អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​អ្វី​ដែល​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​ប្រាថ្នា​សម្រេច​ឲ្យ​បាន​ក្នុង​អាណត្តិថ្មី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជា​តុល្យាការ នៃ​ការ​បោះឆ្នោត​ថ្ងៃ​ ១៨ មីនា​កន្លង​ទៅ ជ្រើសរើស​ប្រធានាធិបតិ​រុស្ស៊ី សម្រាប់ អាណត្តិ​ថ្មី បេក្ខភាព លោក វ៉្លាឌីមៀរ ពូទីន បាន​ទទួល​សម្លេង​គាំទ្រ​ច្រើន​ជាង ក្នុង​ការ​បោះឆ្នោត លើក មុនៗ ទាំងអស់ គឺ​ដល់ ទៅ ៧៦,៦៩% ឬ​លើស​ពី ៣​ភាគ​៤ ឯណោះ នៃ​សម្លេង​ប្រជាពលរដ្ឋ ដែល​បាន ទៅ​បោះឆ្នោត។ ឥឡូវ ភារកិច្ច​ដែល​ចោទ នៅ​ពី​មុខ​គាត់ គឺ​ត្រូវ​ឆ្លើយ​ឲ្យ​បាន​យ៉ាង​សក្តិសម តប​នឹង​ជំនឿ​ទុក ចិត្តនេះ ពី សំណាក់​បណ្តាជន លើ រូបគាត់។ តាំងពី ២ ថ្ងៃ មុន​ពេល​បោះឆ្នោត​ម៉្លេះ ដោយ​យោង​ទៅ​លើ លទ្ធផល​ឥត​ប្រែប្រួល​នៃ ការ​ស្ទង់មតិ​ដែល​ថា គាត់​នឹង​ឈ្នោះឆ្នោត​ជា​ថ្មី លោក​ប្រមុខរដ្ឋ​ពូទីន បាន​ផ្ទុកផ្តាក់ ខុទ្ទកាល័យ​គាត់ ដែល មាន​សហការី​ប្រមាណ ២.០០០ នាក់ ឲ្យ​តាក់តែង​ឡើង​ជា​គោលដៅជាតិ​មួយ​ចំនួន សម្រាប់ ៦ ឆ្នាំ ទៅមុខ នៃ​អាណត្តិថ្មី​នេះ។

លោក Vladimir Poutine ប្រធានាធិបតី​រុស្ស៊ី
លោក Vladimir Poutine ប្រធានាធិបតី​រុស្ស៊ី REUTERS/David Mdzinarishvili
ផ្សាយពាណិជ្ជកម្ម

ជា​បឋម អំពី​និយមន័យ​នៃ​ពាក្យ​ថា​ខុទ្ទកាល័យ​ប្រធានាធិបតី​រុស្ស៊ី​ដែល​មាន​ឈ្មោះ​ជា​ផ្លូវការ​ថា រដ្ឋបាលវិមានក្រេមឡាំង ផ្សំ​ឡើង​ពី​អង្គភាព​ចំនួន​ប្រមាណ ២០ ឯណោះ មាន​ឯកទេសកម្ម តាំង​ពី​បញ្ហា ច្បាប់ សង្គម-សេដ្ឋកិច្ច កិច្ចការអន្តរជាតិ រហូត​ដល់​វប្បធម៌ និង កីឡា​ទៅ​ផង ម៉្លោះ​ហើយ​បាន​ជា​មាន សហការី-ការិនី​ធ្វើ​ការ​ច្រើន​ម៉្លឹងៗ ដល់​ទៅ ២.០០០ នាក់។

