rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

វិបត្តិ​ការទូត​រវាង​អង់គ្លេស និង​រុស្ស៊ី​កំពុង​បន្តមាន​កាន់​តែ​ផុសផុល​ដូច​ជា​រូបភាព​សង្រ្គាមត្រជាក់

ដោយ គួច គន្ធារ៉ា

សង្រ្គាម​ការទូត​រវាង​អង់គ្លេស និង​រុស្ស៊ី​កំពុង​បន្ត​មាន​យ៉ាង​ផុសផុល​ដោយ​នៅ​ថ្ងៃ​សៅរ៍ ទី១៧ មីនា​នេះ ទីក្រុង​មូស្គូ​បាន​សម្រេច​បណ្តេញ​មន្រ្តី​ការទូត​អង់គ្លេស​ចំនួន ២៣នាក់​ចេញ​ពី​ទឹកដី​រុស្ស៊ី។ ការ​សម្រេច​របស់​មូស្គូ​ពេល​នេះ​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​មុន​ការ​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​រុស្ស៊ី​នា​ថ្ងៃ​អាទិត្យ ទី១៨ មីនា និង​ចំ​ពេល​ដែល​ក្រុម​ប្រទេស​បស្ចិមលោក​កំពុង​ពួតដៃ​គ្នា​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី។

សូម​រម្លឹក​ជូន​ថា ភាព​ប្រទូស្រ្តាយ​រវាង​អង់គ្លេស និង​រុស្ស៊ី​ពេល​នេះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​អង់គ្លេស​បាន​ចោទ​រុស្ស៊ី​ពី​បទ​បាន​ប្រើ​សារធាតុគីមី​បំពុល​អតីត​ភ្នាក់ងារ​ចារកិច្ច​រុស្សី​លោក Sergueï Skripal និង​កូនស្រី​របស់​គាត់។

ចំណាត់ការ​របស់​រុស្ស៊ី​ក្នុង​ការ​បណ្តេញ​មន្រ្តីការទូត​អង់គ្លេស​ចេញ​ពី​ទឹកដី​រុស្ស៊ី​នៅ​ថ្ងៃ​សៅរ៍ ទី១៧ មីនា​ជា​ចំណាត់ការ​មួយ​ដែល​គ្រប់​គ្នា​បាន​រង់ចាំ រួម​ទាំង​ប្រទេស​អង់គ្លេស​ដែល​ជា​ភាគី​ពាក់ព័ន្ធ​ផ្ទាល់។ រឿងរ៉ាវ​រវាង​រុស្ស៊ី និង​អង់គ្លេស​បាន​ផ្ទុះ​ឡើង បន្ទាប់​ពី​មាន​ការ​ប្រើ​សារធាតុ​គីមី​បំពុល​អតីត​ភ្នាក់ងារ​ចារកិច្ច​រុស្សី​លោក Sergueï Skripal និង​កូនស្រី​របស់​គាត់​នៅ​ក្នុង​ទឹកដី​អង់គ្លេស​ដែល​ទីក្រុង​ឡុងដ៏​បាន​ទម្លាក់​កំហុស​ដាក់​រុស្ស៊ី​ដោយ​ឲ្យ​រុស្ស៊ី​ចេញ​មុខ​ពន្យល់​បកស្រាយ​ចំពោះ​រឿង​នេះ​ត្រឹម​ថ្ងៃ​អង្គារ ទី១៣ មីនា។ តែ​ក្រុង​មូស្គូ​មិន​បាន​ពន្យល់​បំភ្លឺ​អ្វី​ទាំង​អស់ និង​បដិសេធ​លើ​ការ​ចោទ​ប្រកាន់​របស់​អង់គ្លេស។

នៅ​ថ្ងៃ​ពុធ ទី១៤ មីនា ពោល​ក្រោយ​ពី​រុស្ស៊ី​មិន​ចេញ​មុខ​បំភ្លឺ លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស Theresa May ក៏​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​ដោយ​បណ្តេញ​មន្រ្តីការទូត​រុស្ស៊ី​ចំនួន ២៣នាក់​ចេញ​ពី​ទឹកដី​អង់គ្លេស និង​ព្យួរ​កិច្ចសហប្រតិបត្តិការ​មួយ​ចំនួន​ជាមួយ​ក្រុង​មូស្គូ។ បន្ទាប់​មក​នៅ​ថ្ងៃ​សុក្រ ទី១៦ មីនា លោក​ប្រមុខ​ការទូត​អង់គ្លេស Boris Johnson ថែម​ទាំង​ចោទ​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន និង​វិមាន​ក្រឹមឡាំង​ថា​ជា​អ្នក​បញ្ជា​ឲ្យ​ប្រើ​សារធាតុ​គីមី​បំពុល​លោក Sergueï Skripal និង​កូនស្រី​របស់​គាត់​នៅ​ក្នុង​ទឹកដី​អង់គ្លេស​កាល​ពី​ថ្ងៃទី៤ មីនា។

