rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

រុស្ស៊ី អង់គ្លេស

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សំណុំរឿង Skripal៖​រុស្ស៊ី​បដិសេធ​ថា មិន​បាន​ផលិត​សារធាតុពុល​គីមី​អ្វី​ណា​នៅ​ឯ​តំបន់​ទន្លេ Volga របស់​ខ្លួន​ឡើយ

media
លោក Sergueil Lavrov ប្រមុខ​ការទូត​រុស្ស៊ី REUTERS

ថ្ងៃសុក្រ ទី៦មេសា ក្រុងមូស្គូ បានច្រានចោល​ដំណឹងចុះផ្សាយដោយកាសែតអង់គ្លេស ដែល ថា សារធាតុគីមី បំពុលអតីតភ្នាក់ងារឈ្លបការណ៍រុស្ស៊ី ឈ្មោះ Serguei Skripal  ដែលតែងបាន លួចយក ការណ៍ពីរុស្ស៊ី ទៅឲ្យអង់គ្លេស ហើយសព្វថ្ងៃរស់នៅលើទឹកដីអង់គ្លេស បានជាង ៧ ឆ្នាំហើយ ហាក់បីត្រូវ បានផលិត ក្នុងក្រុងមួយបិទជិត នៃតំបន់ទន្លេ Volga ជាទីដែលមានរោងចក្រគីមី។


បើថ្ងៃព្រហស្បតិ៍ ទី ៥ មេសា កាសែតក្រុងឡុងដ៏ The Sun បានអះអាងថា សារធាតុពុលនោះ ត្រូវ បានផលិត គឺនៅ សង្កាត់ Yassenievo ជាសង្កាត់ប៉ែកខាងត្បូងឈៀងលិច នៃក្រុងមូស្គូ នោះ​ថ្ងៃសុក្រទី ៦ មេសា កាសែតអង់គ្លេសមួយទៀត The Times សរសេរថា ធាតុពុលនោះ តាម​ពិត គឺ​ផលិត​នៅតំបន់ក្រុង Saratov តាមដងទន្លេ Volga ។ គួរនិយាយថា ទីក្រុងនេះ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៨០០ គម និរតី ពីរដ្ឋធានីរុស្ស៊ី។ ដោយចុះផ្សាយដំណឹងទម្លាក់ទោសជាថ្មី មក​លើ​រុស្ស៊ី កាសែតអង់គ្លេសទាំងពីរនោះ គូស បញ្ជាក់ថា ដំណឹងដែលខ្លួនចុះនោះ គឺយោង​ទៅលើ​ប្រភព​សម្ងាត់​ក្នុងចារកិច្ចអង់គ្លេស។ ប្រាកដណាស់ ដែលព័ត៌មានបែបនេះ មិនអាចមិនញ៉ាំង​ឲ្យមាន​ប្រតិកម្ម​ឆេះដុំពីខាងមូស្គូឡើយ។

 

ថ្លែងថ្ងៃ សុក្រ ទី៦ មេសា ទៅ ពួកអ្នកកាសែត ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃ បណ្តាប្រទេស សហគមន៍រដ្ឋឯករាជ្យ ហៅកាត់ថា CEI ដែលប្រព្រឹត្តទៅ នៅក្រុងមីនស្ក៏ រដ្ឋធានីបេឡារុស លោកប្រមុខការ ទូតរុស្ស៊ី ស៊ែរហ្គៃ ឡាវ្រ៉ូវ លើកឡើងថា បើទើបឥឡូវ ដែលពួកគេ ដឹងឮអំពីរោងចក្រនៅក្រុង Saratov នោះតាមមតិខ្ញុំ ការនេះបង្ហាញឲ្យឃើញជាថ្មីម្តងទៀតថា ពួកគេ ពីមួយថ្ងៃទៅមួយថ្ងៃ ខំស្វែងរកទាំង ច្រាស់ ច្រាល និង រញាក់រញ័រ អ្វីៗដែលថ្មី សម្រាប់បញ្ជាក់ពី គោលជំហារគេ ដែលមិនអាចការពារ ជាដាច់ខាត។

គោលជំហរនេះ ដូចមុនដដែល នៅតែមិនអាចការពារបាន ដរាបណា ដែលអង់គ្លេសមិនសុខចិត្ត យល់ព្រម តាមនីតិវិធីចែង ដោយអនុសញ្ញាស្តីអំពីការហាមប្រាមអាវុធគីមី គឺ ធ្វើការពិគ្រោះយោបល់ រកខុសត្រូវ ដោយ ស្មោះត្រង់ និង សុចរិត ហើយដាក់ចេញមកលើតុ នូវតឹកតាងទាំងអម្បាលម៉ាន ដែលខ្លួនមាន មិនមែន លាក់វាទុកក្នុងហោប៉ៅខ្លួនឡើយ។ តាមសំដីលោក ឡាវ្រ៉ូវ រុស្ស៊ីស្គាល់​ច្បាស់​ណាស់ តម្លៃនៃពាក្យពោល អាង របស់សហសេវិកអង់គ្លេស។ យើងមិនអាច​ជឿទុកចិត្តលើ​ពាក្យ​ពោល​អាងនោះឡើយ។ យើងចង់ ផ្ទៀងផ្ទាត់មើល ប៉ុន្តែ ភាគីអង់គ្លេសមិនអនុញ្ញាត។

 

អំពីកូនក្រុង Chikhany ជាក្រុងបិទជិតនៃខេត្ត Saratov ដែលថាជាកន្លែងស្តុកទុកអាវុធគីមី នោះ តំណាង ពេញសមត្ថកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី ប្រចាំភូមិភាគតំបន់ Volga ជាទីដែលមាន​ក្រុង​នេះ​ស្ថិតនៅ គឺលោក Mikhail Babitch ដែលក៏ជាអតីតប្រធានគណៈកម្មការរដ្ឋរុស្ស៊ី ខាងកំទេច​អាវុធគីមី បានថ្លែងទៅ ទីភ្នាក់ងារ  ព័ត៌មាន Interfax ថា រុស្ស៊ី បានកំទេចអាវុធប្រភេទនេះ អស់រលីងតាំងពីខែកញ្ញាឆ្នាំ ២០១៧ ម៉្លេះ ដោយ មាននៅដៃ គឺទាំង វិញ្ញាបនប័ត្រ​បញ្ជាក់​ពី​ការ​កំទេច​នេះ ចេញឲ្យដោយ អង្គការហាមប្រាមអាវុធគីមី ស្របនឹង អនុសញ្ញាឆ្នាំ១៩៩៧ ស្តីអំពី​ការ​ហាម​ប្រាមអាវុធគីមី តែម្តង៕