តើ​អ្វី​ដែល​លោក​ពូទីន​ប្រាថ្នា​សម្រេច​ឲ្យ​បាន

យើង​ជាប់​ក្នុង​ទំនាយ​ទទួល​ជោគជ័យ។ អញ្ចឹង​មែន​ទេ? យើង​នឹង​ក្តោបក្តាប់​យក​មក​បំពេញ គឺ​ការងារ ទ្រង់ទ្រាយ​ធំ​សំបើម ក្នុង​នាម​ប្រទេស​រុស្ស៊ី លោក​ពូទីន​បាន​ថ្លែង​យ៉ាង​នេះ លើ​ទីលាន​នៅ​ជាប់​នឹង​កំពែង វិមាន​ក្រេមឡាំង ទៅ​កាន់​មហាជន​ដែល​គាំទ្រ​គាត់ ក្នុង​យប់​ថ្ងៃ១៨ ឆ្លង​ចូល ថ្ងៃ១៩ មីនា។ មក​ទល់ពេល នោះ រាល់​តែ​ការិយាល័យ​បោះឆ្នោត បាន​បិទ​បញ្ចប់​ការងារ​ខ្លួន​ទៅ​ហើយ។ ដូច្នេះ លោក​ពូទីន បាន​ថ្លែង​ទៅ កាន់​ជនានុជន​ពេល​នោះ គឺ​ក្នុង​ឋានៈ​ជា​អ្នក​ឈ្នោះ​ឆ្នោត​សម្រាប់​អាណត្តិ​ថ្មី​តែ​ម្តង។

រីឯ​គោលដៅ​ជាតិ​ចោទ​ដោយ​លោកពូទីន ជាទូទៅ គឺ​ប៉ះ​លើ​វិស័យ​សេដ្ឋកិច្ច និង សង្គម។ ក្នុង​នោះ មាន ការ​ទាមទារ​ឲ្យ​រុស្ស៊ី បាន​ចូល​ក្នុង​ក្រុម ៥ ប្រទេស​នាំមុខ​គេ​ខាង​សេដ្ឋកិច្ច​នៅ​ក្នុងលោក និង​ធានា​ឲ្យ​កំណើន សេដ្ឋកិច្ច​រុស្ស៊ី មាន​ចង្វាក់​ខ្ពស់​ជាង ចង្វាក់​កំណើន​សេដ្ឋកិច្ច​ក្នុង​លោក និង​ការ​កើន​ឡើង​នៃ ប្រាក់ចំណូល មែនពិត របស់​បណ្តាជន និង កើន​ឡើង​ថែម​ទៀត ទំហំ​ប្រាក់​សោធននិវត្តន៍។

ក្នុង​ការ​ផ្ទុកផ្តាក់​របស់​លោក​ពូទីន ក៏​មាន​ភារកិច្ច​ប្លែកៗ​យ៉ាង​ច្រើន ផ្នែក​សង្គម​និង​ប្រជាសាស្ត្រ ឧទាហរណ៍ ដំឡើង​អាយុ​មធ្យម​របស់​ពលរដ្ឋ​រុស្ស៊ី ពី ៧៣ ឆ្នាំ ក្នុង​ឆ្នាំ​ទៅ​មិញ ឲ្យ​ឡើង​ដល់ ៧៨ ឆ្នាំ ក្នុងឆ្នាំ ២០២៤ ជា​ឆ្នាំ​បញ្ចប់​អាណត្តិថ្មី​របស់​គាត់ ហើយ​ទៅ​ទល់​ឆ្នាំ ២០៣០ ឲ្យ​ឡើង​ដល់ ៨០ ឆ្នាំ ដូច​នៅក្នុង ក្លឹប​នៃ​បណ្តា បស្ចិមប្រទេស ដែល​ពលរដ្ឋ​គេ អាយុមធ្យម គឺ​ក្នុង​កម្រិត​នេះ។ នៅ​មាន​ភារកិច្ច​មួយចំនួន​ទៀត ដែល​ប៉ះ​លើ​នយោបាយ​លំនៅ។ លោកពូទីន សន្យា​ថា ក្នុង​អាណត្តិថ្មី​របស់ គាត់ មួយ​ឆ្នាំៗ នឹង​មាន​ពលរដ្ឋ​រុស្ស៊ី មិន​តិច​ជាង ៥ លាន​នាក់​ឡើយ ឡើង​ទៅ​នៅ​ក្នុង លំនៅដ្ឋាន​ថ្មី។ ទៅ​ទល់​ថ្ងៃ ១៥ មេសា នាយក​ខុទ្ទកាល័យ​លោក ពូទីន ត្រូវ​បង្ហាញ​ជូន​គាត់ នូវ កម្មវិធី​កែប្រែ​មុខ​មាត់ ហេដ្ឋារចនាសម្ព័ន្ធ​ប្រទេស បែប​យ៉ាង បណ្តាញ​ផ្លូវ​ថ្នល់ អាកាសយានដ្ឋាន កំពង់ផែ ទីក្រុង។

