rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អ៊ីរ៉ង់ សហរដ្ឋអាមេរិក នុយក្លេអ៊ែរ រុស្ស៊ី ចិន សហភាពអឺរ៉ុប

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អន់ចិត្ត​លោកខាងលិច អ៊ីរ៉ង់​បែរ​រក ក្រុមប្រទេស​លោក​ខាង​កើត

media
រូបថត​របស់​ប្រមុខដឹកនាំកំពូល​អ៊ីរ៉ង់ លោក​អាលី ខាមេណី ត្រូវ​ដាក់​តាំង​នៅ​ក្បែរមីស៊ីល​តាំង​បង្ហាញ​ជាសាធារណៈ កាលពី​២៧​កញ្ញា ២០១៧ ©Nazanin Tabatabaee Yazdi/TIMA via REUTERS

អាមេរិក​របស់លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​គំរាម​ដក​ខ្លួនចេញ​ពី​កិច្ចព្រមព្រៀង​អន្តរជាតិ ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​អគ្គមគ្គទេសក៍​អ៊ីរ៉ង់ ចំណែក​សហភាព​អឺរ៉ុប ដែល​ខ្លាចក្រែង​ចិត្ត​អាមេរិក​នៅ​រារែក​ច្រើន ដើម្បី​ត្រលប់​ទៅ​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​អ៊ីរ៉ង់។ អ៊ីរ៉ង់​ទំនង​អស់​ភាពអត់ធ្មត់​ជាមួយ ក្រុមប្រទេស​លោកខាងលិច​ទៀតហើយ។ នេះអាច​ជា​ហេតុផល​មួយ ដែល​ធ្វើ​ឲ្យ​ អគ្គមគ្គទេសក៍ អ៊ីរ៉ង់ អាយ៉ាតូឡា អាលី ខាមេណី សម្រេច​ប្រកាស​បែរ​នយោបាយ​ការបរទេស​អ៊ីរ៉ង់ ទៅរក​ក្រុមប្រទេស​លោកខាងកើត​វិញ ម្តង ដែល​មាន​ចិន និង​រុស្ស៊ី។

 


នៅឆ្នាំ ១៩៧៩ ដែល​កំណត់​ដោយ​ជ័យជំនះ​នៃ​បដិវត្ត​អ៊ីស្លាម អ៊ីរ៉ង់ ពាក្យស្លោក​ដែល​មាន​ប្រជាប្រិយភាព​ជាងគេ គឺ​គ្មានទេ លោកខាងលិច ហើយ​គ្មាន​ដែរ លោកខាងកើត គឺ​មាន​តែ​សាធារណរដ្ឋ​អ៊ីស្លាម​តែមួយ​ប៉ុណ្ណោះ។ ពាក្យ​ស្លោក​ដែលស្តែង​ឲ្យ​ឃើញ​ពី​ជំហរ​របស់​ថ្នាក់ដឹកនាំ​អ៊ីស្លាម​អ៊ីរ៉ង់ ដែល​មិន​ចង់​ងាក​ទៅ​រក​ខាងណា​ទាំងអស់ មិនថា អាមេរិក ឬ​រុស្ស៊ី។

 

ប៉ុន្តែ នៅ​៤០​ឆ្នាំ​ក្រោយ បដិវត្ត​អ៊ីស្លាម​អ៊ីរ៉ង់ ថ្នាក់ដឹកនាំ​របស់​អ៊ីរ៉ង់​បច្ចុប្បន្ន និង កាលពី​៤០​ឆ្នាំ មុន គឺ​មិន​ដូចគ្នា​នោះទេ។ ប្រមុខ​ដឹកនាំ​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់ អាលី ខាមេណី កាលពី​ពេលថ្មីៗនេះ បាន​បង្ហាញ​ភ្លើង​ខៀវ លើក​ទឹកចិត្ត​ឲ្យ​រដ្ឋាភិបាល​អ៊ីរ៉ង់ បែរព្រួញ​នយោបាយ​ការបរទេស​ទៅរក​ទិស​ខាងកើត​អ៊ីរ៉ង់ នៅ​បន្ទាប់​ពី​ទំនាក់ទំនង​ជាមួយ​ក្រុមប្រទេស​លោក​ខាងលិច ចេះ​តែ​រអាក់រអួល ដោយសារ​តែ​ការគំរាម​មិន​ឈប់​របស់​ក្រុង​វ៉ាស៊ីនតោន។

