អានតួអត្ថបទ

បារាំង ៖ លេខា​វិមាន​ប្រធានាធិបតី​​ជាប់​​បណ្តឹង​​ពុករលួយ

លោក អាឡិចស៊ី កូឡែរ Alexis Kohler អគ្គលេខា​វិមាន​ប្រធានាធិបតី​ ដែល​ជា​ដៃ​ស្តាំ​របស់​លោក អេម៉ាណុយអែល ម៉ាក្រុង កំពុង​ជាប់​បណ្តឹង​​របស់​សមាគម​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ Anticor ពី​បទ​ប្រើ​ឥទ្ធិពល​ ទាញ​ប្រយោជន៍​ដោយ​ខុស​ច្បាប់ និង​ពុក​រលួយ​អសកម្ម។ គ្រាន់​តែ​បាន​ឮ​សេចក្តី​ប្រកាស​បណ្តឹង​ភ្លាម តុលាការ​ទទួល​បន្ទុក​ប្រយុទ្ធ​ប្រឆាំង​នឹងអំពើ​ពុករលួយ​​ បាន​សម្រេច នៅ​ចន្ទ​ទី ៤ មិថុនា ​បើក​អង្កេត​លើ​ករណី​សង្ស័យ​មាន​ជម្លោះ​ផល​ប្រយោជន៍​នេះ។

លោក Alexis Kohler អគ្គលេខា​វិមាន​ប្រធានធិបតី​បារាំង
លោក Alexis Kohler អគ្គលេខា​វិមាន​ប្រធានធិបតី​បារាំង REUTERS/Benoit Tessier/File Photo
ផ្សាយពាណិជ្ជកម្ម

ដោយ​មាន​សារព័ត៌មាន​ Mediapart ​ជា​​ឯកសារយោង សមាគម​ប្រឆាំង​អំពើ​ពុក​រលួយ Anticor បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​អគ្គលេខា​​វិមាន​ប្រធានាធិបតី​បារាំង ថា​មិន​បែង​ចែក​តួនាទី និង​គ្រួសារ​ឱ្យ​ដាច់​ពី​គ្នា។ សមាគម​បាន​​បរិហារ​ ​អំពី​ទំនាក់ទំនង​ជិត​ស្និទ្ធ​គ្នា​ខ្លាំង​រវាង​លោក​អាឡិចស៊ី កូឡែរ​ និង​ក្រុមហ៊ុន​ជញ្ជូន​អន្តរជាតិ​កូនកាត់​ស្វ៊ីស​អ៊ីតាលី​MSC ដែល​ជា​អតិថិជនសំខាន់​និង​ស្ទើរ​​តែ​មួយ​គត់​របស់​ក្រុមហ៊ុន​ផលិត​នាវា​បារាំង​ STX France។

នៅ​ក្នុង​ពាក្យ​បណ្តឹង សមាគមAnticor​ បាន​បន្ទោស​លោកលេខា​ប្រធានាធិបតី​ ទី​បទ​បាន​ទទួល​យក​តួនាទី​ជា​តំណាង​ទី​ប្រឹក្សា​រដ្ឋបាលរដ្ឋ​​របស់​ក្រុម STX France ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១២ ដែល​រក​ស៊ី​ជាមួយ​ ​MSC​ ជា​ក្រុមហ៊ុន​របស់​គ្រួសារ​និង​ដឹកនាំ​ដោយម្តាយ​មីង​ជីដូន​មួយ​របស់​​លោក។ នេះ​ជា​​ជម្លោះ​ផលប្រយោជន៍​ ដែល​លោក កូឡែរ​មិន​អាច​ថា​មិន​ដឹង​បាន​ឡើយ។

សមាគម​បាន​រំលឹក​ថា ក្រោយ​ពី​បាន​ទទួល​តំណែង​ជា​នាយក​រង​ខុទ្ទកាល័យ​​ក្រសួង​សេដ្ឋកិច្ច លោក កូឡែរ បាន​សាកល្បង​ពី​រ​លើក​ ចង់​ចូល​ទៅ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​MSC ៖ លើក​ទីមួយ​នៅ​ខែ​មេសា ២០១៤ តែ​ត្រូវ​បាន​គណៈកម្មការ​សីលធម៌បដិសេធ និង​បាន​ក្លាយ​ជា​នាយក​ហិរញ្ញវត្ថុរបស់​ក្រុមហ៊ុន​ នៅ​ពេល​លោក អេម៉ាណុយអែល​ ម៉ាក្រុង​ ដើរ​ចេញ​ពី​រដ្ឋាភិបាល​​ នៅ​ខែ​​​សីហា ២០១៦។

ជា​សមាជិក​សកម្ម​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោតរបស់​​លោក អេម៉ាណុយអែល ម៉ាក្រុង លោក កូឡែរ បាន​ចាក​ចេញ​ពី​ក្រុមហ៊ុន​ដឹកជញ្ជូន​អន្តរជាតិ​អ៊ីតាលី-ស្វ៊ីស​ ៩ ក្រោយ​ខែ​ក្រោយ​ការបោះឆ្នោត ដើម្បី​បាន​ក្លាយ​​ជា​អគ្គលេខា​វិមានប្រធានាធិបតី​បារាំង​អេលីហ្សេ។ ក្នុង​អំឡុង​ពេល​នោះ សមាគម​សង្ស័យ​ថា​លោក អាឡិចស៊ី កូឡែរ បាន​ចូល​ធ្វើ​អន្តរាគមន៍​ក្នុង​នាម​ជា​តំណាង​របស់​ក្រុមហ៊ុន​MSC នៅ​ក្រសួង​ហិរញ្ញវត្ថុ ដើម្បី​ទិញ​ក្រុមហ៊ុន​STX France ដែល​ហៀប​ក្ស័យធន។ តែ​ទី​បំផុត​ក្រុមហ៊ុនផលិត​នាវា​បារាំង ក៏​បាន​រំលាយ​បញ្ចូល​គ្នា​ជាមួយ​ក្រុមហ៊ុនអ៊ីតាលី Fincantieri។

គ្រាន់​តែ​បាន​ឃើញ​ពាក្យ​ចោទ​ប្រកាន់​នេះភ្លាម តុលាការ​មាន​សមត្ថកិច្ច​បាន​សម្រេច​បើក​អង្កេត​ភា្លម​។ ឆ្លើយ​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​លោកកូឡែរ​ បាន​ប្រកាស​ថា​បាន​ប្រាប់​លោក​ម៉ាក្រុង​ជា​ចៅហ្វាយ​​រាល់​គ្រប់​ស្ថានភាពហើយ។ វិមាន​ប្រធានាធិបតី​ បាន​ទទួល​ដឹង​អំពី​ករណី​សមាគម​ដាក់​ពាក្យ​បណ្តឹង​ តែ​យល់​ថា​ភាព​សង្ស័យ​របស់​ គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ទេ គ្រាន់​តែ​ឃើញ​តួនាទី​ក៏​ចោទ​បណ្តោយ​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