rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

អាមេរិក-អាល្លឺម៉ង់៖​លោកត្រាំ​សរសើរ​លោកស្រី​មែរកិល តែ​មិន​បន្ទន់​ជំហរ​ក្នុង​រឿង​អ៊ីរ៉ង់ និង​ពាណិជ្ជកម្ម

ដោយ គួច គន្ធារ៉ា

លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​នា​ថ្ងៃ​សុក្រ ទី២៧ មេសា។ នេះ​ជា​ទស្សនកិច្ច​លើកទី២ របស់​លោកស្រី​មែរកិល​ក្នុង​ទឹកដី​អាមេរិក គិត​តាំង​ពី​ការ​ឡើង​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ។ កំណត់​សម្គាល់​មួយ​ទៀត វត្តមាន​របស់​លោកស្រី​មែរកិល​ក្នុង​ទឹកដី​អាមេរិក​បាន​ធ្វើ​ឡើង ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​បារាំង​ម៉ាក្រុង។

ក៏​ដូច​ជា​លោក​ម៉ាក្រុង លោកស្រី​មែរកិល​បាន​លើក​យក​សំណុំរឿង​សំខាន់​ចំនួន​ពីរ​ទៅ​និយាយ​ជាមួយ​លោក​ដូណាល់ ត្រាំ ទី១ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​ទី២ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​សហភាព​អឺរ៉ុប។

បរិយាកាស​នៃ​ជំនួប​រវាង​លោក​ដូណាល់ ត្រាំ និង​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​អង់ហ្កឺឡា មែរកិល​ហាក់​មិន​សូវ​ស្និទ្ធស្នាល​ដូច​ជំនួប​រវាង​លោក​ត្រាំ និង​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង​ទេ នោះ​បើ​ទោះ​បី​ជា​អាល្លឺម៉ង់ និង​បារាំង​ជា​ប្រទេស​ស្ថាបនិក​សហភាព​អឺរ៉ុប​ក៏​ដោយ។ ខុស​ពី​លោក​ម៉ាក្រុង​ដែល​បាន​ជាប់​ឆ្នោត​លើក​ដំបូង និង​ក្នុង​ពេល​ដំណាល​គ្នា​នឹង​លោក​ដូណាល់ ត្រាំ លោកស្រី​មែរកិល​បាន​កាន់​តំណែង​នាយរដ្ឋមន្រ្តី​អាល្លឺម៉ង់ ៤អាណត្តិ​ជាប់ៗ​គ្នា។

ដូច្នេះ​គេ​អាច​និយាយ​បាន​ថា លោកស្រី​មែរកិល​ជា​អ្នកដឹកនាំ​មួយ​រូប​ដែល​ចាស់ចិត្ត ចាស់គំនិត​នយោបាយ​ជាង​លោក​ដូណាល់ ត្រាំ។ លោក​ត្រាំ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ប្រធានាធិបតី​អាមេរិក​លើកទី១ មាន​មាត់ឆៅ និយាយ​ច្រើន មាន​ភាព​ញុះញង់ និង​តែង​បញ្ចេញ​ប្រតិកម្ម​តាម​រយៈ​ទំព័រ​បណ្តាញ​សង្គម Twitter របស់​លោក។ តាំង​ពី​មុន​ទស្សនកិច្ច​លើកទី១ របស់​លោកស្រី​មែរកិល​នៅ​អាមេរិក​ក្នុង​ខែ​មីនា ឆ្នាំ ២០១៧ លោក​ត្រាំ​តែង​ចេញ​មុខ​វាយប្រហារ រិះគន់​លើ​នយោបាយ​របស់​លោកស្រី​មែរកិល​ទាក់ទង​នឹង​សំណុំរឿង​ជនអន្តោប្រវេសន៍ និង​សំណុំរឿង​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​អាល្លឺម៉ង់។

