អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង​រៀប​យុទ្ធសាស្ត្រ​ដើម្បី​បាន​ក្លាយ​ជា​ជើង​ឯក​ផ្នែក « បញ្ញាសិប្បនិម្មិត”

ចុះផ្សាយ​នៅ​ថ្ងៃ៖

បារាំង​ចង់​ធ្វើ​ខ្លួន​ឱ្យ​ក្លាយ​ជា​ជើងឯក និង​ជា​មេដឹកនាំម្នាក់​​ផ្នែក​​បច្ចេវិទ្យា​អ៊ីនធ័រនែត “បញ្ញាសិប្បនិម្មិត”។ នៅ​ថ្ងៃនេះ នៅ​ចំពោះ​មុខ​ក្រុម​អ្នក​ជំនាញ​​កំពូលៗ មក​ពី​គ្រប់​ទិសទី​លើ​ភពផែនដី​ លោក​ប្រធានាធិបតី​ អេម៉ាណុយអែល ម៉ាក្រុង ត្រូវ​បង្ហាញ​យុទ្ធសាស្ត្រ​នៃ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ “បញ្ញា​សិប្បនិម្មិត” របស់​បារាំង។ បច្ចេកវិទ្យា​សិប្បនិម្មិត​ ដ៏​ចម្បង​នេះ កំពុង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង លើ​វិស័យ​​សេដ្ឋកិច្ច ​និង​សង្គម​ និង ​មាន​ការ​លូតលាស់​នាំ​មុខ​គេ​ខ្លាំង​នៅ​លើ​ពិភពលោកដោយ​សហរដ្ឋ​អាមេរិក និង​ចិន។

ការ​ប្រកួត​កម្មវិធី​ បញ្ញា​សប្បនិម្មិត្ត របស់ក្រុមហ៊ុន​ AlphaGo និងLee Se-Dol ជើកឯកល្បែងGo របស់​កូរ៉េ
ការ​ប្រកួត​កម្មវិធី​ បញ្ញា​សប្បនិម្មិត្ត របស់ក្រុមហ៊ុន​ AlphaGo និងLee Se-Dol ជើកឯកល្បែងGo របស់​កូរ៉េ REUTERS/Son Hyung-ju/News1
ផ្សាយពាណិជ្ជកម្ម

មិន​យូរ​មិន​ឆាប់​ទេ បច្ចេកវិទ្យា “បញ្ញា​សិប្បនិម្មិត” នឹង​បង្ហាញ​វត្តមាន​នៅ​គ្រប់​ទីកន្លែង​ គ្រប់​វិស័យ​ទាំង​អស់ ! ហើយ​នឹង​អាច​ក្លាយ​ជា​ចំណែក​មួយ​នៃ​ជីវិត​មនុស្ស​លោក និង​ធ្វើ​ឱ្យ​ទម្លាប់​រស់​នៅ​របស់​មនុស្ស​មាន​ការ​ប្តូរ​ផ្លាស់​ផង ! “បញ្ញាសិប្បនិម្មិត ឬ​ “ប្រាជ្ញា​សិប្បនិម្មិត ជា​បច្ចេកវិទ្យា បង្រៀន​ម៉ាស៊ីន​ឱ្យ​ចេះ​គិត ! គឺ​ខុស​ពី​កុំព្យូទ័រ​ដែលអាច​ធ្វើ​អ្វី ដោយ​សារ​តែ​យើង​បញ្ចូល​កម្មវិធី​ឱ្យ​នោះ​ទេ។ បន្ទាប់​ពី​វិភាគ​រូបភាព​រាប់​រយ​ពាន់​ ​“បញ្ញាសិប្បនិម្មិត អាច​នឹង​ ស្គាល់​មុខ ​វត្ថុ​ ឬ​សត្វ នៅ ក្នុង​រូបភាព​មួយ អាច​ស្គាល់សំឡេង អាច​ធ្វើអ្វី​មួយ​ដោយស្វ័យ​ប្រវត្តិ ​មិន​បាច់​បញ្ជា ចេះ​បក​ប្រែ​ភាសា ​ចេះ​ស្គាល់​អាក្បកិរិយា … ឧទាហរណ៍​ជាក់ស្តែង គេ​ប្រើ​ “បញ្ញាសិប្បនិម្មិត នៅ​ក្នុង​ឡាន​បើក​ដោយ​គ្មាន​មនុស្ស (បើក​ដោយ​ស្វ័យប្រវត្តិ) ដោយ​វា​ដឹង​ថា​នៅ​ពេល​ណា​ត្រូវ​ចាប់​ហ្វាំង ត្រូវ​នៅ​ស្ងៀម​ពេល​ស្ទះ​ចរាចរណ៍​ ។ល។ និង។ល។ មនុស្ស​យន្ត​ជួយធ្វើការ​ផ្ទះ ជួយ​បម្រើ​មនុស្ស​ចាស់ ...នៅ​ក្នុង​វិស័យ​ធនាគារ ឬ​ទំនាក់ទំនង​ភ្ញៀវ​ផ្សេង​ទៀត “បញ្ញាសិប្បនិម្មិត ចាំ​ឆ្លើយឆ្លង​​សំណួរ​របស់​ភ្ញៀវ ដោយ​​ភ្លាមៗ​។

