rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អេស្ប៉ាញ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក Carles Puigdemont ថា ឯករាជ្យភាព​នៃ​តំបន់​កាតាឡូញ៉ា​មិនមែន​ជា​ដំណោះស្រាយ​តែ​មួយ​ទេ

media
លោក Carles Puigdemont អតីត​ប្រមុខ​ដឹកនាំ​តំបន់​កាតាឡូញ៉ា​​នៃ​ប្រទេស​អេស្ប៉ាញ REUTERS/Fabian Bimmer

មួយ​ថ្ងៃ​ក្រោយ​ពី​តុលាការ​អាល្លឺម៉ង់​ដោះលែង លោក Carles Puigdemont អតីត​មេដឹកនាំ​តំបន់​កាតាឡូញ៉ា​នៃ​ប្រទេស​អេស្ប៉ាញ​បាន​ធ្វើ​សន្និសីទកាសែត​មួយ​នា​ថ្ងៃ​សៅរ៍ ទី៧ មេសា​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់។ នៅ​ក្នុង​សន្និសីទកាសែត​នោះ លោក Puigdemont បាន​ធានា​ច្បាស់ៗ​ថា ឯករាជ្យភាព​នៃ​តំបន់​កាតាឡូញ៉ា​មិនមែន​ជា​ដំណោះស្រាយ​តែ​មួយ​ទេ និង​ថាលោក​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​អេស្ប៉ាញ។

 


« ខ្ញុំ​តែងតែ​និយាយ​ថា ឯករាជ្យភាព​នៃ​តំបន់​កាតាឡូញ៉ា​មិនមែន​ជា​ដំណោះស្រាយ​តែ​មួយ​ទេ ហើយ​យើង​បាន​ត្រៀម​ខ្លួន​ដើម្បី​ស្តាប់ និង​ធ្វើ​ការ​ជាមួយ​រដ្ឋអំណាច​អេស្ប៉ាញ ប្រសិន​បើ​ទីក្រុង​ម៉ាឌ្រីដ​មាន​ផែនការ​ជាក់​ច្បាស់​មួយ​សម្រាប់​តំបន់​កាតាឡូញ៉ា » នេះ​ជា​ការ​ថ្លែង​របស់​លោក Carles Puigdemont នៅ​ក្នុង​សន្និសីទកាសែត​ជា ៣ភាសា គឺ​កាតាឡូញ៉ា អង់គ្លេស និង​ភាសា​អេស្ប៉ាញ។ តែ​លោក Puigdemont ក៏​បាន​ឆ្លៀត​ព្រមាន​ថា គេ​ត្រូវ​ចាប់​ផ្តើម​សារភាព​ការ​ពិត​ដែល​ថា ឯករាជ្យនិយម​តាម​បែប​ប្រជាធិបតេយ្យ​នៅ​កាតាឡូញ៉ា​ជា​រឿង​ពិត​មិន​អាច​ប្រកែក​បាន។

បន្ទាប់​មក​ទៀត លោក Puigdemont បាន​ប្រាប់​ពី​ជំហរ​របស់​ក្រុម​អ្នក​ទាមទារ​ឯករាជ្យនិយម​នៅ​កាតាឡូញ៉ា​ដែល​ចង់​ឲ្យ​អន្តរជាតិ​ធ្វើ​ជា​អាជ្ញាកណ្តាល​ជួយ​ដោះស្រាយ​វិបត្តិ​រវាង​តំបន់​កាតាឡូញ៉ា និង​រដ្ឋាភិបាល​អេស្ប៉ាញ។ នៅ​ក្នុង​ន័យ​នេះ លោក Puigdemont បាន​អំពាវនាវ​ដល់​ក្រុង​ម៉ាឌ្រីដ​ឲ្យ​ទទួល​យក​អន្តរការី​អន្តរជាតិ។ សូម​ជម្រាប​ជូន​ថា លោក Puigdemont ត្រូវ​បាន​រដ្ឋអំណាច​អាល្លឺម៉ង់​ចាប់​ខ្លួន​ក្នុង​ថ្ងៃទី២៥ មីនា​ដោយ​ផ្អែក​តាម​ដីការ​អឺរ៉ុប​ធ្វើ​ឡើង​ដោយ​រដ្ឋអំណាច​អេស្ប៉ាញ។ តែ​បន្ទាប់​ពី​បាន​ជាប់​ឃុំ​រយៈពេល ១០ថ្ងៃ​មក តុលាការ​អាល្លឺម៉ង់​ក៏​បាន​សម្រេច​ដោះ​លែង​លោក Puigdemont ឲ្យ​នៅ​ក្រៅ​ឃុំ​នា​ថ្ងៃ​សុក្រ ទី៦ មេសា​ជាមួយ​នឹង​ការ​តម្កល់​ប្រាក់​ចំនួន ៧៥ ០០០អឺរ៉ូ។

ការ​ដោះលែង​ដែល​តុលាការ​អាល្លឺម៉ង់​យល់​ថា ខ្លួន​មិន​អាច​ទទួល​យក​បាន​ទេ​លើ​ការ​ចោទ​លោក Puigdemont ជា​មេឧទ្ទាម​ពី​សំណាក់​រដ្ឋអំណាច​អេស្ប៉ាញ។ ខណៈ​នេះ តុលាការ​អាល្លឺម៉ង់​កំពុង​បន្ត​ពិនិត្យ​លើ​ការ​ចោទ​ប្រកាន់​មួយ​ទៀត​ពី​សំណាក់​រដ្ឋអំណាច​អេស្ប៉ាញ​លើ​លោក Puigdemont ថា​ជា​អ្នក​លួច​បង្វែរ​លុយ​រដ្ឋ។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​អាល្លឺម៉ង់​នឹង​បញ្ជូន​លោក Puigdemont ទៅ​ឲ្យ​អេស្ប៉ាញ ឬ​អត់​ទេ តែ​ក្នុង​ពេល​រង់ចាំ លោក Puigdemont នឹង​បន្ត​ឋិត​ក្រោម​ការ​ឃ្លាំមើល​ពី​តុលាការ​អាល្លឺម៉ង់។ យ៉ាង​ណា​ក៏​ដោយ លោក Puigdemont បាន​អះអាង​ថា លោក​មាន​បំណង​បន្ត​ស្នាក់នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ និង​ថា ក្រោយ​ពី​នីតិវិធី​តុលាការ​បាន​ចប់​រួចរាល់ និងមាន​សេរីភាព​ពេញទី លោក​នឹង​ត្រឡប់​ទៅ​រស់នៅ​ក្នុង​ប្រទេស​បែលហ្ស៊ិក​ដែល​ជា​ទីកន្លែង​ជ្រកកោណ​ដំបូង​របស់​ដើម្បី​បន្ត​ការ​តស៊ូ​ជា​បន្ត​ទៀត៕