rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

រុស្ស៊ី អ៊ុយក្រែន ពន្ធនាគារ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

មេដឹកនាំ​រុស្ស៊ី​និង​អ៊ុយក្រែន ទាមទារ​ដូចគ្នា ឲ្យ​ដោះលែង​អ្នកទោស​របស់​ម្ខាងៗ

media
លោក​ពូទីន និង​លោក​ប៉ូរ៉ូឆេនកូ ទូរស័ព្ទ​ទាក់ទង​គ្នា​ចង់​ដោះដូរ​អ្នក​ទោស AFP PHOTO / RIA NOVOSTI / MIKHAIL KLIME//REUTERS/Francois Lenoir

ជាលទ្ធផលនៃ​ការសន្ទនា​គ្នា​តាម​ទូរសព្ទ ថ្ងៃសៅរ៍​ទី ៩ មិថុនា ប្រធានាធិបតី​រុស្ស៊ី និង អ៊ុយក្រែន បាន​ព្រមព្រៀងគ្នា ឲ្យ​តំណាង​ខាង​បញ្ហា​សិទ្ធិមនុស្ស​របស់​ប្រទេស​ទាំងពីរ​ តាក់តែង​ឡើងជា ​បញ្ជី​ឈ្មោះ ពួក​អ្នកទោស​ជាប់​នៅ​តាម​ពន្ធនាគារ​ម្ខាងៗ ហើយទៅ​សួរសុខទុក្ខ​ទណ្ឌិត​ទាំងនោះ​រៀងៗខ្លួន- ដំណឹង​នេះ ប្រកាស​ដោយ​អង្គភាព​ព័ត៌មាន​វិមាន​ក្រេមឡាំង ដែល​លំអិត​ថា កិច្ចសន្ទនានេះ បានប្រព្រឹត្ត​ទៅ តាមគំនិត ផ្តួចផ្តើម ពីខាង ក្រុងគៀវ។ ប៉ុន្តែ រឿង​ដោះដូរ​អ្នកទោស​ផ្ទាល់ ស្ថិត​នៅក្នុង​ការទាមទារនៅឡើយ។


ស្របនឹងសេចក្តីជូនដំណឹង ពេលសន្ទ​នាតាមទូរសព្ទនោះ លោក​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បាន​គូស​បញ្ជាក់​ពី​ភាពចាំបាច់ ត្រូវ​ដោះលែង​ដោយ​ឥត​បង្អែរបង្អង់​ឡើយ គ្រប់តែ​អ្នក​កាសែត​រុស្ស៊ី ចាប់ឃុំឃាំង​នៅ​អ៊ុយក្រែន។

សម្រាប់ម៉ូស្គូ លេចធ្លោជាងគេ ក្នុងបញ្ជី​អ្នកកាសែត​ចាប់ឃុំឃាំង​នោះ គឺ​និពន្ធនាយក​នៃ​ការិយាល័យ ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី RIA Novosti ដែល​ត្រូវបាន​តុលាការ​អ៊ុយក្រែន កាត់ទោស​កាលពី​ថ្ងៃ ១៧ ឧសភា ឃុំខ្លួន ២​ខែ​សិន គឺ លោក Kyrylo Vyshinski មាន​សញ្ជតិ​ពីរ អ៊ុយក្រែន​ផង រុស្ស៊ី​ផង ហើយជាប់ចោទ តាម​បទ “ក្បត់ជាតិ” អាច​ជាប់​គុក​ដល់ ១៥ ឆ្នាំ ដោយមកពី​ផ្សាយ​ព័ត៌មាន​អំពី រុស្ស៊ី ដែលក្រុង​គៀវ​ចាត់ទុក ជា​សត្រូវ​របស់​អ៊ុយក្រែន។

