អានតួអត្ថបទ

សហភាពអឺរ៉ុប​បើក​ជំនួប​កំពូល​ជាមួយ​នឹង​សំណុំ​រឿង​ក្តៅៗ​ច្រើន

ជំនួប​កំពូល​សហភាព​អឺរ៉ុបត្រូវ​ចាប់​បើក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២២​ មីនា ដល់​​ថ្ងៃ​សុក្រ​ទី​២៣​មីនា នៅ​ទីក្រុង​ព្រុចសែល ជា​មួយនឹង​សំណុំ​រឿង​ក្តៅ​គគុក​ជា​ច្រើន​ដូច​ជា ជម្លោះ​រវាងអង់គ្លេស​និង​រុស្ស៊ីជុំ​វិញ​ការ​បំពុល​អតីត​ភ្នាក់ងារ​ចារកិច្ច ការអនុម័ត​កិច្ចព្រមព្រៀង​អន្តរកាល​ក្រោយ​ការ​ចាកចេញ​របស់អង់គ្លេស កំណែទម្រង់​តំបន់​អឺរ៉ូ ស្នើ​ឡើង​ដោយ​ប្រធានាធិបតី​បារាំង កំណែទម្រង់​​នយោបាយ​ពាណិជ្ជកម្ម​សហភាពអឺរ៉ុប​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​យកពន្ធនាំ​ចូល​ដែកថែប​និ​ងអាលុយមីញ៉ូម ដាក់​ដោយ​សហរដ្ឋ​អាមេរិក …

ទីស្នាក់ការ​គណៈកម្មការ​អឺរ៉ុប នៅទីក្រុង​ព្រុចសែល ប៊ែលហ្ស៊ិក
ទីស្នាក់ការ​គណៈកម្មការ​អឺរ៉ុប នៅទីក្រុង​ព្រុចសែល ប៊ែលហ្ស៊ិក PATRIK STOLLARZ / AFP
ផ្សាយពាណិជ្ជកម្ម

ការពារ​ខ្លួន​​ប្រឆាំង​នឹង​នយោបាយ​បំប៉នតែ​​សេដ្ឋកិច្ចជាតិ​ឯងរបស់​បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​មិន​មែន​ជា​សមាជិក​​សហភាព​អឺរ៉ុប អនុវត្ត​បទដ្ឋាន​សង្គម​និងបរិស្ថាន ក្នុង​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ និង​គ្រោង​ត្រួតពិនិត្យ​វិនិយោគ​បរទេស​ក្នុងវិស័យ​យុទ្ធសាស្ត្រ ... នេះ​ជា​ប្រធានបទនៃ​ជំនួប​កំពូល​ដែល​សហភាព​អឺរ៉ុប​ត្រូវ​លើក​​​ជជែក​ពិភាក្សាគ្នា​ដោះស្រាយ។

ការ​ជជែក​ពិភាក្សា​អាច​នឹង​​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​ពិសេស​ខុស​សព្វ​មួយ​ដង ដោយហេតុ​តែបរិបទ​តម្រូវ ! ​ ​អាមេរិក​កំពុង​ត្រៀម​យក​ពន្ធ​នាំ​ចូល​ដែក​ថែប និង​អាលុយមីញ៉ូម​ពី​ចិន ហើយ​អាច​នឹង​ធ្វើ​ដូច​គ្នា​ជាមួយដៃគូ​នៅ​សហភាពអឺរ៉ុប។ សមាជិក​សហភាព​អឺរ៉ុប​ ទាំង​២៨មាន​គម្រោង​ដាក់​ទណ្ឌកម្ម​លើ​ការនាំ​ចូល​ផលិត​ផល​ចំណី​អាហារ​មក​ពី​អាមេរិក​​តប​វិញ ហើយ​ក៏​នឹង​អាច​រាល​ដាល​បន្ត​ដល់​វិស័យ​អ៊ីនធ័រនែត​ទៀត។ ​គណៈកម្មការ​អឺរ៉ុប​​ ​​ត្រូវ​ពិចារណា​លើ​ប្រធានដ៏​រសើប​ខ្លាំងមួយ​ដែរ គឺចង់​យក​ពន្ធ​លើ​ក្រុមហ៊ុន​យក្ស​ផ្នែក​ព័ត៌មាន​វិទ្យា​របស់​អាមេរិក​ដូច​ជា ក្រុមហ៊ុន​ Google Apple Facebook និង Amazon ដែល​អឺរ៉ុប​ប្រសិទ្ធិនាម​ថា​​ក្រុម GAFA។ សំណុំ​រឿង​នេះ​អាច​នឹង​ត្រូវ​ប៉ះពាល់​និង​រារាំង​ដោយប្រទេស​​អៀរឡង់ និង​ក្រុមប្រទេស​អឺរ៉ុប​តូចៗ​មួយ​ចំនួន​តែ​ស្និទ្ធ​នឹង​អាមេរិក​​។

