rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង កសិកម្ម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ប្រធានាធិបតី​បារាំង​ទៅ​បើក​​ពិព័រណ៍​កសិកម្ម ដើម្បី​បន្ធូរ​សម្ពាធ

media
លោកEmmanuel Macron ក្នុង​ទី​តាំង​ពិព័រណ៍​កសិកម្ម​ប្រចាំ​ឆ្នាំ​លើក​ទី ៥៥ នៅ​ទីក្រុង​ប៉ារីស ថ្ងៃទី ២៤កុម្ភៈ ២០១៨ REUTERS/Ludovic Marin/Pool

ពិព័រណ៍​កសិកម្ម​ ប្រចាំ​ឆ្នាំ​នៅ​ក្រុង​ប៉ារីស ដែល​ជា​ទី​ណាត់​ជួប​គ្នា​ដ៏​ធំ​របស់​កសិករ​បារាំង មក​ពី​ទូទាំង​ប្រទេស និង​ជា​កញ្ចក់​ឆ្លុះ​បង្អួត​បង្ហាញ​ផលិតផល​កសិចំណី​អាហារ​បារាំងផង បាន​ចាប់​បើក​នៅ​ថ្ងៃសៅរ៍​នេះ។ លោក អេម៉ាណុយអែល​ ម៉ាក្រុង ប្រធានាធិបតី​បារាំង បាន​អញ្ជើញ​ទៅចូល​រួម​បើក​​ តាំង​ពី​ព្រហាម​ និងទំនង​ជា​នៅ​លេង​ពេញ​មួយ​ថ្ងៃ​ រហូត​ដល់​ម៉ោង​បិទ​តែ​ម្តង។​ ប៉ុន្តែ​​ពិភព​អ្នក​កសិករ​បារាំង​ហាក់​កំពុង​ស្ថិត​ក្រោម​សម្ពាធ​ខ្លាំង មួយ​ផ្នែក​​បាន​ទទួល​ស្វាគមន៍ប្រធានាធិបតី​ដោយ​ទះដៃ​អបអរ មួយ​ផ្នែក​ទៀត​នាំ​គ្នា​ស្រែក​​ហួចបង្ហាញ​ការ​​ស្អប់ខឹង។​


ដំណើរ​មក​ដល់​របស់​ប្រធានាធិបតី ក្នុង​ទី​តាំង​ពិព័រណ៍​កសិកម្ម​​តែង​បាន​ទទួល​ការ​ស្វាគមន៍​ក្នុង​អត្ថន័យ​​ផ្សេងៗ​គ្នា ទៅ​តាម​ស្ថានការណ៍​នយោបាយ និង​បុគ្គលិក​លក្ខណៈ​របស់​ប្រធានាធិបតីម្នាក់ៗ។

សម្រាប់​លោក​ម៉ាក្រុង មាន​ទាំង​ការ​ទទួល​ស្វាគមន៍​ផង និង​ការ​ស្រែកឱ្យផង។ យុវកសិករ បាន​នាំ​គ្នា​ស្រែក​បញ្ចេញ​កំហឹង និង​លើក​គ្រវី​អាវយឺត​សរសេរ​ជា​អក្សរ​ធំៗ​ថា « ប្រយ័ត្ន​ កសិករ​ខឹងហើយ !”។ តែ​នៅ​មុន​នេះ​បន្តិច ប្រធានាធិបតី​បាន​ទទួ​ល​ស្វាគមន៍​ដោយ​ក្រុមអ្នក​តែង​ខ្លួន​ធ្វើ​ជា​​កសិករ​ និង​ស្នូរ​ទះដៃ​ដ៏​កង​រំពង ព្រោះ​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​លោក​ម៉ាក្រុង បាន​អញ្ជើញ​មក​កាន់​ទី​តាំង​ពិព័រណ៍​កសិកម្ម​ក្នុង​នាម​ជា​ប្រធានាធិបតី។

​សម្រែក​បង្អាប់ មិន​បាន​រំខាន​ចិត្ត​លោកប្រធានាធិបតី​ដែល​ផ្តោត​​កម្មវត្ថុ​ ​ទៅលើ​ការ​ស្ថាបនា​មុខ​មាត់​កសិកម្ម​​បារាំង​សម្រាប់​ឆ្នាំ​ក្រោយទេ។ លោក​បាន​​ទៅជួប​ជជែក​ដោយ​ផ្ទាល់​ជាមួយ​ក្រុម​កសិករ​ដែល​ស្រែក​ដាក់​លោក​ និងបាននិយាយ​សន្យា​ដោយ​អារម្មណ៍​នឹង​ថ្កល់​ថា នឹងរក​​ដំណោះស្រាយ​ឱ្យ​គ្រប់កសិករ។​ លោកប្រធានាធិបតី​ក៏​បាន​ជួប​ប្រជុំ​ដោយ​បិទ​ទ្វារ​ជាមួយ​សកម្មជន​នៃ​ស្ថាប័ន​កសិកម្ម​ ដើម្បីបានយល់​អំពី​​ស្ថានភាព​កសិករ​ ហិរញ្ញវត្ថុ គំរូ​សង្គម សម្រាប់​ផ្តល់​ទស្សនៈ​វិស័យ​ឱ្យ​បាន​ប្រសើរ​ឡើង​នាពេល​អនាគត។

សូម​បញ្ជាក់​ថា​ពិភព​កសិករ​បារាំង​កំពុង​តាន​តឹង​ជា​មួយ​រដ្ឋាភិបាល។ កសិករ​បារាំង​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​កិច្ចព្រមព្រៀង​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​រវាង​សហភាព​អឺរ៉ុប​និង​បណ្តា​ប្រទេស​នៅទ្វីប​អាមេរិក​ឡាទីន ៖ អាហ្សង់ទីន ប្រេស៊ីល ប៉ារ៉ាហ្កាយ អ៊ុយរ៉ាហ្គាយ។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​​នឹងអាច​​មាន​ការ​នាំ​ចូល​សាច់​គោ​ ថោក គ្មាន​បទដ្ឋាន​សុវត្ថិភាព​ និង​គុណភាព​ដូច​​អឺរ៉ុប​ មក​ដណ្តើម​ទីផ្សារ​អឺរ៉ុប។ ជា​ការ​ប្រកួតប្រជែង​ដែល​មិន​សម​ស្រប​សោះ។ នេះ​ជា​ការ​ព្រួយ​បារម្ភ​របស់​កសិករ​បារាំង។

មូលហេតុ​នៃ​ការព្រួយ​បារម្ភ​ទៀត គឺ​ការសម្រេច​ចិត្ត​របស់​រដ្ឋាភិបាល ​ចង់​សើរើ​ដក​ភូមិឃុំ​ខ្លះ​ចេញ​ពី​តំបន់​អនុគ្រោះ​កសិកម្ម ដែល​អាច​ធ្វើ​ឱ្យ​កសិករ​ក្នុង​តំបន់​នោះ​លែង​បាន​ទទួល​ជំនួយឧបត្ថម្ភ​​ពី​រដ្ឋ។ នៅ​ឆ្នាំ​២០១៦ កសិករ​បារាំង​ប្រមាណ​ជិត​៤០%​ បាន​ប្រាក់​ចំណូល​កសិកម្ម​អវិជ្ជមាន ឬ ចំណូល​តែ​ប្រមាណ​៣៦០​អឺរ៉ូ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ៕