ពិភពលោកដើរមកដល់មាត់ជ្រោះនៃសង្គ្រាមពាណិជ្ជកម្ម ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៤៩
មិនថាជាគូប្រជែង ជាសម្ព័ន្ធមិត្ត ឬជាអ្នកជិតខាងជាប់របងគ្នាទេ សហរដ្ឋអាមេរិក សម្រេចដាក់ទណ្ឌកម្ម ដោយមិនរើសមុខឡើយ ! លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ថាការដំឡើងពន្ធនាំចូល២៥% លើដែកថែប និង១០%លើអាលុយមីញ៉ូមមកពីកាណាដា ម៉ិចស៊ិក និងសហភាពអឺរ៉ុប ត្រូវចូលជាធរមាននៅថ្ងៃសុក្រនេះ។ ដោយគ្មានបង្អង់ ដៃគូទាំងបី ជាពិសេសកាណាដា ក៏បានប្រកាសរៀបចំវិធានការតបតវិញភ្លាម យ៉ាងជាក់ស្តែង។
គ្រាន់តែបានឮសេចក្តីប្រកាសរបស់លោក ដូណាល់ ត្រាំ ថាចាប់អនុវត្តការដំឡើងពន្ធនាំចូលដែកថែប និងអាលុយមីញ៉ូមភ្លាម ប្រតិកម្មតបត បានផ្ទុះឡើងយ៉ាងព្រោងព្រាត។ លោក ទ្រូដូ (Justin Trudeau) ចាត់ទុកការដំឡើងពន្ធនាំចូលរបស់អាមេរិក ថាមិនអាចទទួលយកបានទេ ព្រោះកាណាដាធ្លាប់ដៃគូសន្តិសុខ ធ្លាប់ជាបងប្អូនរួមអាវុធ។ តែលោកត្រាំ បានបកតាមរយៈសេចក្តីថ្លែងការណ៍ បញ្ជាក់បន្ថែម យ៉ាងចំៗទៀតថា អាមេរិកព្រមទទួលយក តែកិច្ចព្រមព្រៀងស្មើភាពប៉ុណ្ណោះ បើពុំនោះទេគឺសុខចិត្តអត់ !
ក្រៅអំពីប្រតិកម្មជាពាក្យសំដី រដ្ឋាភិបាលកាណាដា បានចាត់វិធានការជាក់ស្តែងមុនគេ យកពន្ធលើផលិតផលនាំចូលមកពីសហរដ្ឋអាមេរិក។ ការយកពន្ធដែលមានទំហំដល់ទៅ ១២ពាន់លានដុល្លារអាមេរិក។ ចំណែករដ្ឋាភិបាលម៉ិចស៊ិក ក៏បានប្រកាសវិធានការសងសឹកតបវិញ ស្រដៀងនឹងកាណាដាដែរ ដោយគ្រោងនឹងយកពន្ធនាំចូលលើផលិតផលអាមេរិកផ្សេង ដូចជាផ្លែឈើ ហ្វូម៉ា ឬគ្រឿងធ្វើពីដែកថែប។ល។ ក្នុងទំហំប្រហាក់ប្រហែលនឹងការខាតបង់លើយកពន្ធនាំចូលអាលុយមីញ៉ូម និងដែកថែបទៅអាមេរិក។
អឺរ៉ុប ប្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក
ប្រធានាធិបតីបារាំងលោក ម៉ាក្រុង បានបញ្ចេញប្រតិកម្មតបតាមទូរស័ព្ទទៅលោកត្រាំ ថាសេចក្តីសម្រេចរបស់អាមេរិកជាការខុសច្បាប់ និងជាកំហុសឆ្គង ព្រមទាំងសន្យាចាត់វិធានការតបវិញឱ្យបានសក្តិសមបំផុត។
