អានតួអត្ថបទ

នាយក​រដ្ឋមន្ត្រីថ្លែង​សារ​បង្រួបបង្រួម​អង់គ្លេស មុន​ដើរ​ចេញ​ពី​អឺរ៉ុប

អង់គ្លេស​នឹង​ត្រូវ​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២៩ មីនា ២០១៩ ! ពោល​គឺ​សល់​តែ​មួយ​ឆ្នាំ​ទៀត​គត់​ប៉ុណ្ណោះ ! នៅ​ថ្ងៃទី ២៩ មីនា ២០១៨នេះ លោក​​ស្រី​នាយក​រដ្ឋមន្ត្រី​បានចេញ​សេចក្តី​ថ្លែង​សារ​មួយ​ ទៅ​កាន់​ប្រជាជាតិ​អង់គ្លេស ដើម្បី​សាក​ល្បង​បង្រួបបង្រួម និង ​​លួងលោម​ពលរដ្ឋ​ ស្តីពី​ការ​ដើរ​ចេញ​ពី​អឺរ៉ុប Brexit ដែល​ជា​ប្រធានបទ​ដ៏​រសើប​ក្រៃ។

លោកស្រី​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​Theresa May នៅក្នុង​ជំនួប​សហភាពអឺរ៉ុប​ថ្ងៃទី ២៣​មីនា ២០១៨
លោកស្រី​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​Theresa May នៅក្នុង​ជំនួប​សហភាពអឺរ៉ុប​ថ្ងៃទី ២៣​មីនា ២០១៨ REUTERS/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

“ថ្ងៃ​នេះ មួយ​ឆ្នាំ​គត់​មុន​នឹង​ដើរ​ចេញ​ពី​អឺរ៉ុប មុន​នឹង​អង់គ្លេស​ផ្តើម​ផ្សង​ព្រេង​លើ​ផ្លូវ​ថ្មី ខ្ញុំ​បាន​ទៅ​​បំពេញ​ទស្សនកិច្ច​ជាតិ​​ទាំង​បួន​របស់​អង់គ្លេស​ ដើម្បី​បាន​ដឹង​ថា​តើ​​ពលរដ្ឋ​អង់គ្លេស​ ទាំង​អស់​យល់​យ៉ាង​ណា ចំពោះ​Brexit?!” នេះ​ជា​ប្រសាសន៍​​របស់​លោកស្រី តេរ៉េហ្សា មេ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​។

លោក​ស្រី មេ បានធ្វើ​ដំណើរ​មួយ​ជុំ​ប្រទេស​ ដោយ​ចាប់​ផ្តើម​ពី​តំបន់​អេកូស ដើម្បី​មើល​រោង​ចក្រ​ក្រណាត់។ បន្ទាប់​មកលោកស្រី​បាន​ទៅ​ជួប​សួរ​សុខ​ទុក្ខ​ក្រុមឪពុកម្តាយ​និង​សិស្ស​នៅ​ ​Newcastleរដ្ឋអង់គ្លេស រួច​ចូល​ទៅទទួល​ទាន​អាហារ​ថ្ងៃត្រង់​ជាមួយកសិករ​នៅ​ជិត​រដ្ឋធានី​របស់រដ្ឋ​អៀរឡង់​ខាង​ជើង​របស់​អង់គ្លេស មុន​នឹង​បន្ត​ដំណើរ​ទៅ​កាន់​រដ្ឋ Pays de Galles ដើម្បី​ជជែក​តុមូល​ជាមួយ​ក្រុម​សហគ្រិន។ ជាចុងក្រោយ ជា​ជំនួប​ជាមួយ​ក្រុម​ពលរដ្ឋ​ប៉ូឡូញ​មក​ស្នាក់​នៅ​ក្រុង​ឡុងដ៍។

សម្រាប់​លោកស្រីនាយក​រដ្ឋមន្ត្រី រដ្ឋ​ខេត្ត​នីមួយៗ​របស់​អង់គ្លេស​​នឹង​មាន​អំណាច​សម្រេច​កាន់​ខ្លាំង​ ព្រោះ​លែង​ស្ថិត​នៅ​ក្រោម​បញ្ជា​ពី​សហភាព​អឺរ៉ុប​ទៀត​ហើយ ! អនាគត​អង់គ្លេស​នឹង​ភ្លឺស្វាង ! នៅ​ថ្ងៃអនាគត អង់គ្លេស​នឹង​មាន​សេរីភាព ជាមួយ​មិត្ត ជាមួយ​ដៃគូ​អឺរ៉ុប និង​ជាមួយ​ប្រទេស​ផ្សេង​ទៀត ព្រោះ​អង់គ្លេស​នឹង​មាន​ច្បាប់​ជា​ ព្រំដែន រូបិយបណ្ណ ជា​របស់​ខ្លួន​ ! អង់គ្លេស​នឹង​ខ្លាំង នឹង​រុងរឿង និង​ផ្តល់​​ផល​ប្រយោជន៍ដល់​គ្រប់​​ពលរដ្ឋ​មិន​ថា​ប្រឆាំង​និង​គាំទ្រ​នឹងការ​ដើរ​ចេញ​ពី​អឺរ៉ុបឡើយ។ នេះ​ជា​ការ​បញ្ជាក់​លម្អិត​បន្ថែមនៅ​ក្នុង​សេចក្តី​ថ្លែងការណ៍។

ប៉ុន្តែ​ក្នុង​ខណៈ​ដែល​លោកស្រី​មេ ប្រកាស​សន្យាការ​ពារ​បូរណភាព​ដែនដី​អង់គ្លេស បញ្ហា​ព្រំដែន​រវាង​ខេត្ត​អៀរឡង់​ខាង​ជើង​របស់​អង់គ្លេស និង​ប្រទេស​អៀរឡង់ (សមាជិក​សហភាពអឺរ៉ុប) នៅ​តែ​ជា​ឧបសគ្គ​យ៉ាង​ចំបង​បំផុត​មួយ​នៃកិច្ចចរចា​ដើរ​ចេញ​ពីអឺរ៉ុប។ សូម​បញ្ជាក់​ថា អង់គ្លេស​ត្រូវ​បែក​ចេញ​ពី​អឺរ៉ុប នៅ​ថ្ងៃ​២៩​មីនា ២០១៩ ពីរ​ឆ្នាំ​គត់​ក្រោយ​ផ្តើម​ដំណើរ​ការ​តាម​នីតិវិធី និង​ជិតបី​ក្រោយការ​បោះឆ្នោត​ប្រជាមតិផ្តាច់​ខ្លួន​ចេញ​ពី​អឺរ៉ុប។ តែ​ពុំ​ទាន់​រក​ឃើញ​ទេ កិច្ចព្រម​ព្រៀង​ស្តី​អំពី​ទំនាក់ទំនង​នា​ពេល​អនាគត​រវាង​អង់គ្លេស​និង​អតីត​ដៃគូ​អឺរ៉ុប​។ លោក​ស្រី មេ ទើប​បាន​ទទួល​ការ​យល់ព្រម​ពី​អឺរ៉ុប នូវ​ការព្រមព្រៀង​អន្តរកាល រហូត​ដល់​ចុង​ឆ្នាំ​២០២០​ ដែល​អនុញ្ញាត​ឱ្យ​អង់គ្លេស​បន្ត​ប្រើ​ទីផ្សារ​រួម​ តែ​គ្មាន​សិទ្ធិ​ចេញ​ស្តី​អ្វី​ទៀត​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