rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

តួកគី៖​លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន​ផ្តើម​យុទ្ធការឃោសនា​សម្រាប់​ការ​បោះឆ្នោត​មុនអាណត្តិ​ថ្ងៃទី២៤ មិថុនា

ដោយ គួច គន្ធារ៉ា

នៅ​ក្នុង​ប្រទេស​តួកគី លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន​បាន​ថ្លែង​សុន្ទរកថា​នៅ​ចំពោះ​មុខ​ហ្វូង​សកម្មជន​រាប់ពាន់​នាក់​នៅ​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ូល​នា​ថ្ងៃ​អាទិត្យ ទី៦ ឧសភា។ គឺ​ជា​សុន្ទរកថា​ឃោសនា​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​សភា និង​បោះឆ្នោត​ប្រធានាធិបតី​មុន​អាណត្តិ​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី២៤ មិថុនា​ខាង​មុខ។

នៅ​ក្នុង​សុន្ទរកថា​នោះ មនុស្សខ្លាំង​តួកគី​រូប​នេះ​បាន​ចេញ​មុខ​ការពារ​ជា​ថ្មី​លើ​របប​នយោបាយ​តាម​បែប​ប្រធានាធិបតី​ដែល​លោក​ជា​អ្នក​ផ្សំគ្រឿង​ដោយ​ខ្លួន​ឯង។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​សភា និង​ការ​បោះឆ្នោត​ប្រធានាធិបតី​មុន​អាណត្តិ​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី២៤ មិថុនា​នៅ​មិន​ទាន់​ចាប់​ផ្តើម​ជា​ផ្លូវការ​នៅ​ឡើយ​ទេ តែ​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន​នៅ​ចំពោះ​មុខ​ហ្វូង​សកម្មជន​រាប់ពាន់​នាក់​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ូល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​ខុស​គ្នា​នឹង​រូបភាព​នៃ​យុទ្ធនាការ​ឃោសនា​ឡើយ។ ម្យ៉ាង​ទៀត ជម្រើស​ទីកន្លែង​ថ្លែង​សុន្ទរកថា​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ូល​ក៏​មិនមែន​ជា​ជម្រើស​ចៃដន្យ​ដែរ ព្រោះ​នៅ​ទី​នោះ​ហើយ​ដែល​លោក​អ៊ែរដូហ្កាន​ធ្លាប់​ធ្វើ​ជា​ចៅហ្វាយ​ក្រុង​ក្នុង​ទសវត្ស​ឆ្នាំ ៩០។

នៅ​ក្នុង​សុន្ទរកថា មនុស្ស​ខ្លាំង​តួកគី​រូប​នេះ​បាន​សន្យា​គ្រប់​យ៉ាង​តាំង​ពី​របប​ប្រជាធិបតេយ្យ​ពេញលេញ បង្កើត​យុត្តិធម៌​ក្នុង​សង្គម ផ្តល់​សន្ទុះ​សេដ្ឋកិច្ច និង​បើក​ប្រតិបត្តិការ​ថ្មី​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដើម្បី​កំចាត់​ពួក​ឧទ្ទាម​គួដឌីស្ថានស៊ីរី​ដែល​លោក​ចាត់​ទុក​ជា​ដៃគូ​របស់​ចលនា​គួដឌីស្ថាន PKK ក្នុង​ទឹកដី​តួកគី។ អ្វី​ដែល​លោក​អ៊ែរដូហ្កាន​ចង់​បាន គឺ​ប្រែក្លាយ​តួកគី​ទៅ​ជា​មហាអំណាច​មួយ​ដែល​មាន​សមត្ថភាព​អន្តរាគមន៍​ផ្លូវ​យោធា​ដើម្បី​ការពារ​សន្តិសុខ​អធិបតេយ្យភាព​តួកគី។ តែ​លោក​អ៊ែរដូហ្កាន​បាន​បញ្ជាក់​រួច​ហើយ​ថា ដើម្បី​អាច​សម្រេច​បាន​នូវ​ពាក្យ​សន្យា​ទាំង​អស់​នេះ​បាន លុះ​ត្រា​ណា​តែ​គណបក្ស​យុត្តិធម៌ និង​អភិវឌ្ឍន៍​របស់​លោក​ទទួល​បាន​ជោគជ័យ​នា​ការ​បោះឆ្នោត​មុន​អាណត្តិ​នៅ​ថ្ងៃទី២៤ មិថុនា​ខាង​មុខ។

