rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

បែលហ្ស៊ិក៖​សហគមន៍អន្តរជាតិ​បាន​រួម​ប្រជុំ​គ្នា​ដើម្បី​ស្វែង​រក​ជំនួយ​សម្រាប់​ជនភៀសខ្លួន​ស៊ីរី

ដោយ គួច គន្ធារ៉ា

សហភាព​អឺរ៉ុប និង​អង្គការសហប្រជាជាតិ​ផ្តើម​សន្និសីទ​រយៈពេល ២ថ្ងៃ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក​ដោយ​ផ្តើម​ពី​ថ្ងៃ​អង្គារ ទី២៤ មេសា។ គឺ​ជា​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​ដើម្បី​ស្វែង​រក​ជំនួយ​សម្រាប់​ផ្គត់ផ្គង់​ដល់​ជនភៀសខ្លួន​ស៊ីរី​ចំនួន ៥លាននាក់​ដែល​កំពុង​ជ្រកកោន​នៅ​ក្នុង​ប្រទេស​ជិតខាង និង​ពលរដ្ឋ​ស៊ីរី​ជាង ៦លាននាក់​ផ្សេង​ទៀត​ដែល​បាន​ផ្លាស់ប្តូរ​ទីលំនៅ​ក្នុង​ស្រុក​ដើម្បី​គេច​ពី​ជម្លោះ​ប្រដាប់អាវុធ​រវាង​កម្លាំង​រដ្ឋាភិបាល និង​ក្រុមអ្នកប្រឆាំង។

សូម​ជម្រាប​ជូន​ថា ស៊ីរី​បាន​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​តាំង​ពី​ឆ្នាំ ២០១១ និង​មាន​មនុស្ស​ស្លាប់​ជាង ៣៥០ ០០០នាក់។

តាំង​ពី​ស៊ីរី​បាន​ធ្លាក់​ក្នុង​វិបត្តិ​ហែកហួរ​ផ្ទៃក្នុង​នៅ​ឆ្នាំ ២០១១ មក នេះ​ជា​លើក​ទី៧ ដែល​សហគមន៍​អន្តរជាតិ​បាន​រួម​ប្រជុំ​ក្រុមប្រទេស​ផ្តល់ជំនួយ អង្គការ​មនុស្សធម៌ និង​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​ជា​ច្រើន​ទៀត​ដើម្បី​ស្វែង​រក​ជំនួយ​ជួយ​ផ្គត់ផ្គង់​ដល់​តម្រូវការ​របស់​ពលរដ្ឋ​ស៊ីរី ពិសេស​ជនភៀសខ្លួន​ស៊ីរី​ដែល​កំពុង​ជ្រកកោន​ក្នុង​ប្រទេស​ក្បែរខាង និង​ពលរដ្ឋ​ស៊ីរី​ដែល​បាន​ផ្លាស់ប្តូរ​ទីតាំង​ក្នុង​ស្រុក​ដើម្បី​គេច​ពី​ជម្លោះ​ប្រដាប់​អាវុធ​រវាង​កម្លាំង​ទ័ពរដ្ឋាភិបាល និង​ក្រុមអ្នកប្រឆាំង។

សព្វថ្ងៃ​នេះ មាន​ជនភៀសខ្លួន​ស៊ីរី​ចំនួន ៥លាននាក់​កំពុង​រស់នៅ​តាម​ជំរំ​ជា​ច្រើន​ក្នុង​ប្រទេស​ក្បែរ​ខាង​ស៊ីរី និង​មាន​ពលរដ្ឋ​ស៊ីរី​ចំនួន ៦លាន ១សែននាក់​បាន​ផ្លាស់ប្តូរ​ទីលំនៅ​ក្នុង​ស្រុក​ដែល​ក្នុង​នោះ មាន ២៥០ ០០០នាក់​កំពុង​ជាប់កុន​នៅ​តាម​តំបន់​មួយ​ចំនួន​ដែល​កំពុង​មាន​ជម្លោះ។ ក្រៅ​ពី​ជួយ​ផ្គត់ផ្គង់​ដល់​ជនភៀសខ្លួន​ស៊ីរី​នៅ​ក្រៅ​ប្រទេស និង​ពលរដ្ឋ​ស៊ីរី​ដែល​បាន​ផ្លាស់ប្តូរ​ទីលំនៅ​ក្នុង​ស្រុក ជំនួយ​អន្តរជាតិ​ក៏​នឹង​ត្រូវ​យក​ទៅ​ជួយ​ដល់​ពលរដ្ឋ​ស៊ីរី​ផ្សេង​ទៀត ហើយ​បើ​តាម​ការ​បញ្ជាក់​របស់​ថ្នាក់ដឹកនាំ​អឺរ៉ុប មាន​ពលរដ្ឋ​ស៊ីរី​សរុប​ចំនួន ១៣លាននាក់​ដែល​ត្រូវ​ការ​ជំនួយ​ជា​បន្ទាន់។