សម្រាប់ភាគីអ៊ុយក្រែន លេចធ្លោ​ជាង​គេ​ក្នុង​បញ្ជី​ទណ្ឌិត​ខ្លួន​នៅ​រុស្ស៊ី គឺ អ្នកថត​កុន​លោក Oleg Sentsov កាត់ទោស​កាលពី​ខែ​សីហា​ឆ្នាំ​២០១៥ ឲ្យ​ជាប់​គុក ២០ឆ្នាំ តាម​បទ “ភេរវនិយម”និង “រត់ពន្ធអាវុធ” ហើយសព្វថ្ងៃ ជាប់​ក្នុង​ពន្ធនាគារ​នៅ​តំបន់​ឧត្តរ​រុស្ស៊ី មាន​ធាតុអាកាស​ត្រជាក់។ ពេលសន្ទនាតាម​ទូរសព្ទ​ជាមួយ​លោក​ពូទីន លោក​ប្រធានាធិបតី​អ៊ុយក្រែន ប៉េត្រូ ប៉ូរ៉ូឆេនកូ បាន​សំដែង​នូវ​ក្តី​ព្រួយកង្វល់​មែនទែន ចំពោះ​អាការៈ​សុខភាព​ជន​រួម​ឈាម​នោះ ដែល​អស់ ៣សប្តាហ៍​មកហើយ​ធ្វើ​កូដកម្ម​មិនព្រម​ទទួល​អាហារ លុះ​ទាល់តែ តាមសំដី​មេធាវី​គាត់ ឥឡូវ​ធ្លាក់ខ្លួនស្លេកស្លាំង និង​ស្គម​មែនទែន​​ រហូត​ដល់​ជ្រុះ​ធ្មេញ​ខ្លះ​ទៅ​ផង។ គាត់ជា​អ្នកស្រុក​គ្រីមេ ដែល​ប្រឆាំង​ខ្លាំង​បំផុត​នឹង​ការភ្ជាប់​យក​ទឹកដីនេះ​ដោយ​រុស្ស៊ី កាលពី​ខែ​មិនា​ឆ្នាំ ២០១៤។

នៅមាន​ទណ្ឌិត​អ៊ុយក្រែន​ដ៏​ល្បី​ម្នាក់​ទៀត គឺ​អ្នកកាសែត​ឈ្មោះ Roman Soutchtchenko កាលពីដើមខែ មិថុនា​នេះ ត្រូវបាន​តុលាការ​រុស្ស៊ី កាត់ទោស​ឲ្យ​ជាប់​ក្នុង​ជំរំ​កែខ្លួន​វិន័យតឹង សម្រាប់​រយៈពេល ១២ ឆ្នាំ តាមបទ​ចារកិច្ច​ប្រឆាំង​រុស្ស៊ី ។ រូបគាត់​ត្រូវ​ម៉ូស្គូ មន្ទិល​ថា​ជា​​វរសេនីយឯក​នៃ​ដេប៉ារតឺម៉ង់​ឈ្លបការណ៍​អ៊ុយក្រែន។ ប៉ុន្តែ គាត់ច្រាន​ចោល រាល់​ការចោទ​ប្រកាន់​ទាំងនេះ។ ​

កាលពីឆ្នាំ ២០១៦ ធ្លាប់​មាន​ប្រព្រឹត្ត​ទៅ ការដោះដូរ​យោធា​រុស្ស៊ី ២ នាក់ ទល់នឹង​អតីត​អ្នក​បើក​យន្ដ​ហោះចំបាំង​អ៊ុយក្រែន លោកស្រី Nadia Savtchenko ។

បើក្រុងគៀវបង្ហើប​ឲ្យ​ដឹង​ថា ខ្លួនត្រៀម​ដោះដូរ​ពលរដ្ឋ​រុស្ស៊ី ២៣ នាក់ ដែល​ជាប់​គុក​នៅ​អ៊ុយក្រែន តាមបទ “ចារកិច្ច” ទល់នឹង​​ពួក​អ្នកទោស​អ៊ុយក្រែន ដែល​ជាប់​នៅ​រុស្ស៊ីនោះ លោកពូទីន​ក្នុងថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ បាន​ថ្លែង​ថា “គាត់នៅ​មិនទាន់​គិត​អំពី​ការដោះដូរ អ្នកទោស​អ៊ុយក្រែន Oleg Sentsov ទល់នឹង​រូបលោក Kyrylo Vyshinski ទេ ពីព្រោះ​ករណី​ជន​ពីរនាក់​នេះ គឺ​ខុសគ្នា​ស្រឡះ មិនអាច​ប្រៀបផ្ទឹម​គ្នា​សោះឡើយ”៕