បើ​គេ​មើល​មួយ​ភ្លែត​ទៅ ការ​សន្យា​របស់​លោក​អ៊ែរដូហ្កាន​ហាក់​ដូច​ជា​លោក​ទើប​បាន​ចូលប្រឡូក​ក្នុង​ឆាក​នយោបាយ និង​ទើប​ឈរ​ឈ្មោះ​ជា​បេក្ខជន​ថ្មីថ្មោង​សម្រាប់​ចូលរួម​ការ​បោះឆ្នោត។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា លោក​អ៊ែរដូហ្កាន​បាន​កាច់​ចង្កូត​ប្រទេស​តាំង​ពី​ឆ្នាំ ២០០៣ មក​ម្ល៉េះ ដោយ​ចាប់​ផ្តើម​ពី​តំណែង​នាយករដ្ឋមន្រ្តី​ឆ្លង​ចូល​តំណែង​ប្រធានាធិបតី​នៅ​ពេល​នេះ។ បើ​លោក​អ៊ែរដូហ្កាន​ទទួល​ជោគជ័យ​នៅ​ក្នុង​ការ​បោះឆ្នោត​សភា និង​ប្រធានាធិបតី​មុន​អាណត្តិ​នា​ពេល​ខាង​មុខ លោក​អ៊ែរដូហ្កាន​នឹង​ទទួល​បាន​អាណត្តិ​ថ្មី​ដែល​មាន​អំណាច​ពេញ​ដៃ និង​គ្មាន​កំណត់ ដោយ​ផ្អែក​លើ​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​អនុម័ត​តាម​ការ​បោះឆ្នោត​ប្រជាមតិ​ក្នុង​ខែ​មេសា ឆ្នាំ ២០១៧។

សូម​ជម្រាប​ជូន​ថា​នៅ​មុន​កំណែទម្រង់​ច្បាប់​រដ្ឋធម្មនុញ្ញ តួកគី​ជា​សាធារណរដ្ឋ​អាស្រ័យ​សភា​ដែល​អំណាច​ប្រមូលផ្តុំ​ក្នុង​កណ្តាប់ដៃ​នាយករដ្ឋមន្រ្តី។ តែ​ចាប់​ពី​ពេល​នេះ​ត​ទៅ និង​ផ្អែក​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី អំណាច​នីតិប្រតិបត្តិ​បាន​ធ្លាក់​ក្នុង​កណ្តាប់ដៃ​ប្រមុខរដ្ឋ ហើយ​តំណែង​នាយករដ្ឋមន្រ្តី​នឹង​ត្រូវ​លប់បំបាត់​នៅ​ថ្ងៃ​ណា​មួយ។ បន្ទាប់​មក ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​កំណត់​អាណត្តិ​ប្រធានាធិបតី​តែ​ពីរ​អាណត្តិ​បាន​អនុញ្ញាត​ឲ្យ​លោក​អ៊ែរដូហ្កាន​អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ការ​បោះឆ្នោត​នៅ​ឆ្នាំ ២០១៩ និង​កាន់​តំណែង​រហូត​ដល់​ឆ្នាំ ២០២៤។ តែ​ដោយ​អាណត្តិ​សព្វថ្ងៃ​មិន​ត្រូវ​បាន​រាប់​បញ្ចូល លោក​អ៊ែរដូហ្កាន​អាច​ឈរ​ឈ្មោះ​មួយ​អាណត្តិ​ទៀត​នៅ​ឆ្នាំ ២០២៤ និង​កាន់​តំណែង​រហូត​ដល់​ឆ្នាំ ២០២៩។

