rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

បារាំង​រៀបចំ​ជំនួបកំពូល​លើកទី២ ដើម្បី​ស្វែង​រក​ច្រក​ចេញ​ឲ្យ​វិបត្តិ​អូសបន្លាយ​នៅ​ប្រទេស​លីប៊ី

ដោយ គួច គន្ធារ៉ា

នៅ​ក្នុង​ប្រទេស​បារាំង ទីក្រុង​ប៉ារីស​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ជំនួបកំពូល​ស្តីពី​វិបត្តិនយោបាយ​នៅ​ក្នុង​ប្រទេស​លីប៊ី។ ជំនួបកំពូល​ក្នុង​ថ្ងៃ​អង្គារ ទី២៩ មីនា​នេះ​ជា​គំនិត​ផ្តួចផ្តើម​ផ្ទាល់​របស់​លោក​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង និង​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​អង្គការ​សហប្រជាជាតិ។ នេះ​ជា​ជំនួបកំពូល​លើកទី២ រៀបចំ​ដោយ​បារាំង បន្ទាប់​ពី​ជំនួបកំពូល​លើកទី១ រៀបចំ​កាល​ពី​ថ្ងៃទី២៧ កក្កដា ឆ្នាំ ២០១៧។ តែ​ក្រុម​អ្នកជំនាញ​បាន​យល់​ឃើញ​ថា គំនិត​ផ្តួចផ្តើម​របស់​បារាំង​មិន​បាន​ចូលរួម​ជួយ​ដោះស្រាយ​ជម្រៅ​នៃ​បញ្ហា​ទេ។

សូម​រម្លឹក​ជូន​ថា ៧ឆ្នាំ​ក្រោយ​ការ​ផ្តួលរំលំ​របប​ផ្តាច់ការ​ដឹកនាំ​ដោយ​លោក​កាដាហ្វ៊ី ប្រទេស​អាហ្រ្វិក​មួយ​នេះ​កំពុង​បន្ត​ស្ថិត​ក្នុង​វិបត្តិ​ហែកហួរ​ផ្ទៃក្នុង​កាន់​តែ​ខ្លាំង។

ជំនួបកំពូល​ថ្ងៃ​អង្គារ ទី២៩ ឧសភា​នេះ​ជា​ការ​បន្ត​ការងារ​ពី​ជំនួបកំពូល​លើកទី១ កាល​ពី​ថ្ងៃទី២៧ កក្កដា ឆ្នាំ ២០១៧ និង​មាន​គោលដៅ​ស្វែង​រក​ច្រក​ចេញ​ពី​វិបត្តិ​ហែកហួរ​ផ្ទែក្នុង​ដែល​ប្រទេស​លីប៊ី​កំពុង​បន្ត​ជួប​ប្រទះ​តាំង​ពី​ក្រោយ​ការ​ផ្តួលរំលំ​របបផ្តាច់ការ​របស់​លោក​កាដាហ្វ៊ី​កាល​ពី​ឆ្នាំ ២០១១។ ចូរ​កុំ​ភ្លេច​ថា​សព្វថ្ងៃ​នេះ ដែនដី​លីប៊ី​ត្រូវ​បាន​ពុះចែក​ជា​តំបន់ ហើយ​មាន​ឥស្សរជន​លីប៊ី​ច្រើន​នាក់ និង​ចលនា​លីប៊ី​ជា​ច្រើន​ក្រុម​កំពុង​បន្ត​ដណ្តើម​អំណាច​គ្នា និង​ប្រជែង​កម្លាំង​គ្នា​ដើម្បី​សោយរាជ្យ។ នៅ​ក្នុង​ជំនួបកំពូល​លើកទី១ កាល​ពី​ជិត ១ឆ្នាំ​មុន បារាំង​បាន​អញ្ជើញ​តួអង្គ​លីប៊ី​តែ ២នាក់​គត់​ឲ្យ​ចូលរួម គឺ​លោក​ហ្វាយេ អាល់សារ៉ា នាយករដ្ឋមន្រ្តី​នៃ​រដ្ឋាភិបាល​ឯកភាពជាតិ​ដែល​កំពុង​កាន់កាប់​ដែនដី​ប៉ែកខាងលិច និង​សេនាប្រមុខ​កាលីហ្វា ហាហ្វតា​ដែល​ជា​មនុស្ស​ខ្លាំង​កំពុង​កាន់កាប់​ដែនដី​ប៉ែកខាងកើត។