លោក​ត្រាំ​បាន​ចាត់​ទុក​នយោបាយ​ទទួល​ជនភៀសខ្លួន​ស៊ីរី​ជា​ច្រើន​ពាន់​នាក់​របស់​លោកស្រី​មែរកិល​ថា​ជា​កំហុសឆ្គង​ធ្ងន់ធ្ងរ​ណាស់។ ចំណែក​ក្នុង​រឿង​ពាណិជ្ជកម្ម​វិញ​ត្រូវ​បាន​លោក​ត្រាំ​បាន​បរិហារ​អាល្លឺម៉ង់​ថា បាន​ឆ្លៀត​កេង​យក​ប្រយោជន៍​ច្រើន​ពី​ការដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក។ នៅ​ពេល​នោះ លោកស្រី​មែរកិល​ក៏​មិន​ភ្លេច​ឆ្លើយ​បក​ទៅ​លោក​ត្រាំ​វិញ​ដោយ​រិះគន់​លើ​​ក្រឹត្យ​អន្តោប្រវេសន៍​របស់​លោក​ត្រាំ​ដែល​ផ្អាក​ទទួល​ជនភៀសខ្លួន និង​បិទទ្វារ​មិន​ឲ្យ​ប្រជាជន​មក​ពី​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​ចំនួន​៧ ធ្វើដំណើរ​ចូល​អាមេរិក។

នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​ពាណិជ្ជកម្ម​ជា​ប្រធានបឬ​សំខាន់​របស់​លោកស្រី​មែរកិល

ក៏​ដូច​ជា​លោក​ម៉ាក្រុង​ដែរ លោកស្រី​មែរកិល​បាន​លើក​យក​សំណុំរឿង​សំខាន់​ចំនួន​ពីរ​ទៅ​ជជែក​ជាមួយ​លោក​ត្រាំ ទី១ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​អាល្លឺម៉ង់​ជា​ប្រទេស​ហត្ថលេខី​ម្នាក់ និង​ដែល​អាមេរិក​របស់​លោក​ត្រាំ​ព្រមាន​ដក​ខ្លួន​ចេញ​នៅ​ថ្ងៃទី១២ ឧសភា​ខាង​មុខ និង​សំណុំរឿង​ទី២ សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អឺរ៉ុប និង​អាមេរិក​ដែល​លោក​ត្រាំ​ព្រមាន​ដំឡើង​ពន្ធ​លើ​ដែកថែប និង​អាលុយមីញ៉ូម​អឺរ៉ុប​នាំ​ចូល​អាមេរិក​ចាប់​ពី​ថ្ងៃទី១ ឧសភា​ខាង​មុខ។ នៅ​ក្នុង​សន្និសីទកាសែត​រួម​គ្នា​ក្រោយ​ជំនួប លោកស្រី​មែរកិល​បាន​ទទួល​ស្គាល់​ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ឆ្នាំ ២០១៥ នៅ​មិន​ទាន់​បាន​ដោះស្រាយ​លើ​គ្រប់​បញ្ហា​ដែល​កំពុង​មាន​នៅ​អ៊ីរ៉ង់​សព្វថ្ងៃ។

តែ​ខុស​ពី​លោក​ប្រធានាធិបតី​ម៉ាក្រុង​ដែល​ចង់​បាន​កិច្ចព្រមព្រៀង​ថ្មី​ដូច​លោក​ត្រាំ លោកស្រី​មែរកិល​បាន​យល់​ឃើញ​ថា កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ជា​មូលដ្ឋាន​គ្រឹះ​ដើម្បី​ឆ្ពោះ​ទៅ​បង្កើត​រចនាសម្ព័ន្ធ​មួយ​មាន​លក្ខណៈ​ទូលំទូលាយ​ជាង​នេះ។ ចំណែក​លោក​ត្រាំ​បែរ​ជា​ធានា​ប្រាប់​លោកស្រី​មែរកិល​ថា លោក​នឹង​មិន​ទុក​បណ្តោយ​ឲ្យ​អ៊ីរ៉ង់​មាន​លទ្ធភាព​ផលិត​គ្រាប់បែក​បរមាណូ​ជា​ដាច់​ខាត។ ទាក់ទង​នឹង​ពាណិជ្ជកម្ម លោកស្រី​មែរកិល​បាន​ទទួល​ស្គាល់​ពី​ការ​មិន​សប្បាយ​ចិត្ត​របស់​លោក​ត្រាំ និង​ទុក​ឲ្យ​លោក​ត្រាំ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង។

