rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

ហេតុអ្វី​បានជា​ហ្វេសប៊ុក​បណ្តោយ​ឲ្យ​ក្រុមទី៣​ចូលប្រើ​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​របស់ខ្លួន?

ដោយ ឈាង បុប្ផា

ក្រុមហ៊ុន​ហ្វេសប៊ុក នៅ​ដើមសប្តាហ៍នេះ កំពុង​ប្រឈម​នឹង​វិបត្តិធ្ងន់ធ្ងរ ដោយសារ​តែ​រឿងអាស្រូវ​ជុំវិញ ការប្រើប្រាស់ ទិន្នន័យ​ផ្ទាល់របស់ខ្លួន របស់​អ្នកប្រើប្រាស់ហ្វេសប៊ុក ប្រមាណ ៥០​លាននាក់ ដោយ​ក្រុមហ៊ុន​ឯកជន​អង់គ្លេស​មួយ ដែល​ធ្វើការ​ឲ្យ​លោកដូណាល់ ត្រាំ នៅក្នុង​ពេល​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី អាមេរិក កាលពី​ចុងឆ្នាំ ២០១៦។ គេ​សង្ស័យថា ទិន្នន័យ​របស់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ទាំងនោះ ត្រូវ​បាន​ក្រុមហ៊ុន​អង់គ្លេស Cambridge Analytica យក​ទៅប្រើ ដោយ​ខុសច្បាប់ នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ ហេតុអ្វី​បាន​ជា​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ហ្វេសប៊ុក ធ្លាក់​ទៅក្នុង​ដៃ​របស់​ជនទី​៣ ដូចជា​ក្រុមហ៊ុន​អង់គ្លេស? ការសរសេរ​ចោទប្រកាន់ហ្វេសប៊ុក ហើយ​និងការអំពាវនាវ​ឲ្យ​មាន​ការស៊ើបអង្កេត​ពី​សមាជិក​បក្ស​នយោបាយ​នៅ​អាមេរិក បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​គំរូ​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​អាមេរិកាំង។ នៅ​ថ្ងៃ​ចន្ទ ភាគហ៊ុន​របស់​ហ្វេសប៊ុក ធ្លាក់​ដាំដូង​ចុះ ខ្លាំង ប្រមាណ ៧ភាគរយ។

 

រឿងអាស្រូវ​ជុំវិញ ការប្រើប្រាស់​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​ហ្វេសប៊ុក បានលេច​អណ្តែត​សាជាថ្មី ដោយសារ​ការចុះផ្សាយ​អត្ថបទ​អង្កេត​ពីរ​របស់​កាសែត​អង់គ្លេស The Guardian ហើយ​និង​កាសែត​កាសែត​អាមេរិកាំង New York Times នៅ​ចុងសប្តាហ៍​មុននេះ។ តាម​កាសែត ភាសា​អង់គ្លេស​ទាំងពីរ ក្រុមហ៊ុន​អង់គ្លេស Cambridge Analytica ដែល​មានជំនាញ​ខាង​បង្កើត​យុទ្ធសាស្រ្ត​សម្រាប់​ទំនាក់ទំនង បាន​ប្រើ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​ហ្វេសប៊ុក ប្រមាណ ៥០លាន​នាក់ នៅក្នុង​ពិភពលោក ដោយគ្មាន​បាន​សុំ សិទ្ធិ និង​ការអនុញ្ញាតិ​ពី​ម្ចាស់​សាមីខ្លួន។

តាម​កាសែត​អង់គ្លេស ក្រុមហ៊ុន Cambridge Analytica ធ្លាប់​បម្រើការ​ឲ្យ​ក្រុមឃោសនា​បោះឆ្នោត​របស់​លោកដូណាល់ ត្រាំ។ ដូច្នេះ គេ​សង្ស័យថា ក្រុមហ៊ុន​អង់គ្លេស​មួយនេះ បានប្រើ​ដោយ​ខុសច្បាប់ ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​ហ្វេសប៊ុក នៅក្នុង​យុទ្ធនាការឃោសនា​បោះឆ្នោត​របស់​លោកដូណាល់ ត្រាំ។ កាសែត​New York Times បាន​សរសេរ​ថា ទិន្នន័យ​ដែល​បានមកពី​ក្រុមហ៊ុន​អង់គ្លេស បាន​ជួយ​ឲ្យ​ក្រុម​ឃោសនា​របស់​លោកដូណាល់ ត្រាំ ដឹង​ពី​ចិត្តសាស្រ្ត​របស់​ម្ចាស់​សំឡេងឆ្នោត អាមេរិកាំង និង​ដឹង​ពីកាលៈទេសៈ ដែល​គេ​អាច​ផ្សព្វផ្សាយ​អូសទាញ សំឡេង​ឆ្នោត​បាន​យ៉ាងប្រសិទ្ធិភាព។

