rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង អាហ្វ្រិក អាស៊ី សេណេហ្កាល់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ប្រធានាធិបតី​បារាំង នឹងបង្ហាញ​​ពី​យុទ្ធសាស្រ្ត លើក​តម្កើង​ភាសា​បារាំងនៅទូទាំង​ពិភពលោក

media
ប្រធានាធិបតី បារាំង​ជួប​យុវជន​អាហ្វ្រិក​នៅ Ouagadougou​របស់​ប្រទេស Burkina Fasoនៅ​ខែ​វិច្ឆិកា ឆ្នាំ ២០១៧ REUTERS/Philippe Wojazer

នៅ​ក្នុង​ឱកាស​ទិវា​អន្តរជាតិ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង ថ្ងៃ​ទី ២០​មីនា​នេះ ប្រធានាធិបតី​បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង នៅ​ពីរម៉ោង​ខាងមុខ នឹង​ឡើង​ថ្លែង​សុន្ទរកថា​ដ៏សំខាន់​មួយ នៅ​បណ្ឌិតសភា បារាំង ដើម្បី​បង្ហាញ ពី​យុទ្ធសាស្រ្ត​របស់​បារាំង ដើម្បី លើកតម្កើង ភាសាបារាំង នៅទូទាំង​ពិភពលោក។ តើអ្វី​ជា​ចក្ខុវិស័យ របស់​រដ្ឋាភិបាល បារាំង ក្នុង​ការលើក​តម្កើង ភាសា បារាំង នៅក្នុង​ពិភពលោក?

 


ប្រមុខរដ្ឋ​បារាំង​បាន​ជ្រើសរើស​យក ទីតាំង​ជានិមិត្ត​រូប គឺ​បណ្ឌិតសភា បារាំង នៅ​កណ្តាល​ក្រុង​ប៉ារីស ដើម្បី​ឡើង​ថ្លែង​សុន្ទរកថា ការពារ និង លើកតម្កើង​ភាសា​បារាំង នៅក្នុង​ពិភពលោក។ នៅ​ចំពោះមុខ​សិស្ស និង​និស្សិត ប្រមាណ ៣០០​នាក់ មក​ពី​គ្រប់ទ្វីបទាំង​៥ ក្នុង​លោក លោកប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង នឹង​បញ្ចេញ​ឲ្យ​គេ​ដឹង​ពី​វិធានការ​ប្រមាណ ៣០ របស់​រដ្ឋាភិបាល​បារាំង ដើម្បី ជំរុញ​លើកស្ទួយ ការប្រើប្រាស់ និយាយ​ភាសា​បារាំង។

តាម​ការប្រកាស​របស់​វិមាន​ប្រធានាធិបតី​បារាំង នៅក្នុង​សុន្ទរកថា​របស់​លោក​ម៉ាក្រុង នៅ​យប់​ថ្ងៃ​អង្គារ​នេះ មាន​ផ្តោត​សំខាន់​ទៅលើ​ការគាំទ្រ​របស់​បារាំង សម្រាប់​ប្រព័ន្ធ​អប់រំ នៅក្នុង​បណ្តា​ប្រទេស​ដែល​ប្រើប្រាស់​ភាសា​បារាំង ជាពិសេស ប្រទេស​នៅ​តំបន់​អាហ្វ្រិក តាមរយៈ ការផ្តល់​ជំនួយ​មិនធ្លាប់​មាន សម្រាប់​ពង្រឹង បង្កើន គុណភាព​គ្រូបង្រៀន​ភាសា​បារាំង។ នៅក្នុង​ប្រទេស​បារាំង វិធានការ​របស់​រដ្ឋាភិបាល​ ផ្តោតផងដែរ​ទៅលើ​ការសម្របសម្រួលការងារ​របស់​សិល្បករ​មកពី​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង ការជំរុញ​ការបង្រៀន​ភាសា​បារាំង ដល់​សិស្ស​បរទេស ហើយ​និង​ជនភៀសខ្លួន។

សម្រាប់​អង្គការ​អន្តរជាតិ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង OIF ជំនួយ​គាំទ្រ​របស់​បារាំង ដើម្បី​លើកតម្កើង​ភាសាបារាំង​នៅអាហ្វ្រិក ជាលក្ខខណ្ឌ​តែមួយ ដែលនឹង​ជួយ​ធានា​ឲ្យ​ចំនួន​អ្នកប្រើប្រាស់​ភាសា បារាំង កើនឡើង​ពី ២៧៥​លាននាក់ នាពេលបច្ចុប្បន្ន ទៅ​ដល់​៧០០​លាននាក់ នៅ​ឆ្នាំ ២០៦៥ ដែលនៅក្នុង​នោះ ៨៥ភាគរយ រស់នៅ​តំបន់​អាហ្វ្រិក។ នៅ​ក្នុង​ទស្សនកិច្ច​ទៅ​ប្រទេស​ Burkina Faso កាលពី​ប៉ុន្មានខែ​មុន លោក​ប្រធានាធិបតី​បារាំង ធ្លាប់​បានថ្លែង ប៉ង​ចង់​ឲ្យ​ភាសា​បារាំង ក្លាយ​ជា​ភាសា​ទី១​របស់​ប្រជាជន​នៅ​តំបន់​អាហ្វ្រិក។ នៅ​ឱកាស​ទស្សនកិច្ច​ទៅ​ប្រទេស​សេណេហ្កាល់ កាលពី​ខែ​កុម្ភៈ​កន្លងទៅ លោក​ប្រធានាធិបតី​បារាំង បាន​សន្យា​ផ្តល់​ថវិកា ២០០​លាន​អឺរ៉ូ សម្រាប់​អង្គការ​ដើម្បី​អប់រំ​ពិភពលោក។

សិល្បករ​អាហ្វ្រិក មួយចំនួន ដូចជា​លោកAlain Mabankou​មក​ពី​ប្រទេស​កុងហ្គោ​ជាដើម បាន​ព្រមាន​រដ្ឋាភិបាល​បារាំង ពី​គំនិត​ងប់ងល់ ចង់​នៅ​បន្ត​ធ្វើ​អាណានិគមកិច្ច​ទៅលើ​អាហ្វ្រិក តាមរយៈ នយោបាយ ពង្រឹង​ភាសា​បារាំង​នៅ​អាហ្វ្រិក។ ក្រៅតែ​ពីអាហ្វ្រិក រដ្ឋាភិបាល​បារាំង​មាន​យុទ្ធសាស្រ្ត​ផងដែរ ពង្រឹង​ការប្រើប្រាស់​ភាសា​បារាំង នៅលើ​ឆាកអន្តរជាតិ និង​នៅ​សហភាពអឺរ៉ុប ជាទី​ដែល​ភាសា​បារាំង​ជាភាសា​ប្រើប្រាស់​ទី២ បន្ទាប់ពី​អង់គ្លេស៕