rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អេស្ប៉ាញ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

វិបត្តិ​ផ្តាច់​ទឹកដី ៖ រដ្ឋាភិបាល​អេស្ប៉ាញ ថ្មី​ចង់​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ

media
បាតុករ​អេស្ប៉ាញ​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីក្រុង​ម៉ាឌ្រីត ដើម្បី​ការ​បង្រួបបង្រួម​ប្រទេស កាលពី​ថ្ងៃទី ៧​តុលា ២០១៧ REUTERS/Javier Barbancho

នៅ​ថ្ងៃ​សៅរ៍​នេះ ​រដ្ឋាភិបាល​​​អេស្ប៉ាញថ្មី ដែលទើប​​ប្រសូត​ចេញ​ពី​បក្ស​សង្គម​និយម យល់​ថាអេស្ប៉ាញ​ត្រូវ​តែ​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ ​ជា​បន្ទាន់ ដើម្បី​ដោះស្រាយ​វិបត្តិ​​ទាមទារ​ផ្តាច់​ដី​ នៅ​តំបន់​កាតាឡូញ៉ា។ វិបត្តិ​ទាមទារ​ផ្តាច់​ទឹកដី​ធ្ងន់ធ្ងរ​​ដែល​អេស្ប៉ាញ​ទើប​បាន​ឆ្លង​កាត់​កាល​ពី​ប៉ុន្មាន​ខែ​មុន គឺ​ជា​វិបត្តិ​រដ្ឋ ​វិបត្តិ​រដ្ឋ​ធម្មនុញ្ញ ដែលអេស្ប៉ាញ​ត្រូវ​តែ​ជំនះ​​​ឱ្យបាន។ច្បាប់​រដ្ឋធម្មនុញ្ញអេស្ប៉ាញ ​មាន​ចំណាស់​៤០​ឆ្នាំ​ហើយ។


ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៧៨ ជា​ភាព​បន្ទាន់ ជា​អ្វី​ដែល​គួរ​តែ​ធ្វើ និងជា​អ្វី​ដែលនាំ​មក​នូវភាព​ឋិតឋេរ ! នេះ​ជា​ប្រសាសន៍​របស់​លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​នយោបាយ​ដែនដី នៃ​រដ្ឋាភិបាល​ថ្មី នា​ឱកាស​ជួប​ប្រជុំ​បក្ស​នៅ​ទីក្រុង​បាសឺឡោន។

សម្រាប់រដ្ឋាភិបាល​សង្គម​និយម អេស្ប៉ាញ ត្រូវ​តែ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​ពង្រឹងអំណាច​​វិមជ្ឈការ​របស់​ប្រទេស ដែលជា​​បន្សំ​នៃ​​១៧សហគមន៍​ស្វយ័ត ប្រកប​ដោយ​សមត្ថកិច្ច​ទូលំទូលាយ​ស្រាប់។ រដ្ឋាភិបាល​នេះ​បាន​ស្នើ​ឱ្យ​មាន​ការ​ប្តូរ​ផ្លាស់​ព្រឹទ្ធ​សភា​ទៅ​ជា​សភា​អ្នក​តំណាង​តំបន់ និង​ធ្វើកំណែទម្រង់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​តំបន់​ស្វយ័ត​នីមួយៗ​​មាន​តម្លាភាព​ ច្បាស់​លាស់ តែ​ក៏​ប្រធានបទ​ដ៏​ចម្រូង​ចម្រាស​បំផុត​រវាង​អំណាច​កណ្តាល​និង​តំណាង​តំបន់​តាំង​ពី​ដើម​មក។

សេចក្តី​ប្រកាស​របស់​លោក​ស្រី ប្រព្រឹត្ត​ទៅ​ក្នុង​ខណៈ​ដែ​ល​រដ្ឋាភិបាល​ថ្មី​អេស្ប៉ាញ ដឹកនាំ​ដោយ​លោក ប៉េដ្រូ សង់ហ្សេ បាន​ផ្តួច​ផ្តើម​គំនិត​បង្ខិត​ខ្លួន​ទៅ​ជិត​ស្និទ្ធ​នឹង​ក្រុម​ផ្តាច់​ទឹក​ដី​និយម​កាតាឡូញ៉ា។ គ្រាន់​តែ​បាន​រៀប​ចំ​រដ្ឋាភិបាល​ថ្មី​ហើយ​ភ្លាម នាយក​រដ្ឋមន្ត្រី​ថ្មី គ្រោង​នឹង​ជួប​ពិភាក្សា​ជាមួយ​​មេ​ដឹកនាំ​តំបន់​កាតាឡូញ៉ា នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ មិន​តែ​ប៉ុណ្ណោះ ប្រមុខ​រដ្ឋាភិបាល​ថ្មី បាន​ចាប់​ផ្តើមដក​​អំណាច​​ត្រួត​ត្រា​ជា​ស្វ័យ​ប្រវត្តិ​​លើ​តំបន់​កាតាឡូញ៉ា ចេញ​វិញ ជា​បណ្តើរៗ។ ​ជា​តំបន់​ស្វយ័ត កាតាឡូញ៉ា​បាន​ជួប​​វិបត្តិ​ទាមទារ​ផ្តាច់​ទឹក​ដី រហូត​ដល់​ធ្លាក់​ខ្លួន ​យោង​តាម​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៧៨ ដាក់​ឱ្យ​ស្ថិត​នៅក្រោម​អំណាច​របស់​ម៉ាឌ្រីត​ ដោយ​រដ្ឋាភិបាលមុន (រដ្ឋាភិបាល​អភិរក្ស​របស់​លោក ម៉ារីយ៉ាណូ រ៉ាហយ ដែល​សភា​ទើប​ដក​ចេញ​ទុក​ចិត្ត កាលពី​សប្តាហ៍​មុន)។

ប៉ុន្តែ​រដ្ឋាភិបាល​ថ្មី ដែល​​មិន​គាំទ្រ​​ការ​ប្រកាស​ស្វ័យ​ឯករាជ្យ​ ដូច​អ្វី​ដែល​ក្រុម​អ្នក​ឯករាជ្យ​និយម​កាតាឡូញ៉ា បាន​ធ្វើ​កាលពី​ខែ​តុលា​២០១៧​ឡើយ ទំនង​ជា​មិន​អាច​​សម្រេច​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បាន​ទេ ព្រោះ​ជា​រដ្ឋាភិបាល​ដែល​មាន​សំឡេង​ភាគ​តិច​ទាំង​នៅ​ក្នុង​សភា និង​ព្រឹទ្ធសភា៕