ហេតុអ្វី​បាន​ជា​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ហ្វេសប៊ុក ធ្លាក់​ទៅក្នុង​ដៃ​របស់​ក្រុមហ៊ុន​អង់គ្លេស Cambridge Analytica? រឿងរ៉ាវ​ដំបូងឡើយ កើតឡើង​នៅ​ចុងឆ្នាំ ២០១៣ នៅពេល​ក្រុមហ៊ុន​ Cambridge Analytica​ចាប់ផ្តើម​គម្រោងការ​ស្រាវជ្រាវ​អត្តចារិក​របស់​មនុស្ស ដើម្បី​ងាយស្រួល​នឹង​និយាយ​បញ្ចុះបញ្ចូល នៅពេល​ឃោសនា​បោះឆ្នោត។ ក្រុមហ៊ុន​អង់គ្លេស​នៅពេលនោះ បាន​ជួល​អ្នកស្រាវជ្រាវ ជំនាញ​ចិត្តវិទ្យា​រុស្ស៊ី ម្នាក់ គឺ​លោក​Aleksandr Kogan ដែល​កំពុង​ធ្វើការ​ឲ្យ​សកលវិទ្យាល័យ Cambridge ក្នុង​ប្រទេស​អង់គ្លេស។

ក្នុង​ហេតុផល ស្រាវជ្រាវ​សម្រាប់​សកលវិទ្យាល័យ Cambridge លោក Aleksandr Kogan បាន​បង្កើត​កម្មវិធី​មួយ ដែល​មានឈ្មោះថា Thisisyourdigitallife នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់លោក។ នៅក្នុង​គម្រោងការនេះ លោក​បាន​បង់ថ្លៃ​ទៅ​ឲ្យ​អ្នកប្រើប្រាស់​ហ្វេសប៊ុក ដែល​បាន​ឆ្លើយសំណួរ នៅក្នុង​កម្មវិធី Thisisyourdigitallife។ គឺ​នៅពេល​ចូលរួម​ឆ្លើយ​សំណួរ នៅក្នុង​កម្មវិធី​ Thisisyourdigitallife ដែល​អ្នកប្រើប្រាស់​ហ្វេសប៊ុក បាន​អនុញ្ញាត ដោយ​មិនដឹង​ខ្លួន ឲ្យ​លោក​ Aleksandr Kogan អាច​ដកស្រង់ ថតទុក​រាល់​ទិន្នន័យ​របស់​ពួកគេ និង​របស់​មិត្តភក្តិ ដែល​បាន​ចុចលើ​អក្សរ​ចូលចិត្ត like លើ​កម្មវិធី Thisisyourdigitallife។ អាច​និយាយ​បាន​ថា លោក​ Aleksandr Kogan មិន​បាន​ចូល​លួច​ប្រើប្រាស់​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ហ្វេសប៊ុក​នោះទេ ប៉ុន្តែ លោក​អាច​ទទួល​បាន​ទិន្នន័យ ទាំងនោះ បាន​ដោយស្រួល ដោយសារ​ហ្វេសប៊ុក គ្មាន​ប្រព័ន្ធ រឹងមាំ សម្រាប់​គ្រប់គ្រង ការពារ ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ហ្វេសប៊ុក។

