rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ពាណិជ្ជកម្ម សង្រ្គាមពាណិជ្ជកម្ម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អាមេរិក​ពន្យារ​ពេល​អនុវត្ត​ពន្ធ​នាំ​ចូល លើ​សហភាព​អឺរ៉ុប កាណាដា និង​ម៉ិចស៊ិក

media
លោក ម៉ាក្រុង​ ស្នើ​ឱ្យ​លោក ដូណាល់ ត្រាំ លើកលែង​ការ​​ដំឡើង​ពន្ធនាំ​ចូលពី​សហភាពអឺរ៉ុប REUTERS/Kevin Lamarque

លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក បាន​សម្រេច​ពន្យារ​ពេល​រហូត​ដល់​ថ្ងៃទី ១​មិថុនា ២០១៨ ការ​អនុវត្ត​ពន្ធ​លើការ​នាំ​ចូល​អាលុយមីញ៉ូម និង​ដែកថែប លើ​សហភាព​អឺរ៉ុប កាណាដា និង​ម៉ិចស៊ិក។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន​។ តើ​នេះ​ជា​លទ្ធផល​នៃ​​​សម្ពាធ​​ការទូត​ ដ៏​តឹង​តែង​និង​ឥត​ដាច់​ឬ ?!


​ការ​អនុវត្ត​ពន្ធ​នាំ​ចូល​​អាលុយមីញ៉ូម ២៥% និង​ដែកថែប​១០% ពី​​សហភាព​អឺរ៉ុប និង​ប្រទេស​ជា​ដៃគូ ត្រូវ​ចូល​ជា​ធរមាន​នៅ​យប់​ថ្ងៃចន្ទ​ វេលា​ម៉ោង​៤​ ម៉ោង​សកល។ ប៉ុន្តែនៅមុន​ឱសានវាទ​នេះ​បន្តិច វ៉ាស៊ីន​តោន បាន​ប្រកាស​រក​ឃើញ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេ​សអាហ្សង់ទីន អូស្ត្រាលី និង​ប្រេស៊ីល​ ជាពិសេស​កូរ៉េខាង​ត្បូង ស្តី​អំពី​ការ​លើក​លែង​មិន​ដំឡើង​​ពន្ធ​នាំ​ចូល​អាលុយមីញ៉ូម និង​ដែកថែប ជា​រៀង​រហូត។ ​ឯចំណែក​ជាមួយ​សហភាព​អឺរ៉ុប កាណាដា និង​ម៉ិចស៊ិកវិញ លោក​ដូណាល់ត្រាំ ត្រូវ​ការ​ពេល​វេលា​ពិចារណា​បន្ថែម​ទៀត ដោយ​បាន​សម្រេច នៅ​នាទី​ចុងក្រោយ ​​ពន្យារ​ពេលអនុវត្ត​ពន្ធ​ រយៈ​ពេល​​មួយ​ខែ​ទៀត។

កាលពី​ថ្ងៃ​ទី ៨ មីនា លោក​ ដូណាល់​ ត្រាំ បានប្រកាស​ដំឡើង​ពន្ធនាំចូល​អាលុយមីញ៉ូម និង​ដែកថែប។ នៅ​ចុង​ខែមីនា​ដដែល ប្រធានាធិបតី​អាមេរិក​បាន​ព្យួរ​ការ​អនុវត្ត​ពន្ធ​ លើ​សហភាព​អឺរ៉ុប និង​ប្រទេស​ជា​សម្ព័ន្ធមិត្ត ជា​បណ្តោះ​អាសន្ន​ រហូត​ដល់​ថ្ងៃទី ១​ឧសភា មុន​នឹងសម្រេច​នៅ​ថ្ងៃនេះ លើក​​ព្យូរ​បន្តទៀត ​រហូត​ដល់​ថ្ងៃ​ទី ១​មិថុនា​។ ​​​

ការ​ដំឡើង​ពន្ធ​នាំ​ចូល​លោហៈ ដើម្បី​ការពារ​សន្តិសុខ​ជាតិ​របស់​អាមេរិក​នេះ បាន​បង្ក​បង្កើត​ឱ្យ​មាន​ភាព​តាន​តឹង​យ៉ាង​ខ្លាំង​ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូ និង​សម្ព័ន្ធមិត្ត ដែល​ក៏​​បាន​ត្រៀម​វិធានការ​តបត​វិញ​រួច​ស្រេចហើយ។ សហភាព​អឺរ៉ុប​បាន​បដិសេធ​​​មិន​ធ្វើ​សម្បទាន​តាម​​សំណើ​អាមេរិក​ទេ។ អឺរ៉ុប​ទាមទារ​ឱ្យ​មាន​​​ករណី​លើក​លែង គ្មាន​ការ​ដំឡើង​ពន្ធ​នាំ​ចូល ជារៀង​រហូត។ ជំហរ​មិន​ចង់​ធ្វើ​សង្គ្រាម​ជាមួយ​សម្ព័ន្ធមិត្ត​នេះ​ត្រូវ​បាន លោកប្រធានាធិបតី​បារាំង​ ម៉ាក្រុង និង​លោកស្រី​នាយក​រដ្ឋមន្ត្រីអាល្លឺម៉ង់ លើក​ទៅ​ជជែក​ជាមួយ​លោក​ត្រាំ ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​សេតវិមាន ប៉ុន្តែ​ពុំ​មាន​ចេញ​ជា​លទ្ធផល​​អ្វី​ឡើយ។

​កាលពី​ថ្ងៃ​ទី ២៩​មេសា ក្រោយ​ជួប​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ ប្រមុខ​ដឹកនាំ​ បារាំង អង់គ្លេស និង​អាល្លឺម៉ង់​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​អាមេរិក​ ថា​ សហភាព​អឺរ៉ុប​ត្រៀម​ជា​ស្រេច​នឹង​បញ្ចេញ​សកម្មភាព​ប្រកប​ដោយ​ប្រសិទ្ធិភាព​ យ៉ាង​រហ័ស ប្រសិន​បើ​មាន​ការ​​អនុវត្ត​ការ​ដំឡើង​ពន្ធ​អាមេរិកមែន។ ប្រមុខ​ទាំង​បី​ មិន​ប្រាថ្នា​​ឃើញ​​អាមេរិក​​ធ្វើ​អ្វី​ដែល​ផ្ទុយ​នឹងប្រយោជន៍​អន្តរអាត្លង់ទិក​ទេ។ នេះ​បើ​តាម​វិមាន​ប្រធានាធិបតី​បារាំង៕