rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ស៊ុយអែត ណូបែល ការបំពានផ្លូវភេទ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

គ្មានទេ រង្វាន់​ណូបែល​សម្រាប់​អក្សរសិល្ប៍ ឆ្នាំ២០១៨

media
កិច្ចប្រជុំ​ពេញអង្គ របស់​រាជបណ្ឌិតសភា​ស៊ុយអែតដែល​​មាន​នាទី​ប្រគល់​ពានរង្វាន់​ណូបែល​​នៅ​ទីក្រុង​ស្តុកខូម ©TT News Agency/Jonas Ekstromer via REUTERS

រាជបណ្ឌិតសភា​ស៊ុយអែត នៅថ្ងៃ​សុក្រ​នេះ​បាន​ប្រកាស​លើកពេល ប្រគល់​ពានរង្វាន់​ណូបែល​សម្រាប់​អក្សរសិល្បិ៍ ទៅ​ឆ្នាំក្រោយ។ ជាច្រើន​សប្តាហ៍មកហើយ វិទ្យាស្ថាន​កំពូល​មួយ​នេះ​របស់​ស៊ុយអែត បាន​រងរញ្ជួយ​ដោយសារ​រឿងអាស្រូវ​រំលោភផ្លូវភេទ ដែល​បាន​ជំរុញ​ឲ្យ​សមាជិក​ចំនួន ៦នាក់​ក្នុង​ចំណោម ១៨នាក់ សុំ​លាលែង​ចេញ​ពី​តំណែង។

 


នៅក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃ​សុក្រនេះ រាជបណ្ឌិតសភា ស៊ុយអែត បាន​ពន្យល់​ថា ការលំបាក​របស់​ស្ថាប័ន ហើយ​និង​ការខ្វះ​ជំនឿ​ទុកចិត្ត​ពី​សាធារណជន គឺ​ជា​ហេតុផល​ចំបង​ដែល​ធ្វើ​ឲ្យ​រាជបណ្ឌិតសភា សម្រេចចិត្ត​មិន​ប្រគល់​ពាន​រង្វាន់​ណូបែល​សម្រាប់​អក្សរសិល្បិ៍​នៅ​ឆ្នាំនេះ។ នេះ​ជាលើកទី១ នៅក្នុង​រយៈពេល ជិត ៧០​ឆ្នាំ​ចុងក្រោយនេះ ដែល​ការប្រគល់ពានរង្វាន់​ណូបែល​សម្រាប់​អក្សរសិល្បិ៍​ត្រូវ​បាន​លើកពេល​យ៉ាង​ដូច្នេះ។

នៅក្នុង​សេចក្តីថ្លែងការណ៍​របស់ខ្លួន រាជបណ្ឌិតសភា​ស៊ុយអែត​បាន​អះអាង​ថា វិទ្យាស្ថាន​ត្រូវការ​ពេលវេលា ដើម្បី​ស្តារទំនុកចិត្ត ក្នុង​ចំណោម​សមាជិក​អចិន្ត្រៃយ៍​របស់​វិទ្យាស្ថាន នៅ​មុន​នឹងអាច​ជ្រើសរើស​បេក្ខជន​ដែល​សក្តិសម​នឹង​ទទួល​បាន​ពាន​រង្វាន់​ណូបែល​សម្រាប់​អក្សរសិល្បិ៍ ដែល​រាជបណ្ឌិសភា ស៊ុយអែត បាន​បង្កើតឡើង តាំង​ពី​ឆ្នាំ ១៩០១។

បង្កើតឡើង​នៅ​ឆ្នាំ ១៧៨៦ រាជបណ្ឌិតសភា​ស៊ុយអែត ស្ថាប័ន​ដ៏មាន​កិត្តិនាម លើលោក ចាប់រង្គោះរង្គើ ចុះខ្សោយ ដោយសារ​តែ​រឿងអាស្រូវ​ផ្លូវភេទ របស់​ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌មួយកន្លែង ដែល ឧបត្ថម្ភ គាំទ្រ​រាជបណ្ឌិត​សភា​ស៊ុយអែត។ លោក​Jean Claude Arnault ស្វាមី​របស់​លោកស្រី Katarina Frostenson សមាជិក​ម្នាក់​របស់​រាជបណ្ឌិតសភា បាន​រងការប្តឹងផ្តល់​ពី​មនុស្ស​ស្រី ១៨នាក់ ពីបទ រំលោភ បំពារបំពាន​ផ្លូវភេទ។

ប៉ុន្មាន​សប្តាហ៍​នេះ សមាជិក​របស់​វិទ្យាស្ថាន បាន​ប្រកាស​ដើរចេញ ពី​មុខ​តំណែង​មួយជីវិត​របស់ខ្លួន ជាបន្តបន្ទាប់ ដើម្បី​បរិហារ រាជបណ្ឌិត​សភា ដែលអសកម្ម មិន​ដោះស្រាយ​រឿងអាស្រូវ​ផ្លូវភេទ​លើកនេះ។ រឿងអាស្រូវ​លើកនេះ បាន​ធ្វើ​ឲ្យ​រាជ​បណ្ឌិតសភា បាត់បង់​សមាជិក​របស់ខ្លួន​៧នាក់ ក្នុង​ចំណោម​១៨នាក់។ មានសមាជិក​នៅ​សល់​តែ ១១​នាក់ វិទ្យាស្ថាន គ្មាន​សំឡេង​គ្រប់គ្រាន់ ដើម្បី​បោះឆ្នោត ជ្រើសរើស​អនាគត​ជ័យលាភី​ណូបែល​អក្សរសិល្បិ៍។ នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់ខ្លួន រាជបណ្ឌិត​សភា អះអាងថា ដំណើការ​ជ្រើសរើស​បេក្ខជន​នៅ​តែ​ប្រព្រឹត្ត​ទៅ​ធម្មតា។ ប៉ុន្តែ ការប្រគល់​ពានរង្វាន់​ណូបែល​អក្សរសិល្ប៍​សម្រាប់​ឆ្នាំ ២០១៨ នឹង​ត្រូវ​លើក​ទៅ​ធ្វើសរុប នៅ​ឆ្នាំ ២០១៩៕