សូមអាន៖​ហ្វេសប៊ុក ​មាន​អ្នក​ប្រើប្រាស់ឡើង​ដល់​២ពាន់​លាន​នាក់​ ក្នុង​មួយ​ខែ

រឿង​អាស្រូវ ប្រើប្រាស់​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​ហ្វេសប៊ុក​បាន​ផ្ទុះ​ម្តង នៅ​ឆ្នាំ ២០១៥ នៅពេល​កាសែត​ចុះផ្សាយ​ថា លោក​ Aleksandr Kogan តាមពិត បាន​ប្រមូល​ទិន្នន័យ និង​លក់​បន្ត​ទៅ​ឲ្យ​ក្រុមហ៊ុន Cambridge Analitica ក្នុង​ហេតុផល​ឃោសនា​បោះឆ្នោត។ នៅក្រោយ ការស៊ើបអង្កេត ក្រុមហ៊ុន​ហ្វេសប៊ុក កាលណោះ បាន​ចោទ​ប្រកាន់ អ្នកស្រាវជ្រាវ​រុស្ស៊ី ថា បាន​កុហក និង​បានទាមទារ​ក្រុមហ៊ុន​Cambridge Analitica បំផ្លាញចោល​ទិន្នន័យ​ផ្ទាល់ខ្លួន របស់​អ្នកប្រើប្រាស់​ហ្វេសប៊ុក។ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន នៅ​ឆ្នាំ ២០១៥ ហ្វេសប៊ុក​បាន​សរសេរ​ថា ក្រុមហ៊ុន​បាន​សម្រេច​បិទ​គណនី​របស់​ម្ចាស់​កម្មវិធីThisisyourdigitallife និង​បិទបញ្ចប់​ក្តីក្តាំ នៅក្រោយ​ក្រុមហ៊ុន​Cambridge Analitica អះអាងថា គេ​បាន​បំផ្លាញ​ចោល​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នកប្រើប្រាស់​ហ្វេសប៊ុក ដែល​បានមក​ពី​លោក​ Aleksandr Kogan។

ប៉ុន្តែ នៅ​ការពិតជាក់ស្តែង Cambridge Analitica​នៅ​តែ​មាន​នៅក្នុង​ដៃ ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​ហ្វេសប៊ុក។ នេះ​បើតាម​អតីត​បុគ្គលិក​ម្នាក់ ដែល​ធ្វើការ​ឲ្យ​លោក​ Aleksandr Kogan និង​ដែល​បាន​ចេញមុខ ផ្តល់​បទសម្ភាសន៍​ដល់ កាសែត​Guardian កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ។ ការនេះ បង្ហាញថា ហ្វេសប៊ុក នៅ​តែ​គ្មាន​សមត្ថភាព ឬ​មធ្យោបាយ សម្រាប់​ការពារ​ទិន្នន័យ​ផ្ទាល់ខ្លួន របស់​អ្នកប្រើប្រាស់​បណ្តាញ​របស់ខ្លួន។ នៅ​ថ្ងៃ​សុក្រ​សប្តាហ៍មុន ហ្វេសប៊ុក បាន​ចេញមុខ​ការពារ​ខ្លួន តាមរយៈ សេចក្តី​ថ្លែងការណ៍​មួយ ចោទប្រកាន់​ទាំង​អ្នកស្រាវជ្រាវ​រុស្ស៊ី ហើយ​និងក្រុមហ៊ុន​ Cambridge Analitica ថា បាន​កុហក និង​អាចរំលោភ​សេចក្តី​ទុកចិត្ត​របស់​ហ្វេសប៊ុក។ Cambridge Analitica បាន​បដិសេធ​ការចោទប្រកាន់ និង​អះអាង​ថា ខ្លួន​មិន​បាន​ប្រើ​ទិន្នន័យ​បាន​មកពី​ហ្វេសប៊ុក ដើម្បី ប្រយោជន៍​ឃោសនា​បោះឆ្នោត នោះទេ។ ហ្វេសប៊ុក​វិញ មិន​បាន​បញ្ជាក់ថា ខ្លួន​នឹង​ធ្វើការប្តឹងផ្តល់​ឬ​យ៉ាងណា​នោះទេ។ ប៉ុន្តែ ក្រុមហ៊ុន​អាមេរិកាំង​មួយនេះ ដែល​មាន​ភាគហ៊ុន​របស់ខ្លួន ធ្លាក់​ចុះ ដល់ទៅ​៧ភាគរយ​នៅថ្ងៃ​ចន្ទ បាន​សន្យា​បើកការស៊ើបអង្កេត និង​ស្បថ​ធានាថា នឹង​ចាត់វិធានការ​គ្រប់យ៉ាង ដើម្បី ការពារ​ទិន្នន័យ និង​ជីវិត​ឯកជន​របស់​អ្នកប្រើប្រាស់​ហ្វេសប៊ុក។ ការសន្យា​របស់​ហ្វេសប៊ុក គឺ​មិនខុសអ្វី ពី​ការធ្វើ​របង នៅ​ក្រោយ​ក្របី​បាត់​នោះទេ៕

ហេតុអ្វី​បាន​ជា​មាន​ប្រទេស​អាហ្រ្វិ​ក​កាន់​តែ​ច្រើន​ចង់​បំពាក់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ?

