អានតួអត្ថបទ

ប្រទេស​រុស្សី​ប្រាប់​ឲ្យ​ អង់គ្លេស​ ដក​មន្រ្តី​ទូត​របស់​ខ្លួន​ ៥០​ នាក់​ ចេញ​ពី​រុស្សី​

មួយ​រយៈ​ចុង​ក្រោយ​នេះ​ ទំនាក់​ទំនង​របស់​អង់គ្លេស ​ព្រមទាំង​ប្រទេស​លោក​ខាង​លិច​  ជាមួយ​នឹង​ រុស្សី​កាន់​តែ​ល្អក់​កករ​ទ្វេ​ឡើង​ ដោយ​សារ​តែ​រឿង​ប៉ុនប៉ង​សម្លាប់ ​អតីត​ភ្នាក់​ងារចារកិច្ច​រុស្សី ដោយ​ការ​ប្រើ​សារ​ធាតុ​ពុល​។ បញ្ហា​នេះ​ បាន​បង្ក​ឲ្យ​មាន​វិបត្តិ​ការ​ទូត ​រវាងប្រទេស​ប្រទេស​រុស្សី​តែ​​ឯង​ ទល់​ជាមួយ​នឹង​អង់គ្លេស​ ព្រមទាំង​ បណ្តា​ប្រទេស​ស្និទ្ឋិ​នឹង​អង់គ្លេស​ប្រមាណ​ ជា​ ២០ ​ប្រទេស​ទៀត​។ ព្រម​ជាមួយ​គ្នា​នេះ​ រុស្សី​បាន​ប្រាប់​ឲ្យ​អង់គ្លេស​ ដក​ចេញ​នូវ​មន្ត្រី​ទូត​របស់​ខ្លួន​ចំនួន​ជាង​ ៥០​ នាក់​ ដែល​កំពុង​បម្រើ​ការ​នៅរុ​ស្សី​ ដើម្បី​ឲ្យចំនួន​មន្ត្រី​ទូត​កំពុង​បំពេញ​បេសកកម្ម​ក្នុង​ប្រទេស​ទាំងពីរ​ មាន​ចំនួន​ស្មើ​គ្នា​។

ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅរុស្ស៊ី លោកស្រី Sylvie Bermann ចាកចេញពីអគារក្រសួងការបរទេសរុស្ស៊ីនៅទីក្រុងម៉ូស្កូ កាលពីថ្ងៃទី 30 ខែមីនាឆ្នាំ 2018
ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅរុស្ស៊ី លោកស្រី Sylvie Bermann ចាកចេញពីអគារក្រសួងការបរទេសរុស្ស៊ីនៅទីក្រុងម៉ូស្កូ កាលពីថ្ងៃទី 30 ខែមីនាឆ្នាំ 2018 REUTERS/Maxim Shemetov
ផ្សាយពាណិជ្ជកម្ម

អង់គ្លេស​ និង​ក្រុម​ប្រទេស​លោក​ខាង​លិច​​ បាន​បណ្តេញ​មន្ត្រី​ទូត​រុស្សី​ជាង​ ១៥០​ នាក់​ ចេញ​ពី​ប្រទេស​របស់​ពួក​គេ​  ចំនែករុស្សី​បណ្តេញ​មន្ត្រី​ទូត​អង់គ្លេស​ និង​ បណ្តា​ប្រទេស​សម្ព័ន្ឋ​ចេញ​ពី​ប្រទេសខ្លួន​វិញ​ដែរ​។ មិនត្រឹមតែប៉ុណ្ណោះ​ នៅ​ថ្ងៃ​សៅរ៍​ទី ៣១ ​មីនា ​រុស្សី ​បាន​ប្រាប់​ឲ្យ​ អង់គ្លេស​កាត់​បន្ថយ​មន្ត្រី​ទូត​របស់​ខ្លួន ចំនួន​ជាង​៥០ នាក់​ទៀត ​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​រុស្សី​ ដើម្បី​ឲ្យ​ចំនួន​មន្ត្រី​ទូត​ដែល​កំពុង​ធ្វើ​ការ​ក្នុង​ប្រទេស​ទាំង​ពីរ ​មាន​ចំនួន​ស្មើ​គ្នា​។

បន្ថែម​លើ​នេះ​ រុស្សី​កាន់​តែ​ឆេះ​ដុំ​ នៅ​ពេល​ដែល​ចក្រភព​អង់គ្លេស​ ធ្វើ​ការ​ត្រួត​ពិនិត្យ​លើយន្ត​ហោះ​ ដែល​ហោះ​ចេញ​ពី​ទី​ក្រុង​ ម៉ូស្កូ​ មក​កាន់​អង់គ្លេស​ នា​ថ្ងៃ​ទី៣១ ​មីនា​។ អង់គ្លេស​អះអាង​ថា​ ការ​ត្រួត​ពិនិត្យ​ធ្វើ​ឡើង​ គឺ​ដើម្បី​ការពារ​ប្រទេស​របស់​ខ្លួន​ ពី​បទ​ឧក្រិដ្ឋកម្ម​ណាមួយ​ ដែល​គេ​រៀប​ចំ​ធ្វើ​ដោយ​ការ​ប្រើ​សារ​ធាតុ​ពុល​។ រុស្សី ​បាន​ចាត់​ទុក​ទង្វើ​របស់​ អង់គ្លេស​ ថា​ ជា​ការ​បញ្ឆេះ​ ជម្លោះ​ការ​ទូត​ ដែល​មាន​ស្រាប់​ ឲ្យ​កាន់​តែ​អាក្រក់​ឡើង​ទៀត​។

សូម​ជម្រាប​ថា​ លោក​ Skripal​ អតីត​ចារកិច្ច​រុស្សី ​បាន​មក​រស់នៅ​ប្រទេស​អង់គ្លេស ​តាម​រយៈ​ការ​ដោះដូ​រចារកម្ម​ រវាង​ អង់គ្លេស​ និង​ រុស្សី​។ លោក​និង​ កូន​ស្រី​ បាន​ស្នាក់​នៅ​មន្ទីរពេទ្យ​ចាប់​តាំង​ពី​ថ្ងៃ​ទី​ ៤ ​ខែ​មីនា​ បន្ទាប់​ពី​ត្រូវ​ថ្នាំ​បំពុល​ នៅ​ភាគ​ខាង​លិច​ នៃ​ទី​ក្រុង ​សាឡឺបៀ​ នៃ​ប្រទេស​អង់គ្លេស​។ បន្ទាប់​មក​ នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​លោកស្រី​ Theresa May​ និង​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​ បាន​ទំលាក់​ការ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ទៅ​លើ ​ រុស្សី​។ ប៉ុន្តែ​ ក្រុង​ម៉ូស្កូ​ បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ថា​ ខ្លូន​មិន​បាន​នៅ​ពី​ក្រោយ​ការ​ប៉ុន​ប៉ង​សម្លាប់​នោះ​ទេ​។

បច្ចុប្បន្ន​នេះ​ អង្គការ​ហាម​ឃាត់​អាវុធ​គីមី​ កំពុង​ផ្ទៀង​ផ្ទាត់​ លទ្ឋផល​ដែល​រក​ឃើញ​ដោយ​អាជ្ញា​អង់គ្លេស​ ដែល​ថា​ សារធាតុ​ពុល​គេ​បាន​ប្រើ​នោះ​ ពិត​ជា​មាន​ប្រភព​ចេញ​ពី​រុស្សី​មែន​ឫយ៉ាង​ណា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