វិស័យ​ផ្សេង​ទៀត ដូច​ជា​ការពារ​ជាតិ យោធា សុខភាព​ជា​ច្រើន កំពុង​រង់​ចាំ​ខ្លាំង​ណាស់​អំពី​ បច្ចេកវិទ្យា​ “បញ្ញាសិប្បនិម្មិត ! ដូច​ជា​នៅ​ថ្ងៃមុខ ដោយសារ​បច្ចេកវិទ្យា “បញ្ញាសិប្បនិម្មិត អាច​វិភាគ​វែក​រក​ដាន​ជំងឺ​មហារីក​ បាន​ខ្លាំង​និង​ល្អិត​ជាង​គ្រូពេទ្យ​ ដោយ​គ្រាន់​តែ​ធ្វើ​ស្កាន​អ៊ីរឹម RIM។

បារាំង​មានធនធាន តែ​ខ្វះ​មេកើយ​

ប៉ុន្តែ​បញ្ហា​សម្រាប់ពេល​នេះ គឺ​បារាំង​ មានការ​យឺត​យ៉ាវ​ខ្លាំង។ ក្នុង​វិស័យ​នេះសហរដ្ឋ​អាមេរិក និង​ចិន​ជា​ប្រទេស​នាំ​មុខ​គេ​ខ្លាំងមែនទែន បន្ត​ដោយ​ អង់គ្លេស កាណាដា និង​អ៊ីស្រាអែល។ បារាំង​បាន​ទទួល​ស្គាល់​​អំពី​ភាព​យឺត​យ៉ាវ​របស់​ខ្លួននេះ ! បារាំង​​មាន​ចំណេះ​ មាន​ក្បួន​ពិតៗ មាន​ខួរក្បាលល្អៗ និងមាន​ធនធាន​មនុស្ស ​ដែល​បរទេស​ត្រូវ​ការ​និង​ចង់​បាន​ខ្លាំងណាស់ ​ នៅ​មិន​ទាន់​មាន​តែ​ក្រុមហ៊ុន​បារាំង​ធំៗជា​មេ​ដូច​ក្រុមហ៊ុន​យក្ស​អាមេរិក Google Apple Amazon។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​បារាំង​ កំពុង​ប្រឹង​ប្រែង​ ស្តារ​មុខ​មាត់​ឡើង​វិញ និង​រៀប​ចំ​យុទ្ធសាស្ត្រ​ថ្មី ដើម្បី​បាន​ចូល​ចំណោម​ជា​ក្រុម​ជើង ឯក​​ផ្នែក​បច្ចេកវិទ្យា​“បញ្ញាសិប្បនិម្មិត ឆ្លៀត​ឱកាស​ដែល​អង់គ្លេស​កំពុង​រវល់​លែង​លះ​ជាមួយ​អឺរ៉ុប និង​អាមេរិក​ក្រោម​ការ​ដឹកនាំ​របស់​លោក​ត្រាំ។ ​មុន​ពេល​បើក​ជំនួប​កំពូល​អ្នកស្រាវជ្រាវ​“បញ្ញាសិប្បនិម្មិត ប្រធានាធិបតី​បារាំងបាន​​ទទួល​ជួប​​ពិសារ​អាហារ​ពេល​ល្ងាច​ជាមួយ​ អ្នក​ជំនាញ​កំពូល​ផ្នែក​“បញ្ញាសិប្បនិម្មិត នៅ​លើ​ពិភពលោក ជាង​១០​នាក់ មាន​អាទិ៍ មេ​“បញ្ញាសិប្បនិម្មិត ប្រចាំ​ក្រុមហ៊ុនហ្វេសប៊ូក ​ជាតិ​បារាំង កំពូល​“បញ្ញាសិប្បនិម្មិត ជាតិ​ជប៉ុនអ្នក​ផលិត​មនុស្សយន្ត​មាន​សមត្ថភាព​ប្រលង​ជាប់​ចូល​មហាវិទ្យាល័យ ជាតិ​អង់គ្លេស ជា​ស្ថាបនិក​កម្មវិធី​Deepmind AplphaGo ...

