អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី បានជា​កោះ​នូវែល​កាឡេដូនី ចង់​ផ្តាច់ទឹកដី​ចេញ​ពី​បារាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃទី​៤​វិច្ឆិកា​ចុងឆ្នាំនេះ កោះ​នូវែលកាឡេដូនី ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក នឹង​រៀបចំ​បោះឆ្នោត​ប្រជាមតិ ដែលនៅក្នុង​នោះ ប្រជាជន ​ត្រូវ​ឆ្លើយ ព្រម ឬ​មិនព្រម ទៅ​នឹង​សំណួរ​ដែល​ថា តើ​គេ​ចង់​ឲ្យ​ កោះ​នូវែលកាឡេដូនី​ទទួលអធិបតេយ្យភាព ពេញលេញ និង​ឯករាជ្យ​ពី​បារាំង​ដែរឬទេ។ ប្រធានាធិបតី​បារាំង ដែល​ធ្លាប់​បាន​ប្រកាស​ចង់​រក្សា​កោះ​នូវែលកាឡេដូនី​ឲ្យ​នៅ​ជាដែនដី នាយសមុទ្រ​របស់​បារាំង នឹងធ្វើ​ដំណើរ​ទៅ​កោះ​នូវែលកាឡេដូនី នៅ​ដើម​ខែ​ឧសភា​ក្រោយនេះ។ ហេតុអ្វី​បាន​ជានូវែលកាឡេដូនី​ចង់​ផ្តាច់ខ្លួន​ចេញពី​បារាំង? តើការបោះឆ្នោត​ប្រជាមតិ នៅ​កោះនូវែលកាឡេដូនី​នឹង​ធ្វើ​ឲ្យ​បារាំង​ជួប​វិបត្តិ​នយោបាយ​ទាមទារ​ផ្តាច់ទឹកដី ​ដូចដែល​អេស្ប៉ាញ កំពុង​ជួប​ដោយសារ​វិបត្តិ​កាតាឡូញ៉ា​ដែរឬទេ?

កោះរបស់​ប្រជុំកោះ​នូវែល កាឡេដូនី​ដែល​ជាដែនដី​របស់​បារាំង នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ក្បែរ​ទៅរក​ប្រទេស​អូស្ត្រាលី
កោះរបស់​ប្រជុំកោះ​នូវែល កាឡេដូនី​ដែល​ជាដែនដី​របស់​បារាំង នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ក្បែរ​ទៅរក​ប្រទេស​អូស្ត្រាលី Wikipédia/Msniezek
ផ្សាយពាណិជ្ជកម្ម

ស្ថិតនៅ​ចម្ងាយ​ជាង​១ម៉ឺន៦ពាន់​គីឡូម៉ែត្រ​ពី​ប្រទេស​បារាំង ប្រជុំកោះ​នូវែលកាឡេដូនី​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ជា​ដែនដី​បារាំង​មួយទៀត ដែលចង់ ផ្តាច់ខ្លួន ទាមទារ​ឯករាជ្យ​ពី​បារាំង។ កាលពី​៤០​ឆ្នាំមុន បារាំង ​បាន​របូតបាត់​ទឹកដី​ជីប៊ូទី ដោយសារ​តែ​ការបោះឆ្នោត​ប្រជាមតិ នៅឆ្នាំ ១៩៧៧។ នៅ​ឆ្នាំ​១៩៨០ ទឹកដី​Vanuatu ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​រួមគ្នា​របស់​បារាំង និង​អង់គ្លេស​បាន​បោះឆ្នោត​យល់ព្រម ក្លាយ​ជា​សាធារណរដ្ឋ​ឯករាជ្យ។

