អានតួអត្ថបទ
ហូឡង់

អង្គការ​ហាមឃាត់​អាវុធគីមី​បើក​កិច្ចប្រជុំ​ដើម្បី​និយាយ​ពី​រឿង​បំពុល​លោក Skripal និង​កូនស្រី

នៅ​ថ្ងៃ​ពុធ ទី៤ មេសា អង្គការ​ហាម​ឃាត់​អាវុធគីមី​បើក​កិច្ចប្រជុំ​វិសាមញ្ញ​មួយ​ក្នុង​ក្រុង​ឡាអេ ប្រទេស​ហូឡង់។ កម្មវត្ថុ​នៃ​កិច្ចប្រជុំ គឺ​ដើម្បី​និយាយ​ពី​សំណុំរឿង​បំពុល​អតីត​ភ្នាក់ងារ​ចារកិច្ច​រុស្ស៊ី​លោក Skripal និង​កូនស្រី​ក្នុង​ប្រទេស​អង់គ្លេស​កាល​ពី​ថ្ងៃទី៤ មីនា។ ការ​បំពុល​ដែល​ទីក្រុង​ឡុងដ៏​បាន​ចង្អុល​មុខ​រុស្ស៊ី តែ​ក្រុង​មូស្គូ​បាន​បន្ត​បដិសេធ ព្រម​ទាំង​ចោទ​អង់គ្លេស​វិញ​ថា​ជា​អ្នក​ដែល​នៅ​ពី​ក្រោយ​រឿងរ៉ាវ​មួយ​នេះ។

លោក Ahmet Uzumcu នាយក​អង្គការ​ហាមឃាត់​អាវុធគីមី
លោក Ahmet Uzumcu នាយក​អង្គការ​ហាមឃាត់​អាវុធគីមី REUTERS/Toussaint Kluiters/United Photos
ផ្សាយពាណិជ្ជកម្ម

បើ​យោង​តាម​ឯកសារ​មួយ​ផ្សព្វផ្សាយ​ដោយ​អង្គការ​ហាម​ឃាត់​អាវុធគីមី​ក្នុង​ថ្ងៃ​អង្គារ ទី៣ មេសា កិច្ចប្រជុំ​វិសាមញ្ញ​របស់​ខ្លួន​ធ្វើ​ឡើង​តាម​ការ​ស្នើ​សុំ​របស់​លោក Alexander Shulgin អ្នក​តំណាង​អចិន្រ្តៃយ៍​រុស្ស៊ី​ប្រចាំ​នៅ​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ។ អ្វី​ដែល​ភាគី​រុស្ស៊ី​ចង់​ឲ្យ​អង្គការ​ហាម​ឃាត់​អាវុធគីមី​ជជែក គឺ​ទឡ្ហីករណ៍​គ្មាន​ការ​គោរព​សន្ធិសញ្ញា​ដែល​រដ្ឋ​មួយ​បាន​ប្រឆាំង​រដ្ឋ​មួយ​ទៀត​ទាក់ទង​នឹង​រឿង​បំពុល​អតីត​ចារកិច្ច​រុស្ស៊ី​លោក Skripal និង​កូនស្រី​ក្នុង​ប្រទេស​អង់គ្លេស​កាល​ពី​ថ្ងៃទី៤ មីនា។ ការ​បំពុល​ដែល​ទីក្រុង​ឡុងដ៏​បាន​ទម្លាក់​កំហុស​ទាំង​ស្រុង​ដាក់​ទីក្រុង​មូស្គូ។

ទោះ​បី​ជា​មូស្គូ​តែងតែ​ឆ្លើយ​បដិសេធ​ម្តង​ជា​ពីរ​ក៏​ដោយ​ក៏​អង់គ្លេស​នៅ​តែ​យល់​ឃើញ​ថា មាន​តែ​ប្រទេស​រស្ស៊ី​មួយ​គត់​ដែល​អាច​ឆ្លើយ​បំភ្លឺ​នឹង​រឿងរ៉ាវ​មួយ​នេះ​បាន។ នៅ​ថ្ងៃ​ចន្ទ ទី២ មេសា លោក​ប្រមុខ​ការទូត​រុស្ស៊ី Sergueï Lavrov បាន​និយាយ​ដោយ​មិន​បញ្ឆិតបញ្ឆៀង​ថា ក្រុង​ឡុងដ៍​អាច​ស្ថិត​នៅ​ពី​ក្រោយ​រឿងរ៉ាវ​មួយ​នេះ ព្រោះ​វា​បាន​ហុច​ប្រយោជន៍​ឲ្យ​អង់គ្លេស​ដែល​កំពុង​ត្រៀម​ខ្លួន​ចាកចេញ​ពី​អឺរ៉ុប។ កាល​ពី​ថ្ងៃទី២២ មីនា តុលាការ​អង់គ្លេស​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​បូម​ឈាម​ពី​លោក Skripal និង​កូនស្រី​របស់​គាត់​យក​ទៅ​វិភាគ​ដើម្បី​ចង់​ដឹង​ច្បាស់​ពី​ប្រភេទ​សារធាតុ​គីមី​ដែល​បាន​ប្រើ​បំពុល​ឳពុក និង​កូន ហើយ​អង្គការ​ហាម​ឃាត់​អាវុធគីមី​ក៏​នឹង​ធ្វើ​ការ​វិភាគ​លើ​ឈាម​នោះ​ដាច់​ដោយឡែក​របស់​ខ្លួន​ដែរ។

គួរ​រម្លឹក​ជូន​ថា រឿងរ៉ាវ​បំពុល​លោក Skripal និង​កូនស្រី​នេះ​កំពុង​បន្ត​ធ្វើ​ឲ្យ​មាន​វិបត្តិការទូត​យ៉ាង​ធ្ងន់ធ្ងរ​រវាង​អង់គ្លេស និង​រុស្ស៊ី រួម​ទាំង​រវាង​រុស្ស៊ី​ជាមួយ​ប្រទេស​លោកខាងលិច​ជា​ច្រើន ពិសេស​អាមេរិក និង​ប្រទេស​អឺរ៉ុប​មួយ​ចំនួន។ គិត​ត្រឹម​ថ្ងៃ​ពុធ ទី៤ មេសា មាន​មន្រ្តីការទូត​រុស្ស៊ី​សរុប​ចំនួន ១៥០នាក់​ត្រូវ​បាន​ប្រទេស​អង់គ្លេស សម្ព័ន្ធមិត្ត​អង់គ្លេស និង​អង្គការ​អូតង់​បណ្តេញ​ចេញ​ពី​ប្រទេស​របស់​គេ។ ជា​ការ​ឆ្លើយ​តប​វិញ រុស្ស៊ី​ក៏​បាន​បណ្តេញ​មន្រ្តីការទូត​ចំនួន​ដូច​គ្នា​ពី​បណ្តា​ប្រទេស​ទាំង​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