rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក អូតង់ កូរ៉េ​ខាង​ជើង អ៊ីស្រាអែល ដើមបូព៌ា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ប្រមុខ​ការបរទេស​ថ្មី​របស់​អាមេរិក​ទៅ​បញ្ជាក់​ជំហរ​អាមេរិក នៅ​អឺរ៉ុប និង​នៅដើមបូព៌ា

media
រដ្ឋមន្រ្តីការបរទេស​ថ្មី​របស់​អាមេរិក លោក​Mike Pompeo នៅទីស្នាក់ការ​អង្គការ​អូតង់ នៅ​ប្រទេស​បែលហ្សិក នៅថ្ងៃទី ២៧មេសា ២០១៨ ©REUTERS/Yves Herman

នៅ​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ ព្រឹទ្ធសភា​អាមេរិក​បោះឆ្នោត​គាំទ្រ​ការតែងតាំង​លោក​ជា​រដ្ឋមន្រ្តីការបរទេស​ថ្មី​របស់​អាមេរិក លោក​Mike Pompeo ធ្វើដំណើរ​ភ្លាម ទៅ​អឺរ៉ុប និង​តំបន់​ដើមបូព៌ា។ នៅ​ថ្ងៃ​សុក្រនេះ ប្រមុខ​ការបរទេស​ថ្មី របស់​អាមេរិក ដែល​ជា​មនុស្ស​ជំនិត​ខ្លាំង​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវ​ចូលរួម​ក្នុង​កិច្ចប្រជុំ​របស់​អង្គការ​អូតង់ នៅ​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្សិក មុន​នឹង​ធ្វើដំណើរ​ទៅ​ប្រទេស​ហ្សកដានី អ៊ីស្រាអែល និង​អារ៉ាប៊ី សាអូឌីត។

 


ក្នុង​កិច្ចប្រជុំ​អង្គការ​អូតង់ ដែលលោក​ចូលរួម​ ជាលើកទី១ ក្នុង​នាម​ជា​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោក​ Mike Pompeo ត្រូវ​លើកនិយាយ​ពីសកម្មភាព​មិនគួរ​ឲ្យ​ទុកចិត្ត​របស់​រុស្ស៊ី។ បន្ទាប់ពី​កិច្ចប្រជុំ​អូតង់ នៅ​ទឹកដី​អឺរ៉ុប លោក​ប្រមុខការបរទេស​ថ្មី​របស់​អាមេរិក ត្រូវ​ធ្វើដំណើរ នៅ​ចុងសប្តាហ៍នេះ ទៅ​បញ្ជាក់​ធានា ​ការគាំទ្រ​របស់​ប្រធានាធិបតី​អាមេរិក សម្រាប់​សម្ព័ន្ធមិត្ត នៅ​តំបន់​ដើមបូព៌ា ដូចជា​អ៊ីស្រាអែល និង​អារ៉ាប៊ី សាអូឌីត ដែលមាន​សត្រូវ​រួមគ្នា នៅក្នុង​តំបន់ គឺ អ៊ីរ៉ង់។

ក្នុង​អាយុ ៥៤​ឆ្នាំ លោក​Mike Pompeo ត្រូវបាន​គេ​ប្រៀបប្រដូច​ទៅ​នឹង​សត្វស្ទាំង នៅក្នុង​វិស័យ​ការទូត និង​ជា​មនុស្ស​ដែល​ស្មោះស្ម័គ្រ​ខ្លាំង​នឹង​ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ។ មុន​នឹង​ស្បថ​ចូល​កាន់តំណែង​ជា​ផ្លូវការ ជា​រដ្ឋមន្រ្តីការបរទេស ទៅទៀត លោក​Mike Pompeo ដែល​ធ្លាប់​ជា​ប្រធាន​ទីភ្នាក់ងារ ស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក CIA បាន​ប្រលូកខ្លួន​រួចហើយ ក្នុង​នយោបាយ​ការទូត​អាមេរិក។ កាលពី​ដើម​ខែ​មេសា នៅក្រោយ លោក​ដូណាល់ ត្រាំ ជ្រើសរើស​លោក​ឲ្យ​ធ្វើ​ជា​រដ្ឋមន្រ្​តីការបរទេស​អាមេរិក លោក Mike Pompeo បាន​ធ្វើដំណើរ​ដោយ​សម្ងាត់ ​ ទៅ​ជួប ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន ដើម្បី​ត្រៀម​រៀបចំ​ជំនួប កំពូល​ថ្នាក់ដឹកនាំ​កូរ៉េខាងជើង និង​អាមេរិក។ ទៅ​ទីក្រុង​ព្យុងយ៉ាង ដើម្បី ជួប​មេដឹកនាំ​កូរ៉េខាងជើង ជា​រឿង ដែល​គ្មាន​ថ្នាក់ដឹកនាំ​អាមេរិក​ណាមួយ ធ្លាប់​ធ្វើ​កន្លងមក​នោះទេ។

លោក​Mike Pompeo ត្រូវ​បាន​លោកដូណាល់ ត្រាំ ជ្រើសរើស​ឲ្យ​ធ្វើ​ជា​រដ្ឋមន្រ្តីការបរទេស​ជំនួស​មហាសេដ្ឋីប្រេង​លោក​Rex Tillerson ដែល​មានទំនាក់ទំនង​មិន​រលូន​ប៉ុន្មាន​ជាមួយ​សេតវិមាន។ ខុសពី​លោកRex Tillerson ដែល​មាន​ជំហរ​យោគយល់ នៅក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ លោក​Mike Pompeo វិញ មាន​ជំហរ​ដាច់ណាត់ ដូច​លោកដូណាល់ ត្រាំ មិន​ថា នៅក្នុង​សំណុំរឿង​នុយក្លេអ៊ែរ អ៊ីរ៉ង់ ឬ​កូរ៉េខាងជើង។

នៅក្នុង​សវនាការ​ជាមួយ​គណៈកម្មការ​ព្រឹទ្ធសភា នៅ​ថ្ងៃព្រហស្បតិ៍ លោក​​Mike Pompeo​បាន​រងការរិះគន់​ខ្លាំង​ពី​ខាង​ក្រុមព្រឹទ្ធសភា មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ដែល​បាន​ចោទប្រកាន់​លោក​ថា មាន​ជំហរអភិរក្ស​ជ្រុលនិយម ស្អប់​អ្នកកាន់សាសនា​អ៊ីស្លាម និង​ស្អប់អ្នកស្រឡាញ់​ភេទដូចគ្នា។ លោក​Mike Pompeo​បាន​បដិសេធ​ការចោទប្រកាន់ និងថា លោក​ផ្តោតសំខាន់​តែ​ទៅលើ​នយោបាយ​ការបរទេស ដែល​នៅក្នុង​នោះ ការងារ​សំខាន់​ដែលលោក​ត្រូវ​ធ្វើ គឺ បង្កើត​ឱកាស​ដោះស្រាយ​បញ្ហា តាមរយៈ​ការចរចា សន្តិភាព៕