អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូដកម្ម​នៅ​បារាំង ជា​វិញ្ញាសា​ល្បង​កម្លាំង​សម្រាប់​លោក​ម៉ាក្រុង​និង​សហជីព ឬ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់ពី​ម៉ោង ៧​យប់ ម៉ោង​នៅ​ប្រទេស​បារាំង​ថ្ងៃទី ២ មេសា​ទៅ បារាំង​ត្រូវប្រឈម​នឹង​រលក​កូដកម្ម ដ៏​វែង​អន្លាយ​មិន​ធ្លាប់​មាន !​ ដោយ​ចាប់​ផ្តើម​ពី​បាតុកម្ម​​របស់​បុគ្គលិក​អយស្ម័យយាន ដែល​មាន​គម្រោង​ឈប់​មិន​ធ្វើការ​ពីរ​ឬ​បី​ថ្ងៃ​​ក្នុង​មួយ​សប្តាហ៍ រយៈ​ពេល​បី​ខែ។ កម្មវត្ថុ​នៃ​កូដកម្ម​នេះ គឺ​ដើម្បី​ប្រឆាំង​នឹង​កំណែទម្រង់​របស់​រដ្ឋាភិបាល។ ​ចរាចរណ៍​ផ្លូវ​ដែក​ ដែល​ជា​សេវា​ដឹក​ជញ្ជូន​​ដ៏​សំខាន់​របស់​បារាំង នឹង​ជួប​ភាព​រអាក់​រអួល​ និង​ជាប់​គាំង​យ៉ាង​ខ្លាំង ព្រោះ​អត្រា​នៃ​អ្នក​ចូល​រួម​ធ្វើ​បាតុកម្ម​មាន​ចំនួន​ឡើង​ដល់​ទៅ ៤៨% និង​ជាង​៧៧% ក្នុ​ងចំណោម​អ្នក​បើក​បរ​រថភ្លើង។ នេះ​បើ​តាម​តួលេខ​ដែល​មាន​ប្រកាស​​ក្នុ​ងសំណើ​សុំ​ធ្វើ​កូដកម្ម​ តាម​ផ្លូវ​ច្បាប់​ (៤៨ម៉ោងមុនចាប់​ធ្វើ​បាតុកម្ម)។ ក្រុមហ៊ុន​ដឹកជញ្ជូន​ផ្លូវអាកាស បុគ្គលិក​ផ្នែក​ថាមពល​អគ្គិសនី បុគ្គលិក​អនាម័យ(អ្នក​ប្រមូល​សម្រាម) ក៏​បាន​ប្រកាស​ឈប់​ធ្វើការ និង​ធ្វើ​បាតុកម្ម​ ចាប់​ពី​ថ្ងៃស្អែក​ទី ៣ មេសា​ទៅ​ដែរ។

បុគ្គលិក​ក្រុមហ៊ុន​អយស្ម័យយាន​បារាំង​នឹង​ផ្តើម​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី ៣ មេសា ២០១៨
បុគ្គលិក​ក្រុមហ៊ុន​អយស្ម័យយាន​បារាំង​នឹង​ផ្តើម​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី ៣ មេសា ២០១៨ REUTERS/Stephane Mahe
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនអយស្ម័យយាន​បារាំង SNCF ដែល​​ក្រុមហ៊ុន ​ដឹកជញ្ជូន​ផ្លូវ​ដែក ​រដ្ឋ នឹង​ចាប់​ផ្តើម​ធ្វើ​កូដកម្ម​ ជាផ្លូវ​ការ​នៅ​ថ្ងៃទី ៣ មេសា ស្អែក។ ប៉ុន្តែ​ភាព​រអាក់​រអួល ត្រូវ​ចាប់​មាន​តាំ​ងពី​ល្ងាច​នេះទៅ ! ហើយ​អាច​ប៉ះពាល់​រំខាន​ យ៉ាង​ខ្លាំង ដល់​អ្នក​ដំណើរ​ប្រមាណ​ជាង​៤,៥​លាន​នាក់​ក្នុង​មួយ​ថ្ងៃៗ។ ក្រុមហ៊ុន​បាន​ច្នៃប្រឌិត​រក​ឃើញ​គំនិត​និង​រៀប​ធ្វើ​កូដកម្មបែប​​ថ្មី​ ក្នុង​ទ្រង់ទ្រាយធំ និង​វែង ដោយ​បាន​នាំគ្នា​ឈប់​ធ្វើការ ពីរ ឬ​បី​ ថ្ងៃ​ក្នុង​សប្តាហ៍ រហូត​ដល់​ចុង​​ខែ​មិថុនា ពោល​គឺបើ​រាប់​ចំនួនសរុប​​ទៅត្រូវ​ជា ៣៦​ថ្ងៃ ដើម្បី​បង្ហាញ​កំហឹង​ និង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​កំណែទម្រង់​របស់​រដ្ឋាភិបាល។