ទីបំផុត​នៅ​ថ្ងៃ​សៅរ៍ ទី១៧ មីនា ក្រសួង​ការបរទេស​រុស្ស៊ី​ក៏​បាន​ចាត់វិធាន​បក​វិញ​ដោយ​ឈរ​លើ​គោលការណ៍​ស្មើ​ភាព​គ្នា ពោល​បណ្តេញ​ចេញ​ពី​ទឹកដី​រុស្ស៊ី​វិញ​នូវ​មន្រ្តីការទូត​អង់គ្លេស​ចំនួន ២៣នាក់ ព្រម​ទាំង​ផ្អាក​សកម្មភាព​វប្បធម៌ និង​អប់រំ​របស់ British Council ប្រចាំ​ក្រុង​មូស្គូ។ ទន្ទឹម​គ្នា​នេះ ក្រសួង​ការបរទេស​រុស្ស៊ី​ក៏​បាន​ដក​វិញ​នូវ​លិខិត​អនុញ្ញាត​ឲ្យ​អង់គ្លេស​បើក​ស្ថានកុងស៊ុល​នៅ​ក្នុង​ទីក្រុង Saint-Pétersbourg ហើយ​ព្រមាន​បន្ថែម​ថា រុស្ស៊ី​នឹង​ចាត់​វិធានការ​ដាក់​ទណ្ឌកម្ម​ថ្មី​ទៀត​លើ​អង់គ្លេស ប្រសិន​បើ​អង់គ្លេស​ហ៊ាន​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​រុស្ស៊ី។

រុស្ស៊ី​មាន​ទម្លាប់​នឹង​គំនាប​របស់​បស្ចិមលោក

រឿងរ៉ាវ​រវាង​រុស្ស៊ី និង​បស្ចិមលោក គឺ​រឿងខ្សែ​មួយ​ដែល​កំពុង​បន្ត​មាន​មិន​ចេះ​ចប់។ ក្រៅ​ពី​រឿង​ចារកម្ម​ដែល​រុស្ស៊ី​ធ្លាប់​មាន​ជាមួយ​អង់គ្លេស​តាំង​ពី​ក្នុង​សម័យ​សង្រ្គាមត្រជាក់ និង​ក្រោយ​ការ​ដួលរលំ​សហភាព​សូវៀត រុស្ស៊ី​ក៏​កំពុង​បន្ត​តតាំង​ទល់​បស្ចិមលោក ពិសេស​ទល់​នឹង​សហភាព​អឺរ៉ុប រួម​ទាំង​អាមេរិក​នៅ​ក្នុង​សំណុំរឿង​អន្តរជាតិ​ជា​ច្រើន​ទៀត ដូច​យ៉ាង​បញ្ហា​វិបត្តិ​ស៊ីរី និង​អ៊ុយក្រែន​សព្វថ្ងៃ។ រុស្ស៊ី​បាន​ក្រសោប​យក​ទឹកដី​គ្រីមេ​របស់​អ៊ុយក្រែន រុស្ស៊ី​បាន​លូកដៃ​គាំទ្រ​ចលនា​បះបោរ​នៅ​ក្នុង​តំបន់ Donbass ក្នុង​ទឹកដី​អ៊ុយក្រែន និង​រុស្ស៊ី​បាន​គាំទ្រ​របប​ស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ។

នៅ​ក្នុង​រឿងរ៉ាវ​ទាំង​អស់​នេះ សហភាព​អឺរ៉ុប រួម​ទាំង​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​មក​ដល់​សព្វថ្ងៃ តែ​បញ្ហា​នៅ​ត្រង់​ថា ទណ្ឌកម្ម​ទាំង​អស់​នោះ​ហាក់​មិន​ត្រឹម​តែ​មិន​សូវ​ជះ​ឥទ្ធិពល ឬ​ជះ​ឥទ្ធិពល​តិចតួច​លើ​ក្រុង​មូស្គូ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​ធ្វើ​ឲ្យ​រុស្ស៊ី​កាន់​តែ​ឡើង​ចាង​ផ្គើន​កាន់​តែ​ខ្លាំង​ទៅ​វិញ។ នៅ​ក្នុង​រឿងរ៉ាវ​រវាង​អង់គ្លេស និង​រុស្ស៊ី​ទាក់ទង​នឹង​ការ​បំពុល​អតីត​ភ្នាក់ងារ​ចារកិច្ច​រុស្សី​លោក Sergueï Skripal និង​កូនស្រី​របស់​គាត់​នៅ​ក្នុង​ទឹកដី​អង់គ្លេស​ពេល​នេះ​ទៀត ក្រុម​ប្រទេស​បស្ចិមលោក រួម​ទាំង​រុស្ស៊ី​ក៏​បាន​គាំទ្រ​លើ​ចំណាត់ការ​របស់​ទីក្រុង​ឡុងដ៏។

