rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

តួកគី អ៊ីស្រាអែល

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក​ប្រធានាធិបតី​តួកគី​អ៊ែរដូហ្កាន​ចោទ​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ​ជា​ភេរវជន

media
លោក​ប្រធានាធិបតី​តួកគី អ៊ែរដូហ្កាន REUTERS/Umit Bektas/File Photo

ទំនាក់ទំនង​តានតឹង​រវាង​ប្រទេស​តួកគី និង​ប្រទេស​អ៊ីស្រាអែល​ដែល​កំពុង​មាន​ស្រាប់​នឹង​ឡើង​ខ្លាំង​មួយ​កម្រិត​ទៀត។ នេះ​ក៏​ដោយសារ​ថា​នៅ​ថ្ងៃ​អាទិត្យ ទី១ មេសា លោក​ប្រធានាធិបតី​តួកគី​អ៊ែរដូហ្កាន​បាន​ចោទ​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ​ថា​ជា​ភេរវជន។ ការ​ចោទ​របស់​ប្រធានាធិបតី​តួកគី​យ៉ាង​ដូច​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​នេតាន់យ៉ាហ៊ូ​បាន​ទាត់ចោល​ការ​ផ្តល់​មេរៀន​សីលធម៌​របស់​លោក​អ៊ែរដូហ្កាន​នៅ​ក្នុង​អំពើហិង្សា​រវាង​ពលរដ្ឋ​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា និង​ទាហាន​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​សុក្រ ទី៣០ មីនា។ អំពើ​ហិង្សា​ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​ជនជាតិ​ប៉ាឡេស្ទីន​យ៉ាង​តិច ១៦នាក់។


គឺ​នៅ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ថ្លែង​ទៅ​កាន់​ក្រុម​សកម្មជន​នៅ​ក្នុង​ទីក្រុង​អាដាណា​ស្ថិត​ប៉ែក​ខាងត្បូង​តួកគី​ដែល​លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន​បាន​វាយប្រហារ​ពាក្យ​សម្តី​ត្រង់ៗ​លើ​លោក​នាយរដ្ឋមន្រ្តី​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ។ តាម​លោក​អ៊ែរដូហ្កាន លោក​នេតាន់យ៉ាហ៊ូ​មិន​ត្រឹម​តែ​ជា​អ្នក​ឈ្លានពាន​លើ​ទឹកដី​គេ​ប៉ុណ្ណោះ​ទេ តែ​ជា​ភេរវជន​តែ​ម្តង។ « អ្វី​ដែល​លោក​ឯង​បាន​ធ្វើ​ទៅ​លើ​ប្រជាជន​ប៉ាឡេស្ទីន​នឹង​ត្រូវ​កត់ត្រា​ទុក​នៅ​ក្នុង​ប្រវត្តិសាស្រ្ត ហើយ​គ្មាន​ថ្ងៃ​ដែល​យើង​អាច​បំភ្លេច​បាន​ទេ។ ចំណែក​ប្រជាជន​អ៊ីស្រាអែល​ពិត​ជា​មិន​សប្បាយចិត្ត​នឹង​អំពើ​ដែល​លោក​ឯង​បាន​ធ្វើ​ដែរ » នេះ​ជា​ការ​ថ្លែង​របស់​លោក​អ៊ែរដូហ្កាន។

ប្រតិកម្ម​ខ្លាំងៗ​របស់​លោក​អ៊ែរដូហ្កាន​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​នេតាន់យ៉ាហ៊ូ​បាន​អះអាង​ថា អ៊ីស្រាអែល​មិន​ត្រូវ​ការ​ទទួល​មេរៀន​សីលធម៌​ពី​មនុស្ស​ដែល​បាន​ទម្លាក់​គ្រាប់បែក​សម្លាប់​ជនស៊ីវិល​ស្ងាត់ៗ​អស់​ជា​ច្រើន​ឆ្នាំ​នោះ​ទេ។ មនុស្ស​ដែល​លោក​នេតាន់យ៉ាហ៊ូ​ចង់​និយាយ​សំដៅ គឺ​រូប​លោក​អ៊ែរដូហ្កាន​ក្នុង​សំណុំរឿង​វិបត្តិ​នៅ​ក្នុង​ប្រទេស​ស៊ីរី។ សូម​ជម្រាប​ជូន​ថា សង្រ្គាម​ពាក្យសម្តី​រវាង​លោក​អ៊ែរដូហ្កាន និង​លោក​នេតាន់យ៉ាហ៊ូ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ហិង្សា​រវាង​ប្រជាជន​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា និង​ទាហាន​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​សុក្រ ទី៣១ មីនា​ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​ពលរដ្ឋ​ប៉ាឡេស្ទីន​យ៉ាង​តិច ១៦នាក់ និង​របួស​ជាង ១ ៤០០នាក់។

លោក​អ៊ែរដូហ្កាន​បាន​ចាត់​ទុក​ការ​បាញ់​គ្រាប់​កាំភ្លើង​ពិត​ពី​សំណាក់​ទាហាន​អ៊ីស្រាអែល​លើ​ប្រជាជន​ប៉ាឡេស្ទីន​ថា​ជា​ទង្វើ​អមនុស្សធម៌។ តែ​លោក​នេតាន់យ៉ាហ៊ូ​បាន​សម្តែង​សាទរ​ចំពោះ​ទាហាន​អ៊ីស្រាអែល​ដោយ​ចាត់​ទុក​ជា​ទង្វើ​ការពារ​ខ្លួន និង​ការពារ​ទឹកដី​អ៊ីស្រាអែល។ នរណា​ក៏​ដឹង​ដែរ​ថា លោក​អ៊ែរដូហ្កាន​ជា​សកម្មជន​ម្នាក់​ដែល​​ចេញ​មុខ​ការពារ​បុព្វហេតុ​របស់​ប្រជាជន​ប៉ាឡេស្ទីន។ គឺ​ជំហរ​របៀប​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​តួកគី និង​អ៊ីស្រាអែល​បន្ត​ល្អក់ កករ នោះ​បើ​ទោះ​បី​ជា​ទីក្រុង​អង់ការ៉ា និង​ទីក្រុង​តេឡាវី​មាន​កិច្ចព្រមព្រៀង​ទំនាក់ទំនង​ធម្មតា​រវាង​គ្នា​ចុះ​ហត្ថលេខា​ក្នុង​ឆ្នាំ ២០០៦ ក៏​ដោយ៕