rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អង់គ្លេស រុស្ស៊ី អាវុធ​គីមី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អង្គការ​ហាមឃាត់អាវុធ​គីមី​ចាប់បើក​អង្កេត​នៅ​អង់គ្លេស លើ​​ករណី​​​បំពុល​​អតីត​ភ្នាក់ងារ​​រុស្ស៊ី​

media
នាយក​រដ្ឋមន្រ្តី​អង់គ្លេស​ចុះ​ដល់​កន្លែង​កើតហេតុ​​អតីត​ភ្នាក់ងារ​ចារកិច្ចរុស្ស៊ី​រង​ការ​បំពុល​គីមី REUTERS/Toby Melville/Pool

ក្រុម​អធិការនៃ​អង្គការ​ហាមឃាត់​អាវុធ​គីមី OIAC បាន​ទៅដល់​និង​ចាប់​ផ្តើមចុះ​ទៅ​បំពេញ​​ការងារ​​អង្កេតនៅ​ថ្ងៃចន្ទ​ទី ១៩ មីនានេះ ជុំ​វិញ​​ករណី​ប៉ុន​ប៉ង​ធ្វើ​ឃាត​ដោយ​ប្រើ​ថ្នាំ​បំពុល​ជា​សារធាតុ​គីមី លើ​អតីត​ភ្នាក់ងារ​ចារកិច្ច​​រុស្ស៊ី​ លោក Sergueï Skripal ស៊ែកហ្គៃ ស្គ្រីប៉ាល់ កាលពី​ថ្ងៃ​ទី ៤ មីនា ២០១៨។ ជា​ការ​អង្កេត​ឯករាជ្យដែលឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​រដ្ឋាភិបាល​អង់គ្លេស។


រដ្ឋាភិបាល​អង់គ្លេស​បាន​ស្នើ​សុំ​ទៅអង្គការ​ហាមឃាត់​អាវុធ​គីមី ដែល​មាន​ទីស្នាក់ការ​នៅក្រុង​ឡាអេ ឱ្យ​ចុះ​មក​អង្កេត​ដោយ​ផ្ទាល់ ដល់​កន្លែង​កើត​ហេតុ នៅ​ក្រុង Salisbury ភាគ​ខាងត្បូង​ប្រទេស​អង់គ្លេស និង​ប្រមូល​យក​គំរូ​ភស្តុតាង​ ដោយ​ផ្ទាល់​ដៃ ទៅ​វិភាគដោយ​​ឯករាជ្យ​​បំផុត​ក្នុង​មន្ទីរ​ពិសោធន៍​របស់​អង្គការតែ​ម្តង ដើម្បី​​វែក​រក​មុខ​ជន​ឬ​រដ្ឋ​ដែល​រៀប​ផែនការ​ចង់​ធ្វើ​ឃាត​អតីត​ភ្នាក់ងារ​ចារកិច្ច​រុស្ស៊ី​លើ​ទឹក​ដី​អង់គ្លេស។

សម្រាប់​លោកស្រីនាយក​រដ្ឋមន្ត្រី​អង់គ្លេស ការ​វាយប្រហារ​ដោយ​ប្រើ​សារធាតុ​គីមី​ពុល​ខ្លាំង ទំនង​ជា​សា្នដៃ​របស់​អាជ្ញាធរ​​រុស្ស៊ី​ខ្លាំងណាស់។​ ប៉ុន្តែ​១៥​ថ្ងៃ​ក្រោយ​ហេតុការណ៍ ឡុងដ៍គ្មាន​​ ភស្តុតាង​គ្រប់​គ្រាន់​យក​មក​បញ្ជាក់​ឡើយ។ ពោល​គឺ​មាន​ត្រឹម​តែ​សម្មតិកម្ម​តែ​ប៉ុណ្ណោះ។

បើ​តាម​រដ្ឋាភិបាល​អង់គ្លេស អតីត​ភ្នាក់ងារ​ចារកិច្ច​រុស្ស៊ី លោក ស៊ែកហ្គៃ ស្គ្រីប៉ាល់ អាយុ​៦៦​ឆ្នាំ និង​កូនស្រី អាយុ​៣៣​ឆ្នាំ ដែល​កំពុង​ទទួល​ការ​ព្យាបាល​បន្ទាន់​នៅ​ឡើយ បាន​រង​គ្រោះ​ពុល​សារធាតុគីមី​ម្យ៉ាង​​ឈ្មោះ​ថា Novitchok ដែល​មាន​ប្រើ​ច្រើន​ក្នុង​វិស័យ​យោធា ក្នុង​សម័យ​សហភាព​សូវៀត។

ប៉ុន្តែ​លោក​វ្លាដេមៀ ពូទីន ដែល​ទើប​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​រុស្ស៊ី​ជា​ថ្មី​នៅ​យប់​ថ្ងៃអាទិត្យ​ម្សិលម្ង៉ៃ បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់និង​ការ​​ទម្លាក់​កំហុស​មក​លើ​ម៉ូស្គូ​ ថាជា​រឿង​​មិន​ទំនង​ទាល់​តែ​សោះ។ ព្រោះ​រុស្ស៊ី​ បាន​បំផ្លាញ​អាវុធ​គីមី​ហាមឃាត់​អស់​រលីង​ទៅ​ហើយ ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​អង្គការ​អន្តរជាតិ​ទៀត ! រុស្ស៊ី​បាន​ធ្វើ​មុន​គេ ខុស​ពី​ដៃ​គូ​ផ្សេង​ទៀត​ដែល​ថា​ហើយ​មិន​ធ្វើ មិន​គោរព​ពាក្យ​សន្យា​របស់​ខ្លួន។

សូម​បញ្ជាក់​ថា លោក ស៊ែកហ្គៃ ស្គ្រីប៉ាល់ ជា​អតីត​វរសេនីយ៍​នៃ​ភ្នាក់ងារ​ចារកិច្ច​យោធា​រុស្ស៊ី ដែល​បាន​ងាក​មក​ផ្តល់​ព័ត៌មាន​ឱ្យ​អង់គ្លេស ថា​មាន​​ក្រុមភ្នាក់ងារ​សម្ងាត់​រុស្ស៊ី​ជាង​១០​នាក់​កំពុង​ធ្វើ​ប្រតិបត្តិការ​លើ​ទឹក​ដី​អង់គ្លេស។ លោក ស្គ្រីប៉ាល់ ត្រូវ​បាន​អាជ្ញាធរ​រុស្ស៊ី​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ពី​ទោស​ក្បត់​ជាតិ និង​បាន​សម្រេច​ចិត្ត​ទៅ​ស្នាក់នៅ​អង់គ្លេស​ តាំ​ងពី​ឆ្នាំ​២០១០​មក ក្រោយ​ពីមាន​ការ​ផ្តោះប្តូរ​អ្នក​ទោស​គ្នា​៕