rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង អារ៉ាប៊ីសាអូឌីត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​​រាជទាយាទ​​អារ៉ាប៊ីសាអូឌីត យាង​​មក​​បំពេញ​​ទស្សនកិច្ច​​បី​​ថ្ងៃ​​នៅ​​ប៉ារីស

media
រាជបុត្រ​ស្នង​រាជ​អារ៉ាប៊ីសាអូឌីត Mohammed Ben Salmane មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង​បី​ថ្ងៃ ©BANDAR AL-JALOUD/Saudi Royal Palace/AFP

ក្នុង​វ័យ៣២ឆ្នាំ ព្រះអង្គម្ចាស់​ ម៉ូហាម៉េត បេន សាល់ម៉ាន ឬ​MBS ស្តេច​ស្នង​រាជ​អារ៉ាប៊ីសាអូឌីត បាន​យាង​មក​ដល់​ក្រុង​ប៉ារីស​ហើយ នៅ​ថ្ងៃ​អាទិត្យ​ទី ៨​មេសា ដោយ​មាន​រដ្ឋមន្ត្រីក្រសួង​ការបរទេស​បារាំង​ទៅ​ធ្វើ​គារកិច្ច​ទទួល​ដល់​ព្រលាន​យន្តហោះ។ កម្មវត្ថុ​នៃដំណើរ​​​ទស្សនកិច្ច​ផ្លូវការ​រយៈ​ពេល​បី​ថ្ងៃនេះ នៅ​ប្រទេស​បារាំង ផ្តោត​ទៅ​សំខាន់​ទៅ​លើការ​រឹត​ចំណង​​ទំនាក់ទំនង​រវាង​បារាំង-អារ៉ាប៊ីសាអូឌីត​ឡើង​វិញ បន្ទាប់​ពី​បាន​ឆ្លងកាត់​ភាព​តាន​តឹង​ដោយសារ​វិបត្តិ​ក្នុងតំបន់។


នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប៉ារីសនេះ ទំនង​ជា​គ្មាន​ទេ​កិច្ច​សន្យាពាណិជ្ជកម្ម​ធំៗ​ល្អៗ​នោះ។ ប្រធានាធិបតី​បារាំង​ចង់​បាន​ជា​បឋម​ ការ​ស្តារ​កិច្ចសហប្រតិបត្តិការ​ល្អ​ជា​មួយ​នឹង​រាជាណាចក្រ​ប្រេងកាត​ ​ដែល​កំពុង​ធ្វើ​កំណែទម្រង់ សង្គម និង​សេដ្ឋកិច្ច តាំង​ពី​រាជបុត្រ​ស្នង​រាជ​ឡើង​កាន់​អំណាច​មក និង​ប្រើ​ឱកាសនេះ​សម្រាប់​​រឹត​ចំណង​​ទំនាក់ទំនង​ទ្វេ​ភាគី ដែល​ស្មុគស្មាញនឹង​គ្នា​ខ្លាំង ​​នា​រយៈពេលចុងក្រោយ​នេះ ព្រោះ​តែ​អារ៉ាប៊ីសាអូឌីតបាន​​លូក​ដៃច្រើនពេក​​​ក្នុង​វិបត្តិដែល​កំពុង​អង្រន់​​​តំបន់​ដើមបូព៌ា​។នេះ​បើ​តាម​ប្រភព​ស្និទ្ធ​នឹង​វិមាន​ប្រធានាធិបតី។

