rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហភាពអឺរ៉ុប អ៊ីរ៉ង់ នុយក្លេអ៊ែរ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ៖ អ៊ីរ៉ង់ ទាមទារ​​ការធានា​​រ៉ាប់រង​​ច្បាស់លាស់​​ឱ្យ​​បាន​មុន​ដំណាច់​ខែ

media
អ៊ីរ៉ង់​ទាមទារ​ឱ្យ​អឺរ៉ុប​បង្ហាញ​វិធានការ​ជាក់ស្តែង​ឱ្យ​បាន​មុន​ដំណាច់​ខែ REUTERS/Yves Herman

ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ឆ្នាំ​២០១៥ មាន​ជាអាទិ៍ បារាំង អង់គ្លេស អាល្លឺម៉ង់ ចិន ​រុស្ស៊ី និង​អ៊ីរ៉ង់ កំពុង​ជួប​ប្រជុំ​គ្នា​ជា​លើក​ទី​មួយ នៅ​ទីក្រុង​វីយ៉ែន​ប្រទេស​អូទ្រីស បន្ទាប់​ពី​​សហរដ្ឋ​អាមេរិក ​បាន​ប្រកាស​ដកខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​ជាឯកតោភាគី។ នា​ឱកាស​នោះ អ៊ីរ៉ង់ បាន​ទាមទារ​ឱ្យ​សហភាព​អឺរ៉ុប​ ផ្តល់​សំណើ​ជាក់លាក់​​ សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​ ឱ្យ​បានយ៉ាង​យូរ​នៅ​ថ្ងៃទី ៣១​ឧសភា ២០១៨។


ជា​លើក​ទីមួយ​គិត​ចាប់​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់​ចូល​ជាធរមាន​មក​ដែល​ក្រុម​ប្រទេស​ហត្ថលេខី​ទាំ​ងអស់​បាន​ជួប​ប្រជុំ​គ្នា​ដោយ​គ្មាន​សហរដ្ឋ​អាមេរិក ដើម្បី​រក​វិធី​រក្សា​កិច្ចព្រមព្រៀង​អន្តរជាតិ​ឆ្នាំ​២០១៥ ឱ្យ​មាន​តម្លៃ តាម​សំណើ​របស់​អ៊ីរ៉ង់។ ​​អ៊ីរ៉ង់ ​ដែល​តាម​រយៈ​ជំនួប​ប្រជុំ​នេះ បាន​តម្រូវ​ឱ្យ​ភាគី​អឺរ៉ុប​និង​ដៃ​គូ​ផ្សេង​ទៀត បង្ហាញ​វិធានការ​​ជាក់​ស្តែង និង​ការ​ធានា​រ៉ាប់​រង​​ថា​អ៊ីរ៉ង់​ពិត​ជា​​ទទួល​បាន​​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ ឱ្យ​បាន​នៅ​ដំណាច់​ខែ​នេះ។ មិន​តែ​ប៉ុណ្ណោះ អ៊ីរ៉ង់​បាន​គំរាម​ថា ប្រសិន​បើ​គ្មាន​សំណើ​ច្បាស់​លាស់​ទេ ដើម្បី​ស្រោច​ស្រង់​កិច្ចព្រមព្រៀង​ទេ នោះ​អ៊ីរ៉ង់​អាច​នឹង​ចាប់​ផ្តើម​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម​ឡើង​វិញ ក្នុង​កំរិត​ឧស្សាហកម្ម​តែ​ម្តង។

សហភាព​អឺរ៉ុប​ ចិន និង​រុស្ស៊ី សុទ្ធ​តែ​ចង់​ឃើញ​អ៊ីរ៉ង់​បន្ត​គោរព​កិច្ចព្រមព្រៀងអន្តរជាតិ​ទៀត។ លោក ពូទីន បាន​បង្ហាញ​សុទិដ្ឋនិយម​ពី​វេទិកាសេដ្ឋកិច្ច​ ថា គេ​អាច​ស្រោច​ស្រង់​បាន ។ ចំណែក​អឺរ៉ុប បើ​តាម​អ្នក​ទទួល​ខុស​ត្រូវ ដែល​មាន​វត្តមាន​ក្នុង​អង្គ​ប្រជុំ​ អឺរ៉ុប​កំពុង​ពិចារណា​លើដំណោះស្រាយ​​ជា​ច្រើន​​ច្រក ៖ គឺ​បញ្ជា​ឱ្យ​ក្រុមហ៊ុន​អឺរ៉ុប​មិនគោរព​តាម​ទណ្ឌកម្ម​របស់​អាមេរិក ឱ្យ​ធ្វើការ​ផ្ទេរ​ប្រាក់​ផ្ទាល់​ទៅ​ឱ្យ​ធនាគារ​កណ្តាល​អ៊ីរ៉ង់ ដើម្បី​បញ្ចៀស​ការ​ពិន័យ​អាមេរិក​ និង​រក​ទុយោហិរញ្ញវត្ថុ​ផ្សេង​មក​ជំនួស។ ក៏​ប៉ុន្តែ​វិធានការ​ទាំង​នោះ ទោះ​ក្នុង​ហេតុផល​អ្វី​ក៏​ដោយ​ក៏​មិន​អាច​ដាក់​ឱ្យ​ដំណើរ​បាន​ភ្លាម ក្នុង​ថ្ងៃនេះ​ឬ​ថ្ងៃ​ស្អែក​បាន​ឡើយ។ ក្រុមរដ្ឋមន្ត្រី​ក្រសួង​ការបរទេ​សអឺរ៉ុប ត្រូវ​ជួប​ពិគ្រោះ​គ្នា​ជា​ថ្មី​​នៅ​សប្តាហ៍​ក្រោយ​ទៀត។

ខុស​ពី​ទម្លាប់ អគ្គនាយក​​ភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ AIEA លោក យូគីយ៉ា អាម៉ាណូ ក៏​ត្រូវ​បាន​អញ្ជើញ​មក​ចូល​រួម​ក្នុង​ជំនួប​ប្រជុំ​ម្សិលមិញ​នេះដែរ ដើម្បី​មក​បញ្ជាក់​ព័ត៌មាន​ការងារ​របស់​ភ្នាក់ងារនៅ​អ៊ីរ៉ង់​​ប្រាប់​ភាគី​ហត្ថលេខី។ នៅ​ក្នុង​របាយការណ៍​ បាន​អះអាង​ជា​ថ្មី​ថា​អ៊ីរ៉ង់​ពិត​ជា​បាន​បំពេញ​លក្ខខណ្ឌ​​ តាម​កិច្ច​សន្យា តែ​បានលើក​ទឹក​ចិត្ត​ឱ្យ​អ៊ីរ៉ង់ប្រឹង​ធ្វើ​បន្ថែម ឱ្យ​លើ​ស​ពី​អ្វី​ដែលទាមទារ​​ក្នុង​កិច្ចព្រម​ព្រៀង​ ដើម្បី​​ឱ្យ​ផ្តល់​ទំនុក​ចិត្ត​ឱ្យ​បាន​កាន់​ខ្ពស់៕