rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

រុស្ស៊ី អាមេរិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អាមេរិក​ប្រកាស​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​ក្រុម​មនុស្សជំនិត​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន

media
អាមេរិក​ប្រកាស​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​រុស្ស៊ី REUTERS/Joshua Roberts

នៅ​ថ្ងៃ​សុក្រ ទី៦ មេសា រដ្ឋបាល​អាមេរិក​របស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​ប្រទេស​រុស្ស៊ី។ ផ្ទាំងស៊ីប​នៅ​ក្នុង​ទណ្ឌកម្ម​ថ្មី​បាន​សំដៅ​លើ​ឥស្សរជន​រុស្ស៊ី​ចំនួន ២៤នាក់ រោងចក្រ សហគ្រាស​រុស្ស៊ី​ចំនួន ១៤ ព្រម​ទាំង​ស្ថាប័ន​រុស្ស៊ី​មួយ​ចំនួន​ទៀត​ដែល​បាន​ចូលរួម​ជាមួយ​រដ្ឋអំណាច​ក្រុង​មូស្គូ​ដើម្បី​វាយប្រហារ​លើ​លទ្ធិប្រជាធិបតេយ្យ​បស្ចិមលោក។ ប្រតិកម្ម​ពី​រុស្ស៊ី មូស្គូ​បាន​បរិហារ​លើ​ទណ្ឌកម្ម​ថ្មី​នេះ​ពី​រដ្ឋបាល​អាមេរិក​ដោយ​ចាត់​ទុក​ជា​ទណ្ឌកម្ម​គ្មាន​មូលដ្ឋាន​គ្រឹះ និង​អមិត្តភាព។


នៅ​ក្នុង​ចំណោម​ឥស្សរជន​រុស្ស៊ី​ទាំង ២៤នាក់​ដែល​ស្ថិត​ក្នុង​ផ្ទាំងស៊ីប​នៃ​ទណ្ឌកម្ម​ថ្មី​ពី​រដ្ឋបាល​អាមេរិក មាន ៧នាក់​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មនុស្សជំនិត​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន និង ១៧នាក់​ជា​អ្នក​ទទួល​ខុសត្រូវ​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល។ ក្រុម​មនុស្ស​ជំនិត​ទាំង ៧នាក់​របស់​លោក​ពូទីន​រួម​មាន ថៅកែ​មហា​ក្រុមហ៊ុន​អាលុយមីញ៉ូម Rusal និង​មហាសេដ្ឋី​គ្រាក់ៗ​ក្នុង​ក្រុមហ៊ុន​ថាមពល។ ចំណែក​អ្នក​ទទួល​ខុសត្រូវ​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ទាំង ១៧នាក់​មាន​ដូច​ជា​នាយក​ក្រុមហ៊ុន​រដ្ឋ Gazprom រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ឬ​មួយ​នាយក​ឆ្មាំជាតិ និង​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​រុស្ស៊ី​ជា​ដើម។

ចំណែក​រោងចក្រ សហគ្រាស​រុស្ស៊ី​ទាំង ១៤ មាន ១ ជា​ក្រុមហ៊ុន​របស់​រដ្ឋ​ខាង​នាំ​អាវុធ​ចេញ និង​១២ ជា​កម្មសិទ្ធិ ឬ​ក៏​កំពុង​គ្រប់គ្រង​ដោយ​មនុស្ស​ជំនិត​ទាំង ៧នាក់​របស់​លោក​ពូទីន។ ថ្នាក់ដឹកនាំ​អាមេរិក​បាន​ថ្លែង​ថា ទ្រព្យសម្បត្តិ​ទាំង​អស់​ដែល​ឥស្សរជន​រុស្ស៊ី និង​រោងចក្រ សហគ្រាស​រុស្ស៊ី​ទាំង​នេះ​កំពុង​មាន​នៅ​បរទេស​នឹង​អាច​បង្កក​ទុក។ សូម​ជម្រាប​ជូន​ថា ចំ​ពេល​ដែល​លោក​ដូណាល់ ត្រាំ​កំពុង​ព្យាយាម​ស្វែង​រក​ទំនាក់ទំនង​ល្អ​ជាមួយ​សមភាគី​រុស្ស៊ី​ពូទីន រដ្ឋបាល​មួយ​ភាគ​របស់​លោក រួម​ទាំង​សភា​បែរ​ជា​បន្ត​ដាក់​ទណ្ឌកម្ម​ប្រឆាំង​រុសស្ស៊ី​តាម​រយៈ​ច្បាប់​អនុម័ត​ក្នុង​ខែ​សីហា ឆ្នាំ ២០១៧។

គឺ​ជា​ច្បាប់​ដែល​ប្រឆាំង​នឹង​គូប្រជែង​របស់​អាមេរិក​ដោយ​សំដៅ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​ក្នុង​រឿង​ក្រសោប​យក​ទឹកដី​គ្រីមេ​របស់​អ៊ុយក្រែន ការ​ចូលរួម​របស់​រុស្ស៊ី​នៅ​ក្នុង​សង្រ្គាម​ស៊ីរី និង​ការ​លូកដៃ​ជា​យថាហេតុ​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ក្នុង​ឆ្នាំ ២០១៦។ ម្យ៉ាង​ទៀត វិធានការ​ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក​លើ​រុស្ស៊ី​ពេល​នេះ​ក៏​បាន​ធ្វើ​ឡើង នៅ​ក្នុង​បរិបទ​នៃ​ភាព​តានតឹង​រវាង​រុស្ស៊ី និង​អង់គ្លេស​ក្នុង​សំណុំរឿង​បំពុល​អតីត​ភា្នក់ងារ​ចារកិច្ច​រុស្ស៊ី​លោក Skripal ក្នុង​ប្រទេស​អង់គ្លេស​កាល​ពី​ថ្ងៃទី៤ មីនា។

យ៉ាង​ណា​ក៏​ដោយ រុស្ស៊ី​បាន​បញ្ចេញ​ប្រតិកម្ម​បរិហារ​លើ​ទណ្ឌកម្ម​ថ្មី​នេះ​ពី​រដ្ឋបាល​អាមេរិក​ដោយ​ចាត់​ទុក​ជា​ទណ្ឌកម្ម​គ្មាន​មូលដ្ឋាន​គ្រឹះ និង​អមិត្តភាព៕