តួកគីព្រមានបារាំងកុំឲ្យប្រព្រឹត្តកំហុសឆ្គងដូចអាមេរិកនៅស៊ីរី
នៅថ្ងៃព្រហស្បតិ៍ ទី៤ មេសា លោកអ៊ីប្រាហ៊ីម កាលីន អ្នកនាំពាក្យប្រធានាធិបតីតួកគីបានព្រមានប្រទេសបារាំងកុំឲ្យប្រព្រឹត្តកំហុសឆ្គងដូចអាមេរិក។ អាមេរិកដែលបានបោះមូលដ្ឋានទ័ពនៅក្នុងស្រុកមីនប៊ី ស្ថិតក្នុងទីក្រុងអាឡិបនៃប្រទេសស៊ីរី។ តាមទីក្រុងអង់ការ៉ា ស្រុកមីនប៊ីកំពុងរងការគំរាមវាយប្រហារពីកម្លាំងទ័ពតួកគីដើម្បីគាស់រំលើងកម្លាំងប្រដាប់អាវុធគួដឌីស្ថានស៊ីរី។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០៨
ការព្រមានរបស់តួកគីចំពោះបារាំងពេលនេះបានធ្វើឡើង បន្ទាប់ពីតួកគីទទួលបានព័ត៌មានស្តីពីវត្តមានទាហានបារាំងជាមួយកម្លាំងប្រដាប់អាវុធគួដឌីស្ថានក្នុងស្រុកមីនប៊ីរបស់ប្រទេសស៊ីរីដែលទីក្រុងអង់ការ៉ាចង់វាយប្រហារគាស់រំលើង។ សូមជម្រាបជូនថា ស្រុកមីនប៊ីជាអតីតទីតាំងរបស់ពួកជីហាតអង្គការរដ្ឋអ៊ីស្លាម និងត្រូវបានកម្លាំងប្រជាធិបតេយ្យស៊ីរីរួមជាមួយកម្លាំងសម្ព័ន្ធមិត្តអន្តរជាតិដឹកនាំដោយអាមេរិកវាយយកបានត្រឡប់វិញក្នុងឆ្នាំ ២០១៦។
តាមក្រុមអ្នកសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី មានទាហានសម្ព័ន្ធមិត្តអន្តរជាតិជិត ៣៥០នាក់ ពិសេសទាហានអាមេរិក និងបារាំងកំពុងឈរជើងនៅក្នុងស្រុកមីនប៊ីនោះ។ ក្រុមអ្នកសង្កេតការណ៍សិទ្ធិមនុស្សស៊ីរីដដែលបានឲ្យដឹងទៀតថា កម្លាំងសម្ព័ន្ធមិត្តអន្តរជាតិទើបបានដាក់ទ័ពបន្ថែមទៀត ពិសេសទ័ពអាមេរិក និងបារាំងក្នុងពេលដែលលោកប្រធានាធិបតីតួកគីអ៊ែរដូហ្កានបានគំរាមម្តងជាពីរដងក្នុងការវាយប្រហារគាស់រំលើងកម្លាំងប្រដាប់អាវុធគួដឌីស្ថានចេញពីស្រុកមីនប៊ី។
លោកអ៊ីប្រាហ៊ីម កាលីន អ្នកនាំពាក្យប្រធានាធិបតីតួកគីបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានថា លោកបានជួបសន្ទនាជាមួយសមភាគីបារាំង ហើយបារាំងបានឆ្លើយថា ការបញ្ជូនទ័ពបារាំងទៅកាន់ស្រុកមីនប៊ីមិនស្ថិតក្នុងរបៀបវារៈទេ និងថា លោកក៏បានប្រាប់ទៅបារាំងវិញកុំឲ្យប្រព្រឹតកំហុសឆ្គងដូចអាមេរិក។ សូមជម្រាបជូនថា តួកគីបានចាត់ទុកកម្លាំងទ័ពគួដឌីស្ថាននៅស៊ីរីជាដៃជើងរបស់កម្លាំងពលករគួដឌីស្ថាន PKK ដែលកំពុងតស៊ូប្រយុទ្ធបង្ហូរឈាមទល់នឹងរដ្ឋាភិបាលតួកគីក្នុងទឹកដីតួកគីតាំងពីឆ្នាំ ១៩៨៤។
ចំណែកកម្លាំងប្រជាធិបតេយ្យស៊ីរីដែលមានយុទ្ធជនអារ៉ាប់នៅក្នុងជួររបស់ពួកគេដែរនោះត្រូវបានតួកគីយល់ឃើញថា គ្រាន់តែជាអេក្រង់មួយដើម្បីធ្វើឱ្យស្របច្បាប់នូវការគាំទ្រដែលសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចដទៃទៀតផ្តល់ឱ្យពួកគួដឌីស្ថានស៊ីរីប៉ុណ្ណោះ។ ទីក្រុងអង់ការ៉ាធ្លាប់បានបញ្ជាក់ប្រាប់បារាំងរួចហើយថា ខ្លួនមិនទទួលយកដាច់ខាតនូវសំណើសុំធ្វើអន្តរការីរបស់លោកប្រធានាធិបតីបារាំងម៉ាក្រុងរវាងតួកគី និងកម្លាំងប្រជាធិបតេយ្យស៊ីរី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