ប្រធានបទ​ជា​អាទិភាព​មួយ​ទៀត សម្រាប់​ជំនួប​លើក​នេះ ការ​ចាកចេញ​របស់​អង់គ្លេសពី​សហភាពអឺរ៉ុប។ អឺរ៉ុប​និង​អង់គ្លេស​បាន​រក​ឃើញ​កិច្ចព្រមព្រៀង​អន្តរកាល​​​មួយ​ក្រោយ​ការ​ចាក​ចេញ​របស់​អង់គ្លេស កាលពី​ដើម​សប្តាហ៍​ ប៉ុន្តែ​នៅ​មាន​ចំណុច​រសើប​ជា​ច្រើន​ទៀត​ដែល​ដោះស្រាយ​មិន​ទាន់​ចេញ​ ​ត្រូវ​បន្ត​ពិភាក្សា​គ្នា​នៅ​ក្នុង​ជំនួប​កំពូល​នេះ នោះ​គឺ​បញ្ហា​ព្រំដែន​រវាង​សាធារណរដ្ឋ​អៀរឡង់​និង​អៀឡង់​ខាង​ជើង​របស់​​​អង់គ្លេស។

ប្រធានបទនយោបាយ​​អន្តរជាតិរបស់​សហភាពអឺរ៉ុប ក៏​មាន​ចំណែក​ដ៏​សំខាន់​​មួយ​ដែរ​នៅ​ល្ងាច​នេះ ! សហភាពអឺរ៉ុប​ត្រូវ​រៀប​ចំយុទ្ធសាស្ត្រ​របស់​ខ្លួន​ ជាមួយ​ក្រុម​ប្រទេស​នៅ​តំបន់​បាល់កង់ ឬ​ ភាព​តាន​តឹងរវាង​​​ក្រិច​និង​ស្ហ៊ីប ជាមួយ​តួកគី និង​ជាពិសេស​រវាង​អង់គ្លេស​និង​រុស្ស៊ី ដោយសារ​ការ​បំពុល​អតីត​ភ្នាក់ងារ​ចារកិច្ច​រុស្ស៊ី​នៅ​ក្នុង​ទឹក​ដី​អង់គ្លេស។ អង់គ្លេស​ ដែល​នៅ​ជា​សមាជិក​យ៉ាង​ពេញ​សិទ្ធិ​និង​ពេញលេញ​របស់​សហភាពអឺរ៉ុប ចង់​បាន​សេចក្តី​ថ្លែងការណ៍​រួម ២៨​ប្រទេស ថ្កោល​ទោសការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី។

ដោយ​ឡែក លោក​ប្រធានាធិបតី​បារាំង ​កំពុង​សាកល្បង​បញ្ចុះ​បញ្ចូល​ដៃគូ​ក្នុង​សហភាព​ឱ្យ​យល់​អំពី​តម្លៃ​នៃ​ការ​ធ្វើ​កំណែទម្រង់​តំបន់​ចាយ​ប្រាក់​អឺរ៉ូ ! បារាំង​ត្រូវ​ប្រឹង​ខ្លាំង​មែនទែន បើ​ចង់​សម្រេចគូស​​ជា​ផែនទី​ចង្អុលផ្លូវបាន​នៅ​ជំនួប​លើក​ក្រោយ​ (ខែ​មិថុនា) ​ព្រោះ​មាន​ប្រទេស​ខ្លះ ដូច​យ៉ាងប្រទេស​ហូឡង់ មិន​ចង់​មិន​ចង់​ឮ​ទេ។ ប៉ុន្តែ​ប្រធានបទ​នេះ​ហាក់​ដូច​ជា​ពុំ​សូវ​មាន​អាទិភាព​ខ្លាំង​ទេ នៅ​ថ្ងៃ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