rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង រុស្ស៊ី ស៊ីរី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ប្រមុខ​ដឹកនាំ​បារាំង​អាល្លឺម៉ង់​និង​រុស្ស៊ី​ជជែក​គ្នា​ពី​ការអនុវត្ត​បទឈប់បាញ់​នៅ​ស៊ីរី

media
ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​អនុម័ត​ជា​ឯកច្ឆ័ន្ទ​សេចក្តី​សម្រេច​ទាមទារ​បទ​ឈប់​បាញ់​នៅ​ស៊ីរី REUTERS/Eduardo Munoz

ក្រោយ​ពី​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​​ នៅ​យប់​មិញ សេចក្តី​សម្រេច​ទាមទារ​ឱ្យមានបទ​ឈប់​បាញ់​នៅ​ស៊ីរី ប្រធានាធិបតី​បារាំង លោក អេម៉ាណុយអែល ម៉ាក្រុង និង​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ លោកស្រី អង់ហ្គឺឡា មែរកិល​ នឹង​ពិភាក្សាជាមួយ​​ប្រធានាធិបតី​រុស្ស៊ី​ នៅ​ថ្ងៃ​នេះ អំពី​ការ​អនុវត្ត​បទ​ឈប់​បាញ់។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​វិមាន​ប្រធានាធិបតី​បារាំង។


“ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​អនុម័ត​ ជា​ឯកច្ឆ័ន្ទ សេចក្តី​សម្រេច​ ទាមទារ​ឱ្យ​មាន​បទ​ឈប់​បាញ់ រយៈ​ពេល ៣០​ថ្ងៃ នៅ​ស៊ីរី » នេះ​ជាសេចក្តី​រំលឹក​របស់​វិមាន​ប្រធានាធិបតី​បារាំង មុន​នឹង​ប្រកាស​ថា លោកប្រធានាធិបតី​ម៉ាក្រុង និង​លោកស្រី​មែរកិល​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ នឹង​ពិគ្រោះ​យោបល់​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី ពូទីន ស្តី​អំពី​ដំណើរការ​អនុវត្ត​​សេចក្តី​សម្រេច និង​ស្តី​អំពី​ផែនទី​ចង្អុល​ផ្លូវ​នយោបាយ​​ដ៏​ចាំ​បាច់​សម្រាប់​ស្ថារ​សន្តិភាព​ជា​និរន្ត​ឱ្យ​ស៊ីរី។

បើ​តាម​​សេចក្តី​ថ្លែងការណ៍ បារាំង​នឹង​ចាំ​យាម​មើល​ការ​អនុវត្តដោយ​ជាក់ស្តែង​​បទ​ឈប់បាញ់​ យ៉ាង​ហ្មត់ចត់​ ថា​ពិត​ជា​ត្រូវ​បាន​គោរព ហើយ​ក្បួន​ដឹក​ជំនួយ​មនុស្ស​ធម៌​អាច​ទៅ​ដល់​កន្លែង​រងគ្រោះ។ បារាំង​ក៏​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ពាក់​ព័ន្ធ​ទាំង​អស់ ជាពិសេស ​​រុស្ស៊ី តួកគី និង​អ៊ីរ៉ង់​ ជួយ​ទ្រទ្រង់​​ដំណើរការ​បទ​ឈប់​បាញ់។ នៅ​ថ្ងៃអង្គារ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​បារាំង​ នឹង​ធ្វើ​ដំណើរ​ទៅ​ក្រុង​ម៉ូស្គូ​ ដើម្បី​ពិនិត្យ​រួម​គ្នា​ជាមួយ​សមភាគី​រុស្ស៊ី​អំពី​មធ្យោបាយ​​នៃ​ដំណើរការ​បទ​ឈប់​បាញ់​ផង និងផ្តល់​​សន្ទុះ​អន្តរជាតិ​ថ្មីដល់​ការ​​ស្វែង​រកដំណោះស្រាយ​នយោបាយ។​

សេចក្តី​សម្រេច​ទាមទារ​ឱ្យ​មាន​បទ​ឈប់​បាញ់​នៅ​ស៊ីរី ដោយ​គ្មាន​កាល​កំណត់ និង​សម្រាប់​រយៈ​ពេល​៣០​ថ្ងៃជាប់​គ្នា​ ដើម្បី​ចែកចាយ​និង​ផ្តល់​មនុស្ស​ធម៌​ដល់​ជន​ស៊ីវិល​​ ត្រូវ​បាន​លើក​ពេល​ជា​ច្រើន​សា មុន​អាច​អនុម័ត​បាន​ជា​ឯកច្ឆ័ន្ទ​នៅ​យប់​មិញ។ ប៉ុន្តែ ​បើ​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល ស្នូរ​ទម្លាក់​គ្រាប់​បែក​នៅ​លាន់​ឮ​ទៀត​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ ! រដ្ឋាភិបាល​ស៊ីរី​បាន​ដឹកនាំ​។ អ៊ីរ៉ង់​និង​ស៊ីរី បាន​ប្រកាស​ទទួល​យក​និង​គោរព​តាម​​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ តែ​បន្ត​ធ្វើ​ការ​វាយប្រហារ​ នៅ​តាម​ជាយ​ក្រុង​ដាម៉ាស​ ដែល​កាន់​កាប់​ដោយ​ពួក​ភេរវនិយម​៕