rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អាមេនី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

មេដឹកនាំប្រឆាំងអាមេនី​​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​

media
មេ​ប្រឆាំង​​នៅ​​អាមេនី​ លោក​ Nikol Pashinyan ​​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​​នៅ​ថ្ងៃ​៨​ឧសភា​​ REUTERS/Vahram Baghdasaryan/Photolure​ REUTERS/Vahram Baghdasaryan/Photolure

មេ​ក្រុម​ប្រឆាំង​នៅ​អាមេនី​ លោក ​Nikol Pachinian ​ថ្ងៃ​អង្គារ​ ៨​ ឧសភា ​ត្រូវ​បាន​រដ្ឋសភា​ អតីត​សាធារណរដ្ឋ​សូវៀត​នេះ ​នៃ​តំបន់​ភ្នំ​កូកាស​ខាង​ត្បូង​ បោះឆ្នោត​ជ្រើសតាំង​ ជា​នាយក​រដ្ឋមន្ត្រី​ ដែល​ជា ​ការបោះឆ្នោត​លើក​ទី​២ ​បើ​គិត​ក្នុង​មួយ​សប្តាហ៏​កន្លង​ទៅ​ ក្រោយ​ពី​ប្រទេស​នេះ ​បោកកញ្ជ្រោក​ អស់​ជាង ​២០​ ថ្ងៃ ដោយ​រលក​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល។​ ម៉ូស្គូក៏​ បាន​សំដែង​ដែរ ការ​​អបអរសាទរ។​


ជា​បេក្ខជន​ឈរ​ឈ្មោះ​តែ​ម្នាក់​ឯង​ដែល​តាម​សំដី​លោក Nikol Pachinian ក្នុង​ឋានៈ​ជា​តំណាងរាស្ត្រ​ខាង​បក្ស​ប្រឆាំង​និង​ជា​អតីត​អ្នកកាសែត​គឺ​ជា”​បេក្ខជន​របស់​ប្រជាជន“ក្នុង​ការ​បោះឆ្នោត​នៅ​រដ្ឋសភា​បាន ទទួល​សម្លេង​គាំទ្រ​ពី​តំណាងរាស្ត្រ​ដល់​ទៅ ៥៩​នាក់​គឺ​លើស​ពី​ចំនួន ៥៣ នាក់​ដែល​ត្រូវការ​ជាចាំបាច់ចំណែក​សម្លេង​ជំទាស់​មានតែ​៤២​ប៉ុណ្ណោះ។

នេះ​ជា​ការ​បោះឆ្នោត​លើក​ទី​២ បន្ទាប់ពី​បេក្ខភាព​គាត់​ក្នុង​ការ​បោះឆ្នោត​លើក​មុន​គឺ​ថ្ងៃ ១​ឧសភា​បាន​ទទួលសម្លេង​គាំទ្​ពី​តំណាងរាស្ត្រ​តែ​៤៥​នាក់​ពីព្រោះ​សម្លេង​ដែល​ប្រឆាំង​នឹង​រូបគាត់​កាលណោះ​មាន​ដល់​ទៅ៥៨ សម្លេង ជា​សម្លេង​របស់​តំណាងរាស្ត្រ​ខាង​បក្ស​កាន់​អំណាច -បក្ស​សាធារណ​រដ្ឋអារមេនី។ លោក Pachinian ជា​ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ​ខាង​បក្ស​ប្រឆាំង​ក្រោម​ឈ្មោះ​ថា “ ច្រកចេញ “ដែល​មាន​តែ ៩ អាសនៈ​ប៉ុណ្ណោះ​ពី​ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន ១០៥ ក្នុង​រដ្ឋសភា។ ដោយ​ស្រេកឃ្លាន​ចង់​ដឹកនាំ​រដ្ឋាភិបាល​ក្រោយពី​ឃើញ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ថ្ងៃ​១​ឧសភា​នោះ គាត់​ប្រកាស​ថា​មាន​តែ​មហាជន​នៅតាម​ទីលាន​និង​ផ្លូវ​ថ្នល់​ដែល​បំពាក់​ទៅ​ដោយ​សិទ្ធ​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី។ ពិតជាឃ្លា​នេះ ដែល​ជា​សញ្ញា​សម្រាប់​បក្ស​ពួក​គាត់​ទាំង​ពាន់ៗ​នាក់​ដែល​បះបោរ​គ្មាន​ឈប់​បន្ត​ធ្វើ​បាតុកម្ម​និង​កូដកម្ម​ប្រឆាំង​នឹងអំពើ​ពុករលួយ​ដែល​ដុះស្លែ​ក្នុង​មជ្ឈដ្ឋាន​ដឹកនាំ​នៅ​អារមេនី​ហេតុ​ដែល​នាំ​ឲ្យ​ពិការ​ដល់​ចរាចរណ៍​ផ្លូវ​រថយន្ដផ្លូវ​ដែក​និង​ថែម​ទាំង​អាកាសយានដ្ឋាន​ទៅ​ផង។ ម៉្លោះហើយ​បាន​ជា​ដើម្បី​បង្វែរ​ជីវភាព​សង្គម​ឲ្យ​មាន​ប្រក្រតីភាព​វិញ​តំណាងរាស្ត្រ​ខ្លះ​ខាង​បក្ស​កាន់​អំណាច​ដាច់​ចិត្ត​បោះឆ្នោត​គាំទ្រ​មេ​ប្រឆាំង​នេះ។

