​ពី​ការចុះសម្រុង ល្អូកល្អឺន​នឹង​គ្នា​ខ្លាំងណាស់។ យ៉ាងណាក៏ដោយ ដូច​មេដឹកនាំ​របស់​ក្រុមប្រទេស​ហ្សេ ៦ ប្រធានាធិបតី​ចិន យល់ស្រប​ថា គេ​ត្រូវ​គោរព ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី បើក​សេដ្ឋកិច្ច​ពិភពលោក គឺ​មិន​ត្រូវ អនុវត្ត​នយោបាយ បិទទ្វារ អត្មានិយម​នោះទេ។

 

លោកដូណាល់ ត្រាំ ព្រមាន​ដំឡើង​ពន្ធ​លើ​រថយន្ត​នាំចូល​ទៅ​ទឹកដី​អាមេរិក

នៅក្នុង​សន្និសីទ​កាសែត នៅថ្ងៃ​សៅរ៍ លោក​ដូណាល់ ត្រាំ បាន​បញ្ជាក់​សា​ជាថ្មីថា បើសិន ជា​សង្រ្គាម​ពាណិជ្ជកម្ម​ផ្ទុះឡើង នោះ អាមេរិក​ប្រាកដ​ជា​ឈ្នះ​រាប់ពាន់ដង។ នៅថ្ងៃ​ម្សិលមិញ នៅក្រោយ​លោកនាយករដ្ឋមន្រ្តី​កាណាដា ព្រមាន​ពីគម្រោង​ដំឡើង​ពន្ធ ដើម្បី​ប្រឆាំង​តប​នឹង​អាមេរិក ចាប់ពី​ខែ​កក្កដា លោកដូណាល់ ត្រាំ បាននិយាយ​ថា លោក​នឹង​ពិចារណា​លើ​តំលៃ​ពន្ធ​លើ​រថយន្ត​នាំចូល​ទៅ​អាមេរិក។ គឺ​ពន្ធ​លើ​តម្លៃរថយន្ត​នាំចូល ដែល​ជា​សំណុំរឿង​សំខាន់ រវាង​លោកដូណាល់ ត្រាំ ដោយ​មេដឹកនាំ​របស់​ក្រុមប្រទេស ហ្សេ ៦ផ្សេងទៀត។ បើសិន​រដ្ឋបាល​លោកដូណាល់ ត្រាំ ដំឡើងពន្ធ​លើ​រថយន្ត​នាំចូលទៅ​អាមេរិក នោះ អ្នកដែល​ប៉ះពាល់ ខ្លាំងជាងគេ គឺ អាល្លឺម៉ង់ បន្ទាប់មក គឺ​ជប៉ុន កាណាដា ម៉ិចស៊ិក និង​ចុងក្រោយ គឺ​កូរ៉េខាងត្បូង។ ត្រូវដឹងថា នៅ​ឆ្នាំ ២០១៧ ក្នុង​ចំណោម​រថយន្តប្រមាណ ១៧លាន​គ្រឿង ​លក់​ដាច់ នៅ​ទឹកដី​អាមេរិក មាន​ជាង ៨លាន​គ្រឿងទៅហើយ ជារថយន្ត​នាំចូល។ ​អាល្លឺម៉ង់ និង​ជប៉ុន ដែល​នាំចូល​រថយន្ត​ច្រើនជាងគេ​ទៅ​អាមេរិក អាច​ប៉ះពាល់ រងគ្រោះ​ខ្លាំងជាងគេ បើសិន​អាមេរិក​ដំឡើង​ពន្ធ​លើ​រថយន្ត​នាំចូល​ទៅ​អាមេរិក។ ប៉ុន្តែ ដោយសារតែ ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់ Mercedes BMW ឬ Nissan Honda របស់​ជប៉ុន គឺសុទ្ធតែ​មាន​រោងចក្រ​ដំឡើង និង​ផលិត​រថយន្ត នៅ​អាមេរិក ពោល​គឺ​បាន​បង្កើតការងារ​ធ្វើ​រាប់លាន​សម្រាប់​ប្រជាជន​អាមេរិក អាមេរិក​របស់លោកដូណាល់ ត្រាំ ក៏​អាច​បាត់បង់​អត្ថប្រយោជន៍ដែរ។ ជាការពិត របាំង​ពន្ធ​គយ​របស់លោកដូណាល់ ត្រាំ ធ្វើឡើង​ដើម្បីជំរុញ ការផលិត​ក្នុង​ស្រុក​អាមេរិក ប៉ុន្តែ ជាមួយ​គ្នា​នោះ ក៏អាច​សម្លាប់​ការងារ​របស់​ប្រជាជន​អាមេរិក ដែរ ព្រោះ​ថា ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​អាល្លឺម៉ង់ ឬ​ជប៉ុន អាច​នឹង​ប្តូរទីតាំង និង​បិទ​រោងចក្រ​នៅក្នុង​ទឹកដី​អាមេរិក បើសិន​អាមេរិក​ធ្វើ​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ដទៃនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