អានតួអត្ថបទ

មេ​ដឹក​នាំ​តំបន់​កាតាឡូញ៉ា ស្នើ​សុំ​ជួប​ចចារ​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​ថ្មី​អេស្ប៉ាញ

នៅ​ថ្ងៃ​សៅរ៍​ ទី​២​ មិថុនា​ មេ​ដឹក​នាំ​តំបន់​កាតាឡូញ៉ា​ គឺ​លោក​គីម​ តូរ៉ា​ បាន​ធ្វើ​ការ​ស្នើ​សុំ​ជួប​ជាមួយ​នឹង​នាយក​រដ្ឋ​មន្ត្រី​អេស្ប៉ាញ​ ដែល​ទើប​តែ​បាន​ឡើង​កាន់​ដំណែង​បាន​មួយ​ថ្ងៃ​។ ការ​សុំ​ជួប​នេះ​ គឺ​ដើម្បី​ជជែក​ពិភាក្សា​ជាមួយ​លោក ​ប៉េដ្រូ ​សង់ឆេរ​ ទាក់ទង​នឹង​ឯករាជ្យ​ភាព​របស់​តំបន់​កាតាឡូញ៉ា​ ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​អេស្ប៉ាញ​។

លោកគីម តូរ៉ា ខណៈដែលលោកត្រូវបានអបអរសាទរដោយសមាជិកគណបក្សនិងគណបក្សឯករាជ្យបន្ទាប់ពីមានការជជែកដេញដោលគ្នានៅសភាក្នុងទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញកាលពីថ្ងៃទី ១៤ ឧសភា ២០១៨
លោកគីម តូរ៉ា ខណៈដែលលោកត្រូវបានអបអរសាទរដោយសមាជិកគណបក្សនិងគណបក្សឯករាជ្យបន្ទាប់ពីមានការជជែកដេញដោលគ្នានៅសភាក្នុងទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញកាលពីថ្ងៃទី ១៤ ឧសភា ២០១៨ REUTERS/Albert Gea
ផ្សាយពាណិជ្ជកម្ម

ត្រឹម​តែ​រយៈពេល មួយ​ថ្ងៃ ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​ប៉េដ្រូ​សង់ឆេរ​បាន​ស្បថ​ចូល​កាន់​មុខ​ដំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មីអេស្ប៉ាញ​រួម​មក​មេដឹកនាំ​តំបន់​កាតាឡូញ៉ា​បាន​សុំ​ជួប​ពិភាក្សា​ជាមួយ​លោក​ភ្លាមៗ​តែម្តង​។មេដឹកនាំ​តំបន់​កាតាឡូញ៉ា​បាន​សង្កត់​ធ្ងន់​ថា​លោក​នាយករដ្ឋមន្ត្រី​ប៉េដ្រូ​និង​រូប​លោក​ផ្ទាល់​ត្រូវ​និយាយ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​។

គួរ​បញ្ជាក់​ថា​កាល​ពី​សប្តាហ៍ទី២​នៃ​ខែ​ឧសភា​ឆ្នាំ​២០១៨​ លោក​ គីម ​តូរ៉ា ​ត្រូវ​បាន​សភា​នៃ​តំបន់​ស្វយ័ត​កាតាឡូញ៉ា​បោះឆ្នោត​ឲ្យកាន់​ដំណែង​ជា​មេដឹកនាំ​តំបន់​ជំនួស​លោក​ Carles Puigdemont ​ដែល​បាន​លាលែង និង​កំពុង​ភៀសខ្លួន​ក្នុង​ប្រទេស​អាល្លឺម៉ង់។ ក្រោយ​ក្លាយ​ជា​មេដឹកនាំ​តំបន់​លោក​គីម តូរ៉ា ​បាន​សន្យា​​កសាង​សាធារណរដ្ឋ​កាតាឡូញ៉ា​មួយ ប្រកប​ដោយ​សន្តិវិធី​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ម៉ាឌ្រីដ​។

ដោយឡែក​ នាយក​រដ្ឋមន្ត្រី​ថ្មី​អេស្ប៉ាញ​លោក​ប៉េដ្រូ ​សង់ឆេរ​ ជា​សេដ្ឋវិទូ​មាន​វ័យ​៤៦​ឆ្នាំ​ក៏​ជា​មេដឹកនាំ​ម្នាក់​ ដែល​ប្រឆាំង​ចំពោះ​ការ​ទាមទារ​ផ្តាច់​ខ្លួន​របស់​តំបន់​កាតាឡូញ៉ា​ដែរ​។ តែ​ទោះ​ជា​យ៉ាងណាក្តី​ លោក​ សង់ឆេរ បាន​សន្យា​ថា​នឹង​ព្យាយាម​ដោះស្រាយ​វិបត្តិ​នេះ​ជាមួយ​រដ្ឋាភិបាល​កាតាឡូញ៉ា​ឲ្យ​ខាន​តែ​បាន​ដោយ​ការ​ចចារ​។

បច្ចុប្បន្ន​នេះ​ វិបិត្តិ​នៃ​ការ​ទាម​ទារ​ផ្តាច់​ខ្លួន​តំបន់​កាតាឡូញ៉ា​ ក្នុង​ប្រទេស​អេស្ប៉ាញ​ បាន​វិលមក​រក​ភាព​ធូរ​ស្រាល​វិញ​ហើយ​ បន្ទាប់​ពី​មេដឹកនាំ​ថ្មី​របស់​តំបន់​កាតាឡូញ៉ា  ​ក៏​ដូច​នាយក​រដ្ឋមន្ត្រី​ថ្មី​អេស្ប៉ាញ​សុទ្ឋសឹង​តែ​បាន​បង្ហាញ​ជំហរ​ចង់​ចូល​តុ​ចចារ​ដើម្បី​ដោះស្រាយ​វិបត្តិ​ដ៏​ធំមួយនេះ​។

សូម​ជម្រាប​ថា​ ទោះ​ជា​ស្ថានការណ៍​ក្នុង​ប្រទេស​បាន​វិល​មក​រក​ភាព​ល្អ​ប្រសើរ​វិញ​ក្តី​ ក៏​លោក​Carles Puigdemont​ អតីត​មេដឹក​នាំ​ចលនា​ទាម​ទារ​ឯករាជ្យ​កាតាឡូញ៉ា​ ដែល​កំពុង​ភៀស​ខ្លួន​រស់​ក្នុង​ប្រទេស​អាល្លឺម៉ង់​ នៅ​តែ​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ ​ដោយ​សារ​ការ​ចោទ​ប្រកាន់​ពី​សំណាក់​រដ្ឋាភិបាល​ទី​ក្រុង​ម៉ាឌ្រីដ​ពី​បទ​ បះបោរ​ផ្តាច់​ទឹក​ដី​ និង​ប្រើ​ប្រាស់​ថវិការ​សាធារណៈ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