rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង អារ៉ាប៊ីសាអូឌីត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

រាជទាយាទ​អារ៉ាប៊ីសាអូឌីត​បេន សាលម៉ាន​បញ្ចប់​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ​ក្នុង​ប្រទេស​បារាំង

media
រាជទាយាទ​អារ៉ាប៊ីសាអូឌីត​បេន សាលម៉ាន និង​លោក​នាយករដ្ឋមន្រ្តី​បារាំង Edouard Philippe REUTERS/Charles Platiau

ថ្ងៃ​អង្គារ ទី១០ មេសា​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ព្រះរាជ​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ​របស់​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​បេន សាលម៉ាន​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ ទស្សនកិច្ច​បញ្ចប់​ជាមួយ​នឹង​ការ​ស្រប់ស្រូប​អាហារ​ពេល​ល្ងាច​រវាង​ព្រះអង្គ​ម្ចាស់​សាលម៉ាន និង​លោក​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង។ ប្រធានរឿង​នៃ​កិច្ចសន្ទនា​រវាង​លោក​ម៉ាក្រុង និង​ព្រះម្ចាស់​សាលម៉ាន​មាន​ច្រើន ដោយ​ផ្តោត​សំខាន់​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។ តែ​ទន្ទឹម​គ្នា​នេះ ក៏​មាន​ការ​ចុះ​ហត្ថលេខា​លើ​កុងត្រា​ពាណិជ្ជកម្ម​ជា​ច្រើន​រវាង​ក្រុង​ប៉ារីស និង​ក្រុង​រីយ៉ាដ​ដែរ។


គឺ​ជា​ព្រះរាជ​ទស្សនកិច្ច​ដែល​មាន​គោលដៅ​រឹតចំណង​វិស័យ​ការទូត និង​វប្បធម៌​រវាង​បារាំង និង​អារ៉ាប៊ីសាអូឌីត តែ​ទន្ទឹម​គ្នា​នេះ វិស័យ​សេដ្ឋកិច្ច​ក៏​បាន​ក្លាយ​ជា​ប្រធានបទ​យ៉ាង​សំខាន់​មិន​អាច​ខ្វះ​បាន​ដែរ ពិសេស​ចំ​ពេល​ដែល​ព្រះអង្គម្ចាស់​សាលម៉ាន​កំពុង​ស្វែង​រក​ប្រភព​សេដ្ឋកិច្ច​ផ្សេង ក្រៅ​ពី​ការ​ពឹងលើ​ប្រភព​ប្រេងឆៅ​តែ​មួយ។ ព័ត៌មាន​ពី​គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ដែល​អម​ដំណើរ​ព្រះអង្គម្ចាស់​សាលម៉ាន​ឲ្យ​ដឹង​ថា មាន​ការ​ចុះ​ហត្ថលេខា​លើ​កុងត្រា​ពាណិជ្ជកម្ម​ចំនួន ១៩កុងត្រា​នៅ​ក្នុង​ជំនួប​រវាង​គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត និង​ក្រុម​អ្នកជំនួញ​បារាំង​គ្រាក់ៗ។

គេ​នៅ​មិន​ទាន់​បាន​ដឹង​ពី​ទំហំ​ទឹកប្រាក់​នៃ​កុងត្រា​ពាណិជ្ជកម្ម​រវាង​ក្រុង​រីយ៉ាដ និង​ក្រុង​ប៉ារីស​នៅ​ឡើយ​ទេ អ្វី​ដែល​គេ​ដឹង កុងត្រា​ពាណិជ្ជកម្ម​ទាំង ១៩ កុងត្រា​មាន​តាំង​ពី​ក្នុង​វិស័យ​ថាមពល ឧស្សាហកម្ម ឬ​ការ​ផលិតទឹកស្អាត​ជា​ដើម។ ក្រៅ​ពី​ការ​រឹតចំណង និង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​បារាំង អារ៉ាប៊ីសាអូឌីត ជំនួប​រវាង​លោក​ម៉ាក្រុង និង​ព្រះអង្គ​សាលម៉ាន​ក្នុង​ពេល​ស្រស់ស្រូប​អាហារ​យប់​ថ្ងៃ​អង្គារ ទី១០ មេសា​ក៏​ផ្តោត​លើ​សំណុំរឿង​អន្តរជាតិ ពិសេស​បច្ចុប្បន្នភាព​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ដោយ​ចាប់​ផ្តើម​ពី​វិបត្តិ​នៅ​ក្នុង​ប្រទេស​ស៊ីរី​រហូត​ដល់​រឿង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។ ទាំង​នេះ​មិន​ភ្លេច​និយាយ​ទេ​ពី​វិបត្តិ​នៅ​ក្នុង​ប្រទេស​យេម៉ែន​ដែល​អារ៉ាប៊ីសាអូឌីត​កំពុង​ដឹកនាំ​កម្លាំង​សម្ព័ន្ធអារ៉ាប់​តាំង​ពី ៣ឆ្នាំ​ដើម្បី​វាយប្រហារ​លើ​ពួក​ឧទ្ទាម​ហ៊ូទីស្ស។

ទាក់ទង​នឹង​អន្តរាគមន៍​យោធា​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត​នៅ​ក្នុង​ប្រទេស​យេម៉ែន ថ្នាក់ដឹកនាំ​បារាំង​ធ្លាប់​បាន​ធានា​ថា អាវុធ​ដែល​បារាំង​លក់​ឲ្យ​អារ៉ាប៊ីសាអូឌីត​មាន​ការ​ត្រួតពិនិត្យ​ច្បាស់លាស់​ដើម្បី​កុំ​ឲ្យ​ទីក្រុង​រីយ៉ាដ​ប្រើ​ដើម្បី​សម្លាប់​ជនស៊ីវិល​ស្លូតត្រង់។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី បារាំង​កំពុង​បន្ត​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​រឿង​លក់​អាវុធ​ឲ្យ​អារ៉ាប៊ីសាអូឌីត​នេះ។ ទាក់ទង​នឹង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ឆ្នាំ ២០១៥ បារាំង​បាន​គាំទ្រ​ឲ្យ​រក្សា​ភាព​ដើម​នៃ​កិច្ចព្រមព្រៀង​នោះ។ តែ​អារ៉ាប៊ីសាអូឌីត​បាន​គាំទ្រ​តាម​ជំហរ​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ដែល​ចង់​ឲ្យ​សើរើ ពិនិត្យ​មើល​ឡើង​វិញ។

ចប់​ហើយ​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ​របស់​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​សាលម៉ាន​ក្នុង​ទឹកដី​បារាំង ហើយ​នៅ​ដំណាច់​ឆ្នាំ ២០១៨ នេះ លោក​ប្រធានាធិបតី​បារាំង​ម៉ាក្រុង​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អារ៉ាប៊ីសាអូឌីត​វិញ​ម្តង នេះ​បើ​តាម​ការ​ប្រកាស​របស់​វិមាន​ប្រធានាធិបតី​បារាំង៕