អានតួអត្ថបទ

សហភាព​អឺរ៉ុប​ រួប​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​តំឡើង​ពន្ឋ​របស់​អាមេរិក

គ្មាន​ការ​លើកលែង​ឡើយ​ចំពោះ​សហភាព​អឺរ៉ុប​ ក្នុង​ការ​ដំឡើង​ពន្ធ​នាំ​ចូល​​លើ​ដែក​ថែប​ និង​អាលុយមីញ៉ូម​ ពី​សំណាក់​រដ្ឋា​ភិបាល​អាមេរិក​ ដឹក​នាំ​ដោយ​លោក​ប្រធានាធិបតី​ ដូណាល់ត្រាំ​។ ក្រោយ​ពី​ក្រុង​វ៉ាស៊ីន​តោន​ ប្រកាស​ដំឡើង​ពន្ឋ​នេះ​ភ្លាម​ ប្រទេស​សហភាព​អឺរ៉ុប​បាន​ក្រោក​ឈរ​រួម​គ្នា​ជាមួយ​កាណាដា​ និង​ម៉ិចស៊ីកូ​ ប្រឆាំង​តវ៉ា ​និង​រិះ​រក​មធ្យោបាយ​ដើម្បី​តប​តរ ​ប្រឆាំង​ទៅ​នឹង​ការ​សម្រច​របស់​សហរដ្ឋ​អាមេរិក​ ដែល​មាន​នយោបាយ​គិត​ពី​ប្រយោជន៍​ខ្លួន​ជា​អាទិភាព​បែប​នេះ​។

ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ
ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ REUTERS/Kevin Lamarque/
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ បាន​ចាប់​ផ្តើម​ការ​ប្រជុំ​ជាមួយ​គ្នា​ជា​លើក​ដំបូង​ ដើម្បី​ស្វែង​រក​យុទ្ឋសាស្ត្រ​ ប្រឆាំង​ទៅ​នឹង​សហរដ្ឋអាមេរិក​ ដែល​ទើប​តែ​ប្រកាស​ដំឡើង​ពន្ធ​ លើ​ផលិតផល​ដែក​ថែប​ចំនួន ​២៥%​ និង ១០% ​លើ​ផលិត​អាលុយ​មីញ៉ូម ​របស់​អឺរ៉ុប ​កាណាដា​ ព្រម​ទាំង​ម៉ិចស៊ីកូ​ដែល​នាំ​ចូល​អាមេរិក។

មួយ​ថ្ងៃ​បន្ទាប់ពី​ការប្រកាស​ដំឡើង​ពន្ឋ​របស់​អាមេរិក ​នាយករដ្ឋមន្ត្រី​កាណាដា​ លោក​ Justin Trudeau​បាន​និយាយ​ថា​មិន​គួរ​មាន​រឿង​បែប​នេះ​ឡើយ​ រវាង​ប្រទេស​ទាំង​ពីរ​ដែល​ធ្លាប់​តែ​ជា​សម្ព័ន្ឋ​មិត្ត​ល្អ​នឹង​គ្នា​។ សម្រាប់​លោក​ Justin ​Trudeau ទង្វើ​របស់​អាមេរិក​គឺ​ជា​ការ​ប្រមាថ​មួយ​ដែល​មិន​អាច​ទទួល​យក​បា​នឡើយ​។

ស្រដៀង​គ្នា​នេះ​ដែរ​ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី​ Theresa May បាន​បង្ហាញ​ការ​អាក់​អន់​ស្រពន់​ចិត្ត​ជា​ខ្លាំង​ ហើយ​លោកស្រី​បាន​ក្រើន​រំឭក​សហរដ្ឋអាមេរិក​ ឲ្យ​ដក​ចេញ​វិញ​ នូវ​នយោបាយ​ដំឡើង​ពន្ឋ​ដ៏​អយុត្តិធម៌​នេះ​។

ដើម្បី​ផ្តល់​ជា​មេរៀន​ក្តៅ​ដល់​លោកត្រាំ​ បច្ចុប្បន្ន​នេះ​ សហភាពអឺរ៉ុប​ កំពុងដុ​តដៃ​ដុតជើង​ ដំឡើង​ពន្ឋ​លើ​ផលិតផល​អាមេរិក​នាំចូល​អឺរ៉ុប​វិញ​ដែល​ក្នុង​នោះ​រួមមាន​ ផលិត​ផល​ស្រា​ ម៉ូតូ​និងខខូវ​ប៊យ ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ​ជាង​ ៣ ពាន់​លាន​ដុល្លារ​។

ពាក់​ព័ន្ឋ​បញ្ហា​នេះ​ដែរ​ រដ្ឋ​មន្រ្តី​ជប៉ុន​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ គោល​នយោបាយ​គិត​ពី​ខ្លួន​ឯង​ខ្លាំង​របស់​លោកត្រាំ​ អាច​បង្ក​ជា​ហានិភ័យ​ដែល​បណ្តាល​ឱ្យ​ការ​លក់​ផលិតផល​របស់​អាមេរិក​ធ្លាក់​ចុះ​ ហើយ​ឱនភាព​ពាណិជ្ជកម្ម​អាមេរិក​ក៏​កាន់​តែ​រីក​ធំ​ឡើង​ដែរ​។

គួរ​រំឭក​ថា​ សហរដ្ឋអាមេរិក​ បាន​សម្រេច​ដំឡើង​ពន្ឋ​លើ​ដែក​ថែប​ ២៥%​ និង​ ១០% លើ​ផលិតអាលុយមីញ៉ូម​ កាល​ពី​ថ្ងៃទី​ ៣១ ​ខែ ​ឧសភា។ ហើយ​ការ​ប្រកាស​របស់​អាមេរិក​នេះ​ បាន​ជំរុញ​ឲ្យ​កិច្ច​ប្រជុំ​រវាង​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ G7 ចំនួន​ប្រាំពីរ​ រួមមាន បារាំង  អាមេរិក អាល្លឺម៉ង់ កាណាដា អ៊ីតាលី ជប៉ុន និងប្រទេស​​អង់គ្លេស ដែលរៀបចំនៅប្រទេសកាណាដា ចន្លោះថ្ងៃទី៣១ ឧសភា​ ដល់​ថ្ងៃ​ ទី២​មិថុនា​ប្រព្រឹត្តិ​ទៅ​ក្នុង​បរិយាកាស​អាប់អួរ​ជា​ទីបំផុត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