អានតួអត្ថបទ
ស្លូវ៉ាគី

ឃាតកម្ម​​លើ​​​​​អ្នកកាសែត​​​​ស្លូវ៉ាគី ដែល​​ស៊ើបអង្កេត​​អំពើ​​ពុករលួយ​ ជា​ស្នាដៃ​​​អ្នកណា?​​​

សហភាព​អឺរ៉ុបកំពុង​ចោទសួរ​ពី​ព័ត៌មាន​ជុំវិញ​ការសង្ស័យ​ថា មាន​ការ​បន្លំ​ថវិកា​អឺរ៉ុប ក្នុង​ប្រទេស​ស្លូវ៉ាគី។ ​​អ្នកកាសែត​ស្លូវ៉ាគី​មួយរូប ឈ្មោះ យ៉ាន់ គូចាក់ ​Jan Kuciak បានធ្វើការ​ស៊ើបអង្កេត​ លាត​ត្រដាង​រឿងនេះ ប៉ុន្តែ អ្នកកាសែត​រូបនោះ​ត្រូវបាន​គេ​បាញ់សម្លាប់​។ ឃាតកម្ម​លើ​លោក​គូចាក់ បានធ្វើអោយ​គណបក្ស​​Most-Hid ដែល​ស្ថិត​ក្នុង​​​ក្នុងរដ្ឋាភិបា​លចម្រុះស្លូវ៉ាគី ​​គំរាម​ដើរចេញ​ពី​រដ្ឋាភិបាល។

រូបថត​អ្នកកាសែត​ស្លូវ៉ាគី លោក​ Jan kuciak ​ដែល​ត្រូវ​គេ​ធ្វើឃាត
រូបថត​អ្នកកាសែត​ស្លូវ៉ាគី លោក​ Jan kuciak ​ដែល​ត្រូវ​គេ​ធ្វើឃាត REUTERS/Radovan Stoklasa
ផ្សាយពាណិជ្ជកម្ម

អ្នកកាសែត​ស្លូវ៉ាគី យ៉ាន់ គូចាក់ អាយុ​២៧ឆ្នាំ ដែល​គេសម្លាប់ថ្មីៗនេះ ​​បម្រើកា​រអោយ​សារព័ត៌មាន Aktuality។ គាត់​បាន​ស៊ើបអង្កេត​សំណុំរឿង​ពុករលួយ​ធំ​មិនធ្លាប់​មាន ក្នុងស្រុក​ស្លូវ៉ាគី។ ជា​អំពើពុករលួយអាច​ជាប់​​ពាក់ព័ន្ធ​នឹង​ម៉ាហ្វ៊ីយ៉ា​អ៊ីតាលី និង​​អ្នកនយោបាយ​ដ៏​មាន​ឥទ្ធិពល​មួយចំនួន​នៅ​​ស្លូវ៉ាគី អាច​​ពាក់ព័ន្ធ​​ទាំង​គណបក្ស​របស់​នាយករដ្ឋមន្ត្រី​រ៉ូប៊ែរ ហ្វ៊ីកូ ផងដែរ​។ អ្នកាសែត​ ​​យ៉ាន់ គូចាក់ និង​សង្សារ​របស់​លោក​ត្រូវ​បាន​គេ​ធ្វើឃាត​ ក្នុងពេល​ជាមួយ​គ្នា នៅ​ភាគខាងកើត​រដ្ឋធានី​ប្រាទីស្លាវ៉ា។​