គម្រោង​ផ្តួច​ផ្តើម​លើក​តម្កើង​វិស័យ​“បញ្ញាសិប្បនិម្មិតរបស់​បារាំង ​បាន​ទទួល​ការ​ស្វាគមន៍យ៉ា​ងភ្លាមៗ។ នៅ​ល្ងាច​ថ្ងៃ​មិញ ក្រុមហ៊ុន​យក្ស​អន្តរជាតិ​​ជា​ច្រើន បាន​ប្រកាស​​ចូល​តាំង​ទី​នៅ​ក្នុង​ប្រទេស​បារាំង ក្នុង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​“បញ្ញាសិប្បនិម្មិត។ ក្រុមហ៊ុន​សាំស៊ុងរបស់​កូរ៉េ នឹង​បើក​ស្ថាប័ន​របស់​ខ្លួន​នៅ​ទីក្រុង​ប៉ារីស ក្នុង​ទំហំ​ជា​ទីតាំង​ធំ​ទីបី​របស់​Samsung ក្រុមហ៊ុន​ជប៉ុន​ Fujitsu ក៏​នឹង​មក​បើក​មជ្ឈមណ្ឌល“បញ្ញាសិប្បនិម្មិត កំរិត​អឺរ៉ុបដំបូង​របស់​ខ្លួន​​ដែរ នៅ​បារាំង និង​នៅ​មាន​ក្រុមហ៊ុន​យក្ស​ជា​ច្រើនទៀត នឹង​ត្រូវ​ប្រកាស​ខ្លួន​នៅ​រសៀល​នេះ។

​បារាំង​បាន​និង​កំពុង​ប្រឹង​​​បញ្ចុះ​បញ្ចូ​ល​ក្រុមហ៊ុន​អន្តរជាតិ រាប់​តាំង​ក្រុម​ហ៊ុន​យក្ស​អាមេរិក GAFA (Google Amazon Facebook Apple) ដែល​បារាំងចង់​គាប​យក​ពន្ធ​ឱ្យ​បាន​កាន់​តែ​ច្រើន ឱ្យ​មក​ធ្វើ​វិនិយោគ​នៅ​បារាំង។