ក្រុម​សកម្មជន​របស់​លោក​អ៊ែរដូហ្កាន​បាន​ធានា​ថា ការ​ផ្លាស់ប្តូរ​របប​ដឹកនាំ​នៅ​តួកគី​ជា​រឿង​ចាំបាច់​មិន​អាច​ខ្វះ​បាន​ដើម្បី​ធានា​ស្ថិរភាព និង​សុវត្ថិភាព​ក្នុង​ពេល​ដែល​ប្រទេស​កំពុង​ប្រឈម​មុខ​នឹង​អសន្តិសុខ និង​ដែល​ស្ថានភាព​សេដ្ឋកិច្ច​កំពុង​នៅ​ទ្រឹង។ តែ​ក្រុមប្រឆាំង​កំពុង​ព្រួយបារម្ភ​ពី​ការ​កើន​ឡើង​នៃ​អំណាច​ផ្តាច់ការ​ដែល​លោក​អ៊ែរដូហ្កាន​កែប្រែ​របបដឹកនាំ​ដោយ​ផ្សំគ្រឿង​ដើម្បី​ពង្រឹង​អំណាច​ផ្ទាល់ខ្លួន។ ចូរ​កុំ​ភ្លេច​ថា តាំង​ពី​ក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​អ៊ែរដូហ្កាន​មិន​បាន​សម្រេច​កាល​ពី​ថ្ងៃទី១៥ កក្កដា ឆ្នាំ ២០១៦ មនុស្សខ្លាំង​តួកគី​រូប​នេះ​បាន​ចេញ​យុទ្ធនាការ​បោសសំអាត​ជនដៃ​ដល់ និង​ជន​រួមគំនិត​ជា​ច្រើន​ម៉ឺននាក់​តាំង​ពី​មន្រ្តី​ក្នុង​ជួរ​កម្លាំង​ប្រដាប់អាវុធ​រហូត​ដល់​មន្រ្តី​ស៊ីវិល។

វា​ពិត​ជា​រឿង​ល្អ​ណាស់​ដែល​លោក​អ៊ែរដូហ្កាន​បាន​គិតគូរ​ពី​ប្រយោជន៍​ប្រទេស និង​ប្រជាជន​តួកគី។ តែ​សំណួរ​ដែល​ចោទ​នៅ​ត្រង់​ថា ហេតុអ្វី​បាន​ជា​គណបក្ស​របស់​លោក​ដែល​បាន​កាន់​អំណាច​តាំង​ពី​ឆ្នាំ ២០០៣ រួម​ទាំង​រូប​លោក​ផង​បែរ​ជា​មិន​បាន​គិតគូរ?។ គ្មាន​អ្វី​ពិបាក​យល់​ទេ ព្រោះ​ឲ្យ​តែ​ជិត​ដល់​ពេល​បោះឆ្នោត គេ​ត្រូវ​តែ​សន្យា​ដើម្បី​ស្វែង​រក​សម្លេង​ឆ្នោត។ ជាក់ស្តែង លោក​អ៊ែរដូហ្កាន​បាន​សន្យា​ដំឡើង​ប្រាក់​សម្រាប់​អ្នក​ចូលនិវត្តន៍ ដំឡើង​ប្រាក់ខែ​មន្រ្តីរដ្ឋការ និង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​សហគ្រាស​ជាប់បំណុល​ច្រើន។ នៅ​ពេល​ដែល​ទទួល​បាន​ជោគជ័យ​ហើយ អ្វីៗ​នឹង​ត្រូវ​ចាប់​ផ្តើម​សារ​ឡើង​វិញ​ដោយ​ចេញ​ពី​ចំណុច​ចាប់​ផ្តើម៕

អ៊ីរ៉ាក់​កំពុង​ក្លាយ​ជា​ប្រទេស​រងគ្រោះ​នៅ​ក្នុង​ជម្លោះ​រវាង​អាមេរិក និង​អ៊ីរ៉ង់?