សម្រាប់​រដ្ឋាភិបាល​វិញ មាន​មូលហេតុ​ច្រើន​ដែល​ជំរុញ​ឱ្យ​មាន​កំណែទម្រង់​ក្រុមហ៊ុន​រដ្ឋ​ដ៏​ធំ​មួយ​នេះ ៖

ទី​មួយ ក្រុមហ៊ុន​អយស្ម័យយាន​បារាំង លុង​ខ្លួន​ជាប់​បំណុល​រហូត​ដល់​ទៅ ៥៤​,៤ពាន់​លាន​អឺរ៉ូ។ ជា​ច្រើន​ឆ្នាំ​មក​ហើយ ក្រុមហ៊ុន​ធ្វើ​វិនិយោគ​ច្រើន​តែ​លើ​បណ្តាញ​ខ្សែ​រថភ្លើង​ល្បឿន​លឿន ​បង្កើត​ខ្សែ​ថ្មី ឯ​ខ្សែ​ផ្លូវ​ដែក​ចាស់ (បណ្តាញ​ក្នុង​ក្រុង និ​ងក្នុង​តំបន់)​ ត្រូវ​បានបំភ្លេច​ ជា​ហេតុ​ធ្វើ​សេវា​កាន់​ចុះ​អន់​ទៅៗ។ ម្យ៉ាង​វិញ​ទៀត រដ្ឋាភិបាល​ចង់​បើក​ចំហ​ទីផ្សារ​ដឹកជញ្ជូន​ផ្លូវដែក​បារាំង (ដែល​ធ្លាប់​តែ​គ្រប់​គ្រង​ផ្តាច់​មុខ​នៅ​ក្នុង​ប្រទេស) ឱ្យ​មាន​​លក្ខណៈ​ប្រកួត​ប្រជែង​ ចាប់​ពី​ឆ្នាំ​២០១៩ ចំពោះ​បណ្តាញ​រថភ្លើង​ថ្នាក់ជាតិ និង​តំបន់ និង​ចាប់​ពី​២០២០​ទៅ សម្រាប់​រថភ្លើង​ល្បឿន​លឿន​ TGV ដើម្បី​លើក​កម្ពស់​សេវាកម្ម។

បើ​តាម​គម្រោង​ច្បាប់កំណែទម្រង់​​របស់​រដ្ឋាភិបាល​ ចេញ​​កាលពី​ថ្ងៃទី ១៤ មីនា គេ​ត្រូវ​ប្តូរ​លក្ខន្តិកៈ​នៃ​ក្រុមហ៊ុន ពីស្ថាប័ន​​ក្រុមហ៊ុន​ជាតិ​ ទៅ​ជា “​ក្រុមហ៊ុនសហគ្រាស​”​ធម្មតា ដែល​ជា​របស់​រដ្ឋ​​ដដែល​ ប៉ុន្តែ​មិន​អាច​ជំពាក់​មាន​បំណុល​សេ្រច​នឹង​ចិត្ត​បានទៀត​ទេ ! ការ​ប្តូរ​ផ្លាស់​ដ៏​សំខាន់​មួយ​ទៀត គឺ​លក្ខន្តិកៈ​របស់​បុគ្គលិក ដែល​នឹង​លែង​មាន​លក្ខន្តកៈ​ពិសេស​ ធានាការងារ​អស់​មួយ​ជីវិត​ដូច​មុន​ទៀត​ហើយ​ ចំពោះ​អ្នក​ចូល​ថ្មី !

