rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អេស្ប៉ាញ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អេស្ប៉ាញ៖​សភា​កាតាឡូញ៉ា​បើក​ប្រជុំ​ដើម្បី​ជ្រើសតាំង​មេដឹកនាំ​ថ្មី​ជំនួស​លោក Carles Puigdemont

media
នៅ​អេស្ប៉ាញ ​សភា​កាតាឡូញ៉ា​បើក​ប្រជុំ​ដើម្បី​ជ្រើសតាំង​មេដឹកនាំ​ថ្មី​ជំនួស​លោក Carles Puigdemont REUTERS/Juan Medina

នៅ​ថ្ងៃ​សៅរ៍ ទី១២ ឧសភា សភា​នៃ​តំបន់​ស្វយ័ត​កាតាឡូញ៉ា​ក្នុង​ប្រទេស​អេស្ប៉ាញ​បាន​រួម​ប្រជុំ​គ្នា​ដើម្បី​ជ្រើសរើស​មេដឹក​នាំ​ថ្មី​ជំនួស​កន្លែង​លោក Carles Puigdemont ដែល​ទើប​បាន​លាលែង និង​កំពុង​ភៀសខ្លួន​រស់​ក្នុង​ប្រទេស​អាល្លឺម៉ង់​ដើម្បី​គេច​ពី​សំណាញ់​តុលាការ​អេស្ប៉ាញ។ លោក​គីម តូរ៉ា​ដែល​ជា​បេក្ខជន​នៃ​ក្រុម​អ្នក​ទាមទារ​ឯករាជ្យ​មាន​សំណាង​ក្លាយ​ជា​មេដឹកនាំ​ទី១៣១ នៃ​តំបន់​កាតាឡូញ៉ា។ នៅ​ក្នុង​សុន្ទរកថា​ថ្លែង​ក្នុង​សភា​កាតាឡូញ៉ា លោក​គីម តូរ៉ា​បាន​សន្យា​ធ្វើ​ការ​មិន​សំចៃ​ដៃ​ដើម្បី​កសាង​សាធារណរដ្ឋ​កាតាឡូញ៉ា​មួយ តែ​មិន​បិទផ្លូវ​ចរចា​ជាមួយ​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ម៉ាឌ្រីដ​ទេ។


គឺ​ជា​សុន្ទរកថា​រយៈពេល ៥០នាទី​ដែល​លោក​គីម តូរ៉ា​សុំ​ការ​គាំទ្រ​ពី​ក្រុម​អ្នកតំណាងរាស្រ្ត​សម្រាប់​តំណែង​ប្រធាន​តំបន់​កាតាឡូញ៉ា ហើយ​ដើម្បី​អាច​ជាប់​ឆ្នោត​ចាប់​ពី​ការ​បោះឆ្នោត​ក្នុង​ជុំទី១ ទៅ លោក​គីម​ត្រូវ​ការ​សម្លេង​គាំទ្រ​ភាគច្រើន​ចំនួន ៦៨សម្លេង។ តែ​បើ​លោក​គីម​មិន​អាច​ទទួល​បាន​សម្លេង​គាំទ្រ​ភាគច្រើន​លើសលប់​ពី​សភា​នៅ​ពេល​នេះ​ទេ ការ​បោះឆ្នោត​នៅ​ជុំទី២ នា​ថ្ងៃ​ចន្ទ ទី១៤ ឧសភា​សប្តាហ៍​ក្រោយ​ជា​រឿង​ចៀស​មិន​រួច។ « យើង​នឹង​គោរព​តាម​លទ្ធផល​បោះឆ្នោត​ប្រជាមតិ​កាល​ពី​ថ្ងៃទី១ តុលា ឆ្នាំ ២០១៧ ពោល​ការ​កសាង​រដ្ឋ​ឯករាជ្យ​មួយ​ក្រោម​រូបភាព​សាធារណរដ្ឋ​ជាមួយ​នឹង​កម្មវិធី​រដ្ឋាភិបាល​ដើម្បី​ការ​រួបរួម​សង្គម និង​ភាព​សំបូរ​រុងរឿង​សេដ្ឋកិច្ច​របស់​កាតាឡូញ៉ា » នេះ​ជា​ការ​ថ្លែង​របស់​លោក​គីម តូរ៉ា។

ដោយ​ចៀសវាង​មិន​និយាយ​ពាក្យ « ឯករាជ្យ » លោក​គីម តូរ៉ា​មិន​ភ្លេច​ថ្លែង​រិះគន់ ទិតៀន​តុលាការ​អេស្ប៉ាញ មហាក្សត្រ​អេស្ប៉ាញ និង​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្រ្តី​ម៉ារីយ៉ាណូ រ៉ាហយ តែ​មិន​បិទ​ផ្លូវ​ចរចា​ទេ។ ទន្ទឹម​គ្នា​នេះ លោក​គីម តូរ៉ា​ក៏​បាន​លើក​ឡើង​ពី​ស្ថានការណ៍​ពិសេស​ដែល​តំបន់​កាតាឡូញ៉ា​កំពុង​ជួប​ប្រទះ ពិសេស​វិបត្តិ​មនុស្សធម៌។ មាន​អាយុ ៥៥ឆ្នាំ លោក​គីម តូរ៉ា​ដែល​ជា​មេធាវី អ្នកនិពន្ធ និង​អ្នកបោះពុម្ភ​ផ្សាយ គឺ​ជា​អ្នក​តំណាងរាស្រ្ត​ម្នាក់​ដែល​មជ្ឈដ្ឋាន​សាធារណៈ​ទូទៅ​នៅ​កាតាឡូញ៉ា​មិន​សូវ​ស្គាល់​ប៉ុន្មាន​ទេ។ តែ​ឈ្មោះ និង​បេក្ខភាព​របស់​លោក​គីម តូរ៉ា​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​មេដឹកនាំ​កាតាឡូញ៉ា​ធ្លាក់​ពី​អំណាច​លោក Carles Puigdemont។

លោក Puigdemont ដែល​កំពុង​ភៀសខ្លួន​រស់​ក្នុង​ប្រទេស​អាល្លឺម៉ង់ និង​ដែល​រដ្ឋអំណាច​អេស្ប៉ាញ​កំពុង​សុំ​អាល្លឺម៉ង់​ឲ្យ​បញ្ជូន​ខ្លួន​លោក Puigdemont ទៅ​ឲ្យ​អេស្ប៉ាញ។ សូម​ជម្រាប​ជូន​ថា រូប​លោក Puigdemont រួម​ទាំង​អ្នក​ទាមទារ​ឯករាជ្យ​ជា​ច្រើន​រូប​ផ្សេង​ទៀត​នៅ​តំបន់​កាតាឡូញ៉ា​កំពុង​ត្រូវ​បាន​តុលាការ​អេស្ប៉ាញ​ចោទ​ប្រកាន់​ក្នុង​បទ​បះបោរ និង​លួច​បង្វែរ​លុយ​រដ្ឋ៕