តែ​ទន្ទឹម​គ្នា​នេះ លោកស្រី​មែរកិល​មិន​ភ្លេច​ឆ្លៀត​និយាយ​ភ្ជាប់​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​អាមេរិក អាល្លឺម៉ង់​ថា កំណែទម្រង់​វិស័យ​ពន្ធដារ​នៅ​អាល្លឺម៉ង់​ជា​ឱកាស​សម្រាប់​អ្នក​វិនិយោគ​អាមេរិក។ ត្រង់​ចំណុច​នេះ លោក​ត្រាំ​មិន​បាន​ឆ្លើយ​តប​ត្រង់ៗ​ទេ តែ​បាន​បញ្ជាក់​ពី​ជំហរ​មិន​ផ្លាស់ប្តូរ​របស់​លោក​ទាក់ទង​នឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​អឺរ៉ុប។ លោក​ត្រាំ​បាន​យល់​ឃើញ​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​ត្រូវ​មាន​ទៅ មាន​មក ពោល​គ្មាន​នរណា​កេង​ចំណេញ​លើ​នរណា​ទេ។ តាម​លោក​ត្រាំ អាមេរិក​មាន​ការ​ខាត​បង់​ច្រើន ព្រោះ​កំពុង​ត្រូវ​បាន​គេ​កេង​ចំណេញ​គ្រប់​ពេល។

ទំនាក់ទំនង​ទ្វេភាគី​រវាង​លោកត្រាំ និង​លោកស្រី​មែរកិល​មាន​ភាព​ធូរស្រាល

គេ​សង្កេត​ឃើញ​ជា​រួម​ថា គ្មាន​ភាព​ចម្រើន​ទៅ​មុខ​នៅ​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​អឺរ៉ុប ព្រោះ​ភាគី​ទាំង​ពីរ​នៅ​បន្ត​រក្សា​ជំហរ​រៀងៗ​ខ្លួន​ដោយ​គ្មាន​ការ​ធ្វើ​សម្បទាន ឬ​មួយ​ក៏​ការ​ទទួល​យក​សំណើ​រវាង​គ្នា។ តែ​បើ​និយាយ​ពី​ទំនាក់ទំនង​រវាង​លោកស្រី​មែរកិល និង​លោក​ដូណាល់ ត្រាំ​វិញ​ហាក់​មាន​ភាព​ប្រសើរ​ជាង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​មែរកិល​កាល​ពី ១ឆ្នាំ​មុន។ គេ​ចាំ​បាន​មិន​ភ្លេច​នៅ​ក្នុង​ជំនួប​រវាង​លោកស្រី​មែរកិល និង​លោកត្រាំ​ក្នុង​សេតវិមាន​ដដែល និង​ក្នុង​កៅអី​ដដែល​លើក​ទី១ នា​ខែ​មីនា ឆ្នាំ ២០១៧ លោកស្រី​មែរកិល​បាន​បដិសេធ​ការ​សុំ​ចាប់ដៃ​របស់​លោក​ត្រាំ​ដែល​បាន​ធ្វើ​ឲ្យ​លោក​ត្រាំ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង។

នៅ​ក្នុង​ជំនួប​លើកទី២ នេះ ទោះ​បី​ការ​មើល​បំណាំ​គ្នា ភាព​មិន​ចុះ​សម្រុង​គ្នា​នៅ​បន្ត​មាន និង​ការ​ទទួល​លោកស្រី​មែរកិល​មាន​រយៈពេល​ខ្លី រួម​ទាំង​គ្មាន​ការ​ក្រាល​ព្រំក្រហម​ទទួល​យ៉ាង​អធិកអធម និង​រាក់ទាក់​ដូច​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​បារាំង​ម៉ាក្រុង​ក៏​ដោយ ក៏​លោក​ត្រាំ និង​លោកស្រី​មែរកិល​បាន​ថើប​គ្នា ហើយ​លោកស្រី​មែរកិល​ក៏​បាន​យល់ព្រម​ចាប់ដៃ​លោក​ត្រាំ។ កំណត់សម្គាល់​មួយ​ទៀត លោក​ត្រាំ​មិន​ញញើត​នឹង​ចាត់​ទុក​លោកស្រី​មែរកិល​ជា​ស្ត្រី​ដ៏​អស្ចារ្យ និង​មិន​ភ្លេច​សរសើរ​លោកស្រី​មែរកិល​ដែល​ទើប​បាន​ជាប់ឆ្នោត​ចូលកាន់​តំណែង​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​អាណត្តិទី៤៕