សារព័ត៌មាន​​Aktuality និង​សារព័ត៌មា​នមួយចំនួន​បាន​ចុះផ្សា​យអត្ថបទ​ស៊ើបអង្កេត​របស់​លោក​យ៉ាន់ ជា​អត្ថបទ​ដែល​​លោក​មិនទាន់​ទាំង​បានសរសេរ​​បញ្ចប់​ផង។ អត្ថបទ​ស៊ើប​អង្កេត​​លើកឡើង​ថា ​មាន​ពួក​ជនជាតិ​អ៊ីតាលី​ជាប់ពាក់ព័ន្ធ​នឹង​បណ្តាញ​ម៉ាហ្វ៊ីយ៉ា បាន​មក​រស់នៅនិង​រកស៊ី​នៅ​​ស្លូវ៉ាគី។ ពួកគេ​បាន​ទទួល​ជំនួយ​ និង​រៃអង្គាស​ថវិកា​អឺរ៉ុប។ ពិសេស​ជាងនេះ ពួកគេ​មា​នទំនាក់ទំនង​ជាមួយ​អ្នកនយោបាយ​ស្លូវ៉ាគី​មួយចំនួន។ ការ​​ស៊ើប​អង្កេត​នេះ​លើកឡើង​ផងដែរ ពីការសង្ស័យ​ថា មា​នការបន្លំ​ពន្ធ ទាក់ទង​នឹង​អគារ​ប្រណីត​មួយ នៅ​ក្រុង​ប្រាទីស្លាវ៉ា។ ដោយសារ​​​មានការ​សង្ស័យថា មា​នការ​លួចបន្លំ​ថវិកា​អឺរ៉ុប​ដែរនោះ ថ្ងៃព្រហស្បតិ៍​នេះ គណៈកម្មការ​អឺរ៉ុប​បាន​ផ្ញើ​លិខិត​​​អោយ​អាជ្ញាធរ​ស្លូវ៉ាគី​ ​ដើម្បី​សួរ​ពីរឿង​ដែល​​អាច​ថា មាន​ការ​បន្លំ​ថវិកា​អឺរ៉ុប​ផ្នែក​កសិកម្ម។ ​គណៈកម្មការ​អឺរ៉ុប​ព្រមាន​ថា មិនអត់​ឱន​​​ការ​បន្លំ​ដាច់ខាត។ ​​

សូមបញ្ជាក់​ថា​ ក្រោយឃាតកម្ម​លើ​អ្នកកាសែត​ស្លូវ៉ាគី​ ​លេខា​ក្រុមប្រឹក្សា​ជាតិផ្នែក​សន្តិសុខ​មួយរូប និង​ស្ត្រី​ជំនួយការ​នាយករដ្ឋមន្ត្រី​ស្លូវ៉ាគី​មួយរូប បាន​លាតំណែង។ យោងតាម​ការ​ស៊ើបអង្កេត​របស់​អ្នកកាសែត​ដែល​ត្រូវគេ​សម្លាប់ អ្នកទាំង​២​ដែល​លា​តំណែង​នេះ អាច​​មាន​ទំនាក់ទំនង​ជាមួយ​ពាណិជ្ជករ​អ៊ីតាលី​មួយរូប​ដែរ។ មន្ត្រី​ទាំង២​ដែល​លាតំណែង​ ​លើកឡើង​ថា មិន​បាន​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​អ្នកកាសែត​យ៉ាន់ គូចាក់​ទេ។ ដោយឡែក រដ្ឋមន្ត្រី​វប្បធម៌​ស្លូវ៉ាគី​ក៏​លាតំណែង​ដែរ ព្រោះ​លោក​មិនគាំទ្រ​ការ​ធ្វើឃាត​លើ​អ្នកកាសែត ក្នុង​ពេល​លោក​កំពុង​កាន់​តំណែង​ទេ។ ​

គណបក្ស​​Most-Hid ដែល​ស្ថិត​ក្នុង​​​ក្នុងរដ្ឋាភិបា​លចម្រុះស្លូវ៉ាគី បាន​​​គំរាម​ដើរចេញ​ពី​រដ្ឋាភិបាល។ បក្ស​នេះ​បាន​ទាមទារ​អោយ​រដ្ឋមន្ត្រី​មហាផ្ទៃ និង​មេប៉ូលិស​លាតំណែង តែ​ការ​ទាមទារ​នេះ​បរាជ័យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