ក្រុម​អ្នកវិភាគ​បាន​មើល​ឃើញ​ជា​រួម​ថា ការ​គាំទ្រ​របស់​ក្រុម​ប្រទេស​បស្ចិមលោក​ចំពោះ​ចំណាត់ការ​របស់​ប្រទេស​អង់គ្លេស​លើ​រុស្ស៊ី​ជា​រឿង​ចាំ​បាច់​មិន​អាច​ខ្វះ​បាន តែ​ការ​គាំទ្រ​ហាក់​នៅ​មាន​កម្រិត​ដោយ​ពួក​គេ​មិន​ចង់​ប្រឈម​មុខ​ផ្ទាល់​នឹង​រុស្ស៊ី។ នេះ​ក៏​ដោយសារ​មាន​ហេតុផល​សំខាន់​ចំនួន​ពីរ ទី១ ដើម្បី​ចៀសវាង​ការ​ផ្ទុះ​សង្រ្គាម​ត្រជាក់​ជា​ថ្មី និង​ទី២ រុស្ស៊ី​ជា​តួអង្គ​សំខាន់​មួយ​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ដំណោះស្រាយ​វិបត្តិ​ពិភពលោក។ សង្រ្គាមត្រជាក់​នៅ​មិន​ទាន់​ផ្ទុះ​ទេ តែ​រូបភាព​នៃ​ការ​ប្រទូស្រ្តាយ​ពេល​នេះ​ត្រូវ​បាន​គេ​ប្រដូច​ជា​រូបភាព​សង្រ្គាមត្រជាក់។

លោក​ពូទីន​នឹង​ជាប់ឆ្នោត​ប្រធានាធិបតី​រុស្ស៊ី​អាណត្តិទី៤

នៅ​ថ្ងៃ​អាទិត្យ ទី១៨ មីនា រុស្ស៊ី​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ដែល​លោក​ពូទីន​ជា​បេក្ខជន​កំពុង​នាំ​មុខ​គ្នា។ គេ​បាន​សម្គាល់​ឃើញ​ជា​ទូទៅ​ថា ភាព​តានតឹង​រវាង​អង់គ្លេស និង​រុស្ស៊ី​ទាក់ទង​នឹង​ចារកម្ម​ដែល​ជា​រឿងរ៉ាវ​ធ្លាប់​កើត​មាន​ជា​ហូរហែ​តាំង​ពី​សម័យ​សង្រ្គាមត្រជាក់​ប្រហែល​ជា​គ្មាន​ឥទ្ធិពល​អ្វី​លើ​លទ្ធផល​បោះឆ្នោត​នៅ​រុស្ស៊ី​ទេ។ ការ​ហ៊ាន​អះអាង​ដូច​នេះ​ព្រោះ​ទី១ លទ្ធផល​ស្ទង់​មតិ​ចុង​ក្រោយ​បាន​ឲ្យ​លោក​ពូទីន​ទទួល​សម្លេង​គាំទ្រ​ដល់​ទៅ​ជិត ៧០% ទី២ លោក​ពូទីន​មិន​ញញើត​នឹង​កំចាត់​គូប្រជែង​ដើម្បី​ជាប់​ឆ្នោត​ថ្មី និង​ទី៣ ការ​វិវាទ​គ្នា​រវាង​អង់គ្លេស និង​រុស្ស៊ី​ពេល​នេះ​អាច​នឹង​ធ្វើ​ឲ្យ​លោក​ពូទីន​ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ច្រើន។

ចូរ​កុំ​ភ្លេច​ថា ពលរដ្ឋ​រុស្ស៊ី​ដែល​ធ្លាប់​បាន​រស់នៅ ភ្លក់រសជាតិ​របស់​លោក​ពូទីន​តាំង​ពី ៣អាណត្តិ​កន្លង​មក​ហាក់​មិន​ចង់​ដក​សេចក្តី​ទុកចិត្ត​ពី​លោក​ពូទីន​ទេ ពិសេស​ក្នុង​កាលៈទេសៈ​ដែល​រុស្ស៊ី​កំពុង​ប្រឈម​មុខ​កាន់​តែ​ខ្លាំង​នឹង​គំនាប​អន្តរជាតិ​ពី​គ្រប់​ទិសទី។ មាន​អាយុ ៦៥ឆ្នាំ បុរសខ្លាំង​នៅ​រុស្ស៊ី​ដែល​បាន​នាំ​ប្រទេស​ឲ្យ​ស្គាល់​ស្ថិរភាព​ក្រោយ​ទសវត្សរ៍​ឆ្នាំ ៩០ នឹង​ជាប់​ឆ្នោត​អាណត្តិទី៤ ដើម្បី​កាន់​អំណាច​រហូត​ដល់​ឆ្នាំ ២០២៤៕

ហេតុអ្វី បាន​ជានិស្សិត​បារាំង ធ្វើ​បាតុកម្ម កាន់កាប់​មហាវិទ្យាល័យ​នៅពេលនេះ?