ប៉ុន្តែ​ទស្សនកិច្ច​របស់​រាជបុត្រ​សាល់ម៉ាន នឹង​ត្រូវ​ផ្តោត​ខ្លាំង​ទៅ​វិស័យ​វប្បធម៌ ទេសចរណ៍ និង​វិនិយោគនា​ពេល​អនាគត ព្រមទាំង​វិស័យ​បច្ចេកវិទ្យា ដោយ​ព្រះ​អង្គ​ម្ចាស់​មាន​គម្រោង​នឹង​ទៅ​ទស្សនា​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ថ្មី Start-up ​ប៉ារីស ដ៏​ធំ​ជាងគេ​នៅ​លើ​ពិភពលោក។ បើ​តាម​ប្រភព​​ស្និទ្ធ​នឹង​ប្រតិភូ​អារ៉ាប៊ីសាអូឌីត ពិធីសារ​កិច្ចព្រមព្រៀង​ចំនួន​១៨ ក្នុង​វិស័យទេសចរណ៍ ថាមពល​ និង​ដឹកជញ្ជូន នឹង​ត្រូវ​ចុះ​ហត្ថលេខា​​​ នា​ឱកាស​ទស្សនកិច្ច​នេះ។ គម្រោង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​បុរាណវិទ្យា នឹង​ត្រូវ​ប្រកាសឱ្យ​ដឹង​ដែរ។

ចំណែក​វិបត្តិនៅក្នុង​​តំបន់ ដូច​ជា សង្គ្រាម​នៅ​ស៊ីរី កិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់ សង្គ្រាម​នៅ​យ៉េមែន ដែល​អារ៉ាប៊ីសាអូឌីតដឹកនាំ​ធ្វើ​អន្តរាគមន៍​យោធា ព្រមទាំង​ស្ថានភាព​ប្រទេស​លីបង់ដែល​បារាំង​ធ្លាប់​បាន​ធ្វើ​អន្តរាគមន៍​នយោបាយ​ដោយ​ផ្ទាល់​ នឹង​ត្រូវ​លើក​មក​ពិភាក្សា ក្នុង​ជំនួប​ជាមួយ​នឹង​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង នា​រសៀល​ថ្ងៃ​អង្គារ។​​ ទាក់ទង​នឹង​ប្រទេស​យ៉េមែន និង​ឆ្លៀត​ពេល​ដែល​រាជបុត្រ​ស្នង​រាជ សាល់ម៉ាន កំពុង​បង្ហាញ​វត្តមាន​នៅ​ក្រុង​ប៉ារីស ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល ចង់​បញ្ចេញ​សំឡេង​ឱ្យ​ខ្ទរ​លាន់​ឡើង​ ​ដើ​ម្បី​ពញ្ញាក់​ស្មារតី​បារាំង​ឱ្យ​ឈប់នាំ​អាវុធ​ទៅ​លក់​ឱ្យ​អារ៉ាប៊ីសាអូឌីត។ ប្រតិបត្តិការ​យោធា​អារ៉ាប៊ីសាអូឌីត នៅ​យ៉េមែន​ តែង​រង​ការ​រិះគន់​​​ជា​ញឹកញយថា​បាន​​ សម្លាប់​ជនស៊ីវិល។

សូម​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​​របស់​ព្រះរាជបុត្រ​ស្នង​រាជ MBS ស្ថិត​ក្នុង​ក្របខ័ណ្ឌ​នៃ​​ដំណើរ​ចែចង់​ក្រុម​ប្រទេស​បស្ចឹម​លោក​ ឱ្យ​បាន​ឃើញ​អំពី​រូបភាព​ថ្មី​នៃ​​អារ៉ាប៊ីសាអូឌីត ដែល​ល្បី​ឈ្មោះ​ជា​ប្រទេសផ្តាច់ការ អភិរក្ស មក​ជា​ប្រទេស​​បើក​​ចំហ​សេរីនិយមជាង​មុន។ មុន​នឹង​មក​ដល់​បារាំង ព្រះ​អង្គ​ម្ចាស់​បាន​យាង​ទៅ​អង់គ្លេស និងចំណាយ​ពេល​បី​សប្តាហ៍​នៅ​​​អាមេរិក ជាមួយ​នឹង​ការ​ចុះ​កិច្ចសន្យា​ និង​កិច្ចព្រមព្រៀង​វិនិយោគក្នុង​ស្រុក​​ជា​ច្រើន​។ អារ៉ាប៊ី​សាអូឌីត ហាក់​កំពុង​ត្រៀម​​ខ្លួន​ពង្រឹង​សេដ្ឋកិច្ច​ដោយ​មិន​រំពឹង​តែ​លើ​ធនធានធម្មជាតិ​ប្រេង​កាត ក្រោម​ដីទៀត៕