​​​យុទ្ធសាស្ត្រនៃការ​អភិវឌ្ឍ​បច្ចេកវិទ្យា​“បញ្ញាសិប្បនិម្មិត ​

​​​លោក​ប្រធានាធិបតី​នឹង​ត្រូវ​កំណត់​ទិសដៅ អភិវឌ្ឍន៍​បច្ចេកវិទ្យា“បញ្ញាសិប្បនិម្មិត ក្នុង​ក្របខ័ណ្ឌ​អឺរឺរ៉ុប​ផង និង​ដោយ​មានការ​ចូល​រួម​ពី​អឺរ៉ុប និង​ពិសេស​ពី​អាល្លឺម៉ង់ទៀត នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ​បន្តិច​ទៀតនេះ ក្នុង​ជំនួប​កំពូល​អ្នកស្រាវជ្រាវ​​“បញ្ញាសិប្បនិម្មិត នា​ទីក្រុង​ប៉ារីស។ ប៉ុន្តែ​បើ​តាម​របាយការណ៍ ស្តី​អំពី​​យុទ្ធសាស្ត្រអភិវឌ្ឍន៍​“បញ្ញាសិប្បនិម្មិត ​ ដែល​រៀង​រៀង​ដោយ​ជើង​​ឯក​គណិត​វិទ្យា និង​ជា​សមាជិក​សភាបារាំង និង​ដែល​ជា​លទ្ធផល​នៃ​​​ការសិក្សា​​ពិគ្រោះ​ពិចារណា​ជាមួយ​នឹង​អ្នក​ជំនាញល្បីៗ ជាតិ​និង​អន្តរជាតិ​ប្រមាណ​ជាង​បីរយ​នាក់ បារាំង​មាន​គម្រោង​អភិវឌ្ឍន៍​បច្ចេកវិទ្យា "បញ្ញា​សិប្បនិម្មិត" ដែល​អាច​ចំណាយ​ថវិកា ជាង​១៥០០​លាន​ដុល្លារ ដោយ​ផ្តោត​ខ្លាំង​លើ​ ៖

  • ​​ប្រមូល​ធនធាន​​មនុស្ស​ឱ្យ​ត្រលប់ និង​នៅ​ធ្វើការ​ក្នុង​ស្រុក។ គិត​គូរ​ដំឡើង​​ប្រាក់​ខែ​ មួយ​ទ្វេ​ជា​ពីរ ដល់​អ្នក​ជំនាញ​​បារាំង​ ដែល​ល្បីល្បាញ​ខ្លាំង​ក្នុង​​ក្រុមហ៊ុនបរទេស​ ដើម្បី​ឱ្យពួក​គេ​​ត្រលប់​ចូលស្រុក​វិញ និង​ដើម្បី​ទប់​ស្កាត់​លំហូរ​ធនធាន​មនុស្ស​មាន​ជំនាញ​ទើប​ចេញ​សាលា​ថ្មី​ថ្មោង ចាក​ចេញ​ទៅ​បរទេស។ បង្កើន​វគ្គ​អប់រំ​បំពាក់បំប៉ន ខាង​ផ្នែក​“បញ្ញាសិប្បនិម្មិត រយៈ​ពេល​ខ្លី។
  • សម្រួច​ការ​អភិវឌ្ឍ​“បញ្ញាសិប្បនិម្មិត ទៅ​លើ​សេវាសាធារណៈ ​ការ​ស្រាវជ្រាវ និង​Start-up និង​ទៅ​លើ​វិស័យ​ឧស្សាហកម្ម​បួន ៖ សុខភាព បរិស្ថាន ដឹកជញ្ជូន​ និង​ការពារ​ជាតិ-សន្តិសុខ។
  • “បញ្ញាសិប្បនិម្មិត ជាតំណាង​នៃ​​ការ​ព្រួយ​បារម្ភ​ ខ្លាច​​​បច្ចេកវិទ្យា​នេះ រំលោភ​បំពានដល់​ជីវិត​ឯកជន និង​បំផ្លាញ​ការងារ​ក្នុង​ទ្រង់ទ្រាយ​ធំ​របស់​មនុស្ស ព្រម​ទាំង​បំផ្លាញ​ដល់​សន្តិសុខ​យ៉ាង​ខ្លាំង​ផង ប្រសិន​បើ​បច្ចេកវិទ្យា​នេះ​ធ្លាក់​ក្នុង​ដៃ​ជន​មិន​ល្អ ក្នុង​ន័យ​នេះ អ្នក​និពន្ធ​របាយការណ៍​បានផ្តល់​អនុសាសន៍​ឱ្យ​បារាំង​​ព្យាករ​​​បង្កើត​​ស្ថាប័ន​ឯករាជ្យ​ ដែល​សម្រេច​ពីលើ​រដ្ឋាភិបាល ឬ​បុគ្គល​ឯកជន​ ថា“បញ្ញាសិប្បនិម្មិតណា​គួរ​ ណា​មិន​គួរ​ទទួល​យក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