 

កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ បាន​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​រួចផុត​ពី​ទណ្ឌកម្ម​អន្តរជាតិ និង​បើក​ផ្លូវ​ឲ្យ​អ៊ីរ៉ង់​នាំចេញ​ប្រេង​ទ្វេដង។ ប៉ុន្តែ ការគំរាមកំហែង​របស់​លោកដូណាល់ ត្រាំ ដែល​ចង់​ដកអាមេរិក​ចេញពី​កិច្ចព្រមព្រៀង​បាន​ធ្វើ​ឲ្យ​អ្នកវិនិយោគ​ប្រទេស​លោក​ខាងលិច នៅ​ខ្លាច រអា មិនទាន់​ហ៊ាន​ទៅ​បោះទុន​វិនិយោគ​ពេញលេញ នៅ​អ៊ីរ៉ង់ ដោយសារ​តែ​ខ្លាច​ការដាក់​ទណ្ឌកម្ម​ពី​អាមេរិក។

សូមអាន៖ លោកដូណាល់ ត្រាំ​អាច​ដោះដៃ​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់

ប្រមុខ​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់ ធ្លាប់​បាន​លើកឡើង​ ជាញយដងថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ឆ្នាំ ២០១៥ គឺជា​តេស្ត សាកល្បង ដែល​អាច​ឲ្យ​គេដឹងថា តើ​អ៊ីរ៉ង់ អាច​ចរចា ចាប់ដៃ​ធ្វើការ​ជាមួយ​ក្រុមប្រទេស​លោកខាងលិច​ដែរឬទេ។ ប៉ុន្តែ ការនៅ​បន្ត​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​ទៅលើ​កម្មវិធី​ផលិត​មីស៊ីល​របស់​អ៊ីរ៉ង់ ហើយ​ការគំរាម​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ អ៊ីរ៉ង់ បានផ្តល់​ចម្លើយ​យ៉ាងច្បាស់​ដល់​ភាគី​អ៊ីរ៉ង់។

 

“នយោបាយ​ការបរទេស របស់​អ៊ីរ៉ង់ ដែល​បែរ​ទៅ​រកខាងកើត ច្រើន​ជាង​ខាងលិច គឺ​ជាអាទិភាព​សំខាន់​មួយ​របស់​អ៊ីរ៉ង់”។ នេះ​ជាប្រសាសន៍​របស់​ប្រមុខ​សាសនា​អ៊ីរ៉ង់ អាលី ខាងមេណី ដែល​ជា​ឥស្សរជន​សំខាន់ និង​មាន​អំណាច​ជាង​គេ​នៅ​អ៊ីរ៉ង់។

 

ដើម្បី​ផ្តល់​ដង្ហើម​សេដ្ឋកិច្ច​ជាតិ ​អ៊ីរ៉ង់​មហាសេដ្ឋី​ប្រេង បាន​ធ្វើ​នយោបាយ​ការបរទេស​ស្រទន់ ប៉ុន្តែ ជាមួយ​ក្រុមប្រទេស​ខាងកើតរបស់​ អ៊ីរ៉ង់ ដែល​នាំមុខ​ដោយ ចិន​និង​រុស្ស៊ី។ ចិន ដែល​គ្មាន​ចាញ់ រង​ការដាក់​សម្ពាធ​ពី​អាមេរិក ដូចជា​បារាំង អាល្លឺម៉ង់ និង​អង់គ្លេស ​បាន​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ និង​អតិថិជន​ទិញ​នាំចូល​ប្រេងច្រើន ពី​អ៊ីរ៉ង់ នៅ​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ។ មួយវិញទៀត តួលេខ​ផ្លូវការ​នៃ​ការដោះដូរ​ពាណិជ្ជកម្ម​នៅ​ត្រីមាស​ដើមឆ្នាំ ២០១៧ បង្ហាញ​ថា កូរ៉េខាងត្បូង បាន​ក្លាយ​ជាប្រទេស​ធំ​ទី​៣ដែល​នាំចេញ​ផលិតផល​ទៅ​អ៊ីរ៉ង់ ក្នុង​ពេល​ដែល​តួកគី និង​ឥណ្ឌា ជាប់ចំណាត់​លេខ ៤ និង​លេខ​៥៕