មិនមែន​ចៃដន្យ​ទេ​ដែល​ក្នុង​សេចក្តីថ្លែងការណ៍​បន្ទាប់ពី​ជាប់​ឆ្នោត​ជា​នាយករដ្ឋមន្ត្រី លោក Pachinian គូស​បញ្ជាក់​ថា​ក្នុង​សមាសភាព​រដ្ឋាភិបាល​គាត់​នឹង​ពុំ​មាន​ឡើយ ពួក​មហាសេដ្ឋី​ដែល​កាន់​អំណាច​ផង​មាន​ទ្រព្យសម្បត្តិ​កប់​ពពក​ផង។

ដើម្បី​ឲ្យ​ម៉ូស្គូ​ស្ងប់​ចិត្ត​ក្នុង​សុន្ទរកថា​ថ្លែង​ថ្ងៃ ៨ ឧសភា​នៅ​ពីមុខពួក​អ្នកតំណាងរាស្ត្រ លោក Pachinian សង្កត់​ធ្ងន់​ថា ៖ ភាព​ជា​ដៃគូ​យោធា​ជាមួយ​រុស្ស៊ី​គឺជា​ទិសដៅ​មួយ​ជាអាទិភាព​នៃ​នយោបាយ​អារមេនី​និង​ជាកត្តា​សំខាន់​សម្រាប់​ធានា​សន្តិសុខ​ដល់​អារមេនី។ ជាការកត់​សម្គាល់​នៅ​អារមេនី​មាន​មូលដ្ឋាន​ទ័ពជើង​គោក​រុស្ស៊ី​ប្រមាណ ៥.០០០ នាក់​ស្ថិត​នៅ​ប្រចាំការ។

អារមេនី​ជា​សមាជិក​នៃ​អង្គការ​សន្ធិសញ្ញា​ដើម្បី​សន្តិសុខ​រួម​និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​អាស៊ី ដែល​សុទ្ធតែ​នាំមុខ​ដោយ​រុស្ស៊ី។

ក្នុង​សារអបអរ​ផ្ញើជូន​លោក​នាយក​រដ្ឋមន្ត្រី​អារមេនី Nikol Pachinian លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន សំដែង​សេចក្តី​សង្ឃឹម​ថា រដ្ឋាភិបាល​ក្រោមការ​ដឹកនាំ​លោក Pachinian មុខជា​នឹង​ចេះ​ពង្រឹង​ទំនាក់​ទំនង​មិត្តភាព​និង​សម្ព័ន្ធមិត្ត​រវាង​ប្រទេស​ទាំង​ពីរ​ដែល​បច្ចុប្បន្ន​រឹត​ដោយ​ចំណង​សេដ្ឋកិច្ច​យ៉ាងមាំ៕