សន្និសីទ​ក្នុង​ថ្ងៃ​ទី១ នេះ​ផ្តោត​សំខាន់​លើ​កិច្ចសន្ទនា​ជាមួយ​ក្រុម​អង្គការ​មនុស្សធម៌​ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​ក្នុង​ប្រទេស​ស៊ីរី លីបង់ ហ្សកដានី និង​តួកគី​ដែល​សុទ្ធសឹង​ជា​ប្រទេស​កំពុង​ទទួល​ជនភសៀខ្លួន​ស៊ីរី​ឲ្យ​ស្នាក់នៅ។ ចំណែក​នៅ​ថ្ងៃ​ពុធ ទី២៥ មេសា សន្និសីទ​ដែល​នឹង​ចូលរួម​ដោយ​ថ្នាក់ដឹកនាំ​នយោបាយ ពិសេស​ថ្នាក់​រដ្ឋមន្រ្តី​នឹង​ផ្តោត​សំខាន់​លើ​បញ្ហា​នយោបាយ ពិសេស​ដំណោះស្រាយ​នយោបាយ​សម្រាប់​អនាគត​ប្រទេស​ស៊ីរី។

សហគមន៍​អន្តរជាតិ​សង្ឃឹម​ប្រមូល​បាន ៩ ០០០លានដុល្លារ

សម្រាប់​ឆ្នាំ ២០១៨ នេះ សហភាព​អឺរ៉ុប និង​អង្គការ​សហប្រជាជាតិ​ដែល​ជា​អ្នក​រៀបចំ​សន្និសីទ​សង្ឃឹម​ប្រមូល​បាន​ប្រាក់​ជាង ៩ ០០០លានដុល្លារ​ដែល​ក្នុង​នោះ មាន ៣ ៥០០លានដុល្លារ​ជា​ជំនួយ​មនុស្សធម៌​ចាំ​បាច់​សម្រាប់​ពលរដ្ឋ​ស៊ីរី​ដែល​កំពុង​ស្ថិត​ក្នុង​ស្រុក និង ៥ ៦០០លានដុល្លារ​សម្រាប់​ជួយ​ទំនុកបំរុង​ដល់​ជនភៀសខ្លួន​ស៊ីរី​នៅ​ក្រៅ​ប្រទេស។ នៅ​ក្នុង​សន្និសីទ​នា​ឆ្នាំ ២០១៧ កន្លង​ទៅ ជំនួយ​ដែល​បាន​សន្យា​មាន​ទឹកប្រាក់​សរុប​ចំនួន ៦ ០០០លានដុល្លារ តែ​ជាក់ស្តែង ទឹកប្រាក់​ជំនួយ​ដែល​ទទួល​បាន​មាន​ដល់​ទៅ ៧ ៥០០លានដុល្លារ។

ថ្នាក់ដឹកនាំ​អឺរ៉ុប​សម្តែង​សុទិដ្ឋិនិយម​ថា ជំនួយ​ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១៨ នឹង​អាច​មាន​លើស​ពី​ការ​ប្រមើល​ទុក។ ចំណែក​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ Save the Children International បាន​ឆ្លៀត​អំពាវនាវ​ដល់​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​ឲ្យ​ផ្តោត​សំខាន់​ក្នុង​វិស័យ​អប់រំ ព្រោះ​មាន​យុវជន​ស៊ីរី​ចំនួន ១ភាគ៣ មិន​បាន​ទៅ​សាលារៀន ហើយ​មាន​សាលារៀន​ចំនួន ១ភាគ៣ ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយ​សង្រ្គាម។ យោង​តាម​អង្គការ UNICEF មាន​កុមារ​ស៊ីរី​ប្រមាណ​ជា ២លាន ៨សែន​នាក់​មិន​បាន​ចូល​សាលារៀន ហើយ​មាន​តំបន់​មួយ​ចំនួន ការ​ធ្វើ​ដំណើរ​ទៅ​កាន់​សាលារៀន​នឹង​អាច​ជួប​គ្រោះថ្នាក់​ដល់​ជីវិត។