ការ​ផ្ទុកផ្តាក់ មួយ​ទៀត គឺ​តាក់តែង​វិធានការ​ដែល​ឆ្ពោះ​ទៅ កែ​ឲ្យ​កាន់​តែ​ល្អ​ឡើង បរិយាកាស Business ក្នុង​ប្រទេស ដើម្បី​ទៅ​ទល់​ចុង​អាណត្តិ​គាត់ នៅឆ្នាំ ២០២៤  Business តូចតាច​ក្នុងប្រទេស រួម​វិភាគទាន បាន​ដល់​ទៅ ៤០% ទៅ​ក្នុង ផលិតផលសរុបក្នុងប្រទេស  ហៅ​ថា GDP ហើយចំនួន​អ្នក​ដែល​ជាប់​ដៃ​រវល់​ក្នុង Business ខ្នាតតូច កើន​ឡើង ពី ១៩ លាន​នាក់​សព្វថ្ងៃ​នេះ លុះ​ដល់ ២៥ លាននាក់។ ក្នុង​ពាក្យ​សន្យា​របស់​លោក​ពូទីន ក៏​មាន​ទាំង ការ​បង្កើន​ទំហំ​ហិរញ្ញប្បទាន ទៅ​ក្នុង​វិស័យ សុខាភិបាល សិក្សាធិការ ព្រម​ទាំង​ពន្លឿន​កំណើន​នៃ​ផលិតភាព​ការងារ ក្នុង​ប្រទេស។

តើ​ការ​ផ្ទុកផ្តាក់​ទាំង​នេះ​អាច​បំពេញ​រួច​ឬ​ទេ?

តាម​ការ​ប្រមាណ​នៃ​ពួក​អ្នកជំនាញ ក្នុង​លក្ខណៈ​នៃ​ចង្វាក់​កំណើន​សេដ្ឋកិច្ច​នៅ​ទាប​នៅ​ឡើយ អម​ទៅដោយ ទណ្ឌកម្ម​បស្ចិមលោក និង នយោបាយ​ត្បិតត្បៀត​ថវិកា​យ៉ាង​តឹងរ៉ឹង គឺ​មុខជា ពិបាក​បំពេញ​តាមពាក្យ​សន្យា របស់​លោកពូទីន។ ប៉ុន្តែ ព្យាករណ៍​ជា​ផ្លូវការ​នៃ ក្រសួង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​រុស្ស៊ី ស​ឲ្យ​ឃើញថា ការ​ផ្ទុកផ្តាក់​របស់​ប្រធានាធិបតី ឲ្យ​ពន្លឿន​ចង្វាក់​កំណើន​សេដ្ឋកិច្ច គឺ​អាច​បំពេញ​រួច លុះ​ណា​តែ​ក្នុងល័ក្ខខ័ណ្ឌ ធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ។ ស្រប​នឹង សេណារីយ៉ូ​ជា​គោលដៅ​របស់​ក្រសួង ទៅ​ទល់​ឆ្នាំ ២០២០ ចង្វាក់​កំណើន​សេដ្ឋកិច្ច​រុស្ស៊ី នឹង ស្ទុះ​ដល់ ៣,១%។ ទ្រនិច​លេខ​នេះ តាម​ព្យាករណ៍​របស់ក្រសួង គឺ ខ្ពស់​ជាង​ចង្វាក់​កំណើន​សេដ្ឋកិច្ច ពិភពលោក។