ចំណែកលោកស្រីប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ បានសន្យាថា ចម្លើយតប ទៅនឹងនយោបាយ "គិតប្រយោជន៍អាមេរិកមុនគេ" គឺ “អឺរ៉ុបរួបរួម” ហើយបានបញ្ជាក់ក្នុងនាមអឺរ៉ុបទៀតថា សហភាពអឺរ៉ុបនឹងមិនព្រមចរចាជាមួយអាមេរិកដោយមានសម្ពាធបែបនេះឡើយ។
ដោយហេតុថា វិធានការតបតយកពន្ធលើផលិតផលនាំមកពីអាមេរិក ចូលអឺរ៉ុបមិនសូវមានទំហំធំ អាចផ្អៀងផ្អងជញ្ជីងពាណិជ្ជកម្ម ដែលធ្វើឱ្យអាមេរិកខ្វល់ខ្វាយខ្លាំង គណៈកម្មការអឺរ៉ុប បានសម្រេចចាត់វិធានការមួយទៀត តាមផ្លូវច្បាប់ប្រឆាំងនឹងសហរដ្ឋអាមេរិក ដោយគ្រោងដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក។
ចរចាគ្មានលទ្ធផល ប្រើទណ្ឌកម្ម
សេចក្តីសម្រេចរបស់លោកត្រាំអនុវត្តការយកពន្ធនាំចូលលើសហភាពអឺរ៉ុប កាណាដា និងម៉ិចស៊ិច បានបំប៉ោងគំនិតព្រួយបារម្ភខ្លាចមានសង្គ្រាមពាណិជ្ជកម្ម។ សង្គ្រាមដែលនឹងធ្វើ អ្នកក្រខ្លាំង ត្រូវរងផលប៉ះពាល់ខ្លាំងជាងគេ។ នេះបើតាមការបញ្ជាក់របស់លោកស្រី អគ្គនាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ ពីប្រទេសកាណាដា ទីដែលមានជំនួបប្រជុំហិរញ្ញវត្ថុ G7 ថ្ងៃនេះនិងថ្ងៃស្អែក។ ជំនួបប្រជុំដែលមានកម្មវត្ថុផ្តោតលើការវិនិយោគដើម្បីផ្តល់កំណើនសេដ្ឋកិច្ចពិភពលោក ត្រូវបង់ខាតពេលមកជជែកអំពីរឿងតម្លៃដំឡើងពន្ធទៅវិញ។
ប៉ុន្តែអាមេរិកខ្លួនឯង ក៏ជាអ្នកចាញ់ដែរ។ ថ្វីបើសហរដ្ឋអាមេរិក អះអាងថាបានត្រៀមស្ថានការណ៍ស្រេច ប្រឈមនឹងវិធានការតបតរបស់ប្រទេសដៃគូមែនហើយក៏ដោយ ក៏ផលវិបាកបានលេចចេញភ្លាមនៅថ្ងៃនេះ ជាមួយនឹងទីផ្សារហិរញ្ញវត្ថុអាមេរិកធ្លាក់ថ្លៃស្ទើរគ្រប់មុខ។ ផ្ទៃក្នុងនយោបាយ ក៏មិនសូវរលូន ព្រោះសូម្បីតែឥស្សរជនក្នុងបក្សសាធារណរដ្ឋរបស់លោកត្រាំផ្ទាល់ ក៏ពួកគេមិនយល់នឹងសេចក្តីសម្រេចរបស់លោកប្រធានាធិបតីដែរ ថាហេតុអ្វីអាមេរិកត្រូវបង្កហេតុជាមួយសម្ព័ន្ធមិត្ត ជាមួយដៃគូ ដែលអាមេរិកត្រូវធ្វើការជាមួយ ដើម្បីផ្តាច់ទម្លាប់រកស៊ីធ្វើពាណិជ្ជកម្មមិនត្រឹមត្រូវ របស់ចិន។