គុយបា​បើកទំព័រ​​សករាជថ្មី ជាមួយ​នឹង​ប្រធានាធិបតី​ថ្មី ក្រៅ​រង្វង់​គ្រួសារ​ត្រកូល​Castro

លោក​ដូណាល់ត្រាំ​បញ្ជាក់ថា​ប្រមុខ​សេអ៊ីអា​ពិតជា​បានទៅជួប​លោក​គីមជុងអ៊ុន​ដោយ​សម្ងាត់

ស្តូប​រំលឹកវិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម មាន​លើកដំបូងគេ នៅ​ទឹកដី​បរទេស

ណាសា​នឹង​បញ្ជូន​TESS ទៅ​ថតរក​ភព​ផ្សេង នៅជុំវិញ​ផ្កាយ ក្រៅ​ប្រព័ន្ធព្រះអាទិត្យ

អាមេរិក បារាំង និងអង់គ្លេស​រួមគ្នា វាយប្រហារ​ទីតាំង​ស្តុកអាវុធ​គីមី នៅ​ស៊ីរី

ហេតុអ្វី​លោកត្រាំ ចង់​វិល​មក​រកកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ប៉ាស៊ីហ្វិក​វិញ ?

ចរន្ត​ទឹកសមុទ្ទ​ចុះ​ខ្សោយ ដោយ​ការប្រែប្រួល​អាកាសធាតុ

ស៊ីរី៖ ការប្រឈមមុខ​ដោយ​អាវុធ​អាច​នឹង​មាន បន្ទាប់​ពីរុស្ស៊ី​ និង​អាមេរិក ​តម្លើង​សរសៃ​ក​ដាក់គ្នា​នៅ​អ.ស.ប

ចិន៖​លោកស៊ី ជីនពីង​ចាត់​វិធានការ​ទប់​នឹង​នយោបាយ​ការពារនិយម​របស់​លោក​ដូណាល់ ត្រាំ​ដោយ​ប្រកាស​​បើក​ចំហ​ទីផ្សារ​ចិន

តើអ្នកណា​ដែល​បាញ់មីស៊ីល វាយប្រហារ​មូលដ្ឋានទ័ព​អាកាស​ស៊ីរី?

តើប្រជាជន​ហុងគ្រី​នឹង​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្រ្តី ដែល​ស្អប់ជនអន្តោប្រវេសន៍?

លោក​ណាហ្ស៊ីប រ៉ាហ្សាក់ប្រកាស​រំលាយ​សភាម៉ាឡេស៊ី

ប្រេស៊ីល៖​លោកលូឡា​ត្រូវ​បញ្ចប់​ជីវិតនយោបាយ​នៅ​ក្នុង​ពន្ធនាគារ?

ហេតុអ្វី​បាន​ជា​ក្រុម​ប្រទេស​សមាជិក​អូតង់​ស្ថិតជុំវិញ​សមុទ្របាល់ទិច​ងាក​ទៅ​រក​អាមេរិក​ជា​ថ្មី?

កូដកម្ម​នៅ​បារាំង ជា​វិញ្ញាសា​ល្បង​កម្លាំង​សម្រាប់​លោក​ម៉ាក្រុង​និង​សហជីព ឬ ?

ហិង្សា​​ហ្កាហ្សា៖​អ៊ីស្រាអែល​​ទាត់ចោល​​ការទាមទារ​​ស៊ើប​អង្កេត​​ការស្លាប់​​​ជនជាតិ​​ប៉ាឡេស្ទីន​​

ហ្កាហ្សា៖ កំដៅ​នៃ​ភាព​តានតឹង អាច​បង្ក​ជា​ភ្លើង​សង្រ្គាម​សាជាថ្មី​ បាន​គ្រប់​ពេល​វេលា

តុលាការបារាំង​នាំ​ខ្លួនអតីត​ប្រធានាធិបតី​ ​​លោក នីកូឡា សាកូហ្ស៊ី ​ទៅ​ជំនុំជម្រះ​ រឿង​ពុករលួយ

បារាំង​រៀប​យុទ្ធសាស្ត្រ​ដើម្បី​បាន​ក្លាយ​ជា​ជើង​ឯក​ផ្នែក « បញ្ញាសិប្បនិម្មិត”