បើ​ស្រប​នឹង​ព្យាករណ៍​ភាគ​ច្រើន​វិញ ចង្វាក់​កំណើន​សេដ្ឋកិច្ច​រុស្ស៊ី នឹង​មាន​ទំនោរ​ទៅ​ខាង​ការ​ធ្លាក់​ចុះ ហើយ វា នឹង​ទាប​ជាង​យ៉ាង​បង្គួរ ពី​ចង្វាក់​កំណើន​នៅ​ក្នុង​លោក។ ជាក់ស្តែង តាម​ព្យាករណ៍​ធ្វើ​ក្នុង​ខែមករា ដោយ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF សេដ្ឋកិច្ច​ពិភពលោក ក្នុង​ឆ្នាំ ២០១៨-២០១៩ នឹង​កើនឡើង​ក្នុង​១ឆ្នាំៗ ដោយ​ចង្វាក់ ៣,៩%។ ចំណែក ទំហំ​សេដ្ឋកិច្ច ឬ GDP រុស្ស៊ី ក្នុង​ឆ្នាំ ២០១៨ នេះ នឹងកើន​ឡើង​តែ ១,៧% ហើយ​ក្នុង​ឆ្នាំ​ក្រោយ ឆ្នាំ ២០១៩ ចង្វាក់​កំណើន​នេះ នឹង​ស្រុត​ចុះ​ដល់ ១,៥%។

តើ​ត្រូវ​ចំណាយ​ប៉ុន្មាន ដើម្បី​បំពេញ​គោលដៅ​ជាតិ​មួយ​ចំនួន​នោះ ដាក់​ចេញ​ដោយ​លោក​ពូទីន

ក្នុង​សារ​ថ្លែង​ប្រចាំ​ឆ្នាំ ថ្លែង​ទៅ​កាន់​រដ្ឋសភា​និង​ប្រជាជាតិ លោក​ពូទីន ធ្លាប់​បាន​បង្ហើប​ឲ្យ​ដឹង​ថា ទឹកប្រាក់ ដែល​ត្រូវ​ចំណាយ គឺ​មិន​តិច​ជាង 15 Trillions roubles ឡើយ ឬ ប្រមាណ ២៦៣.០០០ លានដុល្លារ។ តាម​យោបល់ មជ្ឈមណ្ឌល​អភិវឌ្ឍន៍​នៃ​សាលា​សេដ្ឋកិច្ច​ជាន់ខ្ពស់ ដើម្បី​បាន​ទឹកប្រាក់​នេះ រុស្ស៊ី អាច​បង្កើន ខ្ទង់​បំណុលរដ្ឋ។

តើ​វាសនា​ខ្ទង់​ចំណូល​បណ្តាជន នឹង​ទៅ​ជា​យ៉ាង​ណា?

នយោបាយ​ថវិកា​របស់​រដ្ឋ នឹង​ស្ថិត​នៅ​ដូច​មុន​ដដែល គឺ​ខ្ទង់​ចំណាយ​នៃ​ថវិកា​នឹង​បន្ត​រួញ​ខើច​ទៅ ប៉ុន្តែ សម្រាប់​ការី-ការិនី ដែល​ធ្វើ​ការ​ដោយ​ពឹង​ផ្អែក​លើ​ថវិកា​រដ្ឋ នឹង​ទទួល​ប្រាក់ខែ និង​ប្រាក់រ៉ឺត្រែត កើនឡើង​ទៅ​តាម​កម្រិត​អតិផរណា។

ចុះ​ថវិកា​យោធា​វិញ នឹង​មាន​ទម្រង់​យ៉ាង​ណា?

ក្នុង​មហា​សន្និសីទកាសែត កាល​ពី​ចុង​ឆ្នាំ​មុន លោក​ពូទីន​បាន​ប្រកាស​ថា ក្នុង​ឆ្នាំ ២០១៨ នេះ ខ្ទង់ចំណាយ យោធា នឹង​មាន​ទឹកប្រាក់ 2,8 Trillions roubles ឬ ស្មើ​នឹង ៤៩.១០០ លានដុល្លារ ហើយទាំង​សម្រាប់​ឆ្នាំ ២០១៩ និង ២០២០ តួលេខ​នេះ នឹង​ស្ថិត​នៅ​ដដែល​ឥត​ប្រែប្រួល​ទេ។ លោក​ពូទីនសង្កត់​ធ្ងន់​ថា រុស្ស៊ី នឹង​បន្ត​ផ្តោត​ការ​យក​ចិត្តទុកដាក់​ទៅ​លើ​ការ​អភិវឌ្ឍន៍​កងទ័ព​និង​កងនាវា ដោយមិន​លង់​ខ្លួន​ទៅ​ក្នុង​ការ​រត់​ប្រណាំង​បំពាក់​សព្វាវុធ លុះ​ទាល់​តែ​បំផ្លាញ​ថវិកាជាតិ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