rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អ៊ីរ៉ង់ អ៊ីស្រាអែល AIEA

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

AIEA ថា គ្មាន​តម្រុយ​ណា​មួយ​ដែល​បញ្ជាក់​ពី​​ការ​អភិវឌ្ឍ​កម្មវិធី​​នុយក្លេអ៊ែរ​យោធា​អ៊ីរ៉ង់​នៅ​ក្រោយ​ឆ្នាំ ២០០៩

media
លោក Yukiya Amano នាយក​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ ហៅកាត់​ថា AIEA reuters.com

នៅ​ថ្ងៃ​អង្គារ ទី១ ឧសភា អ្នកនាំពាក្យ​របស់​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ហៅកាត់​ថា AIEA បាន​រម្លឹក​ជា​ថ្មី​ថា គ្មាន​សញ្ញា​វិជ្ជមាន​គួរ​ឲ្យ​ជឿ​បាន​ស្តីពី​សកម្មភាព​របស់​អ៊ីរ៉ង់​ទាក់ទង​នឹង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្រោយ​ឆ្នាំ ២០០៩។ ការ​ប្រកាស​របស់ AIEA យ៉ាង​ដូច​នេះ​បាន​ធ្វើ​ឡើង ១ថ្ងៃ​ក្រោយ​ពី​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ​បាន​អះអាង​ថា អ៊ីស្រាអែល​មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​បញ្ជាក់​ពី​ការ​និយាយ​កុហក​របស់​អ៊ីរ៉ង់​ក្នុង​បញ្ហា​នុយក្លេអ៊ែរ។ ចំណែក​អ៊ីរ៉ង់​ក៏​បាន​ឆ្លើយ​បក​នឹង​លោក​នេតាន់យ៉ាហ៊ូ​វិញ​ថា​ជា​មនុស្ស​និយាយ​កុហក។


ការ​រម្លឹក​របស់ AIEA ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដែល​ថា ក្រុមប្រឹក្សា​រដ្ឋបាល AIEA ធ្លាប់​បាន​ប្រកាស​បិទបញ្ចប់​ការ​ពិនិត្យ​ឡើង​វិញ​លើ​ព័ត៌មាន​ស្តីពី​សកម្មភាព​របស់​អ៊ីរ៉ង់​ទាក់ទង​នឹង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ បន្ទាប់​ពី AIEA បាន​ទទួល​របាយការណ៍​មួយ​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៥។ ដោយ​មិន​និយាយ​ចំ​ឈ្មោះ​លោក​នេតាន់យ៉ាហ៊ូ អ្នក​នាំ​ពាក្យ AIEA បាន​ពន្យល់​បក​ស្រាយ​ថា AIEA បាន​វាយតម្លៃ​លើ​ព័ត៌មាន​ទាំង​អស់​ដែល​ខ្លួន​មាន​ក្នុង​ដៃ​ទាក់ទង​នឹង​គ្រប់​សកម្មភាព​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ AIEA ដដែល​បាន​បញ្ជាក់​ថា​នៅ​មុន​ឆ្នាំ ២០០៣ រចនាសម្ព័ន្ធ​មួយ​របស់ AIEA ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ដើម្បី​ត្រួតពិនិត្យ​លើ​សកម្មភាព​មួយ​ចំនួន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ។ តែ AIEA បាន​ទទួល​ស្គាល់​ថា​នៅ​ក្រោយ​ឆ្នាំ ២០០៣ វា​អាច​កើត​មាន​ឡើង​នូវ​សកម្មភាព​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្រៅ​ក្របខណ្ឌ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់ AIEA។ ចម្លើយ​របស់ AIEA ដូច​នេះ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ​នា​យប់​ថ្ងៃចន្ទ ទី៣០ មេសា​ដែល​ថា អ៊ីស្រាអែល​មាន​ភស្តុតាង​ពេញ​លេញ​ដែល​បញ្ជាក់​ពី​ការ​បន្ត​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​លួចលាក់​របស់​អ៊ីរ៉ង់។

ក្រៅ​ពី​ប្រតិកម្ម​របស់ AIEA ដែល​មិនមែន​ជា​ទម្លាប់​របស់​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ ក៏​មាន​ប្រតិកម្ម​ពី​អ៊ីរ៉ង់​ដែល​ជា​ភាគី​រង​ការ​ចោទ​ប្រកាន់​ផ្ទាល់​ពី​លោក​នេតាន់យ៉ាហ៊ូ។ ក្រសួង​ការបរទេស​អ៊ីរ៉ង់​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ក្នុង​ថ្ងៃ​អង្គារ ទី១ ឧសភា​ដោយ​ច្រានចោល​ការ​ឡើង​ឡើង​របស់​លោក​នេតាន់យ៉ាហ៊ូ និង​បាន​ចោទ​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​រូប​នេះ​ពី​បទ​និយាយ​កុហក។ « នេតាន់យ៉ាហ៊ូ និងរបប​ឃោរឃៅ​អ្នក​សម្លាប់​កូនក្មេង​គួរ​តែ​យល់​ថា មតិ​សាធារណៈ​ក្នុង​លោក​មាន​ការ​អប់រំ​ត្រឹមត្រូវ និង​មិន​ល្ងង់​ចេះ​តែ​ជឿ​លើ​ការ​រៀបរាប់​របៀប​នេះ​ឡើយ » នេះ​ជា​ឃ្លាឃ្លោង​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​អ៊ីរ៉ង់។

ចំណែក​លោក​នេតាន់យ៉ាហ៊ូ​ក៏​បាន​ឆ្លៀតឆ្លើយ​តប​វិញ​ក្នុង​ថ្ងៃ​អង្គារ ទី១ ឧសភា​នា​ឱកាស​ផ្តល់​បទសម្ភាសន៍​ឲ្យ​ទូរទស្សន៍​អាមេរិក​មួយ​ចំនួន​ដោយ​ប្រើ​ឃ្លា​ស្លូត​ថា អ៊ីស្រាអែល​មិន​បាន​ព្យាយាម​ចង់​បង្ក​សង្រ្គាម​ជាមួយ​អ៊ីរ៉ង់​ទេ៕