ការទាមទារ​ឯករាជ្យ​បានសម្រេច​របស់​កោះ​ Vanuatu បាន​ធ្វើឲ្យ​ក្រុមទាមទារ​ឯករាជ្យ នៅ​ប្រជុំកោះ នូវែលកាឡេដូនី មាន​ក្តីសង្ឃឹម​ថា នៅថ្ងៃ​ណាមួយ នូវែលកាឡេដូនី​នឹង​ក្លាយ​ជា​ប្រទេស​មួយនឹងគេ គឺ​លែង​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​តទៅទៀត។ ដើម្បីធ្វើដំណើរ​ពី​ប្រទេស​បារាំង ទៅ​នូវែលកាឡេដូនី នៅ​ប៉ាស៊ីហ្វិក នាយករដ្ឋមន្រ្តី​បារាំង នៅ​ចុងឆ្នាំមុន បាន​ជិះ​យន្តហោះ ឆ្លងកាត់​ទ្វីបបី និង​មហាសមុទ្រ​មួយ។ ប្រជុំកោះ នូវែលកាឡេដូនី ​ស្ថិតនៅ​ឆ្ងាយ​រាប់យោជ៍ ១ម៉ឺន៦ពាន់​គីឡូម៉ែត្រ​ពីប្រទេស​បារាំង។ ហេតុអ្វី​​បានប្រជុំកោះមួយ នេះក្លាយ​ជាដែនដី​នាយ​សមុទ្រ​របស់​បារាំង​ទៅវិញ? ប្រជុំកោះ​នូវែលកាឡេដូនី បាន​ធ្លាក់​ក្រោម​អាណានិគម​បារាំង នៅ​ឆ្នាំ ១៨៥៣ នៅ​សម័យអធិរាជ​បារាំង ណាប៉ូឡេអុង ដែល​សំលឹង​ចង់​យក​កោះនៅ​ឆ្ងាយៗ សម្រាប់ធ្វើ​ជា​ពន្ធនាគារ​ដាក់​អ្នកទោស​នយោបាយ។ ប្រជាជន​ម្ចាស់​ស្រុក ដែល​មាន​ឈ្មោះ​ថា Kanak ឧស្សាហ៍​ងើប​បះបោរ ជាច្រើន ដោយសារ​តែ​ការជិះជាន់ មើលងាយ​អ្នកគ្រប់គ្រង​ជាតិបារាំង។ នៅក្នុង​ពិព័រណ៌​ស្នាដៃ​អាណានិគម នៅទីក្រុង​ប៉ារីស នៅឆ្នាំ ១៩៣១ រដ្ឋបាល​បារាំង​គ្រប់គ្រង​ប្រជុំកោះ នូវែល​កាឡេដូនី​បាន​យក​ប្រជាជន​Kanak ១១១នាក់ ដាក់ក្នុង​ទ្រុង បង្ហាញ​ដល់​ទស្សនិកជន​បារាំង។

ការមិនស្មើភាពគ្នា ការងអំពើ​អយុត្តិធម៌ បាន​ធ្វើ​ឲ្យ​ប្រជាជន​ Kanak​កើតក្តីគុំគួន និង​ងើបបះបោរ​ជា​ញឹកញាប់​ប្រឆាំង​ទាហាន​អាណានិគម​បារាំង។ ព្រឹត្តិការណ៍​ដែល​ធ្វើ​ឲ្យ​គេ​ចងចាំ​បំផុត និង​ដែល​ជា​ដើមហេតុ​ដំបូង​នៃ​ការចរចា រៀបចំ​បង្កើត​ការបោះឆ្នោត​ប្រជាមតិ​ទាមទារ គឺ​ការចាប់ជំរិត​សម្លាប់​ប៉ូលិស​បារាំង​បួននាក់ ដោយ​ក្រុមប្រជាជន​ដើម Kanak​នៅក្នុង​ល្អាង Ouvéa នៅ​ឆ្នាំ​១៩៨៨។ នៅ​ឆ្នាំដដែល នាយករដ្ឋមន្រ្តី បារាំង លោក​Michel Rocard ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដែល​នៅក្នុង​នោះ បារាំង និង​ប្រជុំកោះ​នូវែលកាឡេដូនី​ត្រូវ​ត្រួសត្រាយ​ផ្លូវរួម​គ្នា ដើម្បីឈាន​ទៅ​ផ្តល់​ឯករាជ្យ​ឲ្យ​នូវែលកាឡេដូនី។ នៅ​១០​ឆ្នាំ​ក្រោយ បារាំង​ដែល​នៅតែ​មិនទាន់​អាច​រៀបចំ​ការបោះឆ្នោត​ប្រជាមតិ នៅ​លើ​ទឹកដី​កាន់កាប់​របស់ខ្លួន បាន​សម្រេច​ធ្វើ​កិច្ចព្រមព្រៀង​ថ្មី​មួយទៀត ដែល​នៅក្នុង​នោះ​បារាំង​បានយល់ព្រម​បែងចែក​អំណាច​ខ្លះ​​ជាមួយ​ប្រជាជន​ម្ចាស់ស្រុក Kanak ហើយ​និង​សន្យា​រៀបចំ​ការបោះឆ្នោត​ប្រជាមតិ នៅ​រវាង​២០​ឆ្នាំ គឺ​នៅ​ចុងឆ្នាំ ២០១៨​នេះ​តែម្តង។

តើអ្នកណា​ជា​អ្នកខាត នៅពេល​ប្រជាជន​នូវែលកាឡេដូនី យល់ព្រម​ផ្តាច់ខ្លួន​ពី​បារាំង?