សេដ្ឋកិច្ចសាកល៖ ១០ឆ្នាំក្រោយវិបត្តិហិរញ្ញវត្ថុ

ជំនួប​​កំពូល​ចិន-រុស្ស៊ី​ និង​សមយុទ្ទ​រួម​ គូស​បញ្ជាក់​ពី​ មហិទ្ធិ​ឫទ្ធ​បន្ទាត់​នយោបាយ​ម៉ូស្គូ-ប៉េកាំង​

ហេតុអ្វី​បានជា​មហាអំណាច​នាំគ្នា​ទៅ​បង្កើត​មូលដ្ឋានទ័ព​នៅក្នុង​ប្រទេស​ជីប៊ូទី

តើ​អាមេរិក​ពិតជា​ហ៊ាន​ដាក់​ទណ្ឌកម្មលើ​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ?

លោកស្រី​មីសែល បាឈើឡេ ពី​ប្រធានាធិបតី​ឈីលី​ក្លាយ​ជា​ឧត្តមស្នងការ​របស់ អ.ស.ប. ទទួល​បន្ទុក​សិទ្ធិមនុស្ស

បរាជ័យរបស់មីក្រូហិរញ្ញវត្ថុក្នុងការកាត់បន្ថយភាពក្រីក្រ

តើលោកត្រាំ​ពិតជា​មិនខ្វល់ពី​វត្តមានកាណាដា​ក្នុង​កិច្ចព្រមព្រៀង​ពាណិកម្មសេរីឬយ៉ាងណា​​?

លោកស្រី​ស៊ូជី ប្រឈម​នឹង​ការ​រិះគន់ ​ក្រោយ​ការ​កាត់ទោស​អ្នក​កាសែត​ដែល​ស៊ើប​រឿង​រ៉ូហ៊ីងយ៉ា

តើ​ការ​វិវាទ​រវាង​ប្រទេស​អង់គ្លេស និង​ប្រទេស​ម៉ូរីស​ជុំវិញ​ប្រជុំកោះឆាហ្គូស​បាន​កើត​ឡើង​យ៉ាង​ដូចម្តេច​ខ្លះ?

ករណី​​ដែល​​បាន​​ញ៉ាំង​​លោក​​ពូទីន ​​ឲ្យ​ថ្លែងសារ​​តាម​​ទូរទស្សន៍​​ ទៅ​​កាន់​​ប្រជាជាតិ​​

​​វិស័យថាមពលនៅអឺរ៉ុប កំពុង​ក្លាយ​ជារបស់ចិន ?

ភូមា៖​តើ​ជម្រើស​តុលារការអន្តរជាតិ​មួយ​ណា និង​មាន​អ្នកពាក់ព័ន្ធ​ណា​ខ្លះ​ដែល​អាច​ទទួល​ទោស​ក្នុង​បទប្រល័យ​ពូជសាសន៍​លើ​ពួករ៉ូហ៊ីងយ៉ា​?

​តុលាការ​យុត្តិធម៌អន្តរជាតិ បើក​សវនាការ​សំណុំរឿង​អ៊ីរ៉ង់​និង​អាមេរិក

អាស៊ាន៖ ចលករ​សម្រាប់​សន្តិភាព​ក្នុង​តំបន់ និង​សមាហរណកម្ម​សេដ្ឋកិច្ច​អនាគត

ហេតុអ្វី​លោក​ខាងលិច​នៅរារែក មិន​​ទាន់​គាំទ្រ​​មាតុភូមិនិវត្ត​របស់ជនភៀសខ្លួន​ស៊ីរី?

វ៉េណេស៊ុយ​អេឡា៖ ​ពលរដ្ឋ​ជាង​២លាន​៣សែន​នាក់ រត់​ចោលស្រុក ដោយសារហេតុអ្វី?​

ហេតុអ្វី​បាន​ជា​ក្រុមហ៊ុន​បស្ចិមលោក​គ្រាក់ៗ​ខ្លះដែល​រក​ស៊ី​នៅ​អ៊ីរ៉ង់​លុតក្រាប​តាម​ទណ្ឌកម្ម​អាមេរិក​ប្រឆាំង​អ៊ីរ៉ង់?

ឥទ្ធិពល​នៃសង្គ្រាម​ពាណិជ្ជកម្ម​លើ​បណ្តា​ប្រទេស​អាស៊ាន

សរអា ផ្អាក ការបំពេញ ជាមួយ រុស្ស៊ី តាម សន្ធិសញ្ញា​ស្តីអំពី​មេឃ​ចំហ