ដំណោះស្រាយ​នយោបាយ​ជា​រឿង​អាទិភាព

តម្រូវការ​ជំនួយ​មនុស្សធម៌​ជា​រឿង​មិន​អាច​ខ្វះ​បាន​សម្រាប់​ប្រទេស និង​ប្រជាជន​ស៊ីរី។ តែ​ទន្ទឹម​គ្នា​នេះ ដំណោះស្រាយ​នយោបាយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​រឿង​អាទិភាព។ បើ​គ្មាន​វិបត្តិនយោបាយ​ហែកហួរ​ផ្ទៃក្នុង​ទេ ក៏​ស៊ីរី​គ្មាន​វិបត្តិ​មនុស្សធម៌​ដូច​សព្វថ្ងៃ​នេះ​ដែរ។ ថ្លែង​នៅ​ក្នុង​ពេល​បើក​សន្និសីទ​នា​ព្រឹក​ថ្ងៃទី២៤ មេសា លោក​ឧត្តម​ស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ហ្វីលីបប៉ូ ក្រង់ឌី​មិន​ញញើត​នឹង​ចាត់​ទុក​ភាព​បរាជ័យ​ជា​បន្តបន្ទាប់​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​នយោបាយ​ឲ្យ​ស៊ីរី​ថា ជា​មហា​បរាជ័យ​នយោបាយ​នៃ​ដើម​សតវត្សទី២១ និង​ជា​វិបត្តិ​ដ៏​ធំ​ជាង​គេ​ក្នុង​លោក។

ចំណែក​លោកស្រី​ប្រមុខ​ការទូត​អឺរ៉ុប Federica Mogherini ធ្លាប់​បាន​ទទួល​ស្គាល់​នា​ពេល​ថ្មីៗ​នេះ​ថា ដំណោះស្រាយ​នយោបាយ​ឲ្យ​វិបត្តិ​ស៊ីរី​ហាក់​បាន​ខិត​កាន់​តែ​ឆ្ងាយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោកស្រី Mogherini បាន​បន្ត​ទាមទារ​ឲ្យ​មាន​ការ​ដាក់​សម្ពាធ​លើ​ភាគី​ជម្លោះ និង​ភាគី​ពាក់ព័ន្ធ​ដើម្បី​ជួយ​ផ្តល់​សន្ទុះ​កិច្ចចរចា​ឡើង​វិញ ព្រោះ​សម្រាប់​លោកស្រី ស្ថានការណ៍​មនុស្សធម៌​ដែល​កំពុង​ធ្លាក់ដុនដាប​ខ្លាំង​ជា​រឿង​បន្ទាន់​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ។ លោកស្រី​ប្រមុខ​ការទូត​អឺរ៉ុប​បាន​បញ្ជាក់​ច្បាស់ៗ​ថា បើ​គ្មាន​ដំណោះស្រាយ​នយោបាយ ស៊ីរី​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​សោនាដកម្ម​ដោយ​ចៀស​មិន​រួច។

សូម​ជម្រាប​ជូន​ថា កិច្ចចរចា​សន្តិភាព​សម្រាប់​ស៊ីរី​ធ្លាប់​បាន​ធ្វើ​ជា​ហូរហែ តែ​មិន​បាន​ទទួល​លទ្ធផល​អ្វី​ទាំង​អស់។ ដំណោះស្រាយ​ដែល​សហគមន៍​អន្តរជាតិ​ចង់​បាន​នៅ​ចំពោះ​មុខ​មាន ៣ ទី១ បង្កើត​រដ្ឋាភិបាល​អន្តរកាល​មួយ ទី២ រៀបចំ​តាក់តែង​ច្បាប់រដ្ឋធម្មនុញ្ញ​ថ្មី និង​ទី៣ រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ក្រោម​ការ​ត្រួតពិនិត្យ​របស់​អង្គការ​សហប្រជាជាតិ។ ក៏​ប៉ុន្តែ ភាគី​ជម្លោះ​ផ្ទៃក្នុង​នីមួយៗ​ហាក់​បន្ត​ប្រកាន់​ជំហរ​រៀងៗ​ខ្លួន​ដោយ​គ្មាន​ការ​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក។ ទន្ទឹម​គ្នា​នេះ ក៏​មាន​ជំហរ​គាំទ្រ​ខុស​គ្នា​ពី​បរទេស​ដែល​ម្ខាង មាន​រុស្ស៊ី និង​អ៊ីរ៉ង់​បាន​បន្ត​កាន់​ជើង​រដ្ឋាភិបាល​ស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ និង​ម្ខាង​ទៀត មាន​បស្ចិមលោក​បាន​បន្ត​កាន់​ជើង​ក្រុមប្រឆាំង៕

អាហ្វ្រិក​ជាកូន​បំណុល​របស់​ចិន ?