ទៅតាម​កិច្ចព្រមព្រៀង​នៅ​ឆ្នាំ ១៩៩៨ នូវែលកាឡេដូនី​មាន​រដ្ឋបាល សភា គ្រប់គ្រង​រដ្ឋបាល​របស់ខ្លួន។ ប៉ុន្តែ​អាជ្ញាធរ​បារាំង​នៅ តែ​គ្រប់គ្រង​ក្នុង​ដៃ​នៅឡើយ ផ្នែក​ប៉ូលិស តុលាការ ហើយ​និង​ការអប់រំ​ជាន់ខ្ពស់។ នៅពេល​ដែល​នូវែលកាឡេដូនី បោះឆ្នោត​យល់ព្រម​ផ្តាច់ខ្លួន​ចេញពីការគ្រប់គ្រង​របស់​បារាំង នោះ នូវែលកាឡេដូនី ក៏​នឹង​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការការពារ​ជាតិ​របស់​បារាំងដែរ។ គ្មានទាហាន​បារាំង​នៅ​ចាំការពារ ក៏​ប្រជាជន​នៅ នូវែលកាឡេដូនី មិន​ស្លាប់​ដែរ។ ប្រជុំកោះ​នូវែល​កាឡេដូនី ដែលជា​ជង្រុក​រ៉ែនីគែល តំណាង​ឲ្យ​១ភាគបួន ក្នុង​ពិភពលោក កំពុង​ជួប​កំណើនសេដ្ឋកិច្ច រីកលូតលាស់​ពី​អាជីវកម្ម​ធនធាន​ធម្មជាតិ​របស់ខ្លួន។ នេះ​គេនៅមិនទាន់​និយាយ​ឆ្នេរខ្សាច់​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរផង។

បើសិន​ប្រជុំកោះ​នូវែលកាឡេដូនី​បោះឆ្នោត​យល់ព្រម ទាមទារ​ឯករាជ្យ​ពី​បារាំង នោះ​គឺ​រដ្ឋាភិបាល​ខាត មិនថា ទាំង​សេដ្ឋកិច្ច និង​ការពារ​ជាតិ។ ក្រសួងការពារ​ជាតិ​បារាំង​បាន​និយាយ​ទុកមុន​ហើយថា នៅថ្ងៃ​ណាដែល​បារាំង របូត​បាត់​ប្រជុំកោះ​នូវែលកាឡេដូនី នោះ​បារាំង​នឹង​បាត់ផងដែរ ឥទ្ធិពល​យោធា របស់ខ្លួន នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក ដោយសារ​តែ​បារាំង​លែង​មាន​ទឹកដី​របស់ខ្លួន​សម្រាប់​បោះមូលដ្ឋានទ័ព​នៅក្នុង​តំបន់។

បារាំង​នឹង​បាត់បង់​ផងដែរ សិទ្ធិ​គ្រប់គ្រង​តំបន់​ទឹកសេដ្ឋកិច្ច ដែល​ស្ថិតនៅជុំវិញ ប្រជុំកោះ ដែល​បារាំងធ្លាប់​ប្រើ​ជា​ប្រយោជន៍ ក្នុង​ការដឹកជញ្ជូន​ផ្លូវទឹក។ បារាំង​នឹង​ខាត​ប្រយោជន៍​ច្រើន បើសិន​នូវែល​កាឡេដូនី លែង​នៅ​ជា​ទឹកដី​របស់​បារាំង។ ប៉ុន្តែ រដ្ឋាភិបាល​បារាំង ដែល​មិន​ចង់​ដើរតាម​ដានចាស់​របស់​អេស្ប៉ាញ បាន​យល់ព្រម​ឲ្យ​មាន​ការបោះឆ្នោត​ប្រជាមតិ ទាមទារ​ឯករាជ្យ។ លោក​ប្រធានាធិបតី​បារាំង ម៉ាក្រុង​ធ្លាប់​និយាយ​ថា លោក​ចង់​​ឲ្យ​នូវែលកាឡេដូនី​នៅជាមួយ​បារាំង។ ប៉ុន្តែ បើសិន​ព្រហ្មលិខិត​កម្រិត​ឲ្យ​នូវែលកាឡេដូនី ដើរចែក​ផ្លូវ​ពីបារាំង នោះ​រដ្ឋាភិបាល​បារាំង​មាន​តែសុខចិត្ត នៅ​បន្ត​ធ្វើការក្នុង​នាម​ជា​ដៃគូ​វិញ ម្តង​ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច។ បារាំង​ចិត្តល្អ មិន​ចង់​ប្រើ​កម្លាំង​បាយ​ ដាក់គំនាប​លើ​នូវែលកាឡេដូនី ប៉ុន្តែ ចង់​អនុវត្ត​នយោបាយ​ផ្ទេរអំណាច​បែប​ស្រទន់។ ទាំងនោះ​ក៏ដោយសារ​បារាំង​ធ្លាប់​បាន​ភ្លក់រសជាតិ​ល្វីងជូរចត់​រួចហើយ ពី​អតីតកាល។ ការងើបបះបោរ​ដ៏ហិង្សា​របស់​ប្រជាជន​អាល់ហ្សេរី ដើម្បី​ទាមទារ​ឯករាជ្យ​ពីបារាំង នៅ​តែ​ជាប់​ដិតដាម ស្លាកស្នាម​នៅឡើយ នៅក្នុង​ប្រវត្តិសាស្រ្តបារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