rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

មហោស្រពភាពយន្តកាន២០១៨ អ៊ីរ៉ង់ មហោស្រពភាពយន្តកាន អេស្ប៉ាញ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សមិទ្ធិករ​អ៊ីរ៉ង់​ត្រលប់មក​មហោស្រពកាន ជាមួយ​រឿង "​Everybody knows"

media
តរាសម្តែង អេស្ប៉ាញ និង​សមិទ្ធិករ​អ៊ីរ៉ង់(កណ្តាល) ដឹកនាំ​រឿង​Everybody Knows" (Todos lo saben)នៅ​ថ្ងៃ​ឡើង​ជាន់​ជណ្តើរ​ក្រាលកម្រាល​ព្រំក្រហម​នៅ​មហោស្រព​កាន នៅថ្ងៃទី ៨ឧសភា ២០១៨ ©REUTERS/Jean-Paul Pelissier

“អ្នកណា​ក៏ដឹង” Everybody Knows ជាចំណងជើង​រឿង​កុន​របស់​សមិទ្ធិករ​អ៊ីរ៉ង់ លោក​Asghar Farhadi ដែល​ត្រូវ​គេ​បានជ្រើសរើសសម្រាប់​ការចាក់បញ្ចាំង​នៅ​ថ្ងៃ​បើកសម្ពោធ មហោស្រព​ភាពយន្ត​អន្តរជាតិ​កាន នៅថ្ងៃទីអង្គារ​ទី ៨​ឧសភា។ ​លោក​ Asghar Farhadi ធ្លាប់​បាន​ទទួល​តាល់ប័ត្រមាស​​របស់​មហោស្រពកាន នៅ​ឆ្នាំ ២០១១ សម្រាប់​រឿង ការចែកផ្លូវ La séparation។ តើ​រឿង Everybody Knows​នឹង​ធ្វើ​ឲ្យ​​សមិទ្ធិករ​អ៊ីរ៉ង់​នឹង​អាច​ដណ្តើម​ពាន​រង្វាន់​តាល់ប័ត្រ​ជាថ្មី​ម្តងទៀត ជាមួយ​នឹង នេះ​ដែរឬទេ?


“អ្នកណាក៏ដឹង” គឺ​ជាខ្សែភាពយន្ត​បរទេសទី​១ ដែល​មិននិយាយ​​ភាសា​បារាំង ឬ​អង់គ្លេស ដែល​គេ​ជ្រើសរើស​សម្រាប់​ចាក់បញ្ចាំង​បើក​សម្ពោធមហោស្រពអន្តរជាតិ​កាន។​ និពន្ធ​ និង​ដឹកនាំ​រឿង​ដោយ​សមិទ្ធិករ​អ៊ីរ៉ង់ Asghar Farhadi រឿង​អ្នកណាក៏ដឹង បង្ហាញ​ពី សោកនាដកម្ម ជម្លោះ​ផ្ទៃក្នុង​គ្រួសារ​​ដ៏ធំមួយ​​នៅក្នុង​ប្រទេស​អេស្ប៉ាញ។

នាង​ឡូរ៉ា​សំដែង​ដោយ តារាដ៏ល្បីឈ្មោះ​របស់​អេស្ប៉ាញ នាង Pénélope Cruz ​បាន​នាំកូន​ស្រី​និង​កូនប្រុស​ពី​ប្រទេស​អាហ្សង់ទីន​ដើម្បី ចូលរួម​ក្នុង​ពិធី​មង្គលការ​របស់​ប្អូនស្រី​នៅ​តំបន់ជនបទ​​ប្រទេស​អេស្ប៉ាញ។ ការសប្បាយរីករាយ​ក្អាកក្អាយ ក្នុង​ពិធីមង្គលការ​បាន​ក្លាយ​ជា​ទុក្ខសោក នៅពេល​ឡូរ៉ា​បាត់កូនស្រី​ជំទង់​ដ៏ស្រស់ស្អាត នៅយប់​ជប់លៀង។ សម្រាប់​សមិទ្ធិករ​អ៊ីរ៉ង់ រឿង​ អ្នកណាក៏ដឹង​ដែល​និយាយ​ពីការចាប់ជំរិត នៅ អេស្ប៉ាញ បាន​កើតចេញ​មក​ពី​ការចិញ្ចឹមចិត្ត​អស់​ជា​ច្រើន​ឆ្នាំមកហើយ។ លោក​ Farhadi រំលឹកថា នៅ​ពេល​លោក​ទៅដើរលេង​នៅ​ភាគខាងត្បូង​អេស្ប៉ាញ ដំណឹង​ចុះផ្សាយ បាត់​ក្មេងស្រី​​អេស្ប៉ាញ​បាន​ធ្វើ​ឲ្យ​លោក​គិត​ថា លោកត្រូវ​តែ​ធ្វើ​អ្វីម្យ៉ាង​នៅជុំវិញ​ប្រធានបទនេះ។