អាមេរិក-រុស្ស៊ី៖​លោកដូណាល់ ត្រាំ​ចង់​ជួប​លោកវ្ល៉ាឌីមៀរពូទីន​ជា​ថ្មី ទោះបី​មាន​រឿងអាស្រូវ

ONUSIDA៖​អ្នកមាន​មេរោគអេដស៍ ៦០% ទទួល​បាន​ថ្នាំពន្យារជីវិត តែ​កង្វះ​ថវិកា​បន្ត​ចោទ​ជា​បញ្ហា

អាយុ២០ឆ្នាំ តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ធ្វើអ្វី​បាន​ខ្លះ ?

ជំនួបកំពូល​ជាលើកទីមួយ​​រវាង​លោក ដូណាល់ ត្រាំ និងលោកពូទីន

ហៃទី៖ នាយករដ្ឋមន្ត្រី​លាលែង​ពី​តំណែង ក្រោយ​ពី​បាន​ដំឡើង​ថ្លៃសាំង​ ហើយ​ពលរដ្ឋ​ផ្ទុះ​កំហឹង​

អង្គការ​សហប្រជាជាតិ​ រួមគ្នា​ផ្តួចផ្តើម​ កតិកា​​សញ្ញា​សកល ស្តីពី​ជន​អន្តោប្រវេសន៍

លោកដូណាល់ ត្រាំ៖ ផែនការ​Brexit របស់​លោកស្រី មេ អាច​សម្លាប់​កិច្ចព្រមព្រៀង​អាមេរិក អង់គ្លេស

លោកដូណាល់ ត្រាំ​ផ្តើម​ទស្សនកិច្ច​នៅ​អង់គ្លេស​ក្នុង​បរិបទ​នៃ​វិបត្តិ Brexit និង​មាន​ការ​ស្វាគមន៍​ពី​ក្បួន​បាតុកម្ម

អូតង់៖​អ្វី​ទៅ​ជា​ហេតុផល​ដែល​កំពុង​ធ្វើ​ឲ្យ​អាមេរិក និង​អឺរ៉ុប​បន្ត​ដំឡើង​សរសៃ ក ដាក់គ្នា​?

រដ្ឋាភិបាល​ចិន​​អនុញ្ញាត​ឲ្យ​លោកស្រី​លៀវ ស្យ៉ា​ចេញ​ពី​​ចិន​ទៅ​អាល្លឺម៉ង់ បន្ទាប់​ពី​ជាប់ឃុំ​ក្នុង​ផ្ទះ​រយៈពេល ៨ឆ្នាំ

រដ្ឋមន្ត្រី​អង់គ្លេស​ទទួល​បន្ទុក​Brexit លា​ឈប់ ​ទុកឲ្យ​លោកស្រី​តេរ៉េហ្សា ម៉េ​ តែលតោល

ក្មេងថៃ ៤នាក់ ត្រូវ​បាន​គេ​រំដោះ​ចេញ​រួច​ពី​ក្នុង​រូងភ្នំ

ប៊ុលហ្ការី៖​ចិន​បន្ត​ប្រតិបត្តិការ​ចែចូវ​​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​អឺរ៉ុបកណ្តាល និង​អឺរ៉ុបខាងកើត

សង្គ្រាម​ពាណិជ្ជកម្ម​ ចិន​និងអាមេរិក ចាប់​ផ្តើម​ហើយ!

បារាំង៖​សុវត្ថិភាព និង​សន្តិសុខ​នៅ​តាម​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​កំពុង​បន្ត​ចោទ​ជា​បញ្ហា

ទស្សនកិច្ច​របស់​ប្រធានាធិបតី​អ៊ីរ៉ង់​នៅ​អូទ្រីស​កំពុង​បំពុល​ដោយ​ការ​ចាប់​ខ្លួន​មន្រ្តី​ការទូត​អ៊ីរ៉ង់​ម្នាក់

អាជ្ញាធរ​ថៃ៖ ក្មេងទាំង​១២នាក់ និង​គ្រូបង្វឹក នឹង​ស្ថិតនៅ​ជាប់កុន​យូរពេល​ទៀត ក្នុង​រូងភ្នំ

ធនាគារ​ពិភពលោក៖ ការប្រែប្រួល​អាកាសធាតុ​នឹង​ធ្វើ​ឲ្យ​ឥណ្ឌា ខាតបង់ប្រាក់​ជាង ១ពាន់​លាន​ដុល្លារ

អឺរ៉ុប​រកឃើញ​កិច្ចព្រមព្រៀងដើម្បី​ដោះស្រាយ​វិបត្តិអន្តោប្រវេសន៍