អានតួអត្ថបទ
អាល្លឺម៉ង់

ខ្យល់កូដកម្ម​​​បក់ឆ្លង​ចូល​ដល់​អាល្លឺម៉ង់

សហជីព​តំណាង​បុគ្គលិក​រដ្ឋ​អាល្លឺម៉ង់ នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ បានប្រកាស​ធ្វើ​កូដកម្ម រយៈពេល​៣​ថ្ងៃ ចាប់តាំង​ពី​ថ្ងៃ​អង្គារ​ទី ១០​មេសា។ ដោយ ធ្វើ​កូដកម្ម​លក្ខណៈ​ព្រមាន សហជីព​បុគ្គលិក​រដ្ឋ​អាល្លឺម៉ង់​ចង់ទាមទារ​ការចែករំលែក​ផលចំណេញ​ជាតិ ដែល​បាន​មក​ពីកំណើន​សេដ្ឋកិច្ច ហើយ​និង​ការថយចុះ គួរ​ឲ្យ​កត់សំគាល់​នៃ​ចំនួន​មនុស្ស​គ្មាន​ការងារ​ធ្វើ​នៅ​អាល្លឺម៉ង់។ 

យន្តហោះ​របស់​ក្រុមហ៊ុន​Lufthansa នៅព្រលានយន្តហោះ​ក្រុង​ម៉ុយនិច
យន្តហោះ​របស់​ក្រុមហ៊ុន​Lufthansa នៅព្រលានយន្តហោះ​ក្រុង​ម៉ុយនិច ©REUTERS/Michaela Rehle/File Photo
ផ្សាយពាណិជ្ជកម្ម

មហាកូដកម្ម របស់​បុគ្គលិក​នយោជិក​ក្រុមហ៊ុន​រដ្ឋអាល្លឺម៉ង់  នឹង​ប៉ះពាល់​ខ្លាំង​ដល់​អាកាសយានដ្ឋាន សំខាន់ៗ​ទាំង​៤​និង​ ទីក្រុង ធំៗ​របស់​អាល្លឺម៉ង់ រួមទាំង​រដ្ឋធានី​ប៊ែរឡាំង។ កូដកម្ម​នៅតាម​ព្រលាន យន្តហោះ ត្រូវ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ហោះហើរ​អាល្លឺម៉ង់ Lufthansa លុបចោល ជើងហោះហើរ​ជាង ៨០០ ដែល​ប៉ះពាល់​ដល់​អ្នកដំណើរ ប្រមាណ ៩ម៉ឺន​នាក់។ កូដកម្មដែល​ចាប់ផ្តើម​តាំងពី​ថ្ងៃអង្គារ​រហូត​ដល់​ថ្ងៃ​សុក្រ នឹង​ប៉ះពាល់ ផងដែរ សេវាដឹកជញ្ជូន​សាធារណៈ សាលារៀន មន្ទីរពេទ្យ និង​សេវាអនាម័យ​ក្រុង។

សហជីព​រដ្ឋ​ដ៏​សំខាន់​ជាងគេ Verdi​សង្ឃឹមថា ពីពេលនេះ រហូត​ដល់​ថ្ងៃ​សុក្រ កូដកម្ម​នឹង​កើតឡើង ជាបន្តបន្ទាប់ នៅទូទាំង​ប្រទេស ដើម្បី​ដាក់​សម្ពាធ លើ​រដ្ឋាភិបាល​ដែល​ជា​ដៃគូ​ចរចា​ជាមួយ សហជីព។ នៅក្នុង​ការចរចា ជាមួយ​ភាគី​រដ្ឋាភិបាល នៅ​ថ្ងៃ​អាទិត្យ​ចុងសប្តាហ៍នេះ សហជីព​ចង់​ទាមទារ​ការដំឡើង​ប្រាក់ខែ ប្រមាណ ៦ភាគរយ ពោល​គឺ ២០០​អឺរ៉ូ​បន្ថែម​ទៀត ក្នុង​មួយខែ សម្រាប់​បុគ្គលិក នយោជិក​ជាង ២លាន ៣សែននាក់ ដែល​បម្រើការ​ឲ្យ​ក្រុមហ៊ុន ស្ថាប័ន​រដ្ឋាភិបាល។

អ្នកទទួល​ខុសត្រូវ​របស់​សហជីព Verdi បាន​ទាមទារ​ឲ្យ​រដ្ឋអាល្លឺម៉ង់ ចែករំលែក​ផលចំណេញ​សេដ្ឋកិច្ច ជាមួយ​បុគ្គលិក​រដ្ឋអាល្លឺម៉ង់ ព្រោះថា សេដ្ឋកិច្ច​អាល្លឺម៉ង់ កំពុង​កើនឡើង ចំណែក ចំនួន​អ្នកគ្មានការងារ​ក៏ថយចុះ គួរ​ឲ្យ​កត់សំគាល់។ ប៉ុន្តែ សម្រាប់​ក្រសួងមហាផ្ទៃ​អាល្លឺម៉ង់ ដែលត្រូវ​ចូលរួម​ចរចា​ជាមួយ​សហជីព វាយតម្លៃថា ការទាមទារ​​របស់​សហជីព គឺ​ច្រើន​ហួសហេតុ ដែល​រដ្ឋមិន​អាច​ឆ្លើយតបបាន។ នៅ​ថ្ងៃ​ចន្ទ ក្រសួង​មហាផ្ទៃ​អាល្លឺម៉ង់ បាន​ពន្យល់ថា ទោះបី​ជាអាល្លឺម៉ង់ មាន​កំណើន​សេដ្ឋកិច្ច​ជា​វិជ្ជមាន ប៉ុន្តែ រដ្ឋសហព័ន្ធ នៅ​ជាប់​បំណុល​ច្រើន ដែល​រដ្ឋ​ត្រូវ​កាត់បន្ថយ៕

 

នៅ​អាល្លឺម៉ង់ សហជីព​តែងរៀបចំ កូដកម្ម នៅដើម ឬ​ពាក់កណ្តាល​នៃ​ការចរចា ដើម្បី​ដាក់​​សម្ពាធ​លើ​ភាគី​ម្ខាងទៀត។ សហជីព​បាន​ព្រមាន​រួចហើយ ពីការរៀបចំ​កូដកម្ម រយៈពេលវែង ដើម្បីធ្វើ​ឲ្យ​សេវាកម្ម​រដ្ឋ​ទាំងអស់​ត្រូវ​ជាប់​គាំងស្ទះ ក្នុង​ករណី​ដែល​ការចរចា​​នៅតែ​ទ័លច្រក គ្មាន​ផ្តល់​លទ្ធផល​អ្វី។ នៅ​បារាំង​ឯណោះវិញ ក្រុមហ៊ុន​អយស្ម័យាន​បារាំង​បាន​វាយតម្លៃ​ពីការខាតបង់​ទឹកប្រាក់ ១០០​លាន​អឺរ៉ូ ចាប់តាំង​ពី​បុគ្គលិក​ក្រុមហ៊ុន​ផ្លូវដែក​បារាំង SNCF ចាប់​ធ្វើ​កូដកម្ម​ដើម្បី​ប្រឆាំង​នឹង​កំណែទម្រង់​របស់​រដ្ឋាភិបាល តាំងពី​ថ្ងៃ​ទី​៣​មេសា​សប្តាហ៍មុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