អានតួអត្ថបទ
បារាំង-អូតង់

បារាំង៖​លោក​អេម៉ានុយអែល ម៉ាក្រុង​ទទួល​ជួប​ប្រមុខ​អង្គការ​អូតង់​លោក Jens Stoltenberg

នៅ​ថ្ងៃ​អង្គារ ទី១៥ ឧសភា លោក​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល​ម៉ាក្រុង​បាន​ទទួល​ជួប​អគ្គលេខាធិការ​អង្គការ​អូតង់​លោក​ Jens Stoltenberg ក្នុង​វិមាន​អេលីហ្សេ។ នៅ​ក្នុង​ជំនួប​នោះ លោក​ម៉ាក្រុង​បាន​បង្ហាញ​លោក Stoltenberg អំពី​ចក្ខុវិស័យ​របស់​បារាំង​សម្រាប់​អនាគត​អង្គការ​អូតង់។ អ្វី​ជា​ការ​កត់សម្គាល់ ជំនួប​រវាង​ប្រមុខរដ្ឋ​បារាំង និង​ប្រមុខ​អង្គការ​អូតង់​ពេល​នេះ​បាន​ធ្វើ​ឡើង ២ខែ​មុន​អង្គការ​មួយ​នេះ​បើក​ជំនួបកំពូល​នៅ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក។

លោក​ប្រមុខ​​អង្គការ​អូតង់ Jens Stoltenberg និង​លោក​​ប្រធានាធិបតី​បារាំង Macron ថ្ងៃទី១៥ ឧសភា ២០១៨
លោក​ប្រមុខ​​អង្គការ​អូតង់ Jens Stoltenberg និង​លោក​​ប្រធានាធិបតី​បារាំង Macron ថ្ងៃទី១៥ ឧសភា ២០១៨ Reuters
ផ្សាយពាណិជ្ជកម្ម

តាម​វិមាន​ប្រធានាធិបតី​បារាំង​អេលីហ្សេ ចក្ខុវិស័យ​ដែល​លោក​ម៉ាក្រុង​ចង់​បាន​សម្រាប់​អនាគត​អង្គការ​អូតង់ គឺ​អង្គការ​ដែល​មាន​ឯកភាព និង​សាមគ្គីភាព​ផ្ទៃក្នុង​ល្អ មាន​ការ​ចំណាយ​ទឹកប្រាក់​ចំ​គោលដៅ​សម្រាប់​ស្ថិរភាព និង​សន្តិសុខ​នៅ​ក្នុង​តំបន់​អឺរ៉ូអាត់ត្លង់ទិក និង​ជា​អង្គការ​ដែល​មាន​ភាព​ជឿជាក់ រួម​ទាំង​ប្រសិទ្ធិភាព​សម្រាប់​ការពារ​ប្រយោជន៍​រួម។ នៅ​ក្នុង​ន័យ​នេះ លោក​ប្រមុខរដ្ឋ​បារាំង​ម៉ាក្រុង​បាន​បញ្ជាក់​ប្រាប់​លោក​ប្រមុខ​អង្គការ​អូតង់ Jens Stoltenberg អំពី​តួនាទីពិសេស​ដែល​បារាំង​ចង់​មាន​នៅ​ក្នុង​អង្គការ​អូតង់។ តាម​វិមាន​អេលីហ្សេ​ដដែល លោក​ម៉ាក្រុង​បាន​ទទូច​នៅ​ចំពោះ​មុខ​លោក Stoltenberg ឲ្យ​អូតង់​យក​ចិត្ត​ទុកដាក់​ខ្លាំង​ពី​វឌ្ឍនភាព​អឺរ៉ុប​នៃ​វិស័យ​ការពារ។

មិនមែន​ចៃដន្យ​ទេ​ដែល​លោក​ម៉ាក្រុង​បាន​បញ្ជាក់​ពី​ជំហរ​បារាំង​សម្រាប់​អនាគត​អង្គការ​អូតង់ មិន​ចៃដន្យ​ព្រោះ​ស្ថាប័ន​អន្តរជាតិ​មួយ​ត្រូវ​បាន​សមភាគី​អាមេរិក​លោក​ដូណាល់ ត្រាំ​ឆ្កឹះកកាយ​ដោយ​ព្រមាន​ទាមទារ​ប្រទេស​ដៃគូ​អឺរ៉ុប​ឲ្យ​ដំឡើង​វិភាគទាន​ឲ្យ​បាន​ច្រើន​នេះ ឬ​យ៉ាង​ហោច​ណាស់​ក៏​ស្មើ​នឹង​អាមេរិក​ដែរ បើ​ពុំ​នោះ​សោត​ទេ លោក​ត្រាំ​នឹង​ខ្លួន​ចេញ។ អាល្លឺម៉ង់​ជា​ប្រទេស​សមាជិក​ដែល​លោក​ត្រាំ​បាន​ចង្អុល​ចំ​មុខ​ពី​បទ​មាន​ថវិកា​យោធា​តិចតួច ពោល​មិន​ដល់ ២% នៃ​ផលិតផលសរុប​ក្នុង​ស្រុក​ផង។

ចំណែក​បារាំង​ត្រូវ​បាន​លោក​ម៉ាក្រុង​និយាយ​ប្រាប់​លោក​ Jens Stoltenberg ថា បាន​សម្រេច​​ដំឡើង​ថវិកា​យោធា​ឲ្យ​ដល់ ២% នៃ​ផលិតផលសរុប​ក្នុង​ស្រុក​សម្រាប់​ឆ្នាំ ២០២៥។ ក្រៅ​ពី​ដំឡើង​សរសៃ ក ដាក់​គ្នា​ស្តីពី​អង្គការ​អូតង់ ទំនាក់ទំនង​រវាង​អាមេរិក និង​អឺរ៉ុប​ក៏​កំពុង​តានតឹង​ក្នុង​រឿង​ពាណិជ្ជកម្ម​ដែល​លោក​ត្រាំ​ព្រមាន​ដំឡើង​ពន្ធ​លើ​ផលិផល​ដែកថែប និង​អាលុយមីញ៉ូម​អឺរ៉ុប​នាំ​ចូល​អាមេរិក។ ក្នុង​សប្តាហ៍​កន្លង​ទៅ លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​មែរកិល​បាន​និយាយ​ដោយ​មិន​លាក់លៀម​ថា ពេល​វេលា​ដែល​អឺរ៉ុប​តែង​ពឹង​អាមេរិក​ឲ្យ​ជួយ​ការពារ​បាន​ចប់ ហើយ​អឺរ៉ុប​ត្រូវ​តែ​គិតគូរ​ជោគវាសនា​អនាគត​របស់​ខ្លួន​ដោយ​ខ្លួន​ឯង។

ចំណែក​លោក​ម៉ាក្រុង​បាន​ស្នើ​ឲ្យ​បង្កើត​កម្លាំង​អន្តរាគមន៍​អឺរ៉ុប​មួយ​ដែល​មាន​លទ្ធភាព​ចេញ​អន្តរាគមន៍​នៅ​ក្រៅ​ក្របខ័ណ្ឌ​អង្គការ​អូតង់។ តើ​រចនាសម្ព័ន្ធ​ថ្មី​របស់​អូតង់​នឹង​មាន​រូបរាង​យ៉ាង​ដូចម្តេច?។ គេ​ត្រូវ​រង់ចាំ​លទ្ធផល​ជំនួបកំពូល​របស់​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​នៅ​ថ្ងៃទី១១ និង១២ កក្កដា​ខាង​មុខ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