អានតួអត្ថបទ
ក្រិក-តួកគី

ក្រិក​បដិសេធ​មិន​ព្រម​ដោះដូរ​​ទាហាន​តាមការទាមទារ​​របស់​តួកគី

ក្រិក និង​តួកគី បាន​ដំឡើង​សំឡេង​ដាក់​គ្នា មួយ​កម្រិត​ទៀត នៅថ្ងៃ​អាទិត្យ នៅ ពេល ប្រធានាធិបតី​ក្រិក លោក​Prokopis Pavlopoulos បាន​បដិសេធ មិនទទួល​យក​សំណើ​របស់​ប្រមុខ​រដ្ឋាភិបាល​តួកគី ដែល​ចង់​ឲ្យ​មានការដោះដូរ អ្នកទោស​ទាហាន​រវាង​ប្រទេស​ទាំងពីរ។ នៅថ្ងៃ​សៅរ៍ ប្រធានាធិបតី​តួកគី លោក​អ៊ែរដូហ្កាន បាន​ទាមទារ​ឲ្យ​ក្រិក​ចាប់​បញ្ជូន​ទាហាន​ផ្សំគំនិត​ធ្វើរដ្ឋប្រហារ​មិន​បាន​សម្រេច​នៅ​តួកគី ទៅ​តួកគី​វិញ បើសិន ក្រិក​ចង់​ឲ្យ​តួកគី ដោះលែង​ទាហាន​ក្រិក ដែល​ត្រូវ​បាន​ចាប់ខ្លួន ក្នុង​ប្រទេស​តួកគី តាំង​ពី ខែ​មីនា​កន្លងទៅ។ 

ពន្ធនាគារ​ទៅ​ Edirne កន្លែង​ដែល​ទាហាន​ក្រិកពីរនាក់​ត្រូវ​បាន​តួកគី​ចាប់ឃុំខ្លួន ក្នុង​បទ​ឆ្លង​ចូល​ក្នុង​តំបន់​ហាមឃាត់​ក្នុងទឹកដី​តួកគី នៅថ្ងៃទី ២៧​មីនា ២០១៨
ពន្ធនាគារ​ទៅ​ Edirne កន្លែង​ដែល​ទាហាន​ក្រិកពីរនាក់​ត្រូវ​បាន​តួកគី​ចាប់ឃុំខ្លួន ក្នុង​បទ​ឆ្លង​ចូល​ក្នុង​តំបន់​ហាមឃាត់​ក្នុងទឹកដី​តួកគី នៅថ្ងៃទី ២៧​មីនា ២០១៨ © REUTERS/Ilkyaz Savas
ផ្សាយពាណិជ្ជកម្ម

សម្រាប់​ប្រធានាធិបតី​ក្រិក សំណើ​របស់​ប្រធានាធិបតី តួកគី​គឺ​ជា​រឿង​ដែល​មិនអាច​ទទួល​យក​បាន។ ប្រធានាធិបតីក្រិក នៅថ្ងៃអាទិត្យ​បាន​បដិសេធ​មិន​ធ្វើ​ដោះដូរ ទាហាន​ឈ្លើយសឹក​តាម​សំណើ​ចង់​បាន​របស់​ប្រធានាធិបតី​តួកគី​នោះទេ។ ប្រធានាធិបតី​តួកគី នៅ​ថ្ងៃ​សៅរ៍ បាន​និយាយ​ប្រាប់​ទូរទស្សន៍ ឯកជន​មួយ​នៅ​តួកគី​ថា បើសិន រដ្ឋាភិបាល​ក្រិក​យល់ព្រម​ប្រគល់​ខ្លួន ទាហាន​តួកគី ដែល​បានរត់ទៅ​ជ្រកកោន នៅ​ក្រិក ទៅ​ឲ្យ​រដ្ឋាភិបាល​តួកគី​វិញ នោះ រដ្ឋាភិបាល​តួកគី នឹង​ពិចារណា​ដោះលែង ទាហាន​ក្រិក​ទាំងពីរ​រូប ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​តួកគី។

តាម​កាសែត​ក្នុង​ស្រុក​តួកគី ទាហាន​ក្រិក​ពីររូប ត្រូវ​បាន​អាជ្ញាធរ​តួកគី​ចាប់ឃុំខ្លួន តាំង​ពី​ខែ​មីនា ពី​បទ​ឆ្លងដែន​ខុសច្បាប់ ហើយ​និង​បទ​ធ្វើ​ចារកម្ម ក្នុង​ទឹកដី​តួកគី។ រដ្ឋាភិបាល​ក្រិក​វិញ បាន​អះអាងថា ទាហាន​ក្រិក​ទាំងពីររូប​ឆ្លងព្រំដែន ដើរចូល​ដី​តួកគី បន្ទាប់​ពី​ពួកគេ​វង្វេងផ្លូវ ដោយសារ​អាកាសធាតុ​ចុះអ័ព្ទ​ខ្លាំង​នៅតាម​ព្រំដែន។

ការចាប់ខ្លួន​ទាហាន​ក្រិក ក្នុង​ពន្ធនាគារ​តួកគី បាន​ធ្វើ​ឲ្យ​ភាពតានតឹង​រវាង​ប្រទេស​ជិតខាង​ទាំងពីរ​កាន់តែ​ធ្លាក់​ចុះ​អាក្រក់​ថែមទៀត។ ថ្មីៗនេះ តុលាការ​ក្រិក​បាន​សម្រេច មិន​ធ្វើ​បត្យាប័ន ទាហាន​តួកគី ៨នាក់ ទៅ​តាម​ការទាមទារ​របស់​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា។ រដ្ឋាភិបាល​តួកគី​បាន​ទាមទារ​រហូតមក ឲ្យ​អាជ្ញាធរ​ក្រិក ប្រគល់​មក​ឲ្យ​ខ្លួន​វិញ ទាហាន​តួកគី ទាំង​៨នាក់ ដែល​បាន​រត់គេច​ខ្លួន ទៅ​ប្រទេស​ក្រិក នៅក្រោយ រដ្ឋប្រហារ​មិន​បាន​សម្រេច នៅឆ្នាំ ២០១៦។ រដ្ឋាភិបាល​តួកគី​បាន​ចោទ​ទាហាន​តួកគី​ទាំង​៨​នាក់ ថា ជាគ្នីគ្នា​របស់​មេគ្រូសាសនា​អ៊ីស្លាម Gulen ដែល​ជាអ្នកនៅពីក្រោយ​ការរៀបចំ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​របស់លោក។ នៅ​ដើមខែ​មេសា លោក​នាយករដ្ឋមន្រ្តី​ក្រិក Alexis Tsipras ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​តួកគី ពន្លឿន​នីតិវិធីច្បាប់ ​ដើម្បី​ដោះលែង​ទាហាន​ក្រិក​ទាំងពីរ​នាក់ និង​ឈប់​បង្ក​សង្រ្គាម​ពាក្យ​សំដី​តទៅទៀត។ សម្រាប់​រដ្ឋាភិបាល​ក្រុង​អាថែន គេ​មិនត្រូវ​យក​ជីវិត និង​សេរីភាព​របស់​មនុស្ស​ទៅ​ធ្វើ​ជា​ឈ្នាន់ ជា​ទំនិញ ចរចា​តម្លៃ​គ្នានោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