ប្រព័ន្ធ​សុខាភិបាល​បេឡារុស ស៊ីរូង​ដោយ​អំពើ​ពុករលួយ និង​ការិយាធិបតេយ្យ

សុបិន​ដ៏គ្រោះថ្នាក់​បំផុត​របស់​ឡាវ ដែល​ចង់ក្លាយ ​ជា​ជង្រុគ​នៃ​ទំនប់​វារីអគ្គីសនី​ប្រចាំ​អាស៊ី

អ្នកវិទ្យាសាស្រ្ត៖ ផែនដី​នឹង​ក្លាយ​ជា​បន្ទប់ឆ្ពុង បើសិន​​កំដៅ​កើនឡើង​៤​អង្សាទៀត

តើអ្វីទៅ ​ជា​យុទ្ធសាស្ត្រ​ពិត​ប្រាកដ​របស់​លោក​ដូណាល់ ត្រាំ ​ទល់​នឹង​បញ្ហា​អ៊ីរ៉ង់?

សកលភាវូបនីយកម្ម និង​ភាព​មិនពេញចិត្ត​របស់​ពលរដ្ឋ​ថ្នាក់ក្រោម​នៅ​បណ្តាប្រទេស​ជឿនលឿន

អ្នកកាសែតដែល​គេសម្លាប់នៅអាហ្វ្រិកកណ្តាល កំពុង​ស៊ើបអង្កេត​លើក្រុមហ៊ុន​ដែលស្និទ្ធ​នឹង​ក្រេមឡាំង

សំណុំរឿងបេណាឡា ៖ បក្សប្រឆាំង​ដាក់​ញាត្តិ​ចាប់​ថ្នាក់​រដ្ឋាភិបាល

តើ​​ការ​​សម្រុះ​​សម្រួល​​បន្ធូរ​បន្ថយ​​ភាព​តាន​តឹង​​ពាណិជ្ជកម្ម​រវាង​​សហរដ្ឋ​អាមេរិក-អឺរ៉ុប ​​អាច​​ទុក​ចិត្ត​​បាន​​ដែរ​​ឬ​​ទេ?​

ជំនួបត្រាំ-ពូទីន ១០ថ្ងៃមុន ត្រូវគេមើលឃើញ ជាការប៉ុនប៉ងកសាង”សណ្តាប់ធ្នាប់ថ្មី”ក្នុងលោក

អាកាសធាតុ​ក្តៅខ្លាំង​មិនធ្លាប់មាន​នៅ​ទូទាំង​ពិភពលោក​ជា​សញ្ញា​នៃ​ការ​ប្រែប្រួល​អាកាសធាតុ

Global Witness ៖ ២០១៧ ឆ្នាំមរណៈរបស់អ្នកការពារបរិស្ថាន

ហេតុ​អ្វីបាន​ជា​​​ ចិន ចង់​​គ្រប់​គ្រងផ្តាច់​មុខ​​វិស័យ​ដឹកជញ្ជូន​នៅ​អាហ្វ្រិក?

ក្រុមហ៊ុន​ផលិត​យន្តហោះ ​Boeing ​និង​ Airbus ​បន្ត​ការប្រជែងគ្នា​នៅ​ពិព័រណ៍ ​Farnborough ​ប្រទេស​អង់គ្លេស​

សូរខ្ទរ និង​ ចំហាយ នៃ World Cup -2018 ដែលបានចប់ទៅនៅរុស្ស៊ី  

នីការ៉ាហ្កា៖ ប្តីប្រពន្ធ​មេដឹកនាំ ធ្វើមិនដឹងមិនឮ បើទោះ​មាន​ចលនា​តវ៉ា​ប្រឆាំង​៣ខែ​មក​ហើយ

លោកអូបាម៉ា ជាអធិបតី នៃ​ខួប​១០០ឆ្នាំ ​ថ្ងៃ​កំណើត​របស់​លោក​ នែលសុន​ ម៉ាន់ដេឡា

បារាំង៖​ពានរង្វាន់​បាល់ទាត់ពិភពលោក​ជួយ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច និង​ស្តារ​ប្រជាប្រិយភាព​ប្រធានាធិបតី?

តុល្យាការ​ខ្លះ​នៃ World Cup 2018 ដែល​នឹង​ចប់​សព្វគ្រប់​នៅថ្ងៃ ១៥ កក្កដា

ឥណ្ឌា៖ យក្សសេដ្ឋកិច្ចដែលទើបងើបពីដេក តែនៅផុយស្រួយ