អានតួអត្ថបទ
អ៊ីរ៉ង់-អឺរ៉ុប-នុយក្លេអ៊ែរ

កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ៖​អ៊ីរ៉ង់​ចាត់​ទុក​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អឺរ៉ុប​នៅ​មិន​ទាន់​គ្រប់គ្រាន់

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ លោក​ប្រមុខ​ការទូត​យ៉ាវ៉ាដ ហ្សារីហ្វ​បាន​យល់​ឃើញ​ថា កិច្ចខិតខំប្រឹងប្រែង​របស់​សហភាព​អឺរ៉ុប​ដើម្បី​ជួយ​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។ កិច្ចព្រមព្រៀង​ដែល​អាមេរិក​ទើប​បាន​ដក​ខ្លួន​ចេញ​កាល​ពី​ថ្ងៃទី៨ ឧសភា។ តាម​លោក​ហ្សារីហ្វ អឺរ៉ុប​គួរ​តែ​ប្រឹងប្រែង​ឲ្យ​បាន​ច្រើន​ជាង​នេះ។ ការ​ថ្លែង​របស់​លោក​ហ្សារីហ្វ​បាន​ធ្វើ​ឡើង ក្រោយ​ពី​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ​របស់​ស្នងការ​អឺរ៉ុប​ទទួល​បន្ទុក​ថាមពល​លោក​មីហ្គែល អារីយ៉ា កានែត​ក្នុង​ប្រទេស​អ៊ីរ៉ង់។

លោក​ប្រមុខ​ការទូត​អ៊ីរ៉ង់ Mohammad Javad Zarif (រូបឆ្វេង) និង​លោក​ Miguel Arias Canete ស្នងការអឺរ៉ុប​ទទួល​បន្ទុក​ថាមពល ថ្ងៃទី២០ ឧសភា ២០១៨​ក្នុង​ទីក្រុង​តេហេរ៉ង់
លោក​ប្រមុខ​ការទូត​អ៊ីរ៉ង់ Mohammad Javad Zarif (រូបឆ្វេង) និង​លោក​ Miguel Arias Canete ស្នងការអឺរ៉ុប​ទទួល​បន្ទុក​ថាមពល ថ្ងៃទី២០ ឧសភា ២០១៨​ក្នុង​ទីក្រុង​តេហេរ៉ង់ REUTERS/Alissa de Carbonnel
ផ្សាយពាណិជ្ជកម្ម

« ក្រោយ​ពី​អាមេរិក​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង ក្តី​ទន្ទឹង​រង់ចាំ​របស់​មតិ​សាធារណៈ​នៅ​អ៊ីរ៉ង់​មាន​ការ​កើន​ឡើង ហើយ​ការ​គាំទ្រ​នយោបាយ​ពី​សហភាព​អឺរ៉ុប​ដើម្បី​ស្រោចស្រង់​កិច្ចព្រមព្រៀង​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ » នេះ​ជា​ការ​ថ្លែង​របស់​លោក​រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់​យ៉ាវ៉ាដ ហ្សារីហ្វ​នៅ​ក្នុង​ជំនួប​ជាមួយ​លោក​មីហ្គែល អារីយ៉ា កានែត ស្នងការ​អឺរ៉ុប​ទទួល​បន្ទុក​ថាមពល។ លោក​ហ្សារីហ្វ​បាន​បន្ថែម​ថា អឺរ៉ុប​ត្រូវ​តែ​ប្រឹងប្រែង​ឲ្យ​បាន​ច្រើន​ជាង​នេះ​ដោយ​ធ្វើ​យ៉ាង​ណា​បង្កើន​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។

ទន្ទឹម​គ្នា​នេះ លោក​ប្រមុខ​ការទូត​អ៊ីរ៉ង់​មិន​ញញើត​នឹង​ធ្វើ​ការ​រិះគន់ ទិតៀន​ត្រង់ៗ​លើ​សេចក្តី​ប្រកាស​មួយ​ចំនួន​របស់​ក្រុមហ៊ុន សហគ្រាស​អឺរ៉ុប​ពី​ការ​ត្រៀម​ខ្លួន​ចាកចេញ​ពី​អ៊ីរ៉ង់ ក្រោយ​ការ​ប្រកាស​ព្រមាន​ដាក់​ទណ្ឌកម្ម​ពី​រដ្ឋបាល​អាមេរិក។ តាម​លោក​ហ្សារីហ្វ ការ​ត្រៀម​ចាក​ចេញ​ពី​ទឹកដី​អ៊ីរ៉ង់​របស់​ក្រុមហ៊ុន សហគ្រាស​អឺរ៉ុប​ទាំង​អស់​នោះ​មិន​បាន​ឆ្លើយ​តប​នឹង​កិច្ចសន្យា​របស់​អឺរ៉ុប​ក្នុង​ការ​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ទេ។ ចំណែក​អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​អ៊ីរ៉ង់​បាន​ច្រាន​ចោល​លើ​ព័ត៌មាន​ដែល​ថា អ៊ីរ៉ង់​បាន​យល់ព្រម​ចរចា​ជាមួយ​អឺរ៉ុប​លើ​សំណុំរឿង​ផ្សេង​ក្រៅ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ។

សូម​ជម្រាប​ជូន​ថា តាំង​ពី​អាមេរិក​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​កាល​ពី​ថ្ងៃទី៨ ឧសភា​មក នេះ​ជា​លើក​ទី១ ដែល​មាន​ថ្នាក់ដឹកនាំ​អឺរ៉ុប​ម្នាក់​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​អ៊ីរ៉ង់។ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ឆ្នាំ ២០១៥ បាន​ចែង​ពី​ការ​កម្រិត​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ជា​ថ្នូរ​នឹង​ការ​លើក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​អ៊ីរ៉ង់។ តែ​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​បាន​សម្រេច​ដក​ខ្លួន​ចេញ​ដោយ​យល់​ថា កិច្ចព្រមព្រៀង​នោះ​នៅ​មាន​លក្ខណៈ​ធូរ​រលង់​ដោយ​នៅ​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​អាច​បន្ត​កម្មវិធី​គ្រាប់មីស៊ីល​បាលីស្ទិក និង​ប្រើ​ឥទ្ធិពល​គ្រប​ដណ្តប់​លើ​តំបន់​ដើមបូព៌ា។

ក្រៅ​ពី​ប្រកាស​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​លើ​អ៊ីរ៉ង់ ទីក្រុង​វ៉ាស៊ីនតោន​ក៏​ព្រមាន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ក្រុមហ៊ុន សហគ្រាស​បរទេស​ដែល​កំពុង​បោះទុន​រកស៊ី​នៅ​អ៊ីរ៉ង់​ដែរ។ រហូត​មក​ដល់​ពេល​នេះ មាន​ក្រុមហ៊ុន សហគ្រាស​អឺរ៉ុប​ប្រមាណ​ជា ១២ ពិសេស​ក្រុមហ៊ុន​បារាំង Total បាន​ប្រកាស​ឲ្យ​ដឹង​ពី​គម្រោង​ដក​ខ្លួន​ចេញ​ពី​ទីផ្សារ​អ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