តែ​សព្វថ្ងៃ មាន​តែ​រូប​លោក​ហ្វាយេ អាល់សារ៉ា​ម្នាក់​គត់​ដែល​សហគមន៍​អន្តរជាតិ​បាន​ទទួល​ស្គាល់​ជា​ថ្នាក់ដឹកនាំ​ស្របច្បាប់​នៅ​លីប៊ី។ គោលបំណង​របស់​បារាំង​នា​ជំនួបកំពូល​លើកទី១ កាល​ណោះ គឺ​ផ្សះផ្សា​ឥស្សរជន​ទាំង​ពីរ​ឲ្យ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ប្រយោជន៍​ជាតិ។ ចំណែក​ជំនួបកំពូល​លើកទី២ ពេល​នេះ បារាំង​បាន​ពង្រីក​ភាគី​លីប៊ី​ពាក់ព័ន្ធ​ដល់​ទៅ ៤នាក់​ដោយ​បន្ថែម​ប្រធាន​ឧត្តមក្រុមប្រឹក្សារដ្ឋ​លោក​ខាលីដ អាល់មីស្ហ៊ី្រ និង​ប្រធាន​សភា​លោក​អាហ្គីឡា សាឡេស។ ក្រៅ​ពី​ភាគី​លីប៊ី ជំនួប​ពេល​នេះ​ក៏​មាន​ការ​ចូលរួម​ពី​ប្រទេស​ចំនួន ២០ ពិសេស​សមាជិក​អចិន្រ្តៃយ៍​ទាំង ៥​នៃ​ក្រុមប្រឹក្សាសន្តិសុខ រួម​ទាំង​អង្គការ​អន្តរជាតិ​ចំនួន ៤ គឺ​សហភាព​អឺរ៉ុប អង្គការសហប្រជាជាតិ សហភាព​អាហ្វ្រិក និង​សម្ព័ន្ធអារ៉ាប់។

អាទិភាព គឺ​រៀបចំ​បោះឆ្នោត​នៅ​មុន​ឆ្នាំ ២០១៨

កម្មវត្ថុ​ចម្បង និង​អាទិភាព​របស់​លោក​ប្រមុខរដ្ឋ​បារាំង​ម៉ាក្រុង គឺ​ស្វែង​រក​ផ្លូវ​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​សភា និង​បោះឆ្នោត​ប្រធានាធិបតី​នៅ​មុន​ដំណាច់​ឆ្នាំ ២០១៨។ សូម​ជម្រាប​ជូន​ថា តាំង​ពី​ឡើង​កាន់​តំណែង​ប្រធានាធិបតី លោក​ម៉ាក្រុង​បាន​ចាត់​ទុក​សំណុំរឿង​លីប៊ី​ជា​សំណុំរឿង​អាទិភាព​នៃ​នយោបាយ​ការទូត​បារាំង។ លោក​ម៉ាក្រុង រួម​ទាំង​ថ្នាក់ដឹកនាំ​បស្ចិមលោក​ជា​ច្រើន​បាន​យល់​ឃើញ​ដូច​គ្នា​ថា ការ​បន្ត​រក្សា​ទុក​ស្ថានការណ៍​នៅ​លីប៊ី​ដូច​សព្វថ្ងៃ​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន​ទេ។ សម្រាប់​លោក​ម៉ាក្រុង អស្ថិរភាព​នយោបាយ​នៅ​លីប៊ី​ជា​ការ​គំរាមកំហែង​ជាប់​ជា​ប្រចាំ​សម្រាប់​អឺរ៉ុប អាហ្រ្វិក និង​នៅ​តំបន់​សាហែល។ ក្រៅ​ពី​នោះ ភាព​វឹកវរ​នៅ​លីប៊ី​ក៏​កំពុង​ផ្តល់​អំណោយផល​ល្អ​សម្រាប់​ការ​រត់ពន្ធ​មនុស្ស និង​ក៏​ការ​គំរាមកំហែង​ភេរវនិយម​ដែរ។