ការសម្រេចជាឯកតោភាគី ដាក់ទណ្ឌកម្ម ប្រកាសធ្វើសង្គ្រាមសូម្បីតែជាមួយសម្ព័ន្ធ និងដៃគូរបស់ខ្លួន ជាសារបញ្ជាក់ថា យុទ្ធសាស្ត្ររបស់លោកត្រាំ កំពុងជួបបរាជ័យ លោកមានចំណុចខ្សោយ លោកជាអ្នកចាញ់ ចាញ់ព្រោះមិនអាចស្វែងរកលទ្ធផលអ្វីបាននៅពេលចរចា ទើបត្រូវអនុវត្តទណ្ឌកម្ម។ បើចរចាមិនបានលទ្ធផល មានន័យថា លោកត្រាំ មិនមែនជាដៃគូសន្ទនាគួរជាទីទុកចិត្ត។
តាំងពីចាប់ផ្តើមប្រទូសរ៉ាយពាណិជ្ជកម្មមក សហរដ្ឋអាមេរិក អាចចរចាឡើងវិញបានសម្រេចតែជាមួយកូរ៉េខាងត្បូងមួយប៉ុណ្ណោះ។ សេអ៊ូលសុខចិត្តទទួលយកកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយអាមេរិក ក៏ព្រោះតែកូរ៉េខាងត្បូង ត្រូវការដោះស្រាយសំណុំរឿង « កូរ៉េខាងជើង” ដ៏សំខាន់បំផុត។ ចំណែកជាមួយដៃគូផ្សេងៗទៀត គ្មានអ្វីចេញជាលទ្ធផលឡើយ ! កិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិក ដែលផ្តួចផ្តើមធ្វើឡើងដោយលោកអូបាម៉ា ដើម្បីទប់ឥទ្ធិពលចិន ត្រូវបានក្រុមប្រទេសហត្ថលេខី អនុម័ត ដោយគ្មានអាមេរិក។ កិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិកខាងជើង ក៏ចរចាឡើងវិញក៏មិនទៅមុខ។
អាមេរិកវាយ ចិនលួង
អ្វីដែលគួរឱ្យព្រួយបារម្ភបំផុតខ្លាំងមួយទៀត ដែលអាចផ្ទុះជាសង្គ្រាមពាណិជ្ជកម្មមែនទែន និងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ពាណិជ្ជកម្មអន្តរជាតិ នោះគឺការរាលដាលដល់មានការយកពន្ធនាំចូលរថយន្តទៀត។ ការព្រួយបារម្ភដែលជំរុញឱ្យសហភាពអឺរ៉ុបនិងជប៉ុន ធ្វើសេចក្តីថ្លែងការណ៍រួមគ្នាប្រឆាំងគម្រោងអាមេរិកនេះ កាលពីម្សិលមិញ។
ឯអ្នកដែលអាចឈ្នះទំនងជាចិនទេដឹង ?! នៅក្នុងពេលដែលអាមេរិកកំពុងវាយសំពងដៃគូអឺរ៉ុបកាណាដា និងម៉ិចស៊ិក អាមេរិកបានបញ្ជូនប្រតិភូជាង៥០នាក់ទៅប៉េកាំង ដើម្បីស្វែងរកគ្រប់មធ្យោបាយបញ្ចៀសសង្គ្រាមពាណិជ្ជកម្ម ជាមួយគូប្រជែងចិន។ ចិនជាប់ទណ្ឌកម្មអាមេរិក ក្នុងការដំឡើងពន្ធនាំចូលដែកថែបនិងអាលុយមីញ៉ូមដែរ តែនៅពេលអាមេរិកប្រើដំបង ចិនហុចស្ករលួងចិត្ត ដោយបានប្រកាសបញ្ចុះពន្ធលើផលិតផលជាច្រើន ដូចជាសម្លៀកបំពាក់ គ្រឿងសំអាង គ្រឿងអេឡិចត្រូនិក ចាប់ពីខែក្រោយទៅ បន្ថែមពីលើការបញ្ចុះពន្ធនាំចូលរថយន្ត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