រលក​កូដកម្ម​រាល​ដល់​ក្រុម​ដឹក​ជញ្ជូន​ផ្លូវ​អាកាស អគ្គិសនី និង​ប្រមូ​លសម្រាម​

សហជីព​ក្រុមហ៊ុន​ប្រមូល​សម្រាម អគ្គិសនី​ បាន​ប្រកាស​ធ្វើ​បាតុកម្ម​ដែរ នៅ​ថ្ងៃអង្គារ​ស្អែក ក្នុងថ្ងៃ​តែ​មួយ​នឹង​បាតុកម្ម​របស់​បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍​បារាំង Air France ដែល​ក្នុង​រយៈ​ពេល​តែ​មួយ​ខែ​ធ្វើ​បាតុកម្ម​ដល់​ទៅ​បួន​ដង​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ខែ៦%។

ចំណែក​ការ​ទាមទារ​របស់បុគ្គលិក​ក្រុមហ៊ុន​អគ្គិសនី និង​សម្រាម​វិញ គ្មាន​​ទំនាក់ទំនង​ដោយ​ផ្ទាល់​នឹង​​កំណែទម្រង់​របស់​រដ្ឋាភិបាល​នេះ​ទេ ប៉ុន្តែ​នេះ​ជា​ឱកាស​មួយ​ដ៏​ល្អ សម្រាប់​​ដាក់សម្ពាធ​លើ​រដ្ឋាភិបាល ព្រោះ​ពួកគេ​ចង់​មាន​​ការ​រៀប​ចំ​សេវា​សាធារណៈ ​និង​បង្កើត​លក្ខន្តិកៈ​តែ​មួយ​ សម្រាប់​បុគ្គលិក​។

មិន​តែ​ប៉ុណ្ណោះ និងទន្ទឹម​ពេល​គ្នា​តែ​ម្តង រដ្ឋាភិបាល​ទំនង​ជា​កំពុង​មាន​សមរភូមិ​បាតុកម្ម​ថ្មី​ផ្សេង​ទៀត ! ដោយ​អាច​នឹង​មាន​​បាតុកម្ម​របស់​ក្រុម​និស្សិត​​តាម​មហាវិទ្យាល័យ​ ប្រឆាំង​នឹង​កំណែទម្រង់​ចូល​មហាវិទ្យាល័យ។ អ្នក​វិភាគ​ជា​ច្រើន​បារម្ភ​ខ្លាច​តែ​​​​ក្រុម​យុវវ័យ​នេះចេញមក​ធ្វើ​បាតុកម្ម​ទៀតទេ ព្រោះ​នៅ​ខែ​ក្រោយ ជា​គម្រប់​ខួប​៥០​ឆ្នាំ​គត់​នៃ​បដិវត្ត​វប្បធម៌​បារាំង Mai 68

រដ្ឋាភិបាលដក​ថយ​ ឬ​រុល​ទៅមុខ ?

នេះ​គឺ​ពិត​ជា​សម្ពាធ​សង្គម​ដ៏​ធ្ងន់​​បន្ថែម​​មួយ​កំរិត​ទៀត ដាក់​សង្កត់​លើរដ្ឋាភិបាល​ ដែល​ហាក់​ដូច​ជា​ពុំ​បាន​នឹក​ស្មាន​ដល់​ទេ។