តាម​ព័ត៌មាន​ដែល​ទទួល​បាន កិច្ចព្រមព្រៀង​ថ្មី​មួយ​ដែល​ចុះ​ហត្ថលេខា​ដោយ​ចក្ខុភាគី​លីប៊ី​ផ្តោត​លើ​ ៨ចំណុច​សំខាន់ៗ រួម​មាន កាលវិភាគ និង​លក្ខខណ្ឌ​នៃ​ការ​រៀបចំ​បោះឆ្នោត​ពី​ពេល​នេះ​ដល់​ដំណាច់​ឆ្នាំ ២០១៨ ឬ​មួយ​ក៏​ការ​ធានា​សន្តិសុខ​នៅ​ក្នុង​ដំណើរការ​បោះឆ្នោត​ជា​ដើម។ លោក​ម៉ាក្រុង និង​ប្រេសិតពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សំណុំរឿង​លីប៊ី​លោក​ហ្កាសាន សាឡាម៉េ​បាន​យល់​ឃើញ​ដូច​គ្នា​ថា ការ​បោះឆ្នោត​ជា​យុទ្ធសាស្រ្ត​គោល​នៃ​ការ​បិទបញ្ចប់​វិបត្តិ​នៅ​លីប៊ី។ សព្វថ្ងៃ មាន​ពលរដ្ឋ​លីប៊ី​ជិត ២លាន ៧សែន​នាក់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​រួច​ហើយ តែ​បារាំង​ចង់​ឲ្យ​មាន​ការ​ពន្យា​ពេល​ចុះ​ឈ្មោះ​ចំនួន ២ខែ​បន្ថែម​ទៀត។

ទាក់ទង​នឹង​ការ​បោះឆ្នោត​ប្រជាមតិ​ស្តីពី​រដ្ឋធម្មនុញ្ញ​ដែល​បាន​អនុម័ត​ក្នុង​ខែ​កក្កដា ឆ្នាំ ២០១៧ ត្រូវ​បាន​បារាំង​ស្នើ​ថា គួរ​តែ​រៀបចំ​ធ្វើ​នៅ​ក្រោយ​ការ​បោះឆ្នោត​សភា និង​បោះឆ្នោត​ប្រធានាធិបតី។ សម្រាប់​ក្រុង​ប៉ារីស ភាគី​លីប៊ី​ទាំង​អស់​ត្រូវ​តែ​ទទួល​ស្គាល់​រដ្ឋធម្មនុញ្ញ​ដែល​មាន​ស្រាប់​សព្វថ្ងៃ។ បន្ទាប់​ពី​ជំនួបកំពូល​ថ្ងៃ​នេះ កិច្ចប្រជុំ​ថ្មី​មួយ​ទៀត​នឹង​រៀបចំ​នៅ ៣ខែ​ខាង​មុខ​ដើម្បី​ពិនិត្យ​លើ​លទ្ធផល​នៃ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ពេល​នេះ។