វេណេស៊ុយអេឡា​បោះឆ្នោត​ប្រធានាធិបតី ចំពេល​វិបត្តិ​សេដ្ឋកិច្ច​ជាតិ​ដុនដាប​ខ្លាំង

សហភាពអឺរ៉ុប​បញ្ជូន​តំណាង​ទៅ​អ៊ីរ៉ង់ ដើម្បី​បញ្ជាក់​ពី​ការ​ប្តេជ្ញា ​ក្នុង​ការ​ថែ​រក្សា​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ

ប្រទេស​អារ៉ាប់​លែង​មាន​ជំហរ​ដូចគ្នា ដើម្បី​ការពារ​​ប៉ាឡេស្ទីន

ជំនួបកំពូលអឺរ៉ុប-បាល់កង់៖​អឺរ៉ុប​ប្រទាញប្រទង់​គ្នា​​ក្នុង​រឿង​បាល់កង់ តែ​ឯកភាព​គ្នា​ដើម្បី​ទប់​លោក​ដូណាល់ ត្រាំ

ព្យុងយ៉ាង​គំរាម​លុប​ចោល​ជំនួប រវាង​លោក ត្រាំ និង គីម ជុងអ៊ុន

ដើមបូព៌ា៖​កំហឹង​របស់​ពលរដ្ឋ​ប៉ាឡេស្ទីន​ប្រឆាំង​អ៊ីស្រាអែល​កំពុង​បន្ត​មាន​យ៉ាង​ខ្លាំងក្លា

អាមេរិក​សម្ពោធ​ស្ថានទូត​នៅ​ហ្ស៊េរុយសាឡិម ក្រោម​សន្ធឹក​នៃ​បាតុកម្ម​ប៉ាឡេស្ទីន

ជន​ដៃ​ដល់​បង្កការ​វាយប្រហារ​ដោយ​កាំបិត​នៅ​ប៉ារីស ជា​ជនជាតិ​បារាំង​ ដើមកំណើត​រុស្ស៊ី

អ៊ីរ៉ាក់​រៀបចំ​បោះឆ្នោតសភា​លើក​ទី១ ក្រោយ​ទទួល​ជោគជ័យ​លើ​អង្គការ​រដ្ឋអ៊ីស្លាម

ម៉ាឡេស៊ី ៖ ព្រះមហាក្សត្រ​លើកលែង​ទោស​មេបក្ស​ប្រឆាំង​អាន់វ៉ា

បារាំង​ចេញមុខ​រក​មធ្យោបាយ​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់

មហោស្រព​កាន​ក្រោម​សម្ពាធ​នៃ​រឿងអាស្រូវ​រំលោភផ្លូវភេទ

បារាំង៖ ១ឆ្នាំ​នៃ​អាណត្តិ​របស់​លោក​ម៉ាក្រុង ​កំណែទម្រង់​ក៏ច្រើន ​ការ​តវ៉ា​ក៏ច្រើន

ហេតុអ្វី​បាន​ជា​លីបង់​មិន​ធ្លាក់​ខ្លួន​ក្នុង​សង្រ្គាម ដូច​ប្រទេស​ជិតខាង?

ខួប២​សតវត្ស​របស់ កាល ម៉ាក្ស៖ ប្រត្យក្ស​ភាព​នៃ​ទ្រឹស្តីម៉ាក្ស នៅតែ​បង្កភាព​ចម្រូងចម្រាស់​

New York Times៖​លោក​ដូណាល់ ត្រាំ​កំពុង​ពិចារណា​លើ​សេណារីយ៉ូ​ដើម្បី​កាត់​បន្ថយ​ទ័ពអាមេរិក​នៅ​កូរ៉េខាងត្បូង

​លោក​ម៉ាក្រុង​​ទៅ​​នូវែលកាឡេដូនី មុន​ប្រជាមតិទាមទារ​ឯករាជ្យពីបារាំង

បារាំង ចង់​ស្ថាបនា​ផ្លូវថ្មី ឥណ្ឌូប៉ាស៊ីហ្វិក ជាមួយ​អូស្ត្រាលី

លោក​នេតាន់យ៉ាហ៊ូ៖​អ៊ីស្រាអែល​មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​បញ្ជាក់​ពី​ការ​និយាយ​កុហក​របស់​អ៊ីរ៉ង់​ក្នុង​បញ្ហា​នុយក្លេអ៊ែរ

កូរ៉េខាងជើង​នឹង​បិទ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ជា​សាធារណៈ នៅ​ខែ​ឧសភា