តាំង​ពី​ជាប់​ឆ្នោត ឡើង​ជា​ប្រធានាធិបតី​បារាំង​មក លោក​ អេម៉ាណុយអែល ម៉ាក្រុង​ បាន​រង​ការ​រិះគន់ និង​ត្រូវបាន​ក្រុម​អ្នក​ប្រឆាំង​ចាត់​ទុក បាន​វិធី​សាស្ត្រ​​ធ្វើ​កំណែទម្រង់​បែប​កំរោល ធ្វើ​កំណែទម្រង់​ដោយ​បង្ខំ និង​ប្រើ​អំណាច​សម្រេច​តែ​ម្តង។ ជាក់​ស្តែង​នៅ​ក្នុង​កំណែទម្រង់​ច្បាប់ការងារ កំណែទម្រង់​ដ៏រ​សើប​បំផុត​មួយ ថ្វី​បើ​​ចលនា​បាតុកម្ម​ប្រឆាំង​មាន​ទ្រង់ទ្រាយធំ​និង​ខ្លាំង​យ៉ាង​ណា​ក្តី ក៏​លោក​ជំនះ​អនុម័តបាន។ នៅ​លើក​នេះ រដ្ឋាភិបាល​ក៏​នៅ​តែ​មាន​ទំនុក​ចិត្ត​​ជា​និច្ច​ថា ដើម្បី​កំណែទម្រង់​ ពេល​ខ្លះ គេ​ត្រូវ​សុខ​ចិត្ត​មាន​អប្រជាប្រិយភាព​បន្តិច​ក៏​មិន​អី។ រដ្ឋាភិបាល​លោក​ម៉ាក្រុង គ្រោង​នឹង​ប្រើ​ក្រិត្យ​ប្រធានាធិបតី​តែ​ម្តង ដើម្បី​អនុម័ត​ធ្វើ​កំណែទម្រង់​​ក្រុមហ៊ុន​អយស្ម័យយាន​ បាន​សម្រេច។ សមត្ថភាព​នៃ​ការ​ធ្វើ​កំណែទម្រង់​របស់​លោក​អេម៉ាណុយអែល និង​ប្រមុខ​រដ្ឋាភិបាល​ អេដ័រ ​ហ្វីលីព ត្រូវ​ដឹង​ស​ខ្មៅ​នៅ​ពេល​នេះ​ហើយ។

ប៉ុន្តែ វាខុស​ពី​សេវា​ដទៃ ការ​វាយ​លុក​លើ​វិស័យ​អយស្ម័យយាន ជាតំណាង​ហានិភ័យ​ដ៏​ខ្ពស់​​ ខ្លាំង​ ! គេ​ធ្លាប់​បាន​ឃើញ​​រដ្ឋាភិបាល​បារាំង​មុន​ៗ​ ជា​ច្រើន​មក​ហើយ​បាក់​ធ្មេញ នៅ​ពេល​ចង់​ធ្វើ​​កំណែទម្រង់​វិស័យ​មួយ​នេះ ឧទាហរណ៍​រដ្ឋាភិបាល របស់​លោក អាឡាំង ហ្ស៊ូប៉េ កាលពី​ឆ្នាំ​១៩៩៥។

​ក្រុម​សហជីពក៏​ដឹង​ច្បាស់​ថា​ពួក​គេ​កំពុង​​​ប្រថុយ​ប្រថាន​ខ្លាំង ​! ​ក្រុមហ៊ុន​មាន​បំណុល​វ័នក ហើយ​ត្រូ​វប្រឈម​នឹង​ការ​បើក​ចំហ​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ថ្នាក់អឺរ៉ុប​ទៀត និង​ មិន​អាច​បណ្តោយ​ឱ្យ​​រដ្ឋាភិបាលឈ្នះ​នៅ​ពេល​នេះ​បាន​ទេ ព្រោះ​រដ្ឋាភិបាល​នឹង​បន្ត​ធ្វើ​កំណែទម្រង់​ផ្សេងៗ​ទៀត​​ជាក់​ជា​មិន​ខាន។ សហជីព​សង្ឃឹម​លើ​​មតិ​សាធារណៈ​ហើយ ! ប្រសិន​បើ​​​​​បញ្ចុះ​បញ្ចូល​មតិ​សាធារណៈ​ ឱ្យ​យល់​ថា​បាតុកម្ម​របស់​ពួក​គេ​ គឺ​ជា​ការ​ប្រឆាំង​នឹង​នយោបាយ​របស់​លោ​ក​ប្រធានាធិបតី​ម៉ាក្រុង និង​រួម​រួប​សហជីព​ជា​ធ្លុង​មួយបាន​ដើម្បី​ប្រឆាំង​ការ​សម្រេច​ធ្វើ​កំណែទម្រង់​តាម​បែប​ចេញ​ក្រិត្យ​ប្រធានាធិបតី នោះ​រដ្ឋាភិបាល​នឹង​ត្រូវ​ជួប​គ្រោះ​ថ្នាក់។

កាលពី​ថ្ងៃ​ទី​១៥​មីនាពលរដ្ឋ​បារាំង ៤២%​យល់​ថា​ជា​កូដកម្ម​​​សម​រម្យ និង​ឡើង​ដល់​៤៦% បើ​តាម​ការ​ស្ទង់​មតិកាលពី​ថ្ងៃអាទិត្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