បារាំង​ចៀស​មិន​ផុត​ពី​រិះគន់ ទិតៀន

អង្គការ​ក្រៅរដ្ឋាភិបាល Crisis Group បាន​យល់​ឃើញ​ថា គំនិត​ផ្តួចផ្តើម​របស់​បារាំង​ចង់​រៀបចំ​បោះឆ្នោត​ឆាប់ៗ​ជា​រឿង​ទាន់ហន់​ជ្រុល ព្រោះ​ស្ថានការណ៍​នៅ​លីប៊ី​សព្វថ្ងៃ​នៅ​មិន​ទាន់​អាច​អនុគ្រោះ​ឲ្យ​រៀបចំ​បោះឆ្នោត​បាន​ទេ។ ទន្ទឹម​គ្នា​នេះ និង​បើ​តាម Crisis Group នៅ​មាន​តួអង្គ​នយោបាយ និង​យោធា​លីប៊ី​ផ្សេង​ទៀត​ដែល​បារាំង​មិន​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ពេល​នេះ​ទេ។ ទាក់ទង​នឹង​គម្រោង​រៀបចំ​បោះឆ្នោត​សភា និង​ប្រធានាធិបតី មាន​អ្នក​ខ្លះ​បាន​លើក​ឡើង​ថា មិន​គួរ​រៀបចំ​ធ្វើ​ទាំង​ពីរ​ក្នុង​ពេល​តែ​មួយ​ទេ ពោល​គួរ​តែ​រៀបចំ​បោះឆ្នោត​សភា​មុន ចាំ​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ពេល​ក្រោយ។

ចំណែក​មតិ​រិះគន់​លើ​បារាំង​ខ្លាំង​ជាង​គេ គឺ​ផ្តោត​លើ​ការ​អនុញ្ញាត​ឲ្យ​សេនាប្រមុខ​កាលីហ្វា ហាហ្វតា​ដែល​ជា​មនុស្ស​ខ្លាំង​កំពុង​កាន់កាប់​នៅ​ដែនដី​ប៉ែកខាងកើត​លីប៊ី​ចូលរួម​ប្រជុំ​ពេល​នេះ។ ក្រោម​ភ្នែក ចម្រុះ​របស់​តួអង្គ​នយោបាយ​លីប៊ី​ផ្សេង លោក​កាលីហ្វា ហាហ្វតា​ជា​មេឧទ្ទាម ដែល​បារាំង​កំពុង​ជួយ​ជ្រោមជ្រែង​ឲ្យ​ធ្វើ​ជា​អនាគត​បេក្ខជន​ប្រធានាធិបតី​លីប៊ី។ សូម​ជម្រាប​ជូន​ថា លោក​កាលីហ្វា ហាហ្វតា​ជា​ជនភៀសខ្លួន​លីប៊ី​រស់​នៅ​អាមេរិក​ប្រមាណ ២០ឆ្នាំ មាន​សញ្ជាតិ​ពីរ និង​មិន​ដែល​លាក់បាំង​ពី​មហិច្ឆតា​ចង់​បាន​អំណាច​ផ្ទាល់ខ្លួន​ទេ។

ឃើញ​ថា ដំណើរ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​សន្តិភាព​សម្រាប់​លីប៊ី​ហាក់​នៅ​ឆ្ងាយ​នៅ​ឡើយ និង​ដែល​នៅ​ក្នុង​ជំហាន​ដំបូង គឺ​គ្រប់​ភាគី​នយោបាយ​លីប៊ី​ទាំង​អស់​ដែល​ត្រូវ​សម្រុះសម្រួល​គ្នា និង​ត្រូវ​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក ព្រោះ​ចូរ​កុំ​ភ្លេច​ថា ស្រមោល​នៃ​របប​ផ្តាច់ការ​របស់​កាដាហ្វ៊ី​កំពុង​បន្ត​វិលវល់​មិន​ទាន់​ទៅ​ឆ្ងាយ​នៅ​ឡើយ​ទេ៕

វិបត្តិជនភៀសខ្លួន៖ ប្រទេស​អឺរ៉ុប​ប្រជុំ​បន្ទាន់ បើ​ទោះ​បី​គ្មាន​សង្ឃឹម​ថា​មាន​ដំណោះស្រាយ​រួម

គោលដៅ​នៃ​ទស្សនកិច្ច​​រយៈពេល​ ៤ថ្ងៃ​របស់​ប្រមុខ​រដ្ឋាភិបាល​បារាំង​នៅ​ក្នុង​ប្រទេស​ចិន