អ៊ីរ៉ែន​កូនស្រី​របស់​នាង​ឡូរ៉ា ត្រូវ​គេ​លួច​ចាប់ជំរិត។ ហេតុការណ៍នេះ​បាន​ជំរុញ ឲ្យ​នាង​ឡូរ៉ា​ត្រលប់​ទៅ​ជិតស្និទ្ធិ ជាមួយ ប៉ាកូ (តារា​អេស្ប៉ាញ Javier Bardem) ម្ចាស់​ចំការ​ទំពាំងបាយជូ ដែល​ធ្លាប់​ជា​សង្សា​​។ នៅទីបំផុត ដោយសារ​តែ​សារ​រន្ធើន​ពី​ជនចាប់ជំរិត ដែល​គំរាម​សម្លាប់​នាង​អ៊ីរ៉ែន បើសិន​មិ​ន​បាន​ប្រាក់ថ្នូរ​ទេនោះ នាង​ឡូរ៉ា​បាន​សុំ​ឲ្យ​ប៉ាកូ​ជួយ​នាង។ ដើម្បី​ឲ្យ​ប៉ាកូ​សុខចិត្ត​លក់​ដីចំការ​ទំពាំង​បាយជូ នាងឡូរ៉ា បាន​ទម្លាយ​រឿង​សម្ងាត់​មួយ ប្រាប់​ប៉ាកូ ដោយ​មានភ្លើង​ខៀវ​ពី​ប្តី។ នោះគឺ​ នាងអ៊ីរ៉ែនតាមពិត​ជា​កូនស្រី​របស់​ប៉ាកូ ដែល​នាង​ឡូរ៉ា​បាន​លាក់បាំង ​មិន​ឲ្យប៉ាកូ ​ដឹង តាំង​ពី​១៦​ឆ្នាំមក។ សាច់រឿង​ប្រទាក់​ក្រឡា​ និង​ការសួរដេញដោល​ពី​អ្នកស៊ើបអង្កេត​ឯកជន​បាន​ធ្វើ​ឲ្យ​គេ​ជឿថា គឺ​ប្តី​របស់​នាង​ឡូរ៉ា ដែល​គ្មានការងារធ្វើ​២​ឆ្នាំ​មកហើយ អាច​ជាអ្នកនៅពីក្រោយ​ការចាប់ជំរិត​កូនស្រី ដែល​មិនមែនជា​សាច់ឈាម​របស់ខ្លួន។ ដោយ​ចាប់ជំរិត​នាង​អ៊ីរ៉ែន ប្តី​របស់​នាង​ឡូរ៉ាអាច​​ដាក់​សម្ពាធ​ឲ្យ​សង្សារ​ចាស់​របស់​ប្រពន្ធ​ លក់ដី​ចំការ​ទំពាំង​បាយជូ យក​ប្រាក់​មក​បង់រំលោះ​នាង​អ៊ីរ៉ែន។ ប៉ាកូ​ដែល​ដឹង​ថា នាង​អ៊ីរ៉ែន​ជា​កូនស្រី នៅទីបំផុត​បាន​សម្រេច​លក់​ចំការ​ទំពាំងបាយជូ យក​ប្រាក់​ទៅ​រំដោះ​នាង​អ៊ីរ៉ែន។

មកដល់​ចំណុចនេះ សមិទ្ធិករ​អ៊ីរ៉ង់​បាន​បង្កើត​ភាពអាថ៌កំបាំង​ គួរ​ឲ្យ​ចង់​តាមដាន។ ប៉ុន្តែ នៅ​តែ​ប៉ុន្មាន​នាទី​មុន​ដល់ខ្សែកុន ចប់ ស្រាប់​តែ​អ្វីៗត្រូវ​បាន​បើក​បង្ហាញ​ យ៉ាង​សាមញ្ញ​បំផុត។ អ្វីដែល​ធ្វើ​ឲ្យ​អ្នកមើល​ខកចិត្ត​បន្តិច គឺ​នៅត្រង់​ថា សមិទ្ធិករ​នៅទីបំផុត​បាន​បង្ហាញ​ថា គឺ ក្មួយស្រី​រស់នៅ​ផ្ទះ​ជាមួយ​គ្នា​ជាមួយ នាង​ឡូរ៉ា ដែល​បាន​ឃុបឃិត​ ចូលរួម​ជាមួយ​សង្សារ​លួចលាក់ចាប់ជំរិត នាង​អ៊ីរ៉ែន ដោយ​សង្ឃឹមថា ប៉ាកូ ដែល​គ្រប់គ្នា​ក្នុង​គ្រួសារ​ដឹងថា ជា​ឪពុក​របស់​នាង អ៊ីរ៉ែន ប្រាកដ​ជា​លក់​ដីចំការ​ដើម្បី រំលោះ​កូនស្រី​។

សមិទ្ធិករ​អ៊ីរ៉ង់​ ​ធ្លាប់​ជា​ម្ចាស់​តាល់ប័ត្រ​មាស​សម្រាប់​ រឿងអ៊ីរ៉ង់​មួយ ដែល​មាន​ឈ្មោះ​ថា ការចែកផ្លូវគ្នា។ រឿង អ្នកណាក៏ដឹងត្រូវ​គេបាន​​ប៉ាន់ស្មាន​ថា នឹងអាច​ជាប់ចំណាត់ថ្នាក់ ធ្វើ​ឲ្យ​លោក​ Farhadiក្លាយ​ជា​ម្ចាស់​តាល់ប័ត្រ​មាស​ម្តងទៀត។ លទ្ធផល​យ៉ាងណានោះ គេត្រូវ​រង់ចាំ​នៅថ្ងៃ​ប្រកាស​លទ្ធផល របស់​គណៈមេប្រយោគ​ នៅថ្ងៃទី ១៩​ឧសភា​ខាងមុខ៕