rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អឺរ៉ុប បរិស្ថាន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

បរិស្ថាន៖​អឺរ៉ុប​បញ្ជូន​សមាជិក ៦ប្រទេស​ទៅ​កាត់ទោស​នៅ​តុលាការ​អឺរ៉ុប​ក្នុង​បទ​បំពុល​បរិយាកាស

media
លោក Vella ស្នងការ​អឺរ៉ុប​ទទួល​បន្ទុក​បរិស្ថាន Reuters

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ ឧសភា គណៈកម្មការ​អឺរ៉ុប​បាន​សម្រេច​បញ្ជូន​សមាជិក​ចំនួន ៦ប្រទេស​ទៅ​កាន់​តុលាការ​អឺរ៉ុប​ពី​បទ​មិន​គោរព​ច្បាប់​បរិស្ថាន​អឺរ៉ុប។ សមាជិក​អឺរ៉ុប​ទាំង ៦ប្រទេស​មាន អាល្លឺម៉ង់ បារាំង អង់គ្លេស ហុងគ្រី អ៊ីតាលី និង​ប្រទេស​រូម៉ានី។ សូម​ជម្រាប​ជូន​ថា​កន្លង​មក គណៈកម្មការ​អឺរ៉ុប​ក៏​ធ្លាប់​បាន​ចាត់​វិធានការ​ដូច​គ្នា​នេះ​ទៅ​លើ​សមាជិក ២ប្រទេស គឺ​ប៊ុលហ្ការី និង​ប្រទេស​ប៉ូឡូញ។ តែ​មក​ទល់​ពេល​នេះ ទណ្ឌកម្ម​ផាកពិន័យ​ជា​ប្រាក់​នៅ​មិន​ដែល​​បាន​អនុវត្តន៍​ទេ។


តាម​ពិត​ទៅ មាន​សមាជិក​ដល់​ទៅ ៩ប្រទេស​ដែល​បាន​ទទួល​រង​ការ​ចោទ​ប្រកាន់​ពី​គណៈកម្មការ​អឺរ៉ុប​ពី​បទ​មិន​គោរព​ច្បាប់បរិស្ថាន​អឺរ៉ុប​ត្រឹមត្រូវ។ តែ​ក្នុង​ចំណោម ៩ប្រទេស​នោះ មាន​តែ​អាល្លឺម៉ង់ បារាំង អង់គ្លេស ហុងគ្រី អ៊ីតាលី និង​ប្រទេស​រូម៉ានី​ទេ​ដែល​អឺរ៉ុប​បញ្ជូន​ទៅ​កាន់​តុលាការ​អឺរ៉ុប។ ចំណែក ៣ប្រទេស​ទៀត​មាន​អេស្ប៉ាញ ស្លូវ៉ាគី និង​សាធារណរដ្ឋ​ឆែក​ត្រូវ​បាន​គណៈកម្មការ​អឺរ៉ុប​ដាក់​ពិន័យ។ ប្រទេស​អាល្លឺម៉ង់ បារាំង និង​អង់គ្លេស​បាន​ជាប់ចោទ​ពី​បទ​មិន​គោរព​កម្រិត​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ឌីអុកស៊ីតអាសូត NO2 ទៅ​ក្នុង​លំហ​អាកាស។ កំណើន​ឧស្ម័ន​ឌីអុកស៊ីតអាសូត​ដែល​អឺរ៉ុប​ចង់​និយាយ គឺ​ឧស្ម័ន​ពុល​ចេញ​ពី​បំពុង​ស៊ីម៉ាំង​ឡាន។

ចំណែក ៣ប្រទេស​ទៀត គឺ​ហុងគ្រី អ៊ីតាលី និង​ប្រទេស​រូម៉ានី​បាន​ជាប់​ចោទ​ពី​បទ​ទុក​បណ្តោយ​ឲ្យ​មាន​កំណើន​សារធាតុ​តូចល្អិតឆ្មា PM១០ នៅ​ក្នុង​លំហ​អាកាស រួម​មាន​ធូលីដី ផ្សែង ម្រែងភ្លើង ឬ​មួយ​លម្អង​ផ្កា​ជា​ដើម។ តាម​ទីភ្នាក់ងារ​បរិស្ថាន​អឺរ៉ុប វត្តមាន​ឧស្ម័ន​ឌីអុកស៊ីតអាសូត NO2 បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​មុន​អាយុ​ប្រមាណ​ជា ៧៥ ០០០នាក់​ក្នុង​មួយ​ឆ្នាំ​នៅ​អឺរ៉ុប ក្នុង​នោះ ១៤ ០០០នាក់​ក្នុង​ប្រទេស​អង់គ្លេស ១២ ៨០០នាក់​នៅ​អាល្លឺម៉ង់ និង ៩ ៣០០នាក់​នៅ​ក្នុង​ប្រទេស​បារាំង។ ចំណែក​សារធាតុ​តូចល្អិតឆ្មា PM១០ បាន​សម្លាប់​មនុស្ស​មុន​អាយុ​ជិត ៤០០ ០០០នាក់​ក្នុង​មួយ​ឆ្នាំ​នៅ​អឺរ៉ុប ក្នុង​នោះ ៦៦ ០០០នាក់​ក្នុង​ប្រទេស​អាល្លឺម៉ង់ ៦០ ០០០នាក់​នៅ​អ៊ីតាលី និង ៣៥ ០០០នាក់​នៅ​ក្នុង​ប្រទេស​បារាំង។

លោក Karmenu Vella ស្នងការ​អឺរ៉ុប​ទទួល​បន្ទុក​បរិស្ថាន​បាន​ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​អ្នក​កាសែត​ថា គណៈកម្មការ​​អឺរ៉ុបធ្លាប់​បាន​ព្រមាន​ប្រទេស​ទាំង​នេះ​លើក​ដំបូង​តាំង​ពី​ឆ្នាំ ២០០៥ មក​ម្ល៉េះ តែ​ពួក​គេ​មិន​បាន​ចាត់​វិធានការ​អ្វី​ទាំង​អស់។ តាម​លោក Vella អឺរ៉ុប​មិន​អាច​បន្ត​រង់ចាំ​រហូត​ដល់​ក្រោយ​ឆ្នាំ ២០២០ ឬ ២០២៥ បាន​ទៀត​ឡើយ។ កន្លង​មក​ក្នុង​បញ្ហា​កំណើន​សារធាតុ​តូចល្អិតឆ្មា PM១០ អឺរ៉ុប​ក៏​ធ្លាប់​ចាត់​វិធានការ​លើ​សមាជិក ២ប្រទេស គឺ​ប៊ុលហ្ការី និង​ប៉ូឡូញ។ តែ​មក​ទល់​ពេល​នេះ អឺរ៉ុប​មិន​ដែល​ចាត់​វិធានការ​ផាកពិន័យ​ជា​ប្រាក់​ទៅ​លើ​សមាជិក​ណា​ម្នាក់​ក្នុង​បទ​មិន​គោរព​ច្បាប់​បរិស្ថាន​នេះ​ទេ៕