អានតួអត្ថបទ
អ៊ីស្រាអែល-អឺរ៉ុប

អ៊ីស្រាអែល៖​លោក​នេតាន់យ៉ាហ៊ូ​ផ្តើម​ទស្សនកិច្ច​ក្នុង​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់

នៅ​ថ្ងៃ​ចន្ទ ទី៤ មិថុនា​នេះ លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ​ផ្តើម​ទស្សនកិច្ច​មួយ​ជុំ​ទ្វីប​អឺរ៉ុប​ក្នុង​៣ប្រទេស គឺ​អាល្លឺម៉ង់ បារាំង និង​ប្រទេស​អង់គ្លេស។ មាន​សំណុំរឿង​សំខាន់​ចំនួន ៣ ដែល​លោក​នេតាន់យ៉ាហ៊ូ​លើក​ទៅ​ជជែក​ជាមួយ​ថ្នាក់ដឹកនាំ​ទាំង ៣ប្រទេស ទី១ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ទី២ វិបត្តិ​ក្នុង​ប្រទេស​ស៊ីរី និង​ទី៣ អំពើហិង្សា​ថ្មីៗ​នៅ​តាម​ព្រំដែន​រវាង​តំបន់​ហ្កាហ្សា​ក្នុង​ទឹកដី​ប៉ាឡេស្ទីន និង​ប្រទេស​អ៊ីស្រាអែល។

លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល Benjamin Netanyahou
លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល Benjamin Netanyahou REUTERS/ Amir Cohen
ផ្សាយពាណិជ្ជកម្ម

ជម្រើស​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់ បារាំង និង​អង់គ្លេស​របស់​លោក​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ​ពេល​នេះ​មិនមែន​ជា​ជម្រើស​ចៃដន្យ​ទេ មិនចៃដន្យ​ព្រោះ​ជា​ក្រុម​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដា ឆ្នាំ ២០១៥។ គោលដៅ​របស់​លោក​នេតាន់យ៉ាហ៊ូ គឺ​បញ្ចុះបញ្ចូល​ថ្នាក់​ដឹកនាំ​អាល្លឺម៉ង់ បារាំង និង​អង់គ្លេស​ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ​លើ​ជំហរ​របស់​ពួក​គេ​ចំពោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នោះ។ កិច្ចព្រមព្រៀង​ដែល​អាមេរិក​ជំនាន់​លោក​ដូណាល់ ត្រាំ​បាន​សម្រេច​ដក​ខ្លួន​កាល​ពី​ថ្ងៃទី៨ ឧសភា និង​ដែល​លោក​នេតាន់យ៉ាហ៊ូ​ចង់​ឲ្យ​ប្រទេស​ហត្ថលេខី​ផ្សេង​ធ្វើ​ដូច​គ្នា។

« ខ្ញុំ​នឹង​បង្ហាញ​ពី​មធ្យោបាយ​ដើម្បី​ទប់ស្កាត់​មហិច្ឆតា​នុយក្លេអ៊ែរ និង​ការ​ពង្រីក​ឥទ្ធិពល​របស់​អ៊ីរ៉ង់​នៅ​មជ្ឈិមបូព៌ា និង​បន្ថែម​ថា រឿង​ទាំង​អស់​នេះ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​សន្តិសុខ​អ៊ីស្រាអែល » នេះ​ជា​ការ​បញ្ជាក់​របស់​លោក​នេតាន់យ៉ាហ៊ូ។ សូម​ជម្រាប​ជូន​ថា ក្រោយ​ពី​អាមេរិក​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង ប្រទេស​ហត្ថលេខី​ផ្សេង​ទៀត មាន​បារាំង អាល្លឺម៉ង់ អង់គ្លេស រុស្ស៊ី និង​ចិន​បាន​ចេញ​មុខ​ការពារ និង​រក្សា​ទុក​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ ព្រម​ទាំង​បាន​និយាយ​បញ្ចុះបញ្ចូល​ភាគី​អ៊ីរ៉ង់​ឲ្យ​រក្សា​ទុក​កិច្ចព្រមព្រៀង​នោះ។

ក្រុម​ប្រទេស​ហត្ថលេខី​ផ្សេង ពិសេស​អឺរ៉ុប​ក៏​បាន​យល់​ឃើញ​ដូច​អាមេរិក និង​អ៊ីស្រាអែល​ដែល​ថា អ៊ីរ៉ង់​កំពុង​បន្ត​អភិវឌ្ឍន៍​កម្មវិធី​គ្រាប់មីស៊ីល​បាលីស្ទីក និង​កំពុង​បន្ត​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា ដូច​យ៉ាង​លូកដៃ​ទៅ​ក្នុង​វិបត្តិ​ស៊ីរី លីបង់ ឬ​យេម៉ែន​ជា​ដើម។ តែ​ទីក្រុង​ប៉ារីស ប៊ែរឡាំង និង​ឡុងដ៏​បាន​ស្នើ​ឲ្យ​លើក​យក​បញ្ហា​ទាំង​នេះ​ទៅ​ជជែក​ដាច់​ដោយ​ឡែក​ពី​គ្នា ពោល​មិន​គួរ​ឡូកឡំ​នឹង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​នោះ​ឡើយ។ ក្រៅ​ពី​បញ្ហា​អ៊ីរ៉ង់ ក៏​នៅ​មាន​ជម្លោះ​ប៉ាឡេស្ទីន អ៊ីស្រាអែល ពិសេស​អំពើហិង្សា​នា​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នៅ​តាម​ព្រំដែន​រវាង​តំបន់​ហ្កាហ្សា​ក្នុង​ទឹកដី​ប៉ាឡេស្ទីន និង​ប្រទេស​អ៊ីស្រាអែល។

ទាក់ទង​នឹង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ឆ្នាំ ២០១៥ ដដែល ក្រុមប្រឹក្សា​រដ្ឋបាល​នៃ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ AIEA បើក​កិច្ចប្រជុំ​រយៈពេល ៤ថ្ងៃ​ដោយ​ចាប់​ផ្តើម​ក្នុង​ថ្ងៃចន្ទ ទី៤ មិថុនា​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស។ កម្មវត្ថុ​នៃ​កិច្ចប្រជុំ គឺ​សិក្សា​លើ​របាយការណ៍​ចុង​ក្រោយ​របស់ AIEA ស្តីពី​ការ​អនុវត្ត​លើ​កិច្ចព្រមព្រៀង​ពី​សំណាក់​អ៊ីរ៉ង់។ តាម​ព័ត៌មាន​ដែល​ទទួល​បាន AIEA បញ្ជាក់​ពី​ការ​ដែល​ទីក្រុង​តេហេរ៉ង់​បាន​គោរព​ត្រឹមត្រូវ​តាម​ពាក្យ​សន្យា​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