កិច្ចប្រជុំOPEC៖ ប្រទេស​ផលិតប្រេង​បន្ត​ខ្វែងគំនិត​គ្នា ពីរឿង​បង្កើន​ការផលិតប្រេង

ទំហំ​ព្រៃ​ធម្មជាតិ​ទូទាំង​​ពិភពលោក កាន់តែ​​​បាត់បង់​​ហិនហោច គួរឲ្យ​​ព្រួយ​បារម្ភ

ពិភពលោក​ប្រារព្វ​ទិវា​ជនភៀសខ្លួនអន្តរជាតិ ចំ​ពេល​អឺរ៉ុប​និង​អាមេរិក​​​មាន​បញ្ហាអន្តោប្រវេសន៍​

តើបារាំង និងអាល្លឺម៉ង់​អាច​ជំនះលើ​និន្នាការមិន​ស្វាគម​ជនអន្តោប្រវេសន៍​ដែរឬទេ?

កូឡុំប៊ី​មាន​ប្រធានាធិបតី​ថ្មី​ជា​អ្នក​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ហ្វាក

ហេតុអ្វី បានជា​ អូទ្រីស​ចោទអាល្លឺម៉ង់​ថា លួច​យកការណ៍​សម្ងាត់​ពីខ្លួន?

ជម្លោះពាណិជ្ជកម្ម​ អាមេរិក-ចិន​ឡើង​តានតឹង​ជាថ្មី

របាយការណ៍៖ អតីត​មេFBI​រំលោភច្បាប់ និង​មិន​គោរព​ថ្នាក់លើ

រុស្ស៊ី៖​ការ​ប្រកួតបាល់ទាត់​ពិភពលោក​លើក​ទី២១​ចាប់​ផ្តើម​ជាមួយ​នឹង​វិធានការ​សន្តិសុខ​ខ្ពស់

កូរ៉េ​ខាងជើង អបអរ​មហា​ជោគជ័យ​របស់​លោក​ គីម ជុងអ៊ុន​

សេចក្តីថ្លែងការណ៍​​រួម​រវាង​លោកត្រាំ និង​លោកគីមចែង​ពី​អ្វី​ និង​អាច​បិទបញ្ចប់​អធិករ​រវាង​គ្នា​​​​​ឬ​ទេ?

តើអ្វីខ្លះ​ជាប្រធានបទ​នៃ​ជំនួប​រវាង​លោក​ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ?

ភាពប្រេះឆា​ក្នុង​ចំណោម​ក្រុម​ប្រទេស​មហាអំណាចឧស្សាហកម្ម G7

G៧ ៖ លោក ត្រាំ ទាមទារ​ហៅ​រុស្ស៊ី​ឱ្យ​មក​ចូល​ក្រុម​វិញ

តើ​​គេ​អាច​​​​សង្ឃឹម​​អ្វីខ្លះ​ ពី​​ជំនួប​​កំពូល​​មេដឹកនាំ​​G៧​ នៅ​​កាណាដា?​ ​

ប្រធានាធិបតីបារាំង និងនាយករដ្ឋមន្ត្រីកាណាដា ជួប​និយាយ​គ្នា​​ដើម្បី​​រក​​គោល​​ជំហរ​​ទល់នឹង​​អាមេរិក

មជ្ឈិមបូព៌ា៖​វិបត្តិ​រវាង​កាតា និង​អារ៉ាប៊ីសាអូឌីត​បាន​ធ្វើ​ឲ្យ​មាន​ការ​បែកបាក់​ផ្ទៃក្នុង​កាន់​តែ​ខ្លាំង​នៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស

អ៊ីរ៉ង់​​ប្រកាស​បង្កើន​​​សមត្ថភាព​​ចម្រើន​ធាតុ​​អ៊ុយរ៉ាញ៉ូម​ ដាក់​​សម្ពាធ​​សហគមន៍​​​អន្តរជាតិ​